×

ទៅ​​ឈ្វេង​យល់​​ពី​​សក្តានុពល​​វប្បធម៌​​ក្នុង​​ពិធី​​កាន់​បិណ្ឌ​​នៅ​​លើ​​កោះ​ដាច់​

TRAVEL & LIVING 2 months ago

          ​កាលពីដើម​ ​កោះ​ដាច់​ហាក់ដូចជា​នៅ​ឆ្ងាយ​បន្តិច​ពី​រាជធានី​ភ្នំពេញ​ ​ព្រោះ​កោះ​នេះ​ស្ថិតនៅ​ជា​ផ្នែក​មួយ​នៃ​ស្រុក​មុខ​កំពូល​ ​ខេត្ត​កណ្តាល​ ​ប៉ុន្តែ​ចាប់តាំង​ពី​ឆ្នាំ​២​០​១​០​មក​ ​កោះ​ដាច់​បាន​ក្លាយ​ជា​ភូមិ​សា​ស្រ្ត​ជិតបង្កើយ​មួយ​ក្រោម​ការ​គ្រប់គ្រង​របស់​ខណ្ឌ​ប្ញស្សី​កែវ​ ​រាជធានី​ភ្នំពេញ​ ​ហើយ​ក្រោយមក​ទៀត​ក្លាយ​ជា​សង្កាត់​កោះ​ដាច់​ ​នៃ​ខណ្ឌ​ជ្រោយ​ចង្វា​រដែ​ល​ទើប​បំបែក​បង្កើត​ថ្មី​ក្នុង​ឆ្នាំ​២​០​១​៣​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​កោះ​ដាច់​ត្រូវ​បាន​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ជាបន្តបន្ទាប់​ ​ហើយ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​ទស្សនា​ក​ម្សាន្ត​មិនចេះដាច់​។​​ក្រៅពី​ឆ្នេរខ្សាច់​លាតសន្ធឹង​ល្វឹងល្វើយ​នៃ​ទន្លេមេគង្គ​ដ៏​មាន​ប្រជាប្រិយភាព​ប្រមាណ​កន្លះ​សតវត្សរ៍​មក​ហើយ​នោះ​ ​កោះ​ដាច់​ជា​ទីតាំង​ដ៏​ពិសិដ្ឋ​មួយ​ដែល​បង្កប់​នូវ​ធនធាន​វប្បធម៌​រូបី​ ​និង​ ​អរូបី​យ៉ាង​សម្បូរ​បែប​ស័ក្តិសម​បំផុត​សម្រាប់​អ្នកស្រាវជ្រាវ​ ​ព្រមទាំង​មហាជន​ទូទៅ​មក​ពីគ្រប់ទិស​ទី​ទៅ​សិក្សា​ឈ្វេងយល់​ម្តង​ហើយ​ម្តងទៀត​មិន​ចេះ​រីងស្ងួត​ ​ជាពិសេស​គឺ​ក្នុង​រដូវ​បុណ្យទាន​ឈប់​សម្រាក​ ​តួយ៉ាង​ ​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ ​ភ្ជុំបិណ្ឌ​នេះ​តែម្តង​។​

          ​នៅ​លើ​កោះ​ដាច់​មាន​វត្ត​ចំនួន​ប្រាំពីរ​​​ដែល​លោកអ្នក​អាច​ជ្រើសរើស​ទៅ​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ ​ភ្ជុំបិណ្ឌ​បាន​យ៉ាង​ងាយស្រួល​ ​ក្នុង​នោះ​រួម​មាននៅ​ប៉ែក​ខាងលិច​កោះ​ ​មាន​វត្ត​បទុម​ពិសី​ ​ហៅ​វត្ត​ល្វា​លើ​ ​សង្កាត់​កោះ​ដាច់​ ​ដែល​មាន​ចៅអធិការ​ព្រះនាម​ ​មុត​ ​សា​ម៉ុ​ន​, ​វត្ត​ពោធិ​ព្រះឥន្ទ​ ​ដែល​មាន​ចៅអធិការ​ព្រះនាម​ ​ប៉ិច​ សុ​ន​, ​វត្ត​ឥន្ទ​ពិសី​ ​ដែល​មាន​ចៅអធិការ​ព្រះនាម​ ​ណ​ម​ ​ស៊ីណាត​ ​និង​ ​វត្ត​ឧទុម្ពរ​ ​ហៅ​វត្ត​ល្វា​ក្រោម​ ​ដែល​មាន​ចៅអធិការ​ព្រះនាម​ ​ហា​ស់ ​សារិន​ ​និង​ ​វត្ត​អម្ពរ​ផល​ ​ហៅ​វត្ត​ចុង​កោះ​ ​ដែល​មាន​ចៅអធិការ​ ​យ៉​ន ​ឆេង​ហាក់​។​ ​ដោយឡែក​ ​នៅ​ប៉ែក​ខាងកើត​កោះ​វិញ​ ​ទល់មុខ​នឹង​កោះ​ឧកញ៉ា​តី​វិញ​មាន​វត្ត​ចំនួន​ពីរ​ទៀត​គឺ​ ​វត្ត​សាមគ្គី​ក្បាល​កោះ​ ​ហៅ​វត្ត​យក្ស​ ​ដែល​មាន​ចៅអធិការ​ព្រះនាម​ ​ផន​ ​សុខ​ហៀង​ ​និង​ ​វត្ត​ក្រពុំ​ពេជ្រ​ ​ហៅ​វត្ត​កោះ​ដាច់​ ​ដែល​មាន​ចៅអធិការ​ព្រះនាម​ ​ឡាក់​ ​ឡូ​ ​។​ ​ដោយសារតែ​ចំនួន​វត្ត​ច្រើន​បែប​នេះ​ ​វា​មាន​លក្ខណៈ​អំណោយផល​ល្អ​សម្រាប់​ពុទ្ធបរិស័ទ​ដែល​ចង់​ធ្វើដំណើរ​ទៅ​ដាក់បិណ្ឌ​លើស​ពី​មួយ​វត្ត​ក្នុង​ថ្ងៃ​ចុង​ស​ប្តាហ៍ ​សៅរ៍​-​អាទិត្យ​ ​ព្រោះ​វត្ត​ទាំងនោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​នោះ​ទេ​។

          ​ចំពោះ​អ្នក​ដែល​ស្រឡាញ់​រចនាបថ​ព្រះវិហារ​បែប​បុរាណ​ ​លោកអ្នក​អាច​ទៅ​ទស្សនា​ព្រះវិហារ​វត្ត​សាមគ្គី​ក្បាល​កោះ​ ​ហៅ​ ​វត្ត​យក្ស​ ​ដែល​ជា​ព្រះវិហារ​ជហ្វា​៦​ ​យ៉ាង​ស្រស់​ស្អាត​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​ប្រចាំ​ភូមិ​ក្បាល​កោះ​ ​សង្កាត់​កោះ​ដាច់​ ​ក្បែរ​សាលាសង្កាត់​កោះ​ដាច់​តែម្តង​។​ ​លើស​ពី​ព្រះវិហារ​បុរាណ​ ​វត្ត​យក្ស​ក៏មាន​អគារ​អតីត​សាលា​បាលី​ ​ក្នុង​រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ​-​បារាំង​ ​ដែល​មាន​ចារឹក​នៅ​លើ​ហោជាង​នូវ​ ​ព​.​ស​. ​២​៤​៧​៣​ ​ត្រូវនឹង​គ​.​ស​. ​១​៩​៣​០​ ​ពោល​គឺ​ឆ្នាំ​កសាង​តាំងពី​សម័យ​ហ្លួង​ស៊ីសុវត្ថិ​មុនីវង្ស​មក​ម្ល៉េះ​។​ ​ទន្ទឹម​នឹង​នេះ​ ​នៅ​ជិត​ខ្លោងទ្វារ​ចូល​ ​ក្រោមម្លប់​ពោធិ៍​បែកមែក​សាខា​ត្រសុំត្រសាយ​ ​មាន​អគារ​សាលា​ឆាន់​ចាស់​ ​ដែល​នៅសល់​តែ​គ្រោង​ជា​តឹកតាង​ប្រវត្តិ​សា​ស្រ្ត​ស្ថាបត្យកម្ម​បែប​សាសនា​។​ ​ធ្វើដំណើរ​ហួស​វត្ត​យក្ស​ទៅត្រង់​ ​យើង​នឹង​ប្រទះឃើញ​ព្រះវិហារ​បុរាណ​នៃ​វត្ត​ក្រពុំ​ពេជ្រ​ ​ដែល​បាន​កសាង​ឡើង​ក្នុង​គ​.​ស​. ​១​៩​២​៤​ ​ក្នុង​រជ្ជកាល​ព្រះរាជា​នុ​កោដ្ឋ​ ​ព្រះបាទ​សម្តេច​ស៊ីសុវត្ថិ​ (​១​៩​០​៤​-​១​៩​២​៧​) ​មាន​អាយុកាល​៩​៦​ឆ្នាំ​ហើយ​ ​គិត​មកដល់​ឆ្នាំ​២​០​២​០​នេះ​។​ ​ព្រះវិហារ​កាលពីមុន​មាន​សភាព​​​ទ្រុឌទ្រោម​ខូចខាត​យ៉ាង​ខ្លាំង​ ​មានតែ​សសរ​ ​និង​ជញ្ជាំង​ប៉ុណ្ណោះ​ ​មិន​មាន​សេស​ល់​ដំបូល​បិទ​ជិត​នោះ​ទេ​ហើយ​ថែមទាំង​មាន​រុក្ខជាតិ​ស្មៅ​តូច​ធំ​ដុះ​ស៊ុបទ្រុប​ស្ទើរ​ក្លាយ​ជា​រហោស្ថាន​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ ​វា​ជាទី​ចាប់អារម្មណ៍​របស់​ជនជាតិ​បរទេស​ជិត​ឆ្ងាយ​ដែល​មក​ទស្សនា​កោះ​ដាច់​។​ ​ដោយសារតែ​មើលឃើញ​នូវ​គុណ​តម្លៃ​នៃ​ព្រះវិហារ​បុរាណ​នេះ​ ​គណៈកម្មការ​វត្ត​បាន​រៀបចំ​ជួសជុល​ប្រក់​ដំបូល​ថ្មី​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ទេ​ ​ធ្វើឲ្យ​ព្រះវិហារ​នេះ​មាន​សោភណភាព​ស្រស់​ស្អាត​ឡើងវិញ​ ​ល្អ​ប្រសើរ​សម្រាប់​ពុទ្ធសាសនិកជន​ទាំងឡាយ​ឲ្យ​ឆៀងចូល​មក​គោរព​បូជា​។​

          ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ ​ព​.​ស​.​២​៥​៦​៤​ ​នេះ​ ​យើង​ឃើញ​ប្រជាជន​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​រស់នៅ​ក្នុង​សង្កាត់​កោះ​ដាច់​មាន​ទឹកមុខ​សប្បាយរីករាយ​ចំពោះ​ការធ្វើដំណើរ​ទៅ​ធ្វើបុណ្យ​ទាន​នៅ​តាម​ទីអារាម​នានា​នៅ​លើ​កោះ​។​ ​ម្នាក់ៗ​ស្លៀកពាក់​ស្អាតបាត​សមសួន​ឆ្លុះបញ្ចាំង​ពី​ការ​ប្រ​ណិ​ប័ត​ពុទ្ធសាសនា​ពី​ដូនតា​តរៀងមក​យ៉ាង​ខ្ជាប់ខ្ជួន​មិនទាន់​សាបរលាប​ ​សក្តិ​ស​័​ម​នឹង​កិត្តិ​ស​័ព្ទ​ជា​តំបន់​ប្រពៃណី​តម្បាញ​សូត្រ​ដ៏​ល្បី​ប្រចាំ​ប្រទេស​។​ស្នូរ​កី​តម្បាញ​តាម​ផ្ទះ​អ្នកស្រុក​ជាច្រើន​នៅតែ​លាន់​ឮ​រណ្តំ​ទាក់​បេះដូង​អ្នកទេសចរ​មិន​ឲ្យ​មើល​រំលង​តំបន់​នេះ​។​ ​វា​ជា​ឱកាសល្អ​សម្រាប់​អ្នកដំណើរ​ឈប់​ទិញ​ផលិតផល​តម្បាញ​ហូល​ផាមួង​ ​ឬ​ ​ក្រមា​សូត្រ​របស់​សហគមន៍​តម្បាញ​កោះ​ដាច់​ទុក​ផ្ញើ​ជូន​អ្នកមានគុណ​ឲ្យ​ទាន់​រដូវ​បុណ្យទាន​ស្របតាម​ពំនោល​ខ្មែរ​ “​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​”​។​ ​អ្វី​ដែល​រឹត​តែ​ពិសេស​នោះ​គឺ​ ​ផ្លូវលំ​ស្ថាបនា​ថ្មី​មួយ​ខ្សែ​ឆ្លងកាត់​ស្ពាន​ប្រវត្តិ​សា​ស្រ្ត “​ស្ពាន​អូរ​តាន​ង​” ​តភ្ជាប់​ចំណុច​វត្ត​អម្ពរ​ផល​ ​ភូមិ​ចុង​កោះ​ ​មក​ទល់នឹង​ទួល​តាន​ង​ ​ភូមិ​កោះ​ដាច់​ ​មាន​ទទឹង​ប្រវែង​ ​១​០​ម៉ែត្រ​ ​បណ្តោយ​ ​ប្រវែង​៨​00​ម៉ែត្រ​បាន​ក្លាយ​ជា​ចំណងដៃ​ប្រវត្តិ​សា​ស្រ្ត​ថ្មី​ស្វាគមន៍​អ្នកដំណើរ​ក្នុងឆ្នាំនេះ​និង​តរៀងទៅ​អនាគត​៕​

Article by SRINSOKMEAN


SUGGESTIONS