×

ប្លែកភ្នែកជាមួយសិល្បៈចាក់កន្ត្រកបែបថ្មីរបស់អ្នកភូមិក្របីរៀលខេត្តសៀមរាប

NEWS 6 days ago
 
 

            ម៉ា​ណា​វ៉ា​ (​MAN​A​V​A​ ) ​បើ​យោងទៅតាម​ភាសា​បាលី​សំស្ក្រឹត​មានន័យ​ថា​ ​«​មនុស្សធម៌​»​។​ ​សម្រាប់​ភាសា​ជនជាតិ​ ​T​a​hit​i​an​ ​វិញ​ ​និយាយ​ថា​ ​Man​a​v​a​ ​ឬ​ ​Ma​e​v​a​ ​មានន័យ​ថា​ ​«​ស្វាគមន៍​»​។​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៦​ ​អ្នក​ច្នៃ​ម៉ូដ​ស្ត្រីជន​ជាតិ​ហូឡង់​ម្នាក់​ឈ្មោះ​ ​កា​ ឡៃ ​បាន​ធ្វើដំណើរ​មក​កម្ពុជា​ដើម្បី​បំ​ពេញការ​ងារ​ស្ម័គ្រចិត្ត​ក្នុង​គម្រោង​មួយ​នៅ​ខេត្ត​សៀមរាប​។​ ​នៅ​ក្នុង​បេសកកម្ម​ស្រាវជ្រាវ​ទៅលើ​ប្រពៃណី​ធ្វើ​សិប្បកម្ម​តាម​តំបន់​ ​កាឡៃ​ ​បាន​មក​ជួបនឹង​បុរស​កម្ពុជា​ម្នាក់​ឈ្មោះ​ ​ថូ​ ​បារាំង​ ​ដែល​កំពុងតែ​ធ្វើការ​ជាមួយ​ស្ត្រី​តម្បាញ​កន្ត្រក​នៅ​ក្នុង​ភូមិ​ក្របី​រៀល​និង​ភូមិ​ប្រយុទ្ធ​ក្នុង​សង្កាត់​ទឹកវិល​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១​០​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប​ទឹកដី​អង្គរ​នៃ​យើង​។​ ​ដោយ​អ្នក​ទាំងពីរ​មាន​ចក្ខុវិស័យ​ចង់​អភិវឌ្ឍ​ទៅលើ​សិប្បកម្ម​តម្បាញ​និង​លើក​ក​ម្ពស់​ជីវភាពរស់នៅ​ក្នុង​សហគមន៍​ ​គ្រានោះ​ហើយដែល​ ​MAN​A​V​A​ ​បាន​ចាប់កំណើត​ឡើង​។​

            នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប​ ​ក្របី​រៀល​ជា​សហគមន៍​តូច​មួយ​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​៥​០​០​គ្រួសារ​។​ ​ចំណោម​នោះ​មាន​ស្ត្រី​មួយ​ក្រុម​ ​ខ្លះ​កំពុង​សកម្ម​ដៃ​ជាមួយ​កាំបិត​កន្ត្រៃ​ចាប់​វ​ល្ខិ​កាត់​ច្បូត​ហូត​សក​ ​ខ្លះ​ចាក់​ត្បាញ​ចេញ​ជា​រាងរៅ​វត្ថុ​ផ្សេងៗ​ដូចជា​ ​កន្ត្រក​ ​កាបូប​ ​និង​គ្រឿង​តាំង​លម្អ​ផ្ទះ​ផ្សេងៗ​ទៅតាម​ជំនាញ​រៀងៗខ្លួន​។​ ​ជា​ការពិត​នេះ​គឺជា​សកម្មភាព​នៃ​សង្វាក់​ផលិតកម្ម​របស់​ផលិតផល​ធ្វើឡើង​ពី​រុក្ខជាតិ​វ​ល្ខិ​ផ្តៅ​និង​រពាក់​ក្រោម​ស្លាកយីហោ​ ​ម៉ា​ណា​វ៉ា​ (​MAN​A​V​A​) ​ដែល​មាន​កញ្ញា​ ​កាឡៃ​ ​ចាន់​ (K​a​-​L​a​i​ C​h​an​) ​ជា​ស្ថាបនិក​និង​ជា​អ្នក​រចនា​ម៉ូដ​ ​ហើយនឹង​លោក​ ​ថូ​ ​បា​រំា​ង​ ​ជាស​ហ​ស្ថាបនិក​ក៏ដូចជា​អ្នកគ្រប់គ្រង​ខាង​ផ្នែក​ចង្វាក់​ផលិតកម្ម​។​ ​នៅ​ភូមិ​ក្របី​រៀល​វប្បធម៌​សិល្បៈ​ចាប់​កន្ត្រក​មាន​ជា​យូរណាស់​មក​ហើយ​ ​អ្នក​តម្រា​ញ​ភាគច្រើន​ចេះ​លក្ខណៈ​គ្រួសារ​តត​ពី​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​ហើយ​វា​ក៏បាន​កែប្រែ​មុខមាត់​ថ្មី​មួយ​ក​ម្រិ​ត​ទៀត​បន្ទាប់ពី​ស្ត្រី​ជា​ន​ជាតិ​ហូឡង់​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ច្នៃ​ម៉ូដ​ផលិតផល​ពី​សាកលវិទ្យាល័យ​សិល្បៈ​នៅ​ទីក្រុង​អ៊ូ​ទ្រេ​ច​(U​t​r​e​c​h​t​) ​ប្រទេស​ហូឡង់​បាន​ឈានជើង​មកដល់​កម្ពុជា​។​ ​ជំនួប​ជាមួយ​ស្ថាបនិកា​ ​កាឡៃ​ ​ចាន់​ ​កញ្ញា​លើកឡើង​ថា​ “ ​មាន​របស់​៣​យ៉ាង​ដែល​សំខាន់​សម្រាប់​ខ្ញុំ​ ​គឺ​ធម្មជាតិ​ ​មនុស្ស​ ​និង​ការ​បង្កើត​។​ ​របស់សំខាន់​៣​យ៉ាងនេះ​បាន​ផ្តល់ឲ្យ​ខ្ញុំ​នូវ​ថាមពល​និង​ជីវិត​ដ៏​មានន័យ​។​ ​វា​មិនមែន​ទើប​តែ​កើតឡើង​នៅ​ពេលនេះ​ទេ​ ​គឺ​តាំងពី​មុន​ខ្ញុំ​មកដល់​ប្រទេស​កម្ពុជា​ម្ល៉េះ​។​ ​ខ្ញុំ​តែង​មាន​ក្តី​ប្រាថ្នា​ចង់​ជួយ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​មិនសូវ​អភិវឌ្ឍន៍​ ​និង​រក្សា​ទំនាក់ទំនង​ជាមួយ​ពួកគេ​ជាមួយ​ភាព​ច្នៃ​ប្រតិដ្ឋ​និង​សិល្បៈ”​។​ ​ជាក់ស្តែង​កំឡុង​ពេល​ធ្វើ​ការស្រាវជ្រាវ​ប្រពៃណី​ធ្វើ​សិប្បកម្ម​តាម​តំបន់​ជាច្រើន​និង​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ​តាម​ទី​ជនបទ​ ​កាឡៃ​សម្គាល់​ឃើញ​ថា​ពួកគេ​តែង​មាន​ភាព​សប្បាយរីករាយ​និង​មានស្នាម​ញញឹម​ជានិច្ច​ ​ប៉ុន្តែ​នៅ​ពីក្រោយ​ស្នាម​ញញឹម​ទាំងនោះ​ ​ពួកគេ​មានរឿង​ម្យ៉ាង​ដែល​ត្រូវ​ពុះពារ​ប្រចាំថ្ងៃ​គឺ​ការ​រក​ប្រាក់ចំណូល​។​ ​កាឡៃ​រក​ឃើញ​ថា​ក្នុង​មួយ​គ្រួសារ​អាច​​​រកចំណូល​បាន​ត្រឹមតែ​៥​០​ទៅ​៧​០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ដែល​វា​មិន​មានលទ្ធភាព​គ្រប់គ្រាន់​ឲ្យ​ពួកគេ​រស់នៅ​ដោយមាន​ន័យ​នោះ​ទេ​ ​តែ​អ្វី​ដែល​សំខាន់​ស្ត្រី​ជាច្រើន​មាន​ជំនាញ​ពិសេស​ក្នុង​ការ​ចាក់​កន្ត្រក​ ​ជាពិសេស​នៅ​ក្នុង​ភូមិ​ក្របី​រៀល​នេះ​តែម្តង​។​ “ ​ជាមួយនឹង​ភាពជា​សហគ្រិន​និង​បទពិសោធន៍​ផ្នែក​ច្នៃ​ប្រតិដ្ឋ​របស់​ខ្ញុំ​ ​ខ្ញុំ​បានឃើញ​ពី​លទ្ធភាព​ដែល​អាច​ជួយ​ពួកគាត់​ ​បន្ទាប់មក​ខ្ញុំ​បាន​ជួបនឹង​ ​លោក​ ​ថូ​ ​បារាំង​ ​ជា​អ្នក​បញ្ចេញ​ម៉ូដ​ដែល​មាន​ចក្ខុវិស័យ​ដូចគ្នា​ ​ហើយ​យើង​ក៏បាន​សម្រេច​ចិត្ត​ចាប់ផ្តើម​បង្កើត​ ​MAN​A​V​A​ ​ឡើង​”​។​

            អ្វីៗ​បាន​ចាប់ផ្តើម​ក្នុងរយៈពេល​ដ៏​ខ្លី​ ​ស្ថាបនិក​ទាំងពីរ​រូប​បាន​ប្រមែប្រមូល​ស្ត្រី​ចាក់​កន្ត្រក​ក្នុង​ភូមិ​ប្រមាណ​១​៥​នាក់​ ​មាន​ចាស់​មាន​ក្មេង​ខ្លះ​ជាប់រវល់​កូន​ច្រើន​ធ្វើ​ពី​ផ្ទះ​និង​ខ្លះ​ធ្វើជា​ក្រុម​ ​ដោយ​ចាក់​បង្កើត​ជា​ផលិតផល​ប្រណីត​ៗ​ម៉ូដ​ប្លែក​ទាន់សម័យ​មាន​ទាំង​ ​គ្រឿង​លម្អ​ផ្ទះ​ ​កងដៃ​ ​កាបូប​ ​កន្ត្រក​ ​អំពូល​ ​និង​គ្រឿង​សង្ហារិម​ជាដើម​។​ ​ខណៈ​លោក​ ​បារាំង​ ​មាន​តួនាទី​គ្រប់គ្រង​ផ្នែក​ចង្វាក់​ផលិតកម្ម​ ​កញ្ញា​កាឡៃ​ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ឯករាជ្យ​ធ្លាប់ធ្វើ​ការ​ច្នៃ​ម៉ូដ​ឲ្យ​ម៉ាក​អន្តរជាតិ​ល្បី​ៗ​ទៅលើ​គម្រោង​ ​សារមន្ទីរ​ ​សណ្ឋាគារ​ ​គ្រឿង​ដេ​គ​័​រ​ផ្ទះ​ ​និង​គ្រឿង​សិល្បៈ​តាំង​លម្អ​ ​បាន​ប្រើប្រាស់​បទពិសោធន៍​របស់​ខ្លួន​ទាំងប៉ុន្មាន​មក​បញ្ចូល​ក្នុង​ការ​ច្នៃ​ប្រតិដ្ឋ​ផលិតផល​ ​ក៏ដូចជា​បណ្តុះបណ្តាល​ការ​ច្នៃ​ម៉ូដ​ទៅកាន់​ស្ត្រី​តម្បាញ​របស់​ ​MAN​A​V​A​។​ ​ផលិតផល​ប្រសូត​ចេញពី​ថ្វីដៃ​ស្ត្រី​ខ្មែរ​ទាំងនេះ​ ​យើង​អាច​ឃើញ​ភ្លាម​ជ្រើសរើស​ទិញ​បាន​ភ្លែត​ ​តែ​បើ​ក្រឡេក​ទៅ​ការ​ផលិត​វិញ​ទម្រាំ​រួចរាល់​មួយៗ​មិនមែន​ជា​រឿង​ងាយ​ឡើយ​។​ ​តួយ៉ាង​តាម​ការ​រៀបរាប់​របស់​ ​កាឡៃ​ ​ជាដំបូង​យើង​ត្រូវ​ទៅ​ច្រូត​វល្លិ​ផ្តៅ​ឬ​រពាក់​នៅ​តាម​ព្រៃ​ក្នុង​តំបន់​ ​បន្ទាប់មក​យក​វា​ហាលឲ្យស្ងួត​ដែល​អាច​ចំណាយ​ពេល​ដល់​មួយ​ខែ​។​ ​ក្រោយពេល​ស្ងួត​ហើយ​យើង​យក​វា​មក​លៀង​រួច​ច្រៀក​ហូត​ជា​សរសៃ​ៗ​ដោយ​បែងចែក​សរសៃ​ក្នុង​និង​សរសៃ​ក្រៅ​។​ ​រួចហើយ​យក​វល្លិ​ទាំងនោះ​លាប​ជាមួយ​ម្សៅ​ធម្មជាតិ​ដែល​ធ្វើឡើង​ពីដើម​រុក្ខជាតិ​និង​ផ្កា​ចម្រុះ​។​ ​ជំហាន​ចុងក្រោយ​ ​យក​សរសៃ​វល្លិ​ចាក់​ត្បាញ​ជា​កន្ត្រក​ឬ​កាបូប​តាម​ក្រឡា​ពី​មួយ​ទៅ​មួយ​យ៉ាង​ផ្ចិតផ្ចង់​បំផុត​។​ ​កាបូប​មួយ​អាច​ចំណាយ​ពេល​ចាក់​ដល់ទៅ​៣​ថ្ងៃ​។​ ​ផ្តៅ​និង​រពាក់​គឺជា​រុក្ខជាតិ​មួយ​ប្រភេទ​ដុះ​លឿន​ដែល​ ​MAN​A​V​A​ ​យក​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​ប្រើ​ជាប្រចាំ​ “​ដើម្បី​រក្សា​ស្ថេរ​ភាព​ធនធាន​រុក្ខជាតិ​វល្លិ​ទាំងនេះ​ ​ពួកយើង​កំណត់​ការ​ប្រមូល​ផល​យ៉ាង​ប្រុងប្រយ័ត្ន​ដើម្បី​ផ្តល់​ការលូតលាស់​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល​។​ ​ពួកយើង​ប្រើ​ប្រភេទ​វល្លិ​ផ្តៅ​និង​រពាក់​ដែល​ដុះ​នៅ​ក្នុង​បឹង​និង​ទន្លេ​។​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ផ្តៅ​ឬ​រពាក់​ដែល​ដុះ​ក្នុង​ព្រៃ​និង​ភ្នំ​ ​ផ្តៅ​ដែល​យើង​ប្រើ​មាន​សភាព​ស្តើង​ជាង​ ​ងាយស្រួល​បត់បែន​ជាង​ ​និង​ងាយ​ដុះ​មកវិញ​នៅ​ឆ្នាំ​បន្ទាប់​”​។​ ​ដោយឡែក​ទាក់ទិន​នឹង​ការ​ច្នៃ​ម៉ូដ​ ​MAN​A​V​A​ ​បាន​បញ្ចូល​គ្នា​រវាង​សិល្បៈ​ហត្ថកម្ម​ពី​បុរាណ​និង​ម៉ូដ​ស្របតាម​រចនាបថ​ខ្មែរ​ ​បង្កើត​បានជា​ម៉ូដ​ប្រណីត​ទាន់សម័យ​ដែល​ត្រូវ​ទៅតាម​តម្រូវ​ការ​ទី​ផ្សារ​ទំនើប​បច្ចុប្បន្ន​។​ ​ម៉ូដ​រំលេច​នៅ​លើ​ផលិតផល​ត្រូវ​បាន​ស្រង់​ពី​ក្បាច់​ខ្មែរ​ដែល​មាននៅ​លើ​វត្ថុបុរាណ​ខ្មែរ​ ​និង​ស្ថាបត្យកម្ម​មហា​អស្ចារ្យ​លើ​ពិភពលោក​គឺ​ប្រាសាទអង្គរវត្ត​។​ ​ក្នុង​នោះ​ ​MAN​A​V​A​ ​បាន​ជ្រើសរើស​ក្បាច់​ខ្មែរ​ចំនួន​៤​ទម្រង់​មក​រំលេច​លើ​ផលិតផល​រួម​មាន​ទម្រង់​នំច័ក្កច័ន​ ​ទម្រង់​ធ្មេញត្រី​ ​ទម្រង់​ទ្រនុង​នាគ​ ​និង​ទម្រង់​ត្របកផ្កា​ឈូក​មើល​ចំ​។​

            បច្ចុប្បន្ន​ ​MAN​A​V​A​ ​បាន​ផ្តល់​ការងារ​ដល់​ស្ត្រី​តម្បាញ​ចំនួន​២​៤​នាក់​ទាំង​ក្នុង​ភូមិ​ក្របី​រៀល​និង​ភូមិ​ប្រយុទ្ធ​ជាមួយនឹង​ប្រាក់ចំណូល​គួរសម​។​ ​តាំងពី​ចាប់ផ្តើម​ជាមួយ​ ​MAN​A​V​A​ ​គ្រួសារ​របស់​ពួកគេ​បាន​កើន​ចំណូល​ខុស​ពីមុន​១​០​០​ភាគរយ​។​ ​តាំងពី​ឆ្នាំ​ ​២​០​១​៩​មក​ស្ត្រី​តម្បាញ​ទាំងប៉ុន្មាន​មិន​ត្រឹមតែ​ទទួល​បានការ​ងារ​ធ្វើ​និង​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បន្ថែម​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ត្រូវ​បាន​សហគ្រាស​ខ្នាត​តូច​នេះ​បណ្តុះបណ្តាល​ចំណេះ​ដឹង​ទៅលើ​ ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ​សិទ្ធិ​ស្ត្រី​ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​គម្រោង​គ្រួសារ​ ​ចំណេះ​ដឹង​សុខភាព​ ​និង​បង្រៀន​ភាសា​អង់គ្លេស​ ​ដោយមាន​ការ​សហការ​ជាមួយ​អង្គការ​មជ្ឈមណ្ឌល​ធនធាន​ស្ត្រី​ផង​ដែរ​។​ ​ចំណោម​ស្ត្រី​តម្បាញ​ ​អ្នកស្រី​សយ​ ​សា​រៀង​ ​បាន​និយាយ​ថា​ “​ខ្ញុំ​រៀន​ធ្វើ​កន្ត្រក​ជាមួយ​ម៉ែ​តាំងពី​អាយុ​១​២​ឆ្នាំ​ ​ខ្ញុំ​ចូលចិត្ត​ធ្វើ​កន្ត្រក​ជាមួយ​ក្រុម​ ​MAN​A​V​A​ ​ព្រោះ​មាន​ម៉ូដ​ស្អាត​ ​ចំណូល​ខ្ពស់​ ​ដើម្បី​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ ​និង​ឲ្យ​កូន​ទៅ​សាលារៀន​”​។​ ​ចំណែក​ឯ​អ្នកស្រី​ ​ចាំ​ ​យិន​ ​ក៏បាន​និយាយ​ទាំង​ស្នាម​ញញឹមពព្រាយ​ដែរ​ថា​ “​ខ្ញុំ​មានចិត្ត​សប្បាយរីករាយ​ចំពោះ​ការ​ធ្វើ​កន្ត្រ​ជាមួយ​ក្រុម​ ​MAN​A​V​A​ ​ព្រោះ​កាឡៃ​និង​បារាំង​មានចិត្ត​រួសរាយ​រាក់ទាក់​ ​ហើយ​ធ្វើ​ផលិតផល​លក់​តម្លៃ​សមរម្យ​និង​បាន​ចំណូល​ខ្ពស់​”​។​ ​និយាយរួម​មក​ ​MAN​A​V​A​ ​ផ្តល់ឲ្យ​ស្ត្រី​តម្បាញ​ជាមួយនឹង​ស្ថេរ​ភាព​ប្រាក់ចំណូល​ ​លើក​ក​ម្ពស់​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​ធ្វើការ​នៅ​ក្នុង​មជ្ឈដ្ឋាន​ការងារ​ដែល​សុវត្ថិភាព​។​

            ជាមួយនឹង​ភាព​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​គោលដៅ​របស់​ ​MAN​A​V​A​ ​រំពឹង​ថា​នឹង​ព​ង្រឹ​ក​ក្រុម​តម្បាញ​ក៏ដូចជា​ផ្តល់​ឱកាស​ការងារ​ទៅកាន់​ស្ត្រី​ឲ្យ​ដល់​ចំនួន​១​០​០​នាក់​នៅ​ក្នុង​ឆ្នាំ​២​០​២​០​។​ ​ដើម្បី​សម្រេច​គោលដៅ​នេះ​បាន​ ​MAN​A​V​A​ ​បាន​កំពុង​ស្រាវជ្រាវ​ស្វែងរក​ដៃគូ​សហការ​ផ្សេងៗ​រួម​មាន​ ​ហាង​លក់​ ​ក្រុមហ៊ុន​ ​និង​ស្លាកយីហោ​ទាំងអស់​ដែល​ផ្សព្វផ្សាយ​ផលិតផល​មិន​ប៉ះពាល់​បរិស្ថាន​។​ ​ក្រៅពី​នេះ​ ​MAN​A​V​A​ ​ក៏​ចែកចាយ​ផលិតផល​ទៅកាន់​ម៉ាក​យីហោ​ក្រុង​ស្រុក​ដទៃ​ ​និង​ម៉ាក​យីហោ​អន្តរជាតិ​ដើម្បី​ពង្រីក​ទី​ផ្សារ​ផង​ដែរ​។​ ​ការ​ធ្វើ​ដូចនេះ​នឹង​ជួយ​ពង្រឹង​កេរ្តិ៍ឈ្មោះ​ឧស្សាហកម្ម​ច្នៃ​ប្រតិដ្ឋ​របស់​កម្ពុជា​នៅ​កាន់​អន្តរជាតិ​។​ ​គោលបំណង​របស់​ ​MAN​A​V​A​ ​គឺ​ចង់​ក្លាយ​ជា​អាជីវកម្ម​ឯករាជ្យ​មួយ​ដោយមាន​ការ​គាំទ្រ​ពី​ ​កាឡៃ​ ​ចាន់​ ​ឬ​អ្នក​ច្នៃ​ម៉ូដ​ដទៃ​ ​និង​គ្រប់គ្រង​ដោយ​ជន​ជាតិខ្មែរ​។​ ​«​ ​MAN​A​V​A​ ​ចូលរួម​អភិ​រក្ស​ ​និង​អភិវឌ្ឍន៍​វប្បធម៌​ប្រពៃណី​ចាក់​កន្ត្រក​តាមរយៈ​ការ​បញ្ចូល​វប្បធម៌​ទម្រង់​បុរាណ​បង្កើត​ទៅជា​សម្ភារ​ប្រើប្រាស់​មើលទៅ​មាន​លក្ខណៈ​ទាន់សម័យ​»​។​

            MAN​A​V​A​ ​ជា​ផលិតផល​ធ្វើ​ពី​ ​ផ្តៅ​និង​រពាក់​១​០​០​ភាគរយ​ ​និង​ផលិត​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជាមួយ​គុណភាព​ខ្ពស់​ព្រមទាំង​ធ្វើការ​ច្នៃ​ម៉ូដ​ស្ទា​យ៌អេ​ឡ​ហ្គិ​ន​មើលទៅ​ស្រស់​ស្អាត​ទំនើប​និង​ប្រណីត​ឥត​ខ្ចោះ​ក្រោម​ស្នាដៃ​ស្ត្រី​ខ្មែរយើង​។​ ​ដូច្នេះ​សម្រាប់​អ្នក​ចង់​ជាវ​អាច​ចូល​ទៅកាន់​តំណ​គេហទំព័រ​ ​w​w​w​.​man​a​v​a​-​cam​bo​d​i​a​.​co​m​៕​

​Article​ ​by​ ​HEM​ ​SO​KK​HIM​
Image Courtesy: MANAVA

លោក​ ​ថូ​ ​បារាំង និង កញ្ញា​ ​កាឡៃ​ ​ចាន់​ (K​a​-​L​a​i​ C​h​an​)


SUGGESTIONS