ស្ថិតក្នុងវ័យ២៨ឆ្នាំ សម្បុរស្រអែមសណ្តែកបាយ កែវភ្នែកធំៗសង្ហាបែបខ្មែរ យុវតន្រ្តីករ ហៀង ឈុនហេង បានរៀបរាប់ប្រាប់សូវរីនថា លោកពុំមានឪពុកម្តាយជាសិល្បករបុរាណនោះទេ ប៉ុន្តែឪពុកលោកធ្លាប់បានតំណាលប្រាប់លោកថា ជីដូនរបស់លោកជាអតីតនាដការបាំព្រះរាជទ្រព្យមុនឆ្នាំ ១៩៧៥ ។ ទោះ បីជាមានសែស្រឡាយជាអ្នកសិល្បៈពីជំនាន់ដើមក៏ដោយ ក៏អ្នកមានគុណទាំងពីររបស់លោក ដើមឡើយមិនពេញចិត្តឲ្យលោកចាប់យកជំនាញតន្រ្តីបុរាណដែលជាឧបនិស្ស័យរបស់លោកតាំងពីកុមារភាពនោះឡើយ ក្រោមហេតុផលថា ការប្រឡូកក្នុងអាជីពនេះនឹងធ្វើឲ្យពិបាករកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ដោយសារចំណង់ចំណូលចិត្តចំពោះសិល្បៈតន្រ្តីកាន់តែពុះកញ្រ្ជោលឡើង លោកក៏បានសម្រេចចិត្តចាប់ផ្តើមសិក្សាផ្នែកតន្រ្តីលក្ខណៈឯកជនដោយសម្ងាត់កំបាំងពីឪពុកម្តាយនៅក្នុងអំឡុងឆ្នាំ២០១៣។ ប៉ុន្តែនៅក្នុងជំហានដំបូង លោកបានចាប់យកជំនាញតន្រ្តីសម័យសិនដោយសារតន្រ្តីបុរាណនៅពេលនោះគឺពិបាករកគ្រូតន្រ្តីបុរាណមកបង្ហាត់។ ក្រោយមក ក្នុងឆ្នាំ២០១៦ លោកបានចាប់ផ្តើមសិក្សាជំនាញតន្រ្តីបុរាណ ដោយចាប់យកឧបករណ៍ទ្រសោមុនគេ ជាមួយគ្រូឈ្មោះ ខៀវ ម៉េង។
ជាកុសលល្អ ក្នុងឆ្នាំ២០១៧ លោកបានស្គាល់លោក សំណាង ស៊ីណាត ដែលជាសិល្បករជំនាញឯកតន្រ្តី ជាអតីតកូនសិស្សរបស់ព្រឹទ្ធាចារ្យ សុខ ឌុច តន្រ្តីករ ជើងចាស់ពីសម័យមុន ហើយក៏បានសិក្សាជំនាញនេះតពីគាត់តាំងពីពេលនោះមក។ លោកបានបញ្ជាក់ថា ក្នុងពេលដែលលោករៀននោះ គឺមានសិស្សសរុបតែពីរនាក់គត់ គឺ រូបលោក និង សិស្សនារីម្នាក់ទៀត។ ការសិក្សាក្នុងថ្នាក់តន្រ្តីដ៏តូចមានសិស្សតែពីរនាក់បែបនេះធ្វើឲ្យលោកមានអារម្មណ៍កណ្តោចកណ្តែងដែរ ប៉ុន្តែលោកអះអាងថា វាងាយស្រួលក្នុងការហាត់រៀន គឺឆាប់ចេះចាប់បាន។ ជាក់ស្តែង លោកចំណាយពេលហាត់ចេះស្គាល់សំឡេងមូលដ្ឋានគ្រឹះរបស់ឧបករណ៍នេះត្រឹមតែ១ខែប៉ុណ្ណោះ។ បន្ទាប់មក លោកបានហាត់លេងបទផ្សេងៗត្រឹមតែ១-២ថ្ងៃប៉ុណ្ណោះ ចំពោះបទណាដែលងាយស្រួល។ រីឯបទដែលពិបាក ត្រូវចំណាយពេលប្រមាណ១សប្តាហ៍ ដូចជា បទ “កន្សែងក្រហម” ជាដើម។
លោក ហៀង ឈុនហេង
គិតចាប់តាំងពីពេលនោះមករហូតដល់ពេលនេះ លោកអាចលេងបានប្រមាណជា២០បទ ក្នុងនោះរួមមានជាអាទិ៍បទ“ហោមរោង” បទ“ចៅព្រាហ្មណ៍” បទ“ស្តេចយាង” បទ“លម្អងធ្នង់” បទ“សារិកាកែវកើច”-ល-។ ចំពោះការហាត់បទនេះដែរ លោកបានពន្យល់ប្រាប់ថា វាអាស្រ័យលើចំណង់ចំណូលចិត្តរបស់សាមីខ្លួនផ្ទាល់ មានន័យថា ចំពោះអ្នកដែលចង់ចេះភ្លេងការ គេរៀនបទភ្លេងការ ឯអ្នកចង់ចេះភ្លេងអារក្ស គេរៀនបទអារក្ស ហើយក៏អាចមានលេងទោលសម្រាប់កំដរបរិយាកាសបានផងដែរ។ ប៉ុន្តែសព្វថ្ងៃនេះ គេឃើញមានវត្តមានឧបករណ៍នេះតិចតួចណាស់ក្នុងទម្រង់ភ្លេងការ ព្រោះគេច្រើនប្រើតែ ឃឹម តាខេ និង ទ្រសោ។ ឯឯកតន្រ្តី ឬ សាដៀវ នេះ គេនិយមប្រើតែនៅក្នុងវង់ភ្លេងការបុរាណ។
ដោយឡែក ចំពោះផលលំបាកនៃការរៀនឧបករណ៍នេះវិញ យុវជនខាងលើបានលើកឡើងថា សម្រាប់ប្អូនផ្ទាល់ ទីតាំងហាត់រៀនស្ថិតនៅឆ្ងាយរហូតដល់គីឡូម៉ែត្រលេខ៦ (ខណ្ឌប្ញស្សីកែវ) ហើយម្យ៉ាងដំបូងត្រូវចំណាយថវិកាសម្រាប់ទិញឧបករណ៍លេងដោយខ្លួនឯងផងដែរ។ ទន្ទឹមនឹងនេះ ការហាត់រៀនឧបករណ៍បុរាណបែបនេះតម្រូវឲ្យមានភាពអត់ធ្មត់ខ្ពស់ ព្រោះត្រូវចំណាយពេលពិបាកទាំងរៀនទាំងហាត់ សម។ ប្អូនយល់ថាមូលហេតុដែលបណ្តាលឲ្យយុវជនភាគច្រើនមិននិយមរៀនវា គឺដោយសារតែពិបាករៀននេះឯង គួបផ្សំនឹងការពិបាករកគ្រូមកបង្ហាត់ ហើយការហ្វឹកហាត់លេងទៀតសោតក៏មិនសូវសប្បាយរីករាយដូចការហាត់លេងឧបករណ៍តន្រ្តីសម័យនោះដែរ។ ប៉ុន្តែទោះបីជាមានឧបសគ្គពិបាកយ៉ាងណាក៏ដោយ ក៏ ឈុនហេង នៅតែមានសុទិដ្ឋិនិយមចំពោះការហាត់រៀនឧបករណ៍តន្រ្តីមួយនេះ “ខ្ញុំមានមោទនភាព ព្រោះឧបករណ៍នេះ គ្មានប្រទេសណាមានទេ! បានកាន់របស់ដែលមិនមានប្រទេសណាមាន! បើទោះបីជាមាន ក៏រសជាតិមិនដូចគ្នាដែរ”។
កន្លងមក យុវជន ហៀង ឈុនហេង ធ្លាប់បានចូលរួមប្រគំតន្ត្រីក្នុងកម្មវិធីដ៏ធំអស្ចារ្យមួយដែលមានឈ្មោះថា “ Ethno Cambodia” ជាប្រភេទការប្រគំតន្រ្តីលក្ខណៈសកល ដែលមានសិល្បករចូលរួមចំនួន១០ ប្រទេស មកសម្តែងរួមគ្នា ក្នុងនោះរួមមាន ប្រទេសបារាំង ប្រទេសស៊ុយអែត ប្រទេសជប៉ុន ប្រទេសតៃវ៉ាន់ ប្រទេសថៃ និង ប្រទេសវៀតណាម ជាដើម។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតៈ (CLA) ក្នុងរយៈពេល២ថ្ងៃ ដែលថ្ងៃទីមួយ ប្រារព្ធឡើងនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និង ថ្ងៃទី២ ប្រារព្ធធ្វើឡើងនៅវត្តបូព៌ សង្កាត់វត្តបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប។ កម្មវិធីប្រគំតន្រ្តីនេះទទួលបានជោគជ័យ ដោយសារសិល្បករទាំងអស់អាចលេងរួមគ្នាបានយ៉ាងរលូនល្អ ហើយមានទស្សនិកជនបានគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ជាពិសេស សម្រាប់ប្រទេសកម្ពុជា គឺ យើងបានចូលរួមចំណែកផ្សព្វផ្សាយឧបករណ៍ឯកតន្រ្តី ឬ សាដៀវ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយឲ្យជនជាតិបរទេសចម្រុះជាតិសាសន៍បានស្គាល់។ ក្រៅពីកម្មវិធីខាងលើនេះ ឈុនហេងក៏បានចូលរួមប្រគំឧបករណ៍នេះក្នុងកម្មវិធីដែលដឹកនាំដោយក្រុមយុវជន គឺ កម្មវិធី “សង្រ្កាន្តវិទ្យាល័យ” នៅវិទ្យាល័យឥន្រ្ទទេវី និង វិទ្យាល័យសាមគ្គី ក្រុងភ្នំពេញ។
ចំពោះចក្ខុវិស័យទៅថ្ងៃអនាគត លោកបានសង្កត់ធ្ងន់លើបីចំណុច ទីមួយ ចង់បានការយកចិត្តទុកដាក់ពីក្រសួងឲ្យព្យាយាមបញ្ចូលឧបករណ៍ឯកតន្រ្តីចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ទីពីរ ចង់ធ្វើយ៉ាងណាឲ្យតន្រ្តីករសាដៀវទាំងអស់រស់នៅប្រកបដោយជីវភាពធូរធារសមរម្យ និងទីបី សូមសំណូមពរដល់សាលាពាក់ព័ន្ធឲ្យរៀបចំកម្មវិធីសិក្សាថ្នាក់តន្រ្តីបុរាណដោយចាប់ផ្តើមពីឧបករណ៍ឯកតន្រ្តីនេះមុនគេ។ ជាចុងក្រោយ ក្នុងនាមជាយុវតន្រ្តីករបុរាណមួយរូប លោកសូមផ្តាំផ្ញើដល់យុវជនកម្ពុជាទាំង ឡាយឲ្យរៀនសូត្រពីប្រវត្តិសាស្រ្តរបស់ខ្លួនឲ្យបានច្បាស់លាស់មុននឹងមានទំនាស់វែកញែកអំពីបញ្ហាសិល្បៈវប្បធម៌ជាមួយជាតិសាសន៍ដទៃ ចៀសវាងបង្កនូវការភ័ន្តច្រឡំទាំងងងឹតងងុល។ ដោយឡែក សម្រាប់យុវជនដែលចង់ចាប់រៀនជំនាញនេះត្រូវមានស្មារតីតស៊ូខ្ពស់ ព្រមទាំងហ៊ានលះបង់ទាំងពេលវេលានិងថវិកា៕
Article by SRIN SOKMEAN