×

ហៀង​ ​ឈុន​ហេង​ ​ទាយាទ​ជំនាន់​ថ្មី​នៃ​ឧបករណ៍​ឯក​ត​ន្រ្តី​ខ្មែរ​

NEWS 4 weeks ago

           ​ស្ថិត​ក្នុង​វ័យ​២​៨​ឆ្នាំ​ ​សម្បុរ​ស្រអែម​សណ្តែកបាយ​ ​កែវភ្នែក​ធំ​ៗ​សង្ហា​បែប​ខ្មែរ​ យុ​វ​ត​ន្រ្តី​ករ​ ​ហៀង​ ​ឈុន​ហេង​ ​បាន​រៀប​រាប់ប្រាប់​សូវ​រី​ន​ថា​ ​លោក​ពុំ​មាន​ឪពុក​ម្តាយ​ជា​សិល្បករ​បុរាណ​នោះ​ទេ​ ​ប៉ុន្តែ​ឪពុក​លោក​ធ្លាប់​បាន​តំណាល​ប្រាប់​លោក​ថា​ ​ជីដូន​របស់​លោក​ជា​អតីត​នាដកា​របាំ​ព្រះរាជទ្រព្យ​មុន​ឆ្នាំ​ ​១​៩​៧​៥​ ​។​ ​ទោះ​ ​បី​ជា​មាន​សែស្រឡាយ​ជា​អ្នក​សិល្បៈ​ពី​ជំនាន់ដើម​ក៏ដោយ​ ​ក៏​អ្នកមានគុណ​ទាំងពីរ​របស់​លោក​ ​ដើមឡើយ​មិន​ពេញចិត្ត​ឲ្យ​លោក​ចាប់​យក​ជំនាញ​ត​ន្រ្តី​បុរាណ​ដែល​ជា​ឧបនិស្ស័យ​របស់​លោក​តាំងពី​កុមារភាព​នោះ​ឡើយ​ ​ក្រោម​ហេតុផល​ថា​ ​ការ​ប្រឡូក​ក្នុង​អាជីព​នេះ​នឹង​ធ្វើឲ្យ​ពិបាក​រក​ប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាព​។​ ​ដោយសារ​ចំណង់ចំណូលចិត្ត​ចំពោះ​សិល្បៈ​ត​ន្រ្តី​កាន់តែ​ពុះ​ក​ញ្រ្ជោ​ល​ឡើង​ ​លោក​ក៏បាន​សម្រេច​ចិត្ត​ចាប់ផ្តើម​សិក្សា​ផ្នែក​ត​ន្រ្តី​លក្ខណៈ​ឯកជន​ដោយ​សម្ងាត់​កំបាំង​ពី​ឪពុក​ម្តាយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៣​។​ ​ប៉ុន្តែ​នៅ​ក្នុង​ជំហាន​ដំបូង​ ​លោក​បាន​ចាប់​យក​ជំនាញ​ត​ន្រ្តី​សម័យ​សិន​ដោយសារ​ត​ន្រ្តី​បុរាណ​នៅ​ពេល​នោះ​គឺ​ពិបាក​រក​គ្រូ​ត​ន្រ្តី​បុរាណ​មក​បង្ហាត់​។​ ​ក្រោយមក​ ​ក្នុង​ឆ្នាំ​២​០​១​៦​ ​លោក​បាន​ចាប់ផ្តើម​សិក្សា​ជំនាញ​ត​ន្រ្តី​បុរាណ​ ​ដោយ​ចាប់​យក​ឧបករណ៍​ទ្រសោ​មុនគេ​ ​ជាមួយ​គ្រូ​ឈ្មោះ​ ​ខៀវ​ ​ម៉េង​។​

          ជាកុសល​ល្អ​ ​ក្នុង​ឆ្នាំ​២​០​១​៧​ ​លោក​បាន​ស្គាល់​លោក​ ​សំណាង​ ​ស៊ីណាត​ ​ដែល​ជា​សិល្បករ​ជំនាញ​ឯក​ត​ន្រ្តី ​ជា​អតីត​កូនសិស្ស​របស់​ព្រឹទ្ធាចារ្យ​ ​សុខ​ ឌុ​ច​ ​ត​ន្រ្តី​ករ​ ​ជើងចាស់​ពីសម័យ​មុន​ ​ហើយក៏​បាន​សិក្សា​ជំនាញ​នេះ​ត​ពី​គាត់​តាំងពី​ពេល​នោះ​មក​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្នុងពេលដែល​លោក​រៀន​នោះ​ ​គឺ​មាន​សិស្ស​សរុប​តែ​ពីរ​នាក់​គត់​ ​គឺ​ ​រូបលោក​ ​និង​ ​សិស្ស​នារី​ម្នាក់ទៀត​។​ ​ការសិក្សា​ក្នុង​ថ្នាក់​ត​ន្រ្តី​ដ៏​តូច​មាន​សិស្ស​តែ​ពីរ​នាក់​បែប​នេះ​ធ្វើឲ្យ​លោក​​​មាន​អារម្មណ៍​កណ្តោច​កណ្តែង​ដែរ​ ​ប៉ុន្តែ​លោក​អះអាង​ថា​ ​វា​ងាយស្រួល​ក្នុង​ការហាត់​រៀន​ ​គឺ​ឆាប់​ចេះ​ចាប់បាន​។​ ​ជាក់ស្តែង​ ​លោក​ចំណាយ​ពេល​ហាត់​ចេះ​ស្គាល់​សំឡេង​មូលដ្ឋាន​គ្រឹះ​របស់​ឧបករណ៍​នេះ​ត្រឹមតែ​១​ខែ​ប៉ុណ្ណោះ​។​ ​បន្ទាប់មក​ ​លោក​បាន​ហាត់​លេង​បទ​ផ្សេងៗ​ត្រឹមតែ​១​-​២​ថ្ងៃ​ប៉ុណ្ណោះ​ ​ចំពោះ​បទ​ណា​ដែល​ងាយស្រួល​។​ ​រីឯ​បទ​ដែល​ពិបាក​ ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​១​ស​ប្តាហ៍ ​ដូចជា​ ​បទ​ “​កន្សែង​ក្រហម​” ​ជាដើម​។

លោក ហៀង​ ​ឈុន​ហេង

          គិត​ចាប់តាំង​ពី​ពេល​នោះ​មក​រហូតដល់​ពេលនេះ​ ​លោក​អាច​លេង​បាន​ប្រមាណ​ជា​២​០​បទ​ ​ក្នុង​នោះ​រួម​មាន​ជាអាទិ៍​បទ​“​ហោមរោង​” ​បទ​“​ចៅ​ព្រាហ្មណ៍​” ​បទ​“​ស្តេចយាង​” ​បទ​“​លម្អង​ធ្នង់​” ​បទ​“​សារិកាកែវ​កើច​”-​ល​-​។​ ​ចំពោះ​ការហាត់​បទ​នេះ​ដែរ​ ​លោក​បាន​ពន្យល់​ប្រាប់​ថា​ ​វា​អាស្រ័យ​លើ​ចំណង់ចំណូលចិត្ត​របស់​សាមីខ្លួន​ផ្ទាល់​ ​មានន័យ​ថា​ ​ចំពោះ​អ្នក​ដែល​ចង់​ចេះ​ភ្លេងការ​ ​គេ​រៀន​បទ​ភ្លេងការ​ ​ឯ​អ្នក​ចង់​ចេះ​ភ្លេងអារក្ស​ ​គេ​រៀន​បទ​អារក្ស​ ​ហើយក៏​អាច​មាន​លេង​ទោល​សម្រាប់​កំដរ​បរិយាកាស​បាន​ផង​ដែរ​។​ ​ប៉ុន្តែ​សព្វថ្ងៃនេះ​ ​គេ​ឃើញ​មាន​វត្តមាន​ឧបករណ៍​នេះ​តិចតួច​ណាស់​ក្នុង​ទម្រង់​ភ្លេងការ​ ​ព្រោះ​គេ​ច្រើន​ប្រើ​តែ​ ​ឃឹម​ ​តាខេ​ ​និង​ ​ទ្រសោ​។​ ​ឯ​ឯក​ត​ន្រ្តី ​ឬ​ ​សាដៀវ​ ​នេះ​ ​គេ​និយម​ប្រើ​តែ​នៅ​ក្នុង​វង់ភ្លេង​ការ​បុរាណ​។​
​ដោយឡែក​ ​ចំពោះ​ផល​លំបាក​នៃ​ការ​រៀន​ឧបករណ៍​នេះ​វិញ​ ​យុវជន​ខាងលើ​បាន​លើកឡើង​ថា​ ​សម្រាប់​ប្អូន​ផ្ទាល់​ ​ទីតាំង​ហាត់​រៀន​ស្ថិតនៅ​ឆ្ងាយ​រហូតដល់​គីឡូម៉ែត្រ​លេខ​៦​ (​ខណ្ឌ​ប្ញស្សី​កែវ​) ​ហើយ​ម្យ៉ាង​ដំបូង​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ទិញ​ឧបករណ៍​លេង​ដោយខ្លួនឯង​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​ការហាត់​រៀន​ឧបករណ៍​បុរាណ​បែប​នេះ​តម្រូវ​ឲ្យ​មាន​ភាព​អត់ធ្មត់​ខ្ពស់​ ​ព្រោះ​ត្រូវ​ចំណាយ​ពេល​ពិបាក​ទាំង​រៀន​ទាំង​ហាត់​ ​សម​។​ ​ប្អូន​យល់ថា​មូលហេតុ​ដែល​បណ្តាលឲ្យ​យុវជន​ភាគច្រើន​មិន​និយម​រៀន​វា​ ​គឺ​ដោយសារតែ​ពិបាក​រៀន​នេះឯង​ ​គួបផ្សំ​នឹង​ការពិបាក​រក​គ្រូ​មក​បង្ហាត់​ ​ហើយ​ការ​ហ្វឹកហាត់​លេង​ទៀតសោត​ក៏​មិនសូវ​សប្បាយរីករាយ​ដូច​ការហាត់​លេង​ឧបករណ៍​ត​ន្រ្តី​សម័យ​នោះ​ដែរ​។​ ​ប៉ុន្តែ​ទោះបីជា​មាន​ឧបសគ្គ​ពិបាក​យ៉ាងណាក៏ដោយ​ ​ក៏​ ​ឈុន​ហេង​ ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការហាត់​រៀន​ឧបករណ៍​ត​ន្រ្តី​មួយ​នេះ​ “​ខ្ញុំ​មាន​មោទនភាព​ ​ព្រោះ​ឧបករណ៍​នេះ​ ​គ្មាន​ប្រទេស​ណា​មាន​ទេ​! ​បាន​កាន់​របស់​ដែល​មិន​មាន​ប្រទេស​ណា​មាន​! ​បើ​ទោះបីជា​មាន​ ​ក៏​រសជាតិ​មិន​ដូចគ្នា​ដែរ​”​​។ ​

          កន្លងមក​ ​យុវជន​ ​ហៀង​ ​ឈុន​ហេង​ ​ធ្លាប់​បាន​ចូលរួម​ប្រគំតន្ត្រី​ក្នុង​កម្មវិធី​ដ៏​ធំអស្ចារ្យ​មួយ​ដែល​មានឈ្មោះ​ថា​ “ ​E​t​h​no​ ​Cam​bo​d​i​a​” ​ជា​ប្រភេទ​ការ​ប្រគំ​ត​ន្រ្តី​លក្ខណៈ​សកល​ ​ដែល​មាន​សិល្បករ​ចូលរួម​ចំនួន​១​០​ ​ប្រទេស​ ​មក​សម្តែង​រួមគ្នា​ ​ក្នុង​នោះ​រួម​មាន​ ​ប្រទេស​បារាំង​ ​ប្រទេស​ស៊ុ​យ​អែ​ត​ ​ប្រទេស​ជប៉ុន​ ​ប្រទេស​តៃ​វ៉ាន់​ ​ប្រទេស​ថៃ​ ​និង​ ​ប្រទេស​វៀតណាម​ ​ជាដើម​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ (C​L​A​) ​ក្នុងរយៈពេល​២​ថ្ងៃ​ ​ដែល​ថ្ងៃ​ទីមួយ​ ​ប្រារព្ធ​ឡើង​នៅ​ភូមិ​ព្រះ​ដាក់​ ​ស្រុក​បន្ទាយស្រី​ ​ខេត្ត​សៀមរាប​ ​និង​ ​ថ្ងៃ​ទី​២​ ​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​បូព៌​ ​សង្កាត់​វត្ត​បូព៌​ ​ក្រុង​សៀមរាប​ ​ខេត្ត​សៀមរាប​។​ ​កម្មវិធី​ប្រគំ​ត​ន្រ្តី​នេះ​ទទួល​បាន​ជោគជ័យ​ ​ដោយសារ​សិល្បករ​ទាំងអស់​អាច​លេង​រួមគ្នា​បាន​យ៉ាង​រលូន​ល្អ​ ​ហើយ​មាន​ទស្សនិកជន​បាន​គាំទ្រ​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​។​ ​ជាពិសេស​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​គឺ​ ​យើង​បាន​ចូល​រួមចំណែក​ផ្សព្វផ្សាយ​ឧបករណ៍​ឯក​ត​ន្រ្តី ​ឬ​ ​សាដៀវ​ ​ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មក​ហើយ​ឲ្យ​ជនជាតិ​បរទេស​ចម្រុះ​ជាតិសាសន៍​បាន​ស្គាល់​។​ ​ក្រៅពី​កម្មវិធី​ខាងលើ​នេះ​ ​ឈុន​ហេង​ក៏បាន​ចូលរួម​ប្រគំ​ឧបករណ៍​នេះ​ក្នុង​កម្មវិធី​ដែល​ដឹកនាំ​ដោយក្រុម​យុវជន​ ​គឺ​ ​កម្មវិធី​ “​ស​ង្រ្កាន្ត​វិទ្យាល័យ​” ​នៅ​វិទ្យាល័យ​ឥ​ន្រ្ទ​ទេវី​ ​និង​ ​វិទ្យាល័យ​សាមគ្គី​ ​ក្រុងភ្នំពេញ​។​
​ចំពោះ​ចក្ខុវិស័យ​ទៅ​ថ្ងៃ​អនាគត​ ​លោក​បាន​សង្កត់ធ្ងន់​លើ​បី​ចំណុច​ ​ទីមួយ​ ​ចង់បាន​ការ​យកចិត្តទុកដាក់​ពី​ក្រសួង​ឲ្យ​ព្យាយាម​បញ្ចូល​ឧបករណ៍​ឯក​ត​ន្រ្តី​ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​ ​ទីពីរ​ ​ចង់​ធ្វើ​យ៉ាងណា​ឲ្យ​ត​ន្រ្តី​ករ​សាដៀវ​ទាំងអស់​រស់នៅ​ប្រកបដោយ​ជីវភាព​ធូរធារ​សមរម្យ​ ​និង​ទីបី​ ​សូម​សំណូមពរ​ដល់​សាលា​ពាក់ព័ន្ធ​ឲ្យ​រៀបចំ​កម្មវិធីសិក្សា​ថ្នាក់​ត​ន្រ្តី​បុរាណ​ដោយ​ចាប់ផ្តើម​ពី​ឧបករណ៍​ឯក​ត​ន្រ្តី​នេះ​មុនគេ​។​ ​ជាចុងក្រោយ​ ​ក្នុងនាម​ជា​យុ​វ​ត​ន្រ្តី​ករ​បុរាណ​មួយ​រូប​ ​លោក​សូម​ផ្តាំផ្ញើ​ដល់​យុវជន​កម្ពុជា​ទាំង​ ​ឡាយ​ឲ្យ​រៀនសូត្រ​ពី​ប្រវត្តិ​សា​ស្រ្ត​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​មុននឹង​មាន​ទំនាស់​វែកញែក​អំពី​បញ្ហា​សិល្បៈ​វប្បធម៌​ជាមួយ​ជាតិសាសន៍​ដទៃ​ ​ចៀសវាង​បង្ក​នូវ​ការ​ភ័ន្ត​ច្រឡំ​ទាំង​ងងឹត​ងងុល​។​ ​ដោយឡែក​ ​សម្រាប់​យុវជន​ដែល​ចង់​ចាប់រៀន​ជំនាញ​នេះ​ត្រូវ​មានស្មារតី​តស៊ូ​ខ្ពស់​ ​ព្រមទាំង​ហ៊ាន​លះបង់​ទាំង​ពេលវេលា​និង​ថវិកា​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​
 


SUGGESTIONS