×

ហាង​កាហ្វេ​រចនាបថ​បែប​រី​សត​ឯកជន​បណ្តែត​ខ្លួន​តាម​មាត់​ស្ទឹង​នៅ​តាខ្មៅ​

TRAVEL & LIVING 4 years ago
 
 

            ស្ថិត​លើ​ផ្លូវលំ​មួយ​ក្នុង​ភូមិ​សា​ស្រ្ត ​ភូមិ​ព្រែក​កាត់​ ​សង្កាត់​តា​ក្តុ​ល​ ​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្តាល​ ​ប្រប​ដងស្ទឹង​ព្រែកត្នោត​ដ៏​សែន​មនោ​រម្យ​ស្រស់​ត្រកាល​ ​ហាង​កាហ្វេ​មួយ​ឈ្មោះថា​ វេស្ប៉ា​កាហ្វេ​ (​V​e​s​p​a​ ​Ca​f​é) ​កំពុង​ល្បី​កក្រើក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់​ទាញចិត្ត​អតិថិជន​ប្រុស​ស្រី​ជិត​ឆ្ងាយ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ចុងក្រោយ​នេះ​ដោយសារតែ​ទីតាំង​នេះ​មាន​ការរចនា​ស្ថាបត្យកម្ម​លក្ខណៈ​ជារី​សត​អាងហែលទឹក​មាត់​ស្ទឹង​ប្លែក​ពី​ហាង​កាហ្វេ​ដទៃទៀត​ក្នុង​រាជធានី​ភ្នំពេញ​និង​តំបន់​តាខ្មៅ​។​ ​ដើម្បី​ទៅដល់​ទីនេះ​ ​បើ​យើង​ជិះ​ចេញពី​ភ្នំពេញ​ដល់​រង្វង់​មូល​តាខ្មៅ​ ​ត្រូវ​ជិះ​បត់​ស្តាំ​ទៅត្រង់​ហួស​វត្ត​ព្រែក​ប្ញស្សី​បន្តិច​ ​ទើប​មានផ្លូវ​បត់​ស្តាំ​ជាប់​តាម​មាត់​ព្រែក​ត្រើយ​ខាងកើត​ ​ដែល​មាន​កា​រ៉ា​ស​សាំង​តេ​លា​ក្បែរ​នឹង​ផ្លូវបត់​ចូល​។​

            ​ចេញពី​មាត់​ផ្លូវជាតិ​លេខ​២​ប្រមាណ​ត្រឹមតែ​៣​៥​០​ម៉ែត្រ​ ​លោកអ្នក​នឹង​ឃើញ​ផ្ទះក្បឿង​ដំបូល​ប៉ិត​ក្លាយ​បែប​ខ្មែរ​ក្នុង​របង​ឈើ​អម​ដោយ​ម្លប់​ដើម​អន្សែ​មួយ​ដើម​ ​និង​ ​ដើមផ្កា​លឿង​រាជ​ធំ​បែកមែក​សាខា​ត្រសុំត្រសាយ​ជាប់នឹង​ច្រក​ទ្វារ​ចូល​។​ ​នៅ​ផ្នែក​ខាងមុខ​មាន​រៀបចំ​ជា​តុ​ឈើ​វែង​ស្ថិត​ចំកណ្តាល​តៀម​កាហ្វេ​ដែល​បិតបាំង​ដោយ​ជញ្ជាំង​ក្តារ​ឈើ​បន្ទះ​ព័ទ្ធជុំវិញ​ ​រំលេច​តុបតែង​ជា​បញ្ជីរាយនាម​ភេសជ្ជៈ​ជា​អក្សរខ្មែរ​ធំ​ៗ​ចម្រុះ​ពណ៌​។​ ប៉ុន្ត​អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​នោះ​គឺ​ទេសភាព​ខាងក្រោយ​ដែល​ផ្សារភ្ជាប់​នឹង​សម្រស់​ធម្មជាតិ​ជាប់មាត់​ទឹក​ពិតៗ​មិនចាញ់​ដង​ស្ទឹងសង្កែ​ ​ក្រុង​បាត់​ដំបង​ ​ឬ​ ​មាត់​ព្រែក​ទឹក​ឈូ​ ​ខេត្ត​កំពត​ ​ប៉ុន្មាន​ឡើយ​។​ ​ថ្វី​ដ្បិតតែ​ទីនេះ​មាន​ទំហំ​តូច​បន្តិច​ក៏​ពិតមែន​ ​តែ​ការរៀបចំ​កន្លែង​អង្គុយ​សម្រាប់​ភ្ញៀវ​មាន​ជម្រើស​ជាច្រើន​ប្រភេទ​ខុសប្លែក​គ្នា​ ​មិន​ចង្អៀត​ដោយសារ​តុកៅអី​ច្រើន​ដូច​ក្នុង​ហាង​នៅ​ទីក្រុង​នោះ​ទេ​។​ ​ភ្ញៀវ​អាច​អង្គុយ​នៅ​តុ​ ​ឬ​ ​ក​ម្រា​ល​ផ្ទាល់​ឥដ្ឋ​ជាប់មាត់​ទឹក​ ​ឬ​ ​តុ​តូច​ក្បែរ​ហាង​ហែលទឹក​ដែល​មាន​ទឹក​ថ្លាឆ្វង់​យ៉ាង​ស្រស់​ស្អាត​។​

            លោក​ ​លៀង​ ​អ​ម្រិ​ត​តា​ ​ស្ថាបនិក​ហាង​កាហ្វេ​នេះ​បាន​បញ្ជាក់​ថា​ វេស្ប៉ា​កាហ្វេ​ត្រូវ​បាន​កែច្នៃ​ចេញពី​ផ្ទះ​បែប​រី​សត​ផ្ទាល់ខ្លួន​របស់​ក្រុម​គ្រួសារ​របស់​លោក​ផ្ទាល់​តែម្តង​។​ ​ដំបូង​ឡើយ​ ​លោក​បើក​ជា​ហាង​កាហ្វេ​តែ​នៅ​ផ្នែក​ខាងមុខ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​មាន​ភ្ញៀវ​បាន​ចាប់អារម្មណ៍​នឹង​ទេសភាព​មាត់ទឹក​ខាងក្រោយ​ហាង​ហើយ​ឆ្លង​ទៅ​ខាងក្រោយ​នោះ​ដើម្បី​ថតរូប​លេង​ក​ម្សាន្ត ​រួច​ក៏​បង្ហោះ​តាម​ហ្វេសប៊ុក​ធ្វើឲ្យ​ផ្អើល​ខ្លាំង​ក្នុងរយៈពេល​តែមួយ​ប៉ប្រិច​ភ្នែក​។​ ​លោក​បានឲ្យ​ដឹង​ទៀត​ថា​ ​មូលហេតុ​ដែល​ជំរុញចិត្ត​លោក​ឲ្យ​បើក​ហាង​កាហ្វេ​ ​ព្រោះ​ពីមុន​មក​ ​លោក​ក៏​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កា​របើក​ហាង​លក់​កាហ្វេ​រហូតដល់​ទៅ​ពីរ​ទីតាំងនៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​ ​ដោយឡែក​ ​សម្រាប់​ហាង​ថ្មី​នេះ​វិញ​ ​គឺ​ទើប​តែ​មានដំណើរ​ការ​ត្រឹម​មួយ​ខែ​ប៉ុណ្ណោះ​។​ ​រីឯ​ការ​ដាក់ឈ្មោះ​ហាង​នេះ​ថា​ “វេស្ប៉ា​កាហ្វេ​” ​ពីព្រោះ​ហាង​នេះ​មាន​តាំង​ម៉ូតូ​វេស្ប៉ា​ដែល​ជា​យានជំនិះ​របស់​លោក​ផ្ទាល់​ដែល​លោក​ស្រឡាញ់​ពេញចិត្ត​ជាយូរមកហើយ​។​

            ចំពោះ​ភេសជ្ជៈ​នៅ​ទីនេះ​ ​គឺ​មាន​កាហ្វេ​គ្រប់​ប្រភេទ​ ​ទាំង​កាហ្វេ​ទឹកដោះគោ​ទឹកកក​បែប​ធម្មតា​ ​និង​ ​ប្រភេទ​កាហ្វេ​ម៉ាស៊ីន​ ​ដូចជា​ ឡាតេ (​Lat​t​e​) ​កា​ពូ​ឈីណូ (​Cap​p​ucc​in​o) ម៉ូ​កា​ (​M​oc​h​a​) ​ព្រមទាំង​ភេសជ្ជៈ​មិនមែន​កាហ្វេ​ជា​ច្រើនមុខ​ទៀត​ដូ​ចហាង​កាហ្វេ​ទូទៅ​ដែរ​។​ ​ក្រៅពី​ភេសជ្ជៈ​ ​ទីនេះ​មាន​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ពេលព្រឹក​ ​ពេលថ្ងៃត្រង់​ ​និង​ ​ពេលយប់​ ​ដូចជា​ ​បាយ​សាច់ជ្រូក​ ​បាយ​សាច់​មាន់​ ​នំបញ្ចុក​សម្ល​ខ្មែរ​ ​និង​ ​សម្ល​ណាំយ៉ា​។​ ​ក្នុងចំណោម​នោះ​ ​អាហារ​ដែល​ពេញ​និយម​បំផុត​ពីសំណាក់​ភ្ញៀវ​ដែល​មក​ទីនេះ​គឺ​ ​នំបញ្ចុក​។​ ​រីឯ​ប្រភេទ​អាហារសម្រន់​ដែល​ភ្ញៀវ​និយម​នៅ​ពេលយប់​នោះ​មាន​ដូចជា​ ​ប្រហិត​ត្រី​គ្រឿង​បំពង​ ​ជើងមាន់​ ​និង​គល់​ស្លាប​អាំង​ ​និង​ ​សាច់ក្រក​គោ​ដែល​ធ្វើ​ដោយខ្លួនឯង​។​

            ​តាមរយៈ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេសប៊ុក​នានា​ ​ភ្ញៀវ​បាន​មក​ទស្សនា​ ​និង​ ភ្លក្ស​រសជាតិ​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​នៅ​ទីនេះ​កាន់តែ​ច្រើនឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​រហូតដល់​២​០​០​-​៣​០​០​នាក់​ក្នុងមួយថ្ងៃ​។​ ​ម្ចាស់​ហាង​បាន​បង្ហើប​ថា​ប្រសិនបើ​ភ្ញៀវ​នៅតែ​បន្ត​គាំទ្រ​ក្នុង​ចំនួន​ច្រើន​បែប​នេះ​ ​លោក​គ្រោង​នឹង​ពង្រីក​ទីតាំង​នេះ​ឲ្យ​កាន់តែ​ធំ​ទូលាយ​ ​និង​ដាក់​តុកៅអី​បន្ថែម​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​ជាក់ស្តែង​។​ ​លើស​ពី​នេះ​ទៀត​ ​លោក​នឹង​រៀបចំ​បង្កើត​ជា​បន្ទប់​រី​សត​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​ព្រោះ​កន្លងមក​មាន​ភ្ញៀវ​ខ្លះ​ចង់​មក​សម្រាក​លម្ហែ​ដែរ​។​ ​ម្ចាស់​ហាង​ឆ្លៀត​ក្នុង​ខណៈនេះ​សូមអភ័យទោស​ទុកជាមុន​ចំពោះ​រាល់​បញ្ហា​ខ្វះខាត​ ​ជាពិសេស​ភ្ញៀវ​ដែល​បាន​រង់ចាំ​យូរ​ ​ដោយសារ​ចំនួន​បុគ្គលិក​នៅ​មាន​តិចតួច​ ​ហើយ​ភ្ញៀវ​ចេះតែ​មក​ច្រើនឡើង​ៗ​ហួសពី​ការ​រំពឹង​ទុក​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS