×

រឿន​ សុ​ម៉ា​លី​ ​ជា​ទីប្រឹក្សា​ដ៏​ល្អ​បំផុត​ក្នុង​ការ​ចែករំលែក​ចំណេះ​ដឹង​ថែទាំ​សម្រស់​

NEWS 3 weeks ago

          ​ប្រិយ​មិត្ត​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ឬ​អ៊ី​ន​ស្តា​ក្រាម​ ​ភាគច្រើន​ប្រាកដជា​ស្គាល់​នូវ​ទំព័រ​ហ្វេសប៊ុក​មួយ​ជា​អក្សរ​ឡាតាំង​ ​«​Soma​l​y​ ​Tip​s​»​ ​ក៏​ព្រោះតែ​ទំព័រ​ហ្វេសប៊ុក​នេះ​តែងតែ​មានការ​ផ្សព្វផ្សាយ​ចែករំលែក​ ​និង​បទពិសោធន៍​នានា​ជាច្រើន​ដែល​ទាក់ទង​នឹង​ផ្នែក​សម្រស់​ ​តួយ៉ាង​ ​បញ្ហា​ការ​ក​កើតមុន​ជាដើម​។​ ​ជាក់ស្តែង​ ​ការ​ផ្សព្វផ្សាយ​ ​និង​ការ​ចែករំលែក​ទាំងអស់​នោះ​សុទ្ធសឹងតែ​ពឹងផ្អែក​ទៅលើ​ជំនាញ​របស់​ខ្លួន​ជា​អតីត​ឱសថការី​នៃ​មន្ទីរពេទ្យ​ឯកជន​មួយ​ ​ហើយ​មួយ​ផ្នែក​តូច​ទៀត​ត​ពឹងផ្អែក​លើ​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ផង​ដែរ​។​

          ​ស្ថិត​ក្នុង​វ័យ​ ​៣​១​ឆ្នាំ​ ​ជា​អ្នកមាន​ស្រុកកំណើត​នៃ​ខេត្ត​សៀមរាប​ ​កញ្ញា​ ​រឿន​ សុ​ម៉ា​លី​ ​ភាគច្រើន​ស្គាល់​កញ្ញា​ថា​ជា​ ​Doctor​ ​Goody​ ​នោះ​ជា​អតីត​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​និង​ជា​ឱសថការី​ផង​បានឲ្យ​ដឹង​ថា​ ​ស្ទើរតែ​៨​០​ភាគរយ​ទៅ​ហើយដែល​ភាគច្រើន​នៅតែ​មានការ​ភ័ន្ត​ច្រឡំ​នូវ​ការប្រើប្រាស់​ផលិតផល​សម្រាប់​ស្បែក​មុខ​ ​និង​កត្តា​មួយទៀត​នោះ​គឺជា​ការ​ផ្សព្ធ​ផ្សាយ​នូវ​ផលិតផល​ដែល​មាន​សារធាតុ​ពុំ​ជាក់លាក់​ដល់​អ្នកប្រើប្រាស់​។​ ​ជាក់ស្តែង​ ​កញ្ញា​ សុ​ម៉ា​លី​ ​បាន​បង្ហាញ​ឲ្យដឹង​ពី​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​ធ្វើឲ្យ​មានផល​ប៉ះពាល់​ដល់​សម្រស់​យ៉ាង​ដូច្នេះ​ថា​ ​«​ប្រសិនបើ​តាម​ការ​មើលឃើញ​នូវ​កំហុស​ដែល​តែងតែ​កើតមាន​នោះ​គឺ​ ​មនុស្ស​ភាគច្រើន​នៅតែ​បន្ត​ការប្រើប្រាស់​នូវ​ផលិតផល​ក្លែងក្លាយ​ ​ដូចជា​៖​ ​ការប្រើប្រាស់​នូវ​ប្រភេទ​ម្សៅ​លាយ​ដែល​មាន​សារធាតុ​ជាតិ​កាត់​ដែល​លាប​បី​ថ្ងៃ​ ​ឬមួយ​អាទិត្យ​បាត់​មុន​ ​ជាំ​ ​ស្នាម​មុន​ ​ហើយ​យើង​ប្រាកដជា​ទទួល​បាន​លទ្ធផល​ភ្លាម​ៗ​តែម្តង​ ​ប៉ុន្តែ​នៅពេលដែល​យើង​ចាប់ផ្តើម​ឈប់​ប្រើប្រាស់​នោះ​នឹង​ឃើញ​កើតមាន​មុន​គ្រប់​ប្រភេទ​លើ​ស្បែក​មុខ​ ​ធ្វើឲ្យ​ស្បែក​មុខ​ចាប់ផ្តើម​ស្តើង​ម្តង​តិចៗ​តែម្តង​»​។​ ​ជា​ការពិត​ណាស់​ ​សម្រស់​ ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មនុស្ស​គ្រប់រូប​វ័យ​តែង​មានការ​យកចិត្តទុកដាក់​ថែរក្សា​សម្រស់​មិនថា​សុ​ភាពបុរស​ ​ឬ​មិត្ត​នារី​ៗ​នោះ​ទេ​សុទ្ធសឹងតែ​រក​វិធីសាស្ត្រ​ជាច្រើន​ ​ដើម្បី​រក្សា​សម្រស់​របស់​ខ្លួន​នៅតែ​ក្មេង​ជាង​វ័យ​ដូច្នេះ​ដែរ​ ​គ្រាន់តែ​វិធីសាស្ត្រ​ខ្លះ​តាម​បែប​ធម្មជាតិ​ ​រីឯ​វិធី​ខ្លះទៀត​ជា​វិធី​តាម​បែប​វិជ្ជ​សាស្ត្រ​ ​ប៉ុន្តែ​វិធីសាស្ត្រ​ទាំងអស់​នោះ​ទាមទារ​ពេលវេលា​យូរ​ក្នុង​ការថែទាំ​។​ ​ទន្ទឹម​នឹង​ការពិភាក្សា​ជាមួយនឹង​ ​សូវ​រី​ន​ ​កញ្ញា​ សុ​ម៉ា​លី​ ​ក៏បាន​លើកឡើង​ ​«​ដូចដែល​ខ្ញុំ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ផេ​ក​របស់​ខ្ញុំ​ចឹ​ង​ ​រាល់​បញ្ហា​ទាំងអស់​ដែល​ខ្ញុំ​ទទួល​បាន​គឺ​បញ្ហា​មុន​ ​ការ​ជ្រើសរើស​ ​ឬ​ប្រើប្រាស់​ប្រភេទ​ផលិតផល​ត្រឹមត្រូវ​ ​ហើយ​ខ្ញុំ​តែងតែ​ស្វាគមន៍​ជានិច្ច​ជាមួយនឹង​បញ្ហា​របស់​អ្នកគាំទ្រ​ទាំងអស់គ្នា​ ​ប៉ុន្តែ​មិនមែន​មានន័យ​ថា​ខ្ញុំ​សរសើរ​លើ​ខ្លួនឯង​នោះ​ទេ​ ​ផ្ទុយទៅវិញ​ខ្ញុំ​សម្រួល​បញ្ហា​របស់​អ្នក​ទាំងអស់គ្នា​ដោយ​ពឹងផ្អែក​លើ​បទពិសោធន៍​របស់​ខ្ញុំ​ ​និង​ការស្រាវជ្រាវ​ដ៏​ល្អិតល្អន់​ ​មួយវិញទៀត​ ​ខ្ញុំ​បង្កើត​ហ្វេសប៊ុក​ផេ​ក​នេះ​ឡើងក​៏​មិនមែន​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ល​ផលិតផល​ណាមួយ​ឡើយ​ ​ហើយ​ម៉្យាងទៀត​នោះ​ខ្ញុំ​តែង​បង្ហាញ​ពី​បញ្ហា​នានា​ដែល​ក្រៅពី​បញ្ហា​ការ​ក​កើតមុន​ផង​ដែរ​។​»​

          ជាចុងក្រោយ​ ​កញ្ញា​ សុ​ម៉ា​លី​ ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ដល់​ប្រិយ​មិត្ត​អ្នកអាន​ ​និង​អ្នកគាំទ្រ​របស់​ខ្លួន​ដូចនេះ​ថា​ ​«​សម្រាប់​អ្នក​ដែល​កំពុងតែ​មាន​បញ្ហា​សម្រស់​ទាំងអស់​ត្រូវ​មាន​ភាព​អត់ធ្មត់​ក្នុង​ការ​ព្យាបាល​ ​ព្រោះ​អ្វីៗ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ពេលវេលា​ ​មួយវិញទៀត​នោះ​ ​ត្រូវ​បញ្ឈប់​ប្រើប្រាស់​នូវ​ផលិតផល​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ច្បាស់លាស់​ពី​ក្រសួង​ដែល​ពាក់ព័ន្ធ​៕​»​

​Article​ ​by​ ​PAN​ S​I​V​L​Y​
 


SUGGESTIONS