×

វិលត្រឡប់​មករ​ក​បរិយាកាស​រោងភាពយន្ត​សម័យ​យុគ​មាស​

TRAVEL & LIVING 3 years ago
 
 

            ស្វាយ​រៀងៈ ​ស្រប​ក្នុង​ខណៈ​ពេល​ដែល​រោងភាពយន្ត​ចាស់ៗ​ទូទាំង​ប្រទេស​បាន​បិទទ្វារ​លែង​ដំណើរការ​ស្ទើរតែ​ទាំង​អស់ទៅហើយ​ ​ថ្នាក់​ដឹកនាំ​មន្ទីរ​វប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​ខេត្ត​ស្វាយរៀង​កំពុង​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ដំណើរការ​ជួសជុល​កែ​លម្អ​ឡើងវិញ​នូវ​រោងភាពយន្ត​ស្វាយរៀង​ដែល​បាន​ផ្អាក​ដំណើរការ​បញ្ចាំង​ភាពយន្ត​-​វីដេអូ​ជា​យូរឆ្នាំ​ណាស់​មក​ហើយ​ ​ដោយសារ​ភាព​ចាស់​ទ្រុឌទ្រោម​នៃ​អគារ​ដែល​ត្រូវ​បាន​ ​កសាង​តាំងពី​មុន​សម័យ​ស​ង្រ្គា​ម​ស៊ីវិល​មក​ម្ល៉េះ​ ​គួបផ្សំ​នឹង​ការ​ធ្លាក់ចុះ​នៃ​វិ​ស័​យ​ភាពយន្ត​ក្នុងស្រុក​កាលពី​ ​អំឡុង​ពាក់កណ្តាល​ទសវត្សរ៍​ទី​៩​០​។​

            ​ដោយសារ​តម្រូវ​ការ​ទីតាំង​សម្រាប់​ប្រើប្រាស់​ជា​សាល​សម្តែង​សិល្បៈ​ថ្នាក់​ខេត្ត​ ​និង​ ​ដើម្បី​រំ​ព្ញ​ក​នូវ​អនុ​ស្សា​វ​រី​យ៍​នៃ​ការ​បញ្ចាំង​ភាពយន្ត​កាល​ពីសម័យ​មុន​១​៩​៧​៥​ ​សម័យ​ប្រជាមានិត​កម្ពុជា​ ​និង​ ​សម័យ​រដ្ឋកម្ពុជា​ ​ផង​នោះ​ ​លោកស្រី​ ​ឥន្ទ​ ​ណាគ្រី​ ​ប្រធានមន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្វាយរៀង​ ​បាន​ផ្តល់​បទសម្ភាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៃ​គេហទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​អំពី​សាវតារ​រោងភាពយន្ត​នេះ​ថា​ “​រោងកុន​នៅ​ស្វាយរៀង​មាន​ពីរ​ ​ទីមួយ​គឺ​អតីត​មហោស្រព​ខេត្ត​ (​សព្វថ្ងៃ​ ​កែ​ឈ្មោះ​ទៅជា​ “​រោងភាពយន្ត​ស្វាយរៀង​” ​និង​ ​ទីពីរ​គឺ​រោងកុន​ស្វាយរៀង​ (C​in​e​ S​v​a​y​ R​i​e​n​g​) ​នេះ​។​ ​រោងកុន​ស្វាយរៀង​នេះ​ជា​រោងកុន​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​ (​នៅ​ក្នុង​ខេត្ត​) ​កសាង​តាំងពី​ឆ្នាំ​១​៩​២​៨​ ​ហើយ​កាល​ពីសម័យ​ក្រោយ​៧​៩​ ​រោង​នេះ​នៅ​ដំណើរការ​ធម្មតា​ ​បញ្ចាំង​រឿង​ឥណ្ឌា​ ​ហើយ​ក្រោយមក​បញ្ចាំងកុន​ខ្មែរ​ ​មាន​មនុស្ស​ចូ​លមើល​ភ្លូក​ទឹក​ភ្លូក​ដី​ […]”។​

            លោកស្រី​ប្រធានមន្ទីរ​បាន​ពន្យល់​ប្រាប់​អំពី​គោលបំណង​នៃ​ការ​អភិ​រក្ស​អគារ​នេះ​ថា​ “ (​ចំពោះ​) ​រោងកុន​នេះ​ ​ឥឡូវនេះ​ ​ខ្ញុំ​បាន​ធ្វើការ​កែ​លម្អ​ជួសជុល​។​ ​បានជា​ខ្ញុំ​សម្រេច​ចិត្ត​ជួសជុល​នេះ​ ​ដោយសារ​ខ្ញុំ​ស្រឡាញ់​វិ​ស័​យ​វប្បធម៌​ ​ជាពិសេស​វិ​ស័​យ​ភាពយន្ត​ដែល​ជា​សិល្បៈ​ទី​៧​។​ ​ខ្ញុំ​ឃើញ​ការ​បញ្ចាំង​នៅ​ភ្នំពេញ​ ​គេ​មាន​រោង​នៅ​ដំណើរការ​។​ ​ដល់​អ៊ឹចឹ​ង​នៅ​ខេត្ត​ ​ខ្ញុំ​ចង់​អភិ​រក្ស​ចង់​ធ្វើឲ្យ​មាន​ ​ថ្ងៃក្រោយ​យើង​អាច​ចាប់ផ្តើម​បញ្ចាំង​ ​ពេល​មាន​ទំនាក់ទំនង​ពី​ក្រុមហ៊ុន​ (​ផលិតកម្ម​ភាពយន្ត​)”​។​

            ជាមួយគ្នា​នេះ​ដែរ​ ​លោកស្រី​ក៏បាន​បញ្ជាក់​អំពី​ស្ថានភាព​អគារ​បេតិកភណ្ឌ​នេះ​មុន​ពេល​ជួសជុល​ថា​ ​មាន​ការខូចខាត​ជាច្រើន​កន្លែង​ ​តួយ៉ាង​ ​ផ្នែក​ដំបូល​ធ្លុះ​លិចទឹក​ ​និង​ផ្នែក​ពិតាន​បាក់បែក​របេះធ្លាក់​។​ ​រីឯ​ផ្នែក​ជញ្ជាំង​មាន​សភាព​ចាស់​ផុយ​រលួយ​ដែល​តម្រូវ​ឲ្យ​ជាង​ឈូស​ចេញ​ឲ្យ​ស្អាត​និង​បៀកថ្នាំ​សាជាថ្មី​មួយ​ចំនួន​។​ ​ផ្នែក​ក​ម្រា​ល​ស៊ីម៉ងត៍​ចាក់សាប​ ​និង​ ​ផ្នែក​ខាងមុខ​រោង​មាន​សភាព​ប្រេះ​ស្រាំ​ ​ហើយ​ទ្វារ​ចូល​ក៏​ត្រូវ​ជួសជុល​លាបថ្នាំពណ៌​ថ្មី​ដើម្បី​បង្កើន​សោភ័ណ​ភាព​។​

            សព្វថ្ងៃ​រោងភាពយន្ត​ប្រវត្តិ​សា​ស្រ្ត​ប្រចាំ​ខេត្ត​នេះ​ត្រូវ​បាន​ជួសជុល​បាន​ប្រហែល​ ​៧​០​ ​ភាគរយ​ហើយ​។​ ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​រោងភាពយន្ត​នេះ​នឹង​ដើរ​តួនាទី​ជា​រោង​ ​បញ្ចាំង​ភាពយន្ត​-​វីដេអូ​ផង​ ​និង​ ​ជា​សាល​មហោស្រព​សម្រាប់​សិល្បករ​ ​សិល្ប​ការិនី​ហាត់​សម្តែង​ទស្សនីយភាព​សិល្បៈ​នានា​សម្រាប់​ការប្រកួតប្រជែង​ប្រចាំ​ឆ្នាំ​ផង​ដែរ​។​ ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​ក្រោយពេល​បើក​ដំណើរការ​ឡើងវិញ​ ​រោងភាពយន្ត​នេះ​នឹង​មានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ក្នុង​ខេត្ត​យ៉ាង​កុះករ​ដូច​ពី​អតីតកាល​ ​ព្រោះ​សព្វថ្ងៃនេះ​ ​មិន​ងាយ​មាន​រោងភាពយន្ត​បែប​ក្លា​ស៊ិ​ក​សម្រាប់​ទស្សនា​រំ​ព្ញ​ក​អនុ​ស្សា​វ​រី​យ៍​សម័យ​នោះ​បែប​នេះ​ទៀត​ទេ​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS