×

ស្រុក​ស្ទោង​ ​តំបន់​ប្រវត្តិសាស្ត្រ​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ទេសចរណ៍​

TRAVEL & LIVING 4 weeks ago

           ស្ទោង​ ​គឺជា​ស្រុក​មួយ​ក្នុង​ខេត្ត​កំពង់ធំ​ ​ដែល​ទេសចរ​នានា​រមែង​មើល​រំលង​ជារឿយៗ​ ​រាល់​ពេល​ធ្វើដំណើរ​ឆ្លងកាត់​ឆ្ពោះទៅ​កាន់​ទឹកដី​ខេត្ត​សៀមរាប​។​ ​ប្រសិនបើ​ប្រិយ​មិត្ត​ចាប់អារម្មណ៍​បន្ដិច​ ​នោះ​នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្ទះ​បុរាណ​ជាច្រើន​សណ្ឋាន​ឈរ​ទ្រឹង​ជាជួរ​នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​តែម្ដង​។​ ​មិន​បង្អង់​យូរ​ ​យើង​បាន​នាំគ្នា​ឡើងឡាន​ឆ្ពោះទៅ​កាន់​ស្រុក​ស្ទោង​នេះ​ភ្លាម​។​

           ប្រមាណ​ជា​ ​៣​ ​ទៅ​ ​៤​ ​ម៉ោង​ ​ពី​រាជធានី​ភ្នំពេញ​ ​ឡាន​បាន​សំចត​នៅនឹង​ទី​រួម​ស្រុក​ស្ទោង​ទៅ​ហើយ​។​ ​សំណង់​បែប​បុរាណ​ជាច្រើន​ ​ខ្លះ​ត្រូវ​បាន​បោះបង់​ចោល​ ​ខ្លះទៀត​ត្រូវ​បាន​ជួសជុល​លាប​ពណ៌​បន្ថែម​ជា​លំនៅ​ដ្ឋា​ន​ ​ឬ​ប្ដូរ​ជា​ហាងទំនិញ​នានា​ ​បាន​បង្ហាញ​រូបរាង​យ៉ាង​ច្បាស់​នៅនឹង​មុខ​។​ ​ផ្ទះ​បែប​ខ្មែរ​កាត់​ចិន​ (​ខ្លះ​ហៅថា​ផ្ទះ​ទៀ​ម​) ​សង់​រាបស្មើ​នឹង​ដី​តែមួយ​ជាន់​ ​ធ្វើ​ពី​ឥដ្ឋ​ឬ​ឈើ​ ​ទ្វារ​ចូល​ពីមុខ​ ​បង្អួច​សងខាង​ផ្ទះ​ ​មាន​ប្រក់​ដំបូល​ក្បឿង​ដូច​ម៉ូដ​ដំបូល​ផ្ទះ​ក​ន្ដាំ​ង​ ​ពិតជា​ប្លែក​ពី​ទេសភាព​ភូមិ​ស្រុក​ដែល​យើង​ទាំងអស់គ្នា​ធ្លាប់​ដឹង​ ​ហើយ​ផ្ទះ​បែប​នេះ​ខ្លះទៀត​សង់​ជាប់គ្នា​៥​ទៅ​៦​ល្វែង​ ​តែ​រួម​ដំបូល​តែមួយ​។​ ​ហើយ​លំនាំ​ម៉ូដ​នេះ​មាន​សង់​ជា​លក្ខណៈ​ពីរ​ជាន់​ថែមទៀត​ ​ដោយ​ខាងក្រោម​មាន​ច្រក​ទ្វារធំ​ ​សសរ​ពីរ​ទ្រ​ល្វែង​ខាងលើ​ ​ហើយ​ល្វែង​លើ​មាន​បង្អួច​ធំ​។​ ​សំណង់​មួយ​បែប​ទៀត​ ​ដែល​បន្សល់​តាំងពី​សម័យ​អាណានិគម​បារាំង​ ​ក៏​ត្រូវ​បាន​ប្រទះឃើញ​។​ ​តួយ៉ាង​ ​អគារ​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ ​ស្រុក​ស្ទោង​ ​ដែល​នៅ​រក្សា​សោភ័ណ​ភាព​យ៉ាង​ប្រពៃ​តាំងពី​ឆ្នាំ​១​៩​៤​០​។​ ​អគារ​៦​ល្វែង​បែប​សហ​សម័យនេះ​ ​ស្ថិតនៅ​ក្រោម​ដំបូល​ប៉ិត​តែមួយ​ ​ខណ្ឌ​ចែក​ដោយ​សសរ​ពី​ផ្ទៃដី​ដល់​ដំបូល​ដែល​បង្ក​ជា​រានហាល​ដ៏​វែង​ ​ហើយ​មាន​ជណ្ដើរ​នៅ​ចំហៀង​ខាងក្រៅ​នៃ​អគារ​។​ ​ទីធ្លា​មុខ​អគារ​ទូលាយ​សម្រាប់​ចត​យានជំនិះ​នានា​ ​អម​ដោយ​ដើម​ឆ​័​ត្រ​ធំ​នៅ​សងខាង​ ​ចោល​ជា​ម្លប់​យ៉ាង​ត្រជាក់​ភ្នែក​ ​ហើយក៏​បន្ថែម​នូវ​ភាព​រស់រវើក​ដល់​អគារ​ចំណាស់​នេះ​ផង​ដែរ​។​ ​សំណង់​អគារ​នៅ​ក្នុងស្រុក​ស្ទោង​នេះ​ ​ហាក់​ប្រាប់​ខ្ញុំ​អំពី​វិសាលភាព​មួយ​នៃ​ហេ​ដ្ឋា​រចនាសម័្ពន្ធ​ក្នុងស្រុក​នេះ​ ​ព្រោះ​ទីនេះ​មិន​ត្រឹមតែ​ប្រមូលផ្ដុំ​ទៅ​ដោយ​ផ្ទះ​បុរាណ​ខាងលើ​នោះ​ទេ​ ​តែ​នៅ​មាន​ផ្ទះ​រចនា​បទ​បែប​ខ្មែរ​ (​ដូចជា​ផ្ទះប៉ិត​ ​ផ្ទះកន្តាំង​ជាដើម​) ​ផ្ទះ​កូនកាត់​ (​ដែល​កែច្នៃ​លើ​ទម្រង់​ផ្ទះ​បុរាណ​) ​ផ្ទះ​បែប​ជំនាន់​ថ្មី​ (​ដែល​យើង​ឧ​ស្សាហ៍​ឃើញ​ទូទៅ​) ​និង​អគារ​ទំនើប​ថែម​ទៀត​។​ ​ក្នុង​ទី​រួម​ស្រុក​តែមួយ​សោះ​ ​តែ​យើង​អាច​មើលឃើញ​ពី​សម័យកាល​ខុសៗគ្នា​ក្នុង​ពេល​តែមួយ​ ​ពិតជា​ក​ម្រ​នឹង​ជួប​ណាស់​។​

           ​ខ្ញុំ​បាន​បន្ត​ដំណើរ​ទៅ​ផ្សារ​ស្ទោង​តាមរយៈ​ម៉ូតូ​រ៉ឺម៉ក​ ​ដើម្បី​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ ​ណាមួយ​ចង់​ទៅ​មើល​ជីវភាព​អ្នកស្រុក​ស្ទោង​ផង​។​ ​គ្រាន់តែ​ទៅ​ជិតដល់​មាត់ច្រក​បត់​ចូល​ផ្លូវ​ផ្សារ​ ​ខ្ញុំ​ចាប់អារម្មណ៍​ឃើញ​មាន​អ្នកស្រុក​ដាក់​ហាលត្រី​ងៀត​យ៉ាង​ច្រើន​កុះករ​តាម​ផ្ទះ​រៀងៗខ្លួន​លើ​បណ្ដោយ​ផ្លូវជាតិ​ ​ដោយ​ចាំង​ជាមួយនឹង​ពន្លឺ​ថ្ងៃ​ផង​ ​អម​ដោយ​សាច់ក្រក​ក្រហម​ៗ​ព្យួរ​ពេញ​តូប​ផង​ ​បាន​បង្ក​ជា​ទស្សនីយភាព​​យ៉ាង​ស្រស់​ឆើត​គួរឲ្យ​ទាក់​នេត្រា​ ​ខ្ញុំ​ក៏​ឈប់​ហើយ​ចូល​ទៅ​សាកសួរ​។​ ​តាមពិត​អ្នកស្រុក​ស្ទោង​នេះ​ ​ពូកែ​ខាង​ធ្វើ​ងៀត​ ​និង​គ្រឿង​ផ្អាប់​ ​ដោយ​ឃើញ​មាន​ត្រីងៀត​ ​គោ​ងៀត​ ​ក្របី​ងៀត​ ​សាច់ក្រក​ ​ត្រីឆ្អើរ​ ​ផ្អក​ ​ប្រហុក​ជាដើម​ដាក់​លក់​ព្រោងព្រាត​នៅមុខ​ផ្ទះ​ ​ហើយ​អ្វី​ដែល​ប្លែក​ទៀត​នោះ​គឺ​ងៀត​សាច់​ក្រពើ​។​ ​បើ​តាម​សម្ដី​បងស្រី​អ្នក​លក់​បាន​ប្រាប់​ថា​ ​ងៀត​ក្រពើ​មិនសូវ​លក់​ជាប្រចាំ​ទេ​ ​ព្រោះ​ទាល់តែ​មាន​គេ​ទិញ​ស្បែក​ក្រពើ​ ​ទើប​សល់​សាច់​សម្រាប់​យកមក​ធ្វើ​ងៀត​។​ ​ព្រោះ​សាច់​ភាគច្រើន​គឺ​គាត់​ទិញ​ពី​គេ​ ​ហើយ​យកមក​ប្រឡាក់​តាម​គ្រឿងផ្សំ​ផ្ទាល់ខ្លួន​។​ ​កំពុងតែ​សំណេះសំណាល​ ​ភ្ញៀវ​ក៏​ចាប់ផ្ដើម​ចូល​ជាបន្ដបន្ទាប់​ ​ឯខ្ញុំ​ក៏បាន​លា​ពួកគាត់​ហើយ​បន្ដ​ដំណើរ​ទៅមុខ​ទៀត​។​ ​នៅ​ឯ​ផ្សារ​នា​ព្រឹកនេះ​ ​គឺ​ពិតជា​ពពាក់ពពូន​ទៅ​ដោយ​អ្នក​លក់​ ​និង​អ្នកទិញ​យ៉ាង​មមាញឹក​។​ ​ក្រៅពី​ហាងទំនិញ​តូច​ធំ​ ​នៅ​តាម​ដង​ផ្លូវ​ទៅដល់​ផ្សារ​ ​មាន​អ្នកស្រុក​ដាក់​លក់​នូវ​គ្រឿង​កសិផល​របស់​ខ្លួន​ប្រប​នឹង​ចិញ្ចើម​ផ្លូវ​យ៉ាង​ហូរហែ​ ​ដែល​មាន​ដូចជា​​បន្លែ​ផ្លែឈើ​ត្រី​សាច់​ស្រស់​ៗ​ ​ឬ​នំនែក​នានា​។​ ​ខ្លះ​ដាក់​លក់​ចល័ត​តាម​កង់​ឬ​ម៉ូតូ​ ​ខ្លះ​ដាក់​រាប​នឹង​ដី​ក្រាល​ដោយ​បាវ​ឬ​ធុង​នានា​ទៅតាម​ស​មា​ជី​វ​។​ ​ទីនេះ​ពិតជា​សម្បូរ​បែប​ទៅ​ដោយ​គ្រឿង​បរិភោគ​ ​និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​សម្រាប់​ផ្ដត់​ផ្គង់​តម្រូវ​ការ​ក្នុង​តំបន់​នេះ​ ​ដែល​ស្ទើរតែ​មិន​ខុស​ពី​ផ្សារ​នៅ​ឯ​ក្រុង​យើង​ឡើយ​។​ ​ទៀតសោត​ ​អ្នក​លក់ដូរ​នៅ​ទីនេះ​ក៏​រួសរាយ​រាក់ទាក់​ ​បង្ហាញ​ស្នាម​ញញឹម​មិន​ជិនណាយ​ដល់​អ្នកដំណើរ​ទាំងឡាយ​ ​រួម​ទាំង​ខ្ញុំ​ផង​ដែរ​។​ ​បន្ទាប់ពី​បាន​ធ្វើ​ការសន្ទនា​ខ្លះ​ៗ​ជាមួយនឹង​អ៊ំ​ៗ​លក់ដូរ​នៅ​ទីនោះ​វិញ​ ​រឹត​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្និទ្ធស្នាល​ ​ហើយ​កាយវិការ​សម្ដី​សំដៅ​របស់​ពួកគាត់​ក៏​សមរម្យ​ប្រកបដោយ​វិជ្ជាជីវៈ​។​ ​ពួកគាត់​ម្នាក់ៗ​ហាក់​រីករាយ​នឹង​ជីវភាព​ដ៏​សាមញ្ញ​របស់​ពួកគាត់​ ​ដោយ​មិនសូវ​ខ្វល់ខ្វាយ​អ្វី​ច្រើន​ឡើយ​។​ ​ភាព​សម្បូរសប្បាយ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​តាមរយៈ​ហាង​គុយទាវ​ក្បែរ​ៗ​ ​នោះ​ ​មាន​មនុស្ស​អង្គុយ​សម្រាក​ស្រស់ស្រូប​គុយទាវ​ ​បាយ​ ​ឬ​កាហ្វេ​យ៉ាង​ស៊ីវិល័យ​មួយ​បែប​។​

           ​នៅ​មិន​ឆ្ងាយ​ពី​ផ្សារ​ស្ទោង​ ​មាន​វត្ត​មួយ​ឈ្មោះថា​ ​វត្ត​ព្រះនាង​ ​ដែល​មាន​ប្រវត្តិ​យូរណាស់​ដែរ​មក​ហើយ​។​ ​ហើយ​បើ​តាម​ការសាកសួរ​ពី​អ្នកភូមិ​ស្រុក​បាន​ប្រាប់ឲ្យដឹង​ថា​ ​កាលពីមុន​ក្នុង​វត្ត​នេះ​ ​មាន​ប្រាសាទ​មួយ​ឈ្មោះថា​ “​ប្រាសាទ​ឫស្សី​ខ្សាច់​” ​ជាអកុសល​ ​វារ​លំ​បាក់​អស់រលីង​យូរ​មក​ហើយ​។​ ​ប៉ុន្ដែ​ក្នុង​បរិវេណ​វត្ត​ព្រះនាង​មាន​ចេតិយ​មួយ​ធំ​ខ្ពស់​មានឈ្មោះ​ថា​ ​ព្រះ​មហាមុនី​ចេតិយ​និង​មាន​ស្ថានីយវិទ្យុ​ផ្សាយសំឡេង​ព្រះពុទ្ធសាសនា​កម្ពុជរដ្ឋ​ អេហ្វអឹ​ម​ ​៨​៨​ ​មេ​ហ្កា​ហឺត​ ​ផង​ដែរ​។​ ​និយាយ​ដល់​វត្ត​បុរាណ​ ​អ្នកស្រុក​ ​និង​លោកពូ​រត់​ម៉ូតូ​រ៉ឺម៉ក​បាន​ប្រាប់​ថា​ ​ស្ទោង​សម្បូរ​វត្ត​បុរាណ​ច្រើន​ ​ដែល​មាន​ប្រវត្តិ​ជាប់​ទាក់ទិន​នឹង​ការ​កកើត​ស្រុក​ស្ទោង​ ​និង​ប្រវត្តិសាស្ត្រ​នានា​។​ ​តាមរយៈ​ឯកសារ​លោកតា​អាចារ្យ​បានឲ្យ​ដឹង​ថា​ ​ក្នុង​ស្ទោង​មាន​វត្ត​បុរាណ​៨​ ​ដែល​មាន​ដូចជា​វត្ត​ឃ្លាំង​ខ្មូត​ ​វត្ត​ក្ដី​ដើម​ ​វត្ត​ខ័ណ្ឌ​សារ​ ​វត្ត​ពោធិ៍​វាង​ ​វត្ត​ដូន​ល្អ​ ​វត្ត​ឥន្ទ្រ​រង្សី​ ​និង​វត្ត​ប្រាសាទ​ក្របី​។​ ​ខ្លះ​នៅ​មាន​ព្រះវិហារ​បុរាណ​ ​តែ​លាប​ពណ៌​ថ្មី​ ​ឬ​ជួសជុល​បន្ថែម​ ​ខ្លះទៀត​សល់​តែ​ខឿន​ចាស់​ ​ឯ​ខ្លះទៀត​ក៏​បាក់​អស់​នៅ​ត្រឹមតែ​ឈ្មោះ​។​ ​ក្រៅពី​វត្ត​បុរាណ​ដែល​មាន​ឯកសារ​កត់ត្រា​ទាំងនេះ​ ​ក្នុង​ទី​រួម​ស្រុក​នេះ​ក៏​សម្បូរ​ទៅ​វត្ត​ចំណាស់​ៗ​ ​និង​ថ្មីៗ​ច្រើន​ទៀត​ ​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​គ្នា​។​ ​នេះ​បាន​ស​បញ្ជាក់​ពី​អ្នកស្រុក​ស្ទោង​ ​ពិតជា​ពុទ្ធសាសនិក​ដ៏​ខ្ជាប់ខ្ជួន​មែន​។​ ​ជិះ​ទស្សនា​ជុំវិញ​ផ្លូវ​ភូមិ​ស្រុក​ ​គយគន់​ទេសភាព​ស្រុកស្រែ​ក​ចម្ការ​ ​និង​វត្ត​មួយ​ចំនួន​យ៉ាង​ស្រស់ស្រាយ​រួចហើយ​ ​ដល់ម៉ោង​បាយ​ល្មម​។​

           ច​ម្អែ​ត​ក្រពះ​រួច​ ​ពូ​ម៉ូតូ​រ៉ឺម៉ក​ក៏​ចេញដំណើរ​ទៅ​វត្ត​ឃ្លាំង​ខ្មូត​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​១​០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​។​ ​អ្នកស្រុក​នេះ​ហាក់​ឧ​ស្សាហ៍​ណាស់​ ​មិន​ឲ្យ​ទំនេរដៃ​សោះ​ ​ព្រោះ​តាម​បណ្ដោយ​ផ្លូវ​ ​គ្មានអ្វី​ក្រៅពី​វាលស្រែ​ ​និង​ដី​ចម្ការ​ពណ៌បៃតង​ ​អម​ដោយ​ផ្ទះ​អ្នកស្រុក​បែប​ជនបទ​ឡើយ​។​ ​ប្រមាណ​កន្លះម៉ោង​ ​ខ្ញុំ​បាន​មកដល់​ក្លោង​ទ្វារ​វត្ត​ឃ្លាំង​ខ្មូត​ ​គ្រាន់តែ​មកដល់​ភ្លាម​ ​ចេតិយ​ធំ​មួយ​បាន​ធ្វើឲ្យ​ខ្ញុំ​រំពៃមើល​ហើយ​មើល​ទៀត​។​ ​នេះ​គឺ​ចេតិយ​បុរាណ​មួយ​ ​ដែល​អ្នកភូមិ​ស្រុក​នៅ​ទីនោះ​(​ពិសេស​ចាស់ទុំ​)​ប្រាប់​ថា​ឃើញ​នៅ​តាំង​ពី​ដើម​មក​ហើយ​។​ ​ចេតិយ​នេះ​មាន​ក​ម្ពស់​ខ្ពស់​ហួស​ចុង​ដូង​ចុង​ត្នោត​ដុះ​ក្បែរ​នោះ​ទៅទៀត​ ​ស្ថិតនៅ​ជាប់នឹង​បឹង​មួយ​ពីមុខ​ក្លោង​ទ្វារ​ចូល​វត្ត​។​ ​បើ​ឈរ​នៅ​លើ​ទួល​ចេតិយ​បុរាណ​ ​នឹង​អាច​ឃើញ​តួ​ព្រះវិហារ​វត្ត​ឃ្លាំង​ខ្មូត​បុរាណ​ ​តាមចន្លោះ​ដើមត្នោត​ដុះ​ស្មើគ្នា​ជាជួរ​យ៉ាង​គួរ​ឲ្យ​គយគន់​។​ ​អម​ដោយ​អាកាសធាតុ​ស្រទំ​ ​ហាក់​ធ្វើឲ្យ​ធម្មជាតិ​នៅ​ទីនេះ​មាន​សភាព​ស្ងប់ស្ងាត់​ជាទី​មេត្រី​ ​ហើយ​អង្រួន​អារម្មណ៍​ខ្ញុំ​ឲ្យ​ស្រាកស្រាន្ដ​ពី​ភាព​នឿយណាយ​ទាំងឡាយ​។​ ​កាល​បាន​ឡើង​លើ​ព្រះវិហារ​បុរាណ​នេះ​ ​ហើយ​សម្លឹង​ទៅ​មើល​ទិដ្ឋភាព​វាលស្រែ​ ​រឹត​ទទួល​បាន​ទស្សនីយភាព​មួយ​បែប​ទៀត​។​ ​នៅ​ក្នុង​បរិវេណ​វត្ត​ទៀតសោត​ ​សម្បូរទៅដោយ​ដើមឈើ​ធំ​ៗ​ ​ហើយ​មាន​ចិញ្ចឹម​នូវ​សត្វ​ស្វា​សត្វ​ទោច​ ​ទន្សាយ​ ​និង​ក្ងាន​ថែមទៀត​ផង​។​ ​សូម​បញ្ចា​ក់​ផង​ដែរ​ ​វត្ត​នេះ​កសាង​តាំងពី​ឆ្នាំ​១​៣​៧​៥​។​

           ចាកចេញ​ពី​វត្ត​បុរាណ​នេះ​ ​ម៉ូតូ​រ៉ឺម៉ក​បាន​បន្ត​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ឯ​ភូមិ​នាងស​ល្ងាច​ ​ឃុំ​ប្រឡាយ​ ​ស្រុក​ស្ទោង​។​ ​តាម​សៀវភៅ​ប្រវត្តិ​វត្ត​ក្ដី​ដើម​ (​ដែល​ចងក្រង​អំពី​ប្រវត្តិ​រឿង​បក្សី​ចាំ​ក្រុង​) ​បាន​តំណាល​ថា​ ​ស្ដេច​ចាម​ព្រះបាទ​ ​សេ​ន្ទ្រា​ទី​២​ ​ព្រះអង្គ​មាន​កូនស្រី​មួយ​ឈ្មោះ​ព្រះនាង​ ​ពៅ​ពិសី​ ​ដែល​ទើប​តែ​មាន​ព្រះជន្ម​ ​១​៦​វស្សា​។​ ​ព្រះនាង​មាន​​​រូបឆោមលោមពណ៌​សម្ផស្ស​ល្អល្អះ​បវរ​ស្រស់​​ស្អាត​ ​និង​រក​អ្វី​មក​ប្រៀប​ផ្ទឹមមិនបាន​ឡើយ​។​ ​ស្រប​ពេល​ដែល​ព្រះបាទ​បក្សី​ចាំ​ក្រុង​ ​យាង​ទៅ​ធ្វើបុណ្យឆ្លង​នៅ​វត្ត​ករណី​ដើម​ (​វត្ត​ក្ដី​ដើម​) ​ដែល​មាន​ក្រុម​នាម៉ឺន​មុខ​ម​ន្រ្តី ​សេនា​រេហ៍ពល​គ្រប់ជាន់ថ្នាក់​ជាច្រើន​ហែហម​ជូនដំណើរ​។​ ​នៅ​ថ្ងៃបុណ្យ​ចុង​បង្ហើយ​ ​ម៉ឺន​បម្រុង​ក្សត្រ​និង​ម៉ឺន​ប្រពៃ​ប្រឹក្សា​ ​ដែល​ដើរមើល​នារី​ស្រស់​ស្អាត​ទុក​ថ្វាយព្រះ​រាជា​ ​បាន​ទៅ​ទូល​ព្រះបាទ​បក្សី​ចាំ​ក្រុង​ថា​ ​ខ្លួន​បានឃើញ​នារី​សម្បុរ​ស​ម្នាក់​តែង​បង្ហាញខ្លួន​នៅ​ទួល​មួយ​មិនថា​ថ្ងៃ​ឬ​ល្ងាច​ ​ដែល​នាង​នោះ​គឺជា​ព្រះនាង​ពៅ​ពិសី​ ​បុត្រី​របស់​ស្តេច​ចាម​សេ​ន្ទ្រា​នេះឯង​។​ ​ដូចនេះ​កន្លែង​ដែល​ជំនិត​ទាំងពីរ​បាន​យល់​បានឃើញ​ ​ព្រះនាង​ ​ពៅ​ពិសី​ ​ក៏​ត្រូវ​បាន​ហៅថា​ទួល​នាងស​ថ្ងៃល្ងាច​ ​ដែល​ក្រោយមក​ ​ទីនោះ​ក៏បាន​ជាប់​ឈ្មោះថា​ ​ភូមិ​នាងស​ល្ងាច​ ​រហូតមក​។​ ​បន្ទាប់ពី​បត់​ចូល​ផ្លូវ​ភូមិ​មួយ​ពី​ថ្នល់ជាតិ​ ​ខ្ញុំ​ដូចជា​បាន​មកដល់​ភូមិឋាន​សុខដុម​មួយ​ ​វាលស្រែ​ធំ​ល្វឹងល្វើយ​ដាច់កន្ទុយភ្នែក​កំពុង​លាតសន្ធឹង​ឥតឈប់ឈរ​ ​លម្អ​ដោយ​ដើមត្នោត​ដែល​បង្អួត​ប្រាប់​ថា​នេះ​ជា​ទឹកដី​សុវណ្ណភូមិ​នៃ​យើង​ ​ឯ​ហ្វូង​កុក​ពណ៌​ស​ ​នាំគ្នា​ប្រលែង​លេង​ក្នុង​ភ្លឺស្រែ​យ៉ាង​សប្បាយរីករាយ​។​ ​ស្រប​នឹង​វស្សានរដូវ​ ​វាលស្រែ​វាល​ស្រូវ​យើង​ពណ៌​ឡើង​បៃតង​ឆើត​ ​ហើយ​វាល​ខ្លះទៀត​ឥត​ស្រូវ​សល់​តែ​ទឹក​ក្នុង​ស្រែ​ ​បង្កើត​បានជា​វាល​ទឹក​ដ៏​ធំ​មួយ​ដែល​ហាក់បីដូចជា​បឹង​ចរណៃ​ឆ្លុះ​នឹង​មេឃ​យ៉ាងល្អ​ល្អះ​។​ ​ឯ​អ្នកស្រុក​នៅ​ទីនេះ​ប្រើប្រាស់​ក្របី​ក្នុង​ការងារ​កសិកម្ម​ច្រើន​ ​ដោយ​ចោលភ្នែក​ទៅ​ឃើញ​សម្បូរទៅដោយ​ហ្វូង​ក្របី​ដើរ​លុយទឹក​ ​ឬ​ស៊ី​ស្មៅ​ឯ​វាលស្រែ​នៅ​តាម​ដង​ផ្លូវ​ដែល​យើង​កំពុង​ធ្វើដំណើរ​នេះ​។​ ​មាន​ទាំង​គំនូរ​ធម្មជាតិ​ ​មាន​ទាំង​ខ្យល់អាកាស​បរិសុទ្ធ​ ​ពិតជា​ធ្វើ​ខ្ញុំ​ត្រជាក់​ភ្នែក​ត្រជាក់​កាយ​ស្រឡះ​មុខ​ស្រឡះ​មាត់​ក្រៃ​។​ ​មិនយូរប៉ុន្មាន​ ​ខ្ញុំ​ក៏​ដល់​ភូមិ​ស​ល្ងាច​ ​ដែល​ទីនេះ​បាន​ក្លាយ​ជា​ភូមិ​ស្រុក​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​កុះករ​ ​ដោយ​ទីតាំង​ជាប់នឹង​ដៃ​ស្ទឹង​ស្ទោង​ ​ប្រជាពលរដ្ឋ​នៅ​ទីនេះ​ប្រកបរបរ​នេសាទ​ ​និង​ចិញ្ចឹមសត្វ​ស្រុក​ខ្លះ​ៗ​ដូចជា​មាន់ទា​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​។​ ​យើង​សង្កេតឃើញ​អ្នកខ្លះ​កំពុង​សកម្ម​នឹង​ការងារ​ដាំ​ស្ល​ ​ខ្លះ​ពុះឧស​ ​ខ្លះ​រៀបចំ​ផ្ទះសម្បែង​ ​ខ្លះ​ក៏​កំពុង​ជួសជុល​អួន​ ​ឬ​រៀបចំ​ឧបករណ៍​នានា​សម្រាប់​ការងារ​នេសាទ​រៀងៗខ្លួន​។​ ​ម្នាក់ៗ​ហាក់​មមាញឹក​នឹង​ការងារ​ ​តែ​ក៏​មិន​ភ្លេច​ស្វាគមន៍​អ្នកដំណើរ​ទាំងឡាយ​ផង​ដែរ​។​ ​ពួកគាត់​រមែង​សំណេះសំណាល​ជាមួយ​នឹង​ពួកយើង​ប្រកបដោយ​ទឹកមុខ​ញញឹមញញែម​ ​ហាក់បីដូចជា​អ្នកភូមិ​ស្រុក​តែមួយ​ ​អម​ដោយ​សំណើច​ក្អាកក្អាយ​របស់​ក្មេងៗ​ដែល​រត់​ប្រឡែង​គ្នា​លេង​តាម​និស្ស័យ​ក្មេង​ផង​ ​រឹត​ធ្វើឲ្យ​បរិយាកាស​ពេលនេះ​គួរ​ជាទី​មនោ​រម្យ​។​

           ពេលវេលា​ចេះតែ​រំកិល​ទៅមុខ​ ​ខ្ញុំ​បាន​ចាកចេញ​ពី​ភូមិ​នាងស​ល្ងាច​ត្រឡប់មក​ទី​រួម​ស្រុក​វិញ​ ​និង​បាន​ទៅដល់​វត្ត​ករណី​ដើម​ ​ហៅ​វត្ត​ក្ដី​ដើម​ ​ដែល​ជា​វត្ត​បុរាណ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បក្សី​ចាំ​ក្រុង​។​ ​បើ​យោង​តាម​សៀវភៅ​ប្រវត្តិ​វត្ត​ក្ដី​ដើម​ ​ដែល​ព្រះ​តេជគុណ​ប្រចាំ​វត្ត​បាន​ផ្តល់​ឱ្យ​មក​ ​បាន​សរសេរ​ថា​ “​ព្រះបាទ​បក្សី​ចាំ​ក្រុង​បាន​កសាង​ព្រះវិហារ​មួយ​យ៉ាងល្អ​ស្អាត​ ​ធ្វើអំពី​ផ្ទាំង​សិលា​ថ្ម​ភ្មំ ​នៅ​ត្រង់​កន្លែង​​ដែលគេ​បាន​ប្រហារជីវិត​ព្រះ​មាតា​ទ្រង់​ ​គឺ​ដើម្បី​រំលឹក​អស់​អនុ​ស្សា​វ​រី​យ៍​ដ៏​ជូរចត់​ ​រំលឹក​ដល់​គុណ​ព្រះ​មាតា​ដែល​បាន​ផ្តល់​ជីវិត​ដល់​ព្រះអង្គ​ ​និង​ដែល​ត្រូវ​បាត់បង់ជីវិត​ដោយសារតែ​ព្រះអង្គ​។​ ​ព្រះវិហារ​នោះ​ ​ទ្រង់​បាន​ប្រទាន​នាម​ថា​ ​វត្ត​ករណី​ដើម​ ​ដែល​មាន​វត្តមាន​​រហូតមកដល់​សព្វថ្ងៃនេះ​ ​ស្ថិតនៅ​ក្នុង​ភូមិ​កំពង់​ចិន​ ​ឃុំ​កំពង់​ចិន​ ​ស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​”​។​ ​មួយវិញទៀត​ ​តាម​សង្ឃដីកា​របស់​ព្រះ​តេជគុណ​អង្គ​នោះ​ទៀតសោត​បាន​បង្ហាញ​ថា​ ​ព្រះវិហារ​នោះ​ត្រូវ​បាន​រុះរើ​និង​ធ្វើឡើងវិញ​មិនដឹងជា​ប៉ុន្មាន​សា​ទៅ​ហើយ​ ​ព្រោះ​រយៈកាល​យូរឆ្នាំ​ណាស់​ដែរ​ ​ដោយ​វត្ត​នេះ​កកើត​តាំងពី​ឆ្នាំ​១​០​៣​៧​ម៉្លេះ​។​ ​សព្វថ្ងៃ​ព្រះវិហារ​នោះ​ ​ត្រូវ​បាន​សង់​ថ្មី​លើ​ខឿន​ចំណាស់​​ដែល​យើង​អាច​ឃើញ​ពី​ភាព​សឹក​រេចរឹល​ ​និង​ទម្រង់​ម៉ូដ​មិន​ស៊ីមេទ្រី​គ្នា​រវាង​ខឿន​ ​និង​តួ​ព្រះវិហារ​។​ ​នៅ​ពីមុខ​ព្រះវិហារ​នេះ​ ​ក៏មាន​​​រូបសំណាក​ព្រះ​មាតា​បក្សី​ចាំ​ក្រុង​ជា​តំណាង​និង​ឧទ្ទិស​ដល់​ទ្រង់​ផង​ដែរ​។​ ​ក្រៅពី​នេះ​ ​នៅ​មាន​កុដិ​បុរាណ​តាំងពី​សម័យ​អាណានិគម​​មួយ​នៅក្បែរ​នោះ​ផង​ដែរ​ ​ដែល​ជាទី​ចាប់អារម្មណ៍​អ្នកផង​ ​ព្រោះ​លេចធ្លោ​ខុសប្លែក​ក្នុង​បរិវេណ​នៃ​វត្ត​។​ ​មួយវិញទៀត​សោត​ ​ចេតិយ​កំពូល​៥​ដ៏​ទ្រុឌទ្រោម​មួយ​ក្បែរ​ស្រះ​ទឹក​ ​ត្រូវ​បាន​ព្រះ​តេជគុណ​អង្គ​នោះ​តំណាល​ថា​ជា​កន្លែង​តម្កល់​នូវ​ព្រះ​ធាតុ​របស់​មេគណ​ ​និង​អនុគណ​ជាច្រើន​ជំនាន់​ដែល​ជួយ​អភិវឌ្ឍ​ថែរក្សា​វត្ត​ក្ដី​ដើម​នេះ​ឲ្យ​រីក​ចម្រើន​មកដល់​បច្ចុប្បន្នកាល​ ​តែ​ឥឡូវនេះ​ ​ខាង​វត្ត​ក៏​កំពុង​សាងសង់​នូវ​ចេតិយ​ថ្មី​មួយទៀត​ក្បែរ​សាលា​ឆាន់​ជំនួស​ចេតិយ​ចាស់​។​

           ​វត្ត​នេះ​ហើយដែល​មាន​ដើមកំណើត​នៃ​ការ​កកើត​ស្រុក​ស្ទោង​នេះ​ផង​ដែរ​ ​ដោយ​កាលនោះ​ស្តេច​ចាម​សេ​ន្ទ្រា​ទី​ ​២​ ​សោយរាជ្យ​គ្រប់គ្រង​នៅ​តំបន់​នេះ​តាំងពី​បុរាណកាល​យូរលង់​ណាស់​មក​ហើយ​ ​ដោយ​ព្រះអង្គ​មាន​ធ្នូ​ (​និង​សរ​) ​ជា​អាវុធ​ដែល​មាន​ម​ហិទ្ធិ​ឫទ្ធិ​ខ្លាំង​ពូកែ​អស្ចារ្យ​។​ ​គឺ​បាញ់​ចេញ​សរ​(​ព្រួញ​)​ប្រាំ​ ​ឮសូរ​ដូច​រន្ទះបាញ់​ផ្ទប់​គ្នា​ ​ហើយ​បើ​បាញ់​ទៅ​ប៉ះ​ដើមឈើ​ណាមួយ​ ​ផ្លែឈើ​ទាំង​ប៉ុន្មាន​លើ​ដើមឈើ​នឹង​ជ្រុះ​អស់​គ្មាន​សល់​។​ ​ធ្នូ​និង​សរ​ទាំងនេះ​ ​មិន​អាច​ដាក់លើ​ដី​ ​ឬ​លើ​គ្រែ​បាន​ឡើយ​ ​ដូច្នេះ​ហើយ​ទើប​ស្ដេច​ចាម​កសាង​ប្រាសាទ​មួយ​ ​ធ្វើអំពី​ឥដ្ឋ​ ​ហើយ​យក​ធ្នូ​និង​សរ​នោះ​ទៅ​ព្យួរ​ទុក​ធ្វើ​ដូចជា​ទោង​ (​បញ្ជាក់​៖​ ​ប្រាសាទ​នេះ​ស្ថិតនៅ​ជ្រុង​ ​ខឿន​ព្រះវិហារ​​វត្ត​ក្តី​ដើម​ ​ខាងត្បូង​ឈៀ​ង​ខាងកើត​ជិ​តមាត់​ស្រះ​ ​ហើយ​សព្វថ្ងៃ​រលើង​បាក់បែក​អស់​ ​នៅសល់​តែ​ឥដ្ឋ​បាត​ប្រាសាទ​តែប៉ុណ្ណោះ​។​) ​ដោយសារ​ហេតុភេទ​ដូចនេះ​ ​ទើបបាន​គេ​ដាក់ឈ្មោះ​ទីកន្លែង​នោះ​ថា​ “​សរ​ទោង​” ​ដែល​យូរ​ៗ​ទៅ​ក្លាយទៅជា​ស្ទោង​។​ ​ស្រុក​ស្ទោង​នេះ​នៅ​មាន​វត្ត​បុរាណ​ ​និង​ចំណុច​ទាក់ទាញ​ជាច្រើន​ទៀត​ដែល​គួរ​ស្វែងយល់​។​ ​បើ​មានឱកាស​ ​យើង​នឹង​នាំគ្នា​មក​ផ្សងព្រេង​ម្ដងទៀត​ ​និង​រុករក​នូវ​អ្វី​ប្លែក​បន្ថែម​ទៀត​ជាក់​ជាមិនខាន​៕​

Article ​by​ LENG CHANREASEY


SUGGESTIONS