យោងតាមការផ្សាយរបស់គេហទំព័រសុខភាពបរទេសមួយឈ្មោះថា www.healthista.com ក្លិនជាដំណោះស្រាយកែប្រែវិបត្តិផ្លូវអារម្មណ៍របស់លោកអ្នកឲ្យល្អប្រសើរឡើងវិញ មិនថាលោកអ្នកជួបប្រទះបញ្ហា នឿយហត់ល្ហិតល្ហៃ តប់ប្រមល់ ឬ មិនសូវមានអារម្មណ៍ផ្លូវភេទនោះទេ។ តើក្លិនអាចកែខៃបញ្ហាទាំងនេះដោយរបៀបណា? ចម្លើយគឺក្លិនមានតួនាទីរំញោចឃានវិញ្ញាណ (ការដឹងដោយច្រមុះ) ដែលបញ្ជូនសារទៅកាន់ខួរក្បាលដែលជះឥទ្ធិពលចំពោះសុខភាពអារម្មណ៍របស់មនុស្សយើងដោយផ្ទាល់តែម្តង។
ខាងក្រោមនេះជាក្លិន ៦ យ៉ាង ណែនាំដោយលោកវេជ្ជបណ្ឌិត ប្រាយអ៊ែន រ៉ូដេនប៊ូស្ហ (Dr. Bryan Raudenbush) សាស្រ្តាចារ្យឯកទេសព្យាបាលផ្លូវចិត្តនៃសាកលវិទ្យាល័យវីលីង (Wheeling University) រដ្ឋ វ៉េសវឺជីនៀ (West Virginia) សហរដ្ឋអាមេរិក ដែលលោកអ្នកអាចប្រើប្រាស់អាស្រ័យទៅតាមអារម្មណ៍ជាក់ស្តែងរបស់លោកអ្នកៈ
១. ក្លិនជីរអង្កាម (សម្រាប់ការជំរុញលើកទឹកចិត្ត)
ក្លិនជីរអង្កាមជួយរំញោចផ្នែកមួយនៃប្រព័ន្ធខួរក្បាលហៅថា ប្រព័ន្ធ Reticular Activating System (RAS) ដែលមានមុខងារគ្រប់គ្រងសកម្មភាពផ្សេងៗនៃប្រព័ន្ធប្រសាទកណ្តាល ដូចជា ការភ្ញាក់ពីដំណេក ការទទួលទានដំណេក និង ការផ្តោតការយកចិត្តទុកដាក់លើអ្វីមួយ។ សាស្រ្តាចារ្យវេជ្ជបណ្ឌិតខាងលើបានពន្យល់ថា “ការរំញោចបន្ថែមទៅលើតំបន់នេះត្រូវបានគេបង្ហាញថាមានលទ្ធផលទៅលើអ្នកបើកបរឲ្យកាន់ តែមានស្មារតីប្រុងប្រយ័ត្ន និងទៅលើអត្តពលិកឲ្យកាន់តែមានកម្លាំងចិត្តធ្វើកីឡានិងសម្រួលការឈឺចាប់” ។
២. ក្លិនឈើអែម (សម្រាប់ការប្រមូល ឬ ផ្តោតអារម្មណ៍)
លោកវេជ្ជបណ្ឌិតបានអះអាងថា “ក្លិនឈើអែមបង្កើនលំហូរឈាមដែលហូរពាសពេញរាងកាយ។ កាលណាឈាមកាន់តែហូរស្រួលក្នុងរាងកាយ នោះវាក៏បង្កើនលំហូរឈាមចូលទៅក្នុងខួរក្បាល ដែលជាហេតុនាំឲ្យសមត្ថភាពនៃការប្រមូលឬផ្តោតអារម្មណ៍របស់យើងកាន់តែកើនខ្ពស់ទៅតាមនោះដែរ”។
៣. ក្លិនផ្កាម្លិះ (សម្រាប់ការបង្កើនការប្រុងប្រយ័ត្ន)
លោកវេជ្ជបណ្ឌិត អេឡេន ហ៊ឺសឆ៍ (Dr. Alan Hirsch) នាយកផ្នែកជំងឺប្រព័ន្ធប្រសាទប្រចាំស្ថាប័នមូលនិធិព្យាបាលនិងស្រាវជ្រាវឃានវិញ្ញាណនិងជីវ្ហាវិញ្ញាណ (Smell and Taste Treatment and Research Foundation) នៃទីក្រុងស៊ីកាហ្គូ (Chicago) រដ្ឋអ៊ីលីណយស៍ (Illinois) សហរដ្ឋអាមេរិក មានប្រសាសន៍ថា “ផ្កាម្លិះត្រូវបានរកឃើញថាមានសមត្ថភាពបង្កើនប្រេកង់រលកខួរក្បាល (Beta Waves) ដែលមាននៅក្នុងស្រោមខួរក្បាល (ផ្នែកខាងមុខក្បាល) ដែលជាប់ពាក់ព័ន្ធទៅនឹងការប្រុងប្រៀបស្មារតីកាន់តែរហ័សរហួនព្រមទាំងអភិវឌ្ឍន៍តួនាទីទំនាក់ទំនងរវាងដៃនិងភ្នែកផងដែរ” ។
៤. ក្លិនផ្កាឡាវេនដឺរ (សម្រាប់ការសម្រួលអារម្មណ៍ឲ្យស្ងប់)
ករណីសិក្សាជាច្រើនកន្លងមកសុទ្ធសឹងតែបានបង្ហាញអំពីទំនាក់ទំនងប្រាកដប្រជារវាងផ្កាឡាវេនដឺរ និងលទ្ធផលផ្នែករម្ងាប់អារម្មណ៍។ សាស្រ្តាវេជ្ជបណ្ឌិត ហ៊ឺសឆ៍ បានពន្យល់ថា “ក្លិនផ្កាឡាវេនដឺរត្រូវបានគេបង្ហាញឲ្យឃើញថាអាចជួយបង្កើតអារម្មណ៍ល្ហែល្ហើយ ដែលទាក់ទងទៅនឹងកំណើនរលកអាល់ហ្វា (Alpha waves) នៅផ្នែកខាងក្រោយនៃខួរក្បាលដែលផ្សារភ្ជាប់ទៅនឹងភាពស្ងប់សុខកាន់តែប្រសើរ (More relaxed state)” ។
៥. ក្លិនប្ញសឈើក្រអូប Licorice និង ត្រសក់ (សម្រាប់រំញោចអារម្មណ៍ផ្លូវភេទ)
ក្លិនទាំងពីរនេះជាឱសថដ៏ពូកែស័ក្តិសិទ្ធិសម្រាប់កម្ចាត់ភាពសោះអង្គើយចំណង់ផ្លូវភេទ។ វាមិនត្រឹមតែត្រូវបានគេរកឃើញថាជួយជំរុញចលនាលំហូរឈាមទៅកាន់អវៈយវៈបន្តពូជរបស់ស្រ្តីឲ្យកើនឡើងរហូតដល់ ១៣ ភាគរយ នោះទេ (ជាលទ្ធផល រំញោចអារម្មណ៍ផ្លូវភេទស្រ្តីកាន់តែខ្លាំង) ប៉ុន្តែយោងតាមសាស្រ្តា ចារ្យ វេជ្ជបណ្ឌិត ហ៊ឺសឆ៍ ក្លិនផ្លែត្រសក់ក៏ត្រូវបានរកឃើញថាមានតួនាទីកាត់បន្ថយអារម្មណ៍ភ័យខ្លាចឬជ្រួលច្របល់។
៦. ក្លិនផ្កាចម្រុះ (សម្រាប់គំនិតឆ្លាតវៃ)
យើងមិនមែនព្យាយាមនិយាយថា លោកអ្នកអាចបញ្ឈប់ការខិតខំព្យាយាមរៀនសូត្រណាមួយនោះទេ ដោយសារការប្រើប្រាស់ក្លិនផ្កាចម្រុះនោះទេ ប៉ុន្តែអ្វីដែលអាចជួយឲ្យវាប្រសើរបាន ទោះបីក្នុងកម្រិតតិចតួចក្តី ក៏គួរតែសាកល្បងដែរ! លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ហ៊ឺសឆ៍ បានលើកឡើងថា របាយការណ៍សិក្សាជាច្រើនបានរកឃើញថា ក្លិនផ្កាចម្រុះបង្កើនសន្ទុះនៃការសិក្សាបានរហូតដល់ ១៧ ភាគរយ ៕
Article by SRIN SOKMEAN