×

​អាជីវកម្ម​អន​ឡា​ញ​កំពុង​ព្យាយាម​លើកស្ទួយ​តម្បាញ​រុក្ខជាតិ​នៅ​ជនបទ​

TRAVEL & LIVING 2 weeks ago

           “​កន្ត្រក​ខ្មែរ​” ​ជា​ឈ្មោះ​អាជីវកម្ម​អន​ឡា​ញ​ទំនើប​ទើប​មានដំណើរ​ការ​រយៈពេល​ថ្មី​ចុងក្រោយ​នេះ​ដែល​កើត​ចេញពី​គំនិត​របស់​យុ​វ​ស្ថាបនិក​ខ្មែរ​មួយ​រូប​ ​គឺ​ ​យុវជន​ ឈួ ​តុង​ហៃ​ ​វ័យ​ ​២​៥​ឆ្នាំ​ ​ដែល​មាន​អាជីព​ជាជាង​ថតរូប​។​ ​ថ្វី​ដ្បិតតែ​មិន​មាន​ឈាមជ័រ​ជា​សិប្បករ​តម្បាញ​ផ្ទាល់​ក៏​ពិតមែន​ ​តែ​យុវជន​រូប​នេះ​ធ្លាប់​បាន​ចុះទៅ​ថតរូប​តាម​ទី​ជនបទ​ស្រែ​ចម្ការ​រហូត​មានឱកាស​ជួប​ប្រជាជន​ខ្មែរ​តាម​មូលដ្ឋាន​​ដែល​មាន​ជំនាញ​ផលិត​សម្ភារ​ប្រើប្រាស់​បែប​ប្រពៃណី​ដោយ​ផ្ទាល់​ ​ហើយ​បង្កើត​ជា​ចំណាប់អារម្មណ៍​ពាំ​នាំ​យក​វា​មកកាន់​ទី​ផ្សារ​អន​ឡា​ញ​។​

           ​ស្ថាបនិក​ខាងលើ​បាន​បញ្ជាក់​អំពី​គោលបំណង​នៃ​អាជីវកម្ម​របស់​ខ្លួន​ថា​ ​ដោយសារតែ​ឃើញ​ទេព​កោ​សល្យ​ផលិត​ក​ន្រ្ត​ក​បែប​ប្រពៃណី​របស់​ប្រជាជន​តាម​សហគមន៍​មាន​លក្ខណៈ​ស្រស់​ស្អាត​ប៉ុន្តែ​ពុំ​មាន​ទី​ផ្សារ​លក់​គ្រប់គ្រាន់​ ​ទើប​លោក​បាន​សម្រេច​សិក្សា​លម្អិត​​បន្ថែម​អំពី​ផលិតផល​ទាំងនេះ​ហើយ​សហការ​ជាមួយ​ដៃគូ​ពីរ​នាក់​ផ្សេងទៀត​ដើម្បី​ជួយ​ស្វែងរក​ទី​ផ្សារ​លក់​ប្រកប​ដោយ​​និរន្តរ​ភាព​​នៅ​ទី​ក្រុងភ្នំពេញ​។​ ​លោក​បាន​ ​ចំណាយ​ពេលចន្លោះ​៦​-​៨​ខែ​ ​ទើបបាន​ចាប់ផ្តើម​បើក​ដំណើរ​ការប្រតិបត្តិ​ការ​“​កន្ត្រក​ខ្មែរ​” ​អន​ឡា​ញ​ដំបូង​ក្នុង​ឆ្នាំ​២​០​១​៨​។​ ​ប៉ុន្តែ​ដំណើរការ​ដំបូង​មាន​ជួប​ឧបសគ្គ​ខ្លះ​ទើប​ក្រុម​ការងារ​របស់​លោក​បាន​ផ្អាក​មួយ​រយៈ​រហូតដល់​ដើម​ឆ្នាំ​២​០​១​៩​ ​ទើបបាន​បន្ត​ឡើងវិញ​ជាប់​រហូតមកដល់​សព្វថ្ងៃនេះ​។​

           ​ការ​បង្កើត​អាជីវកម្ម​អន​ឡា​ញ​ក្នុង​គោលបំណង​លើកស្ទួយ​ផលិតផល​ក្នុងស្រុក​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​ពោល​គឺ​លោក​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន​នា​ពេល​កន្លងមក​។​ ​បញ្ហា​ដំបូង​ ​គឺ​ការ​ទទួល​បាន​នូវ​ទំនុក​ចិត្ត​ពី​អ្នកផ្គត់ផ្គង់​ ​ព្រោះ​​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​ឈ្មួញ​បោកប្រាស់​ពុំ​ផ្តល់​ផល​ក​ម្រៃ​ច្បាស់លាស់​ជាមួយ​ពួកគាត់​ ​ដែល​នេះ​តម្រូវ​ឲ្យ​លោក​ត្រូវ​ប្រមូល​ប្រាក់​​​ដើម្បី​ទិញ​ពី​គ្រួសារ​អ្នក​ផលិត​តាម​ភូមិ​នីមួយៗ​ដោយ​ផ្ទាល់​រហូត​ទាល់តែ​ពួកគាត់​ជឿជាក់​។​ ​បញ្ហា​​មួយ​ទៀត​ ​គឺ​ ​ការ​ត្បាញ​សម្ភារ​ដោយដៃ​មិន​អាច​ទទួល​បាន​ទិន្នផល​ច្រើន​និង​ឆាប់រហ័ស​ដូច​សង្វាក់​ផលិតកម្ម​រោងចក្រ​នោះ​ឡើយ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ក៏​លោក​អះអាង​ថា​ ​វា​ជា​ប្រការ​វិជ្ជមាន​មួយ​ដែរ​ ​ព្រោះ​នៅ​ពេល​គាត់​ផលិត​បាន​តិច​បែប​នេះ​ ​វា​ងាយស្រួល​សម្រាប់​រូបលោក​ដែល​ជា​ឈ្មួញ​កណ្តាល​​ក្នុង​​ការ​គ្រប់គ្រង​ថវិកា​ដើម្បី​ទិញ​យកទៅ​ចែកចាយ​បន្ត​។​

           “​កន្ត្រក​ខ្មែរ​” ​បាន​សហការ​ប្រមូល​ទិញ​យក​ផលិតផល​តម្បាញ​ស្លឹក​លក្ខណៈ​គ្រួសារ​ពី​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ​រួម​មាន​ ​ខេត្ត​កំពង់ឆ្នាំង​ ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​តាកែវ​ ​និង​ ​ខេត្ត​កំពង់ធំ​ ​។​ ​ផលិតផល​សំខាន់​ៗ​ ​រួម​មាន​ ​កន្ត្រក​ផ្លែឈើ​ ​កន្ដ្រក​ផ្កា​ ​ចានស្រាក់​ ស្មុ​ក​ ​និង​ ​កាបូបយួរ​ដៃ​ ​ជាដើម​។​ ​រីឯ​វត្ថុធាតុដើម​ផលិត​សុទ្ធសឹងតែ​ជា​រុក្ខជាតិ​ក្នុងស្រុក​ខ្មែរយើង​ពិត​១​០​០​ភាគរយ​ ​ដូចជា​ ​ផលិតផល​ស្លឹកទ្រាំង​ ​មកពី​ខេត្ត​កំពង់ស្ពឺ​, ប្ញស្សី ​មកពី​ខេត្ត​កំពង់ឆ្នាំង​និង​តាកែវ​, ​ស្លឹក​ត្នោត​ ​មកពី​ខេត្ត​តាកែវ​, ​រពាក់​ ​មកពី​ខេត្ត​កំពង់ធំ​និង​កំពង់ស្ពឺ​ ​និង​ ​វល្លិ​ថ្នឹង​ ​មកពី​ខេត្ត​កំពង់ឆ្នាំង​និង​កំពង់ស្ពឺ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​សព្វថ្ងៃ​ផលិតផល​ដែល​កំពុង​លក់​នៅ​លើ​ទី​ផ្សារ​មាន​ ​ស្លឹកទ្រាំង​ ​ចំនួនជា​ង​១​០​ម៉ូដ​, ប្ញស្សី ​ចំនួនជា​ង​១​០​ម៉ូដ​, ​ស្លឹក​ត្នោត​ ​ចំនួន​ជិត​១​០​ម៉ូដ​, ​រពាក់​ ​ចំនួន​៥​ម៉ូដ​ ​និង​ ​វល្លិ​ថ្នឹង​ ​ចំនួន​២​០​ម៉ូដ​ ​។​ ​ម៉ូដ​ផលិតផល​ភាគ​ច្រើន​​​សុទ្ធសឹងតែ​ជា​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ប្រជាជន​មូលដ្ឋាន​ ​គួបផ្សំ​នឹង​ការ​កែ​សម្រួល​សោភ័ណ​ភាព​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ពី​ហាង​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​បាន​បន្ថែម​ថា​ “​ចំពោះ​ទី​ផ្សារ​ ​មាន​គេ​គាំទ្រ​ច្រើន​ ​ប៉ុន្តែ​នៅ​ពេល​ម៉ូដ​យើង​ប្រណិត​ពេក​ (​អ្នកខ្លះ​) ​គេ​ថា​វា​ជា​របស់​ថៃ​! ” ​។​ ​ប៉ុន្តែ​សម្រាប់​ជនបរទេស​ ​ពួកគាត់​មានការ​យល់​ដឹង​ពី​តម្លៃ​ផលិតផល​ដោយដៃ​ខ្មែរ​ច្រើនជាង​ ​ហើយ​ជួនកាល​ពួកគេ​ទិញ​ឲ្យថ្លៃ​លើស​តម្លៃ​កំណត់​លក់​ក៏មាន​។​

           ចាប់តាំង​ពី​ពេល​បង្កើត​ដំបូង​រហូតមកដល់​ពេល​បច្ចុប្បន្ន​ ​មិនទាន់​បាន​ច្រើន​ឆ្នាំ​ប៉ុន្មាន​ផង​ ​អាជីវកម្ម​នេះ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ ​ដោយសារតែ​គុណភាព​ផលិតផល​រឹង​មាំ​ជាប់​ធន់​បាន​យូរ​ ​ធ្វើឲ្យ​អតិថិជន​មានទំនុក​ចិត្ត​ ​ហើយ​បន្ត​បញ្ជាទិញ​កាន់តែ​ច្រើន​​ជាលំដាប់​ ​ល្បី​រហូត​មាន​អ្នកទិញ​យកទៅ​ប្រើប្រាស់​នៅ​ក្រៅ​ស្រុក​ថែមទៀត​ផង​។​ ​អតិថិជន​របស់​ក​ន្រ្ត​ក​ខ្មែរ​មាន​ទាំង​នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តា​ខេត្ត​ដូចជា​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​សៀមរាប​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​កំពង់ចាម​ ​និង​ខេត្ត​ស្វាយរៀង​។​ ​ទោះ​បីជា​មិនទាន់​មាន​សាល​តាំង​ផលិតផល​របស់​ខ្លួន​ក៏​ពិតមែន​ ​ប៉ុន្តែ​ចំពោះ​អតិថិជន​ដែល​មានបំណង​ចង់​ឃើញ​ផលិតផល​ពិតៗ​មុននឹង​សម្រេច​ចិត្តជា​វ​ ​ក៏​អាច​ទៅ​ទស្សនា​ផលិតផល​ជាក់ស្តែង​ក្នុង​ស្តុក​ផ្ទាល់​របស់​ផេ​កក​ន្រ្ត​ក​ខ្មែរ​បាន​ដែរ​។​

           សម្រាប់​ថ្ងៃ​អនាគត​ ​ក​ន្រ្ត​ក​ខ្មែរ​មាន​ចក្ខុវិស័យ​បន្ត​លើក​ក​ម្ពស់​ផលិតផល​ដោយដៃ​ក្នុងស្រុក​និង​ផ្សព្វ​ផ្សាយ​ផលិតផល​ទាំងនេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​នេះ​ ​ពោល​គឺ​ឈាន​ទៅ​ផ្គត់ផ្គង់​ចែកចាយ​ផលិតផល​ធ្វើ​ដោយដៃ​ខ្មែរ​ឲ្យបាន​គ្រប់មុខ​តម្រូវ​ចិត្ត​អតិថិជន​ក៏​ដូច​ជា​​ជួយ​លើកស្ទួយជីវភាព​ប្រជាជន​អ្នក​ផលិត​ឲ្យបាន​គ្រប់​សហគមន៍​ផង​ដែរ​។​ ​ជាចុងក្រោយ​ ​ស្ថាបនិក​ក​ន្រ្ត​ក​ខ្មែរ​សូម​ថ្លែង​អំណរ​គុណ​​ចំពោះ​​ការ​ជួយ​គាំទ្រ​ផលិត​ ​ផល​ក្នុងស្រុក​ពីសំណាក់​អតិថិជន​គ្រប់​មជ្ឈដ្ឋាន​នា​ពេល​កន្លងមក​៕

Article by SRIN SOKMEAN


SUGGESTIONS