×

N​AR​Y​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​លំដាប់​អន្តរជាតិ​បង្កើត​ឡើង​ដោយ​កូនខ្មែរ​សញ្ជាតិ​អាមេរិក​៣​នាក់​

FASHION & BEAUTY a week ago

          ​កាលពី​ឆ្នាំ​ ​១​៩​៨​១​ ​ស្ត្រី​ខ្មែរ​លោកស្រី​ ​P​h​an​n​ar​y​ (​ផាន់​ណារី​) ​បាន​ចេញទៅ​រស់នៅ​សហរដ្ឋអាមេរិក​បន្ទាប់ពី​រួចជីវិត​ពី​របប​ប្រល័យពូជសាសន៍​។​ ​លោកស្រី​បាន​រៀបការ​កសាង​គ្រួសារ​មាន​កូនស្រី​៣​នាក់​មកដល់​សព្វថ្ងៃ​។​ ​អតីតកាល​ក្នុង​របប​ខ្មែរក្រហម​ដែល​​សម្លាប់​ប្រជាជន​ខ្មែរ​ប្រមាណ​ជិត​២​លាន​នាក់​ ​បាន​ធ្វើឲ្យ​កូនស្រី​ទាំង​៣​របស់​លោកស្រី​ពួតដៃគ្នា​បង្កើត​អាជីវកម្ម​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​ដែល​មាន​ស្លាកយីហោ​ ​«​N​AR​Y​»​ ​ដើម្បី​ជា​ការ​តបស្នង​ទៅកាន់​ប្រទេស​កម្ពុជា​ទឹកដី​កំណើត​របស់​ម្តាយ​ខ្លួន​។​ ​ស្លាកយីហោ​ N​AR​Y​ ​ដែល​ដាក់ឈ្មោះ​ដោយ​ស្រង់​អក្សរ​ឡាតាំង​ខាងចុង​នៃ​ឈ្មោះ​របស់​លោកស្រី​ ​P​h​an​n​ar​y​ ​បាន​បង្ហាញ​រូបរាង​ផ្លូវការ​​កាលពី​ខែ​ឧសភា​ឆ្នាំ​២​០​២​០​ ​ជា​ក្រុមហ៊ុន​ស​ម្លៀ​ក​បំពាក់​លំដាប់​អន្តរជាតិ​មួយ​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងភ្នំពេញ​និង​នៅ​ទីក្រុង​ញ៉ូ​វយ​ក​សហរដ្ឋអាមេរិក​។​

          ​​Step​h​an​i​e​ ​ជា​កូនស្រី​ច្បង​មាន​តំណែង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Ca​mill​a​ ​ជា​កូនស្រី​បន្ទាប់​មាន​តំណែង​ជា​ប្រធាន​ផ្នែក​ទី​ផ្សារ​ ​អ្នក​ទាំងពីរ​ប្រចាំ​ផ្ទាល់​នៅ​ទីក្រុង​ញ៉ូ​វយ​ក​ ​ចំណែក​ S​ar​a​h​ ​ជា​ប្អូនស្រី​ពៅ​មាន​តំណែង​ជានា​យក​ច្នៃ​ម៉ូដ​កំពុង​ប្រចាំ​ផ្ទាល់​នៅ​ទី​ក្រុងភ្នំពេញ​។​ ​មុន​ឈោង​ចាប់​ជំនួញ​ស​ម្លៀ​ក​បំពាក់​បង​ប្អូនស្រី​ត្រកូល​ ​May​e​r ​ដែល​ចាប់កំណើត​នៅ​ទីក្រុង​ឈី​កា​ហ្គោ​សហរដ្ឋអាមេរិក​​នេះ​ ​ម្នាក់ៗ​សុទ្ធតែ​បាន​ក្រេបជញ្ជក់​ចំណេះ​ដឹង​ទាក់ទិន​នឹង​វិ​ស័យ​ហ្វេ​ហ្សិ​ន​រួចហើយ​ដូចជា​នៅ​ ​មហាវិទ្យាល័យ​ ​Car​let​on ​មហាវិទ្យាល័យ​ ​Ca​lifo​rn​i​a​ ​College​ o​f​ ​Art​ ​និង​ ​វិទ្យាស្ថាន​ ​T​h​e​ ​Fashion​ ​Institute​ o​f​ ​Technology​ ​ហើយ​មកទល់​ពេលនេះ​អ្នក​ទាំង​បី​ក៏បាន​ប្រឡូក​ការងារ​ក្នុង​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​អស់​រយៈពេល​ជាង​១​០​ឆ្នាំ​ទាំង​នៅ​ទីក្រុង​ឈី​កា​ហ្គោ ​ទីក្រុង​សាន​ហ្វ្រា​ន​ស៊ី​ស្កូ ​និង​ទីក្រុង​ញ៉ូ​វយ​ក​។​ ​Ca​mill​a​ ​បាន​រៀបរាប់​រំឭក​ប្រាប់​សូវ​រី​ន​ថា​ “​កាល​រៀន​នៅ​មហាវិទ្យាល័យ​ឆ្នាំ​ ​២​០​១​១​ ​ខ្ញុំ​និង​ S​ar​a​h​ ​បាន​ចុះ​មក​ធ្វើជា​បុគ្គលិក​ហាត់​ការ​រយៈពេល​៣​ខែ​នៅ​ក្រុមហ៊ុន​ធ្វើ​ស​ម្លៀ​ក​បំពាក់​ ​Wand​e​r​lust​ ​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​។​ ​អាច​និយាយ​បាន​ថា​គ្រានេះ​ហើយដែល​ពួកយើង​ចាប់ផ្តើម​មាន​បទពិសោធន៍​ទាក់ទង​នឹង​ការ​ធ្វើ​ស​ម្លៀ​ក​បំពាក់​នៅ​ប្រទេស​កម្ពុជា​។​ ​ពួកយើង​តែងតែ​ស្រឡាញ់​ប្រទេស​កម្ពុជា​ ​យើង​តែងតែ​យល់ច្បាស់​ថា​ហ្វេ​ហ្សិ​ន​និង​ការ​ផលិត​គឺជា​ឧស្សាហកម្ម​ដ៏​ធំ​នៅ​ទីនេះ​”​។​ ​ចំណែក​ S​ar​a​h​ ​ក៏​បាន​​លើកឡើង​បន្ថែម​ដែរ​ថា​ “ ​ពួកយើង​សុទ្ធតែ​មាន​ប្រវត្តិ​ការងារ​ទាក់ទង​នឹង​វិ​ស័យ​ហ្វេ​ហ្សិ​ន​ ​ដូចជា​រូប​ខ្ញុំ​ជា​អ្នក​ច្នៃ​ម៉ូដ​ ​Ca​mill​a​ ​ធ្វើ​ផ្នែក​ទី​ផ្សារ​ ​រីឯ​Step​h​an​i​e​ ​ជា​ ​Merchandise​r ​មនុស្ស​ជុំវិញ​ខ្លួន​យើង​តែង​និយាយ​ថា​ពួកយើង​ទាំង​បី​អាច​រួមគ្នា​ជា​ក្រុម​ដ៏​ល្អ​ឥត​ខ្ចោះ​​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ ​ហើយ​វាក៏​ជា​បំណង​របស់​ពួកយើង​ផង​ដែរ​។​ ​កាលពី​ពីរឆ្នាំមុន​ខ្ញុំ​បាន​ចុះ​មក​ធ្វើការ​ស្ម័គ្រចិត្ត​នៅកន្លែង​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​កន្លែង​ជួយសង្គ្រោះ​ស្ត្រី​រងគ្រោះ​ដោយ​ការ​ជួយ​ដូរ​ផ្លូវ​ភេទ​។​ ​ខ្ញុំ​បានឃើញ​ពី​សារៈសំខាន់​នៃ​ការ​ផ្តល់​ឱកាស​ការងារ​ចំពោះ​ពួកគាត់​ដែល​មិន​ត្រឹមតែ​ផ្តល់​ជំនាញ​ដេ​ប៉ាក់​និង​ជា​ជំនាញ​ដែល​ពួកគាត់​ស្រឡាញ់​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ធ្វើឲ្យ​ជីវិត​ពួកគាត់​ប្រសើរ​ឡើងជា​មួយ​បរិយាកាស​ការងារ​មួយ​ដែល​សុវត្ថិភាព​និង​មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​ពេញ​មួយ​ជីវិត​។​ ​ទាំងនេះ​ហើយ​ដែល​​ធ្វើឲ្យ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​ចង់​ផ្តល់​ការងារ​ឲ្យ​ពួកគាត់​ក៏ដូចជា​ប្រជាជន​កម្ពុជា​ដទៃទៀត​តាមរយៈ​ការ​បង្កើត​សង្វាក់​ផលិតកម្ម​ផលិត​អ្វីមួយ​។​ ​ខ្ញុំ​បានឃើញ​កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ទៅលើ​ ​Fast​ ​Fashion​ (​ម៉ូដ​និយម​ចេញ​ថ្មី​រហ័ស​) ​ហើយ​ខ្ញុំ​គិតថា​ប្រភេទ​ ​High​ ​End​ ​Fashion​ (​ហ្វេ​ហ្សិ​ន​បែប​ប្រណីត​និង​ខ្ពង់ខ្ពស់​) ​ក៏​នឹង​លូតលាស់​ខ្លាំង​នៅ​ទីនេះ​ផង​ដែរ​។​ ​ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​ជំរុញ​ដល់​វិស័យ​ ​High​ ​End​ ​Fashion​ ​ដោយ​នាំ​យក​ម៉ាក​ស​ម្លៀ​ក​បំពាក់​ស្តង់​ដារ​មួយ​ទៅកាន់​ប្រជាជន​អាមេរិក​ ​ហើយក៏​ដើរតួ​ជំរុញ​ឲ្យ​ម៉ាក​ដទៃ​ទៀត​ងាក​មក​គិតគូរ​អំពី​ការ​ផលិត​ដែល​ផ្តល់​ផល​វិជ្ជមាន​ចំពោះ​បរិស្ថាន​ ​សិទ្ធិមនុស្ស​ ​និង​តម្លា​ភាព​”​។​

          ​​ជា​លទ្ធផល​ ​អាជីវកម្ម​ក្រុមហ៊ុន​ស​ម្លៀ​ក​បំពាក់​ស្លាកយីហោ​ N​AR​Y​ ​ចាប់កំណើត​ឡើង​ដោយ​បាន​ផ្តោត​លើ​ការ​ផលិត​ស​ម្លៀ​ក​បំពាក់​ម៉ូដ​ធ្វើឡើង​ពី​ធម្មជាតិ​មិន​ប៉ះពាល់​បរិស្ថាន​និង​ប្រកបដោយ​និរន្តរភាព​។​ ​គម្រោង​បង្កើត​ N​AR​Y​ ​ឡើង​ហាក់ដូចជា​លឿន​រហ័ស​ដោយ​ក្នុង​ឆ្នាំ​២​០​១​៨​ ​ស្ថាបនិក​បាន​រៀបចំ​ទៅលើ​ការ​បង្កើត​ស្លាកយីហោ​និង​ធ្វើ​អាជ្ញាប័ណ្ណ​ផ្សេងៗ​ ​មកដល់​ឆ្នាំ​២​០​១​៩​ ​ចំណាយ​ពេល​បី​ខែ​ដើម្បី​ធ្វើគំរូ​ម៉ូដ​ ​បី​ខែ​ទៀត​ដើម្បី​កុម្មង់​ក្រណាត់​ ​ហើយ​មកដល់​ខែវិច្ឆិកា​ឆ្នាំ​ដដែល​ចាប់ផ្តើម​សម្រេច​ម៉ូដ​និង​ជួល​ម៉ូឌែ​ល​និង​ជាង​ថត​មកពី​ទីក្រុង​ញ៉ូ​វយ​ក​ដើម្បី​ថត​ត្រៀម​ផ្សព្វផ្សាយ​ដែល​បង្ហាញ​ផ្លូវការ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ខែ​ឧសភា​ឆ្នាំ​២​០​២​០​។​ ​ថ្វី​ដ្បិត​កា​រជួល​ម៉ូឌែ​ល​និង​ជាង​ថត​មកពី​ទីក្រុង​ញ៉ូ​វយ​ក​ត្រូវ​ចំណាយ​ច្រើន​ ​ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ដើម្បី​ប្រាកដ​ថា​វា​ជា​ខូឡិ​ក​ហ្សិ​ន​ដំបូង​ដែល​ល្អ​ឥត​ខ្ចោះ​និង​ស្រស់​ស្អាត​បំផុត​។​ ​បេសកកម្ម​អាជីវកម្ម​របស់​ N​AR​Y​ ​គឺ​ចង់​ដោះស្រាយ​ទៅលើ​បញ្ហា​ធំ​ៗ​ដែល​កើតឡើង​សព្វថ្ងៃ​នៅ​កម្ពុជា​គឺ​ ​អំពើ​ជួញ​ដូរ​មនុស្ស​ ​និង​ការ​គេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​។​ ​បច្ចុប្បន្ន​ឧស្សាហកម្ម​ស​ម្លៀ​ក​បំពាក់​គឺជា​កន្លែង​ផ្តល់​ក​ម្រៃ​ពលកម្ម​តិច​ជាងគេ​ ​ក្រុមហ៊ុន​រោងចក្រ​ជាច្រើន​បង់ថ្លៃ​ពលកម្ម​ទៅ​កម្មករ​ត្រឹមតែ​៣​ដុល្លារ​ឬ​តិច​ជាង​នេះ​ដើម្បី​ផលិត​ស​ម្លៀ​ក​បំពាក់​តម្លៃថោក​និង​ចេញ​ម៉ូដ​លឿន​បំផុត​។​ ​នេះ​ជាហេតុ​ធ្វើឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​លំដាប់​ទី​៣​ដែល​ផ្តល់​ក​ម្រៃ​ថ្លៃ​ពលកម្ម​ទៅ​កម្មករ​តិច​បំផុត​នៅ​ក្នុង​ពិភពលោក​។​ ​ក៏​ព្រោះតែ​ប្រមើល​ឃើញ​បញ្ហា​ទាំងនេះ​ហើយ​ទើប​ N​AR​Y​ ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការ​ជ្រើសរើស​វត្ថុធាតុដើម​និង​ធ្វើ​សង្វាក់​ផលិត​ដោយ​ប្រុងប្រយ័ត្ន​ថា​តើ​អ្វី​ត្រូវ​យកមក​ធ្វើ​ហើយ​នរណា​ជា​អ្នកធ្វើ​វា​។​ N​AR​Y​ ​បាន​សម្រេច​ជ្រើសរើស​កម្ពុជា​ជា​កន្លែង​សង្វាក់​ផលិតកម្ម​ ​ដោយ​បាន​សហការ​រួមគ្នា​ជាមួយ​សហគមន៍​នានា​ក្នុង​ការ​បញ្ជាទិញ​តែ​ក្រណាត់​ធម្មជាតិ​ប្រភេទ​Cotton​ឬ​កប្បាស​ ​ជា​ក្រណាត់​ជ្រលក់​ពណ៌​បែប​ធម្មជាតិ​សុទ្ធសាធ​សុទ្ធ​សឹង​ធ្វើឡើង​ដោយដៃ​សិប្បករ​ក្នុងស្រុក​។​ ​និយាយរួម​គ្រប់​វត្ថុធាតុដើម​របស់​ N​AR​Y​ ​ត្រូវ​បាន​ផលិត​ដោយ​មជ្ឈមណ្ឌល​តម្បាញ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ផ្តល់​ក​ម្រៃ​ទៅកាន់​ក្រុម​តម្បាញ​ក្នុង​ក​ម្រិ​ត​សមរម្យ​ត្រឹមត្រូវ​ ​និង​ធ្វើការ​ដើម្បី​បញ្ឈប់​ភាព​ក្រីក្រ​និង​ការ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​។​

          ​​បើក​បង្ហាញ​ស្លាកយីហោ​ផ្លូវការ​លើកដំបូង​ N​AR​Y​ ​បាន​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ដ៏​ពិសេស​មួយ​ឈ្មោះថា​ ​«​ ​Sun​ ​Wash​e​d​ ​Debut​ ​Collection​»​ ​ដោយមាន​៧​ម៉ូដ​១​៣​ឈុត​យ៉ាង​ប្រណីត​។​ N​AR​Y​ ​ធ្វើ​ស​ម្លៀ​ក​បំពាក់​ជា​ប្រភេទ​ ​Resort​ ​ឬ​យើង​ហៅថា​ស​ម្លៀ​ក​បំពាក់​បែប​ដំណើរ​ក​ម្សាន្ត ​បើ​តាម​ការ​លើកឡើង​របស់​ S​ar​a​h​ “ ​យើង​ចង់​សាទរ​ប្រទេស​កម្ពុជា​ជា​ទឹកដី​បណ្តុំ​តំបន់​ទេសចរណ៍​ស្រស់​ស្អាត​ជាច្រើន​ដែល​អាច​ទាក់ទាញ​ទេសចរ​ចូល​មក​ទស្សនា​ ​ព្រោះ​វិ​ស័យ​ទេសចរណ៍​នេះ​ហើយដែល​នឹង​ជួយ​លើ​ស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​។​ ​យើង​ចង់ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​មក​ទស្សនា​ប្រាសាទ​និង​អ្វីៗ​អស្ចារ្យ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​នេះ​ជាហេតុ​ដែល​យើង​បង្កើត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​បែប​ដំណើរ​ក​ម្សាន្ត​នេះ​ឡើង​”​។​ ​ម៉ូដ​មើលទៅ​មិន​ឆើតឆាយ​ពេក​ ​មិន​សិចស៊ី​ពេក​ ​តែ​ស្អាត​ស្រស់បំព្រង​បែប​អេ​ឡេ​ហ្គិ​ន​ N​AR​Y​ ​បាន​ស្រង់​គំនិត​ច្នៃ​ម៉ូដ​ពី​ស​ម្លៀ​ក​បំពាក់​ប្រ​ណៃ​ណី​ខ្មែរ​បុរាណ​ ​និង​ម៉ូដ​បែប​បស្ចិមប្រទេស​មក​បញ្ចូល​គ្នា​បង្កើត​ជា​ស​ម្លៀ​ក​បំពាក់​ម៉ូដ​ដើរ​ក​ម្សាន្ត​យ៉ាង​ទាន់សម័យ​និង​មើលទៅ​ក្លា​សិ​ក​បំផុត​។​ “ ​រដូវ​កាល​នេះ​យើង​ផ្តោត​លើស​ម្លៀ​ក​បំពាក់​ផ្តល់​ផាសុកភាព​​អាច​ពាក់​បាន​ទាំង​នៅផ្ទះ​និង​ចេញទៅ​ខាងក្រៅ​មិនថា​ដើរ​ផ្សារ​ឬ​ធ្វើដំណើរ​ក​ម្សាន្ត​ឡើយ​ ​ជាពិសេស​ស​ម្លៀ​ក​បំពាក់​ប្រភេទ​​​នេះ​អាច​ស្លៀកពាក់​បាន​គ្រប់​រដូវ​កាល​ ​គ្រប់​កាលៈទេសៈ​ ​មិន​ចេះ​ហួសសម័យ​។​ ​សម្រាប់​ខូឡិ​ក​ហ្សិ​ន​ដំបូង​នេះ​ផង​ដែរ​ ​យើង​ទទួល​បានការ​គាំទ្រ​និង​ឆ្លើយតប​ល្អ​ៗ​យ៉ាង​ច្រើន​ពី​អតិថិជន​នៅ​អាមេរិក​ ​ពួកគេ​ពេញចិត្ត​ទៅលើ​ម៉ូដ​ ​គុណភាព​ ​ពិសេស​ជា​ផលិតផល​ធ្វើ​ពី​ធម្មជាតិ​និង​ផលិត​ឡើង​ដោយដៃ​”​។​ S​ar​a​h​ ​បញ្ជាក់​។​ ​ក្រៅពី​ខូឡិ​ក​ហ្សិ​ន​ដំបូង​បង្ហាញ​ផ្លូវការ​ ​បច្ចុប្បន្ន​ N​AR​Y​ ​កំពុង​ធ្វើការ​ទៅ​លើ​​ខូឡិ​ក​ហ្សិ​ន​ថ្មី​ ​ជា​ខូឡិ​ក​ហ្សិ​ន​ ​Holiday​ ​តូច​មួយ​និង​ត្រៀម​ចេញ​ខូឡិ​ក​ហ្សិ​ន​សម្រាប់​រដូវក្តៅ​ឆ្នាំ​២​០​២​១​ផង​ដែរ​។​ ​ការ​​ធ្វើ​ទី​ផ្សារ​សម្លៀ​ក​បំពាក់​នៅ​កំឡុង​ស្ថានការណ៍​រាតត្បាត​វី​រុ​ស​កូ​វី​ដ​-​១​៩​ហាក់ដូចជា​តឹងតែង​ ​តែ​យ៉ាងណាមិញ​សហ​ស្ថានិ​ក​ ​Camilla​ ​ដែល​កាន់​តំណែង​ជាទី​ផ្សារ​បាន​លើកឡើង​ដូច្នេះ​ “គោលដៅ​ទី​ផ្សារ​ដំបូង​របស់យើង​គឺ​ខាង​ប៉ែក​អាមេរិក​ ​ថ្វី​ដ្បិត​យើង​នៅ​ជា​ក្រុមហ៊ុន​តូច​មិនទាន់​មាន​ហាង​លក់​ផ្ទាល់ខ្លួន​ ​មិនទាន់​មាន​ក្រុម​តម្បាញ​ផ្ទាល់ខ្លួន​ ​ម្យ៉ាង​ការ​រាតត្បាត​វី​រុ​ស​កូ​វីត​ធ្វើឲ្យ​យើង​ស្មុគ​ស្មាញ​ ​តែ​យើង​នឹង​ផ្តោត​ធ្វើការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ ​និង​ឲ្យ​ ​Influence​r ​ឬ​អ្នកមាន​ឥទ្ធិពល​ក្នុង​សង្គម​ជា​អ្នក​ផ្សព្វផ្សាយ​វិញ​។​ ​អតិថិជន​អាច​បញ្ជាទិញ​តាម​អន​ឡា​ញ​ហើយ​យើង​ដឹកជញ្ជូន​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​”​។​

          ​​សមិទ្ធផល​ទាំងនេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​របស់​ស្ថាបនិកា​ខ្មែរ​សញ្ជាតិ​អាមេរិក​ទាំង​បី​រូប​ ​នា​ពេល​ខាងមុខ​អ្នក​ទាំង​បី​ក៏​នឹង​មាន​គម្រោង​បង្កើត​ក្រុម​ផលិត​ផ្ទាល់ខ្លួន​ ​ហើយក៏​នឹង​មាន​ហាង​លក់​ផ្ទាល់ខ្លួន​នៅ​ឆ្នាំ​បន្ទាប់​ផង​ដែរ​។​ ចុក្ខវិ​ស័​យ​របស់​ N​AR​Y​ ​គឺ​បង្កើត​ការងារ​មួយ​ដែល​ផ្តល់​ប្រាក់បៀវត្សរ៍​សមរម្យ​តាម​តម្រូវ​ការរស់នៅ​ ​ធ្វើការ​ក្នុង​បរិស្ថាន​ការងារ​សុវត្ថិភាព​ ​និង​ជួយ​ទៅលើ​អ្នក​ដែល​​រង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ​ដោយ​រួមបញ្ចូល​បណ្តុះបណ្តាល​បន្ថែម​ទៅលើ​ជំនាញ​និង​ចំណេះ​ដឹង​ផ្សេងៗ​នៅ​ក្នុង​ជីវិត​រស់​នៅ​​ដូចជា​ ​ការរៀបចំ​គម្រោង​គ្រួសារ​ ​ចំណេះ​ដឹង​សុខភាព​ ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ​និង​ទំនាក់ទំនង​សង្គម​ជាដើម​។​ ​លើស​ពី​ស​ម្លៀ​ក​បំពាក់​នារី​ N​AR​Y​ ​មានបំណង​ចង់​ផលិត​ស​ម្លៀ​ក​បំពាក់​បែប​ដំណើរ​ក​ម្សាន្ត​សម្រាប់​កុមារ​ ​និង​ផលិតផល​គ្រឿង​លម្អ​ផ្ទះ​ធ្វើ​ពី​ធម្មជាតិ​ផង​ដែរ​។​ ​មហិច្ឆតា​របស់​ N​AR​Y​ ​គឺ​ចង់​ក្លាយ​ជា​យីហោ​ស្តង់​ដារ​មួយ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​យីហោ​លំដាប់​អន្តរជាតិ​ដទៃទៀត​។​ ​សម្រាប់​លោកអ្នក​ចង់​ជាវ​ស​ម្លៀ​ក​បំពាក់​ពី​ N​AR​Y​ ​អាច​ចូល​ទៅកាន់​គេហទំព័រ​ ​w​w​w​.n​ar​y​resort​.​co​m​ ​ជាការស្រេច​៕​

Article ​by​ ​HEM SOKKHIM

Stephanie, Mrs. Phannary, Sarah and Camilla


SUGGESTIONS