×

​ពីក្រោយ​ការពិត​នៃ​ការ​បង្កើត​សម្ភារ​នានា​ជំនួស​ដោយ​សារធាតុ​ជ័រ​ប្លា​ស្ទិ​ច​

NEWS 3 years ago
 
 

           ​សម្ភារ​ប្រើប្រាស់​ជាច្រើន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​សុទ្ធសឹងតែ​អាច​កែច្នៃ​ជា​សម្ភារ​ដទៃទៀត​ដែល​ពុំ​ចាំបាច់​ត្រូវការ​សារធាតុ​ជ័រ​ប្លា​ស្ទិ​ច​នោះ​ឡើយ​ ​តួយ៉ាង​ ​ការប្រើប្រាស់​ថង់​ក្រណាត់​ជំនួស​ដោយ​ថង់​ប្លា​ស្ទិ​ច​សម្រាប់​កា​រវេច​ខ្ជប់ ​ការប្រើប្រាស់​ទុ​យោ​ដែក​ជំនួស​ទុ​យោ​ជ័រ​ជាដើម​ ​ប៉ុន្តែ​ភាគរយ​នៃ​ការ​អនុវត្ត​តាម​វិធីសាស្ត្រ​នេះ​ស្ថិត​ក្នុង​ក​ម្រិ​ត​មធ្យម​នៅឡើយ​ ​ក៏​ព្រោះតែ​សម្ភារ​ដែល​អាច​ប្រើ​ជំនួស​ប្លា​ស្ទិ​ច​ជា​រឿយ​ៗ​មាន​ទំហំ​ ​ឬ​ទម្ងន់​ធ្ងន់​ពិបាក​នឹង​យក​តាម​ខ្លួន​។​ ​ដូច្នេះ​ ​តើ​មាន​សម្ភារ​ណាខ្លះ​ដែល​អាច​ប្រើ​ជំនួស​ប្លា​ស្ទិ​ច​ ​និង​ផ្តល់​ភាព​ងាយ​ស្រួល​?

           ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ ​និង​ជា​ផ្នែក​មួយ​ដែល​អាច​កាត់បន្ថយ​នូវ​សារធាតុ​ប្លា​ស្ទិ​ច​ប្រកបដោយ​​ប្រសិទ្ធ​ភាព​ ​យុវជន​ ​ពិសិដ្ឋ​ ម៉ូ​លី​រតនា​ ​និង​យុវតី​ ​តូច​ ​នីតា​ ​ជា​ស្ថាបនិក​ ​និង​សហ​ស្ថាបនិក​នៃ​ទំព័រ​​បណ្តាញ​សង្គម​ ​«​Do​m​n​e​r2 ​E​co​»​ ​បាន​បង្កើត​នូវ​សម្ភារ​មួយ​ចំនួន​ដែល​ជា​ភាព​ស្រួល​ក្នុង​ការប្រើប្រាស់​ ​និង​ការ​ស​ម្អា​ត​ ​តួយ៉ាង​ ទុ​យោ​ដែក​អាច​កាច់​បាន​ ​សម​ ​ស្លាបព្រា​ ​ចង្កឹះ​ ​ដែល​អាច​ដោះ​ចេញ​​​ពី​​គ្នា​ ​និង​ថង់​​ក្រណាត់​មាន​រាង​តូច​ច្រឡឹង​អាច​ផ្ទុក​សម្ភារ​បាន​ច្រើន​។​ ​យ៉ាងណាមិញ​ ​កត្តា​ដែល​បាន​ជំរុញ​ឲ្យ​យុវជន​ ​រតនា​ ​និង​យុវតី​ ​នីតា​ ​សហការ​គ្នា​បង្កើត​សម្ភារ​ទាំងអស់​នេះ​ ​ក៏​ព្រោះតែ​ពួកគេ​សង្កេតឃើញ​ថា​ប្រជាជន​ខ្មែរ​នៅ​មាន​​កង្វះខាត​នូវ​ការប្រើប្រាស់​វត្ថុ​កែច្នៃ​ដែល​ផ្ទុយពី​ផ្នត់គំនិត​បរទេស​កំពុង​គាំទ្រ​នូវ​ផលិតផល​ធម្មជាតិ​ ​ឬ​កែច្នៃ​​នានា​ដែល​ពុំ​ផ្តល់​នូវ​ភាព​អវិជ្ជមាន​ដល់​បរិស្ថាន​។​ ​យុវជន​ ​រតនា​ ​បាន​បង្ហាញ​ថា​ ​«​ដំបូង​ឡើយ​ខ្ញុំ​បាន​ចូលរួម​កម្មវិធី​មួយ​ទាក់ទង​នឹង​ការ​ ​start​-​up​ ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ ​ហើយ​ពេល​​​នោះ​ខ្ញុំ​បាន​អ្នកជួយ​សម្របសម្រួល​ជា​ជនជាតិ​បរទេស​ ​ហើយ​ថ្ងៃមួយ​ពួកយើង​បាន​ណាត់គ្នា​ពិភាក្សា​អំពី​គម្រោង​របស់​ពួកយើង​ ​ប៉ុន្តែ​ពេល​ដែល​អ្នកជួយ​សម្របសម្រួល​ ​ឬ​សិស្ស​ច្បង​របស់​ពួក​ខ្ញុំ​នោះ​គាត់​មកកាន់​ដប​ទឹក​ដែក​ជាប់​ជាមួយ​គាត់​រហូត​ ​ហើយ​ខ្ញុំ​ក៏​គិត​ក្នុងចិត្ត​ថា​ ​ហេតុ​អី​បានជា​ជនបរទេស​ដែល​មក​រស់នៅ​ស្រុក​យើង​គាត់​ខ្វល់ខ្វាយ​ពី​បញ្ហា​ទាក់ទង​នឹង​បរិស្ថាន​ជាង​យើង​ខ្លួនឯង​ទៅ​ទៀត​​? ​ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​ក៏បាន​កត់ចំណាំ​ ​និង​ផ្លាស់ប្តូរ​ទម្លាប់​នោះ​រហូតមកដល់​សព្វថ្ងៃ​ ​មួយវិញទៀត​ខ្ញុំ​ក៏​ចាប់ផ្តើម​ពិភាក្សាគ្នា​ធ្វើ​សម្ភារ​ណា​ដែល​ជា​ផ្នែក​មួយ​សម្រួល​ដល់​អ្នកប្រើប្រាស់​។​»​ ​ម៉្យាងវិញទៀត​ ​ស្ថាបនិក​វ័យ​ក្មេងម្នាក់​នេះ​បង្ហាញ​ថា​ ជា​ទូទៅ​​​ ​ប្រជាជន​ខ្មែរ​ភាគច្រើន​តែង​និយម​ប្រើប្រាស់​សម្ភារ​ ​ឬ​ផលិតផល​ណាមួយ​ដែល​មាន​លក្ខណៈ​ប្លែក​ ​ស្រស់​ស្អាត​ ​គុណភាព​ល្អ​ ​ងាយ​យក​ទៅតាម​ខ្លួន​ ​ដូច្នេះ​ ​ដើម្បីឲ្យ​ប្រជាជន​ខ្មែរ​ងាក​មក​ស្វែងរក​ផលិតផល​ធម្មជាតិ​ ​ឬ​សម្ភារ​ដែល​មិន​ប៉ះពាល់​បរិស្ថាន​ប្រកប​ដោយ​​​ប្រសិទ្ធ​ភាព​លុះត្រាតែ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ដោះស្រាយបញ្ហា​ទាំងនោះ​ជាមួយគ្នា​ទើប​ប្រសើរ​ឡើង​។​

«​Do​m​n​e​r2 ​E​co​»​ ​ជា​ស្លាកយីហោ​បង្ហាញ​ពី​ការធ្វើដំណើរ​បន្តិចម្តងៗ​របស់យើង​ទាំងអស់គ្នា​ដែល​មាន​កាតព្វកិច្ច​រួមគ្នា​ថែរក្សា​បរិស្ថាន​ ​និង​ជួយសង្គ្រោះ​ពិភពលោក​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​យុវជន​ ​ពិសិដ្ឋ​ ម៉ូ​លី​រតនា​ ​និង​យុវតី​ ​តូច​ ​នីតា​ ​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ ​«​រួមគ្នា​ថែរក្សា​បរិស្ថាន​គឺ​សុទ្ធតែ​ជា​ការ​ចាប់ផ្តើម​ពី​សកម្មភាព​បន្តិចបន្តួច​របស់យើង​ទាំងអស់គ្នា​ ​ប្រសិន​​បើ​យើង​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទម្លាប់​នោះ​យើង​នឹង​ទទួល​បាន​ជោគជ័យ​រស់នៅ​ដោយ​គ្មាន​សារធាតុ​ជ័រ​ប្លា​ស្ទិ​ច​ដែល​ប៉ះពាល់​សុខភាព​នោះ​ឡើយ​»​៕

​Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS