×

វិធី​ព្យាបាល​ជំងឺ​ផ្តាសាយ​បែប​ធម្មជាតិ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ

TRAVEL & LIVING 2 months ago

 

​​​​​            ជាទូទៅ​ ​ជំងឺ​ផ្តាសាយ​កើតឡើង​ដោយ​ពពួក​វី​រុ​ស​ល្អិត​ៗ​ជាច្រើន​រហូតដល់​ទៅ​​​ជាង​ ​២​០​០​ប្រភេទ​ ​ក្នុង​នោះ​វី​រុ​ស​ដែល​បង្ក​ខ្លាំងក្លា​ជាងគេ​រួម​មាន​ ​មេរោគ​កូរ៉ូ​ណា​ ​មេរោគ​ rhinovirous​ ​វីរុសអាដេណូ ​វីរុស​ ​Syncytial​ ​និង​វីរុស​ ​Parainfluenza។​ ​ជំងឺ​ផ្តាសាយ​ ​កើតឡើង​មិន​ប្រកាន់​ឡើយ​ចំពោះ​មនុស្ស​ពេញវ័យ​ឬ​វ័យ​ចំណាស់​ ​ប៉ុន្តែ​គេ​សម្គាល់​ឃើញ​កើតឡើង​ញឹកញាប់​ជាងគេ​គឺ​ទៅលើ​កុមារ​ ​ជំងឺ​នេះ​ទៀតសោត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ខាងលើ។​ ​មេរោគ​ផ្តាសាយ​អាច​ចម្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​បាន​យ៉ាង​ងាយ​តាមរយៈ​ ​អ្វីៗ​គ្រប់យ៉ាង​ដែល​ចេញពី​រាងកាយ​របស់​អ្នកជំងឺ​ ​និង​ការ​ប៉ះពាល់​របស់របរ​ពី​អ្នកជំងឺ​ដូចជា​ ​ច្រាស​ដុសធ្មេញ​ ​ស្លាបព្រា​ ​ក្តារ​វាយ​កុំព្យូទ័រ​ ​និង​របស់​ប្រើប្រាស់​ផ្សេងៗ​ ​ជាពិសេស​ខ្យល់​ក្អក​ ​និង​កណ្តាស់​របស់​អ្នកជំងឺ​តែម្តង។​ ​តាមធម្មតា​ជំងឺ​ផ្តាសាយ​រមែង​បង្ហាញ​រោគសញ្ញា​ដូចជា​ ​រមាស់​ឬ​ឈឺ​បំពង់ក​ ​កណ្តាស់​ ​តឹងច្រមុះ​ ​ហៀរ​ទឹកភ្នែក​ ​ទឹក​សំបោរ​ហៀរ​ពី​ច្រមុះ​ទៅ​បំពង់ក​ ​ក្តៅខ្លួន​ ​និង​ឈឺចុក​រោយ​ពេញ​រាងកាយ។​ ​នៅ​ពេល​កើតជំងឺ​ផ្តាសាយ​មនុស្ស​ទូទៅ​តែង​ជ្រើសរើស​វិធី​ប្រើប្រាស់​ថ្នាំលេប​ឬ​ការ​ចាក់ថ្នាំ​ដើម្បី​ព្យាបាល​ ​ដោយ​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ពី​មួយ​អាទិត្យ​ទៅ​ពីរអាទិត្យ​ទម្រាំ​ជាសះស្បើយ​ ​ប៉ុន្តែ​ជាមួយគ្នា​នេះ​ដែរ​ ​ការប្រើប្រាស់​ថ្នាំ​គឺ​ប្រៀប​បីដូច​ជា​អាវុធ​មុខ​ពីរ​ ​ដែល​ក្រៅពី​ការ​ព្យាបាល​ ​ជារឿយៗ​វា​អាចប​ង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដូចជា​ធ្វើឲ្យ​ ​ស្មារតី​មិន​នឹងន​រ​ ​វិលមុខ​ ​ធីងធោង​ ​ស្រវាំងភ្នែក​ ​បេះដូង​ដើរ​ញាប់​ ​ថប់ដង្ហើម​ ​ឈឺ​ក្រពះ​ ​ចង់​ក្អួត​ចង្អោរ​ ​រោគសរសៃ​ប្រសាទ​ ​ទល់លាមក​ ​និង​ស្ងួត​បបូរមាត់​ ​ចម្រុះ​ ​និង​បំពង់ក​ជាដើម។​ ​យ៉ាងណាមិញ​ ​ស្រប​ពេល​បច្ចុប្បន្ន​មនុស្សជា​ច្រើន​មានការ​ព្រួយបារម្ភ​ទៅលើ​ការប្រើប្រាស់​ថ្នាំលេប​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ ​សូវរីន​ ​បាន​ស្រាវជ្រាវ​ ​និង​នាំ​យក​នូវ​វិធី​ព្យាបាល​ជំងឺ​ផ្តាសាយ​បែប​ធម្មជាតិ​ ​ដែល​ធានា​ទទួល​បាន​ប្រសិទ្ធ​ភាពជា​មួយ​វិធី​ងាយៗ​ដូច​ខាងក្រោម​។​

            • ​ជំហាន​ទី​១​៖​ ​នៅ​ពេល​កើតជំងឺ​ផ្តាសាយ​ ​សំបោរ​តែង​ហូរចេញ​មក​តាម​ច្រមុះ​ ​ហើយ​វា​គឺជា​ភាព​ចាំបាច់​ដែល​អ្នក​គួរ​ញើស​វា​ចេញ​ជាជាង​ហឺត​ចូល​ទៅ​ក្នុង​ក្បាល​វិញ។​ ​ការ​ញើសសំបោរ​គួរ​កុំ​ញើស​ខ្លាំងពេក​ ​ព្រោះ​វា​អាចប​ង្ក​សម្ពាធ​ធ្វើឲ្យ​ឈឺ​ដល់​ត្រ​ច្រៀក​ ​ដូចនេះ​វិធី​ដែល​ល្អ​បំផុត​ ​អ្នក​ត្រូវ​ញើស​ដោយ​ប្រើ​ម្រាមដៃ​សង្កត់​លើ​ស្លាប​ច្រមុះ​ម្ខាង​ ​ហើយ​ញើស​ចេញ​ថ្មមៗ​ ​បន្ទាប់មក​អនុវត្ត​លើ​ស្លាប​ចម្រុះ​ម្ខាងទៀត​រហូត​អស់​សំបោរ។​ ​ក្រោយ​ពី​ញើស​រួចរាល់​ ​ចាំបាច់​បំផុត​អ្នក​ត្រូវ​លាង​ស​ម្អា​តដៃ​ជាមួយ​សាប៊ូ​ ​ឬ​ទឹកក្តៅ​ឧណ្ហៗ​ដើម្បី​សម្លាប់​មេរោគ។​

            • ជំហាន​ទី​​២​៖​ ​អ្នកជំងឺ​ផ្តាសាយ​ភាគច្រើន​រមែង​មាន​អាការ​អស់កម្លាំង​ចុក​ដៃ​ចុកជើង​ ​ដែល​ទាមទារ​ឲ្យ​សម្រាក​ឲ្យបាន​កាន់តែ​ច្រើន​កាន់តែ​ប្រសើរ។​ ​ការ​ធ្វើ​ដូចនេះ​គឺ​ដើម្បី​ជួយ​ឲ្យ​រាងកាយ​មាន​ថាមពល​ ​ក៏ដូចជា​ជំរុញ​ប្រព័ន្ធ​ការពារ​រាងកាយ​មានកម្លាំង​ខ្លាំងក្លា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពពួក​មេរោគ។​ ​ត្រូវ​ប្រាកដ​ថា​ ​អ្នក​គេង​ដណ្តប់​ភួយ​ ​និង​ដាក់​ខ្នើយកើយ​ឲ្យបាន​ខ្ពស់​ ​ព្រមទាំង​ជៀសវាង​គេង​បើក​ម៉ាស៊ីនត្រជាក់​ឬ​ដាក់​កង្ហារ​ខ្យល់ខ្លាំង។​

            • ជំហាន​ទី​​៣​៖​ ​ដូចដែល​បាន​រៀបរាប់​នៅ​ខាងលើ​អាការ​ឈឺ​បំពង់ក​គឺជា​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ ​ហើយ​ដើម្បី​ព្យាបាល​នូវ​បញ្ហា​នេះ​ ​អ្នក​អាច​ជំនួស​ការ​ប្រើ​ថ្នាំ​មក​ធ្វើ​ទឹក​ខ្ពុរមាត់​វិញ​ម្តង។​ ​អនុវត្ត​យក​អំបិល​មួយ​ស្លាបព្រា​ដាក់​ចូលក្នុង​ទឹកក្តៅ​ឧណ្ហៗ​មួយ​កែវ​ ​ហើយ​ធ្វើការ​ខ្ពុរ​ឲ្យ​ដល់​បំពង់ក​ក្នុងមួយថ្ងៃ​បួន​ដង​ជាប្រចាំ​ ​អ្នក​នឹង​ឃើញ​ថា​ស្លេស្ម៍ ​និង​អាការ​ឈឺ​បំពង់ក​នឹង​ចាប់ផ្តើម​បាត់​តាំងពី​ប្រើ​លើកដំបូង។​ ​វិធី​មួយវិញទៀត​ ​អ្នក​អាច​​​យក​ទឹក​ក្រូចឆ្មារ​ពីរ​ស្លាបព្រា​លាយ​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ​ ​និង​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា។​ ​ដោយឡែក​ ​ចំពោះ​ក្មេង​អាយុ​ក្រោម​១​ឆ្នាំ​ ​ហាម​ប្រើ​ទឹកឃ្មុំ​ជាដាច់ខាត។​

            • ជំហាន​ទី​៤​៖​ ​ជម្រើស​ភេសជ្ជៈ​ដែល​ល្អ​បំផុត​ចំពោះ​ជំងឺ​ផ្តាសាយ​ ​គឺ​ការ​ផឹក​ទឹកក្តៅ​ឧណ្ហៗ​ឲ្យបាន​ច្រើន។​ ​ជា​ការពិត​ណាស់​ទឹកក្តៅ​មិន​ត្រឹមតែ​ជួយ​សម្រួល​ឲ្យ​អ្នក​ធូរ​ច្រមុះ​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​ជួយ​កាត់បន្ថយ​អាការ​ឈឺ​បំពង់ក​ ​ឈឺក្បាល​ ​កង្វះ​ជាតិទឹក​ក្នុង​ខ្លួន​ ​ព្រមទាំង​ធ្វើឲ្យស​ម្រស់​ស្បែក​ក្មេង​ជាង​វ័យ​ផង​ដែរ។​ ​ប្រសិនបើ​អ្នក​ធុញទ្រាន់​នឹង​ការ​ផឹក​ទឹកក្តៅ​ដដែលៗ​ ​អាច​ងាក​មក​ផឹក​តែ​ខ្ញី​ ​តែ​ជីរអង្កាម​ ​តែ​ក្រូចឆ្មារ​ ​ឬ​បន្ថែម​ដោយ​ការ​ផឹកទឹក​ផ្លែឈើ​ស្រស់​ដូចជា​ ​ទឹក​ក្រូចពោធិ៍សាត់​ ​ទឹក​ប៉េងប៉ោះ​ ​សុទ្ធ​សឹង​ជា​ភេសជ្ជៈ​សម្បូរទៅដោយ​វីតាមីន​ចម្រុះ​ ​ពិសេស​វីតាមីន​ C ​មាន​អត្ថប្រយោជន៍​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្តាសាយ។​

            • ជំហាន​ទី​​៥​៖​ ​អំឡុង​ពេល​កើតជំងឺ​ផ្តាសាយ​ ​ការ​ជ្រើសរើស​របប​អាហារ​ទទួលទាន​ ​គឺជា​កត្តា​មួយ​ដ៏​ចាំបាច់​ដែល​អ្នកជំងឺ​គ្រប់រូប​គួរគប្បី​យក​ចិត្ត​ទុកដាក់។​ ​ត្រូវ​ប្រាកដ​ថា​ ​ទទួលទាន​តែ​អាហារ​ក្តៅ​ ​ពិសេស​ស៊ុប​មាន់​ ​និង​ផ្លែឈើ​ផ្ទុក​ទៅ​ដោយ​វីតាមីន​ C ​ដូចជា​ ​ពពួក​ក្រូច​ ​ម្ទេសប្លោក​ ស្ត្រូ​បូរី​ ​ប៉េងប៉ោះ​ ​ម្នាស់​ ​ខាត់ណា​ខៀវ​ ​ល្ហុង​ ​និង​ត្របែក។​ ​គួរ​ជៀសវាង​ភេសជ្ជៈ​ទឹកកក​ ​និង​អាហារ​បែប​ក្លា​សេ។​

            • ជំហាន​ទី​​៦​៖​ ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​វិលមុខ​ ​ធីងធោង​ ​អ្នក​អាច​ជ្រើសរើស​ការ​ងូត​ទឹកក្តៅ​ឧណ្ហៗ​ ​ឬ​ស្ទី​ម​ ​ដែល​វា​អាច​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រួលខ្លួន​ ​ក៏ដូចជា​ធ្វើឲ្យ​ច្រមុះ​ដកដង្ហើម​ស្រួល​ផង​ដែរ។​ ​អ្នក​អាច​អនុវត្ត​នៅផ្ទះ​ដោយខ្លួនឯង​ក៏បាន​ ​ឬ​ប្រសិនបើ​មិន​ចង់​រៀបចំ​ស្មុគ​ស្មាញ​ច្រើន​អាច​ឆ្ពោះទៅ​កន្លែង​ស្ប៉ា​ផ្ទាល់​ដែល​មាន​ទាំង​ការ​ស្ទី​ម​ ​សូ​ណា​ ​ម៉ា​ស្សា ​និង​ត្រាំទឹក​ក្តៅ​ទឹក​ត្រជាក់​មួយ​កំភ្លេ។​

            • ជំហាន​ទី​៧​៖​ ​ក្រៅពី​ការ​ងូត​ទឹកក្តៅ​ ​អ្នក​ក៏​អាច​ងាក​មក​បន្ថែម​វិធី​ស្អំ​ច្រមុះ​ ​ធានា​ថា​កាន់តែ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់។​ ​អ្នក​អាច​ប្រើ​កន្សែង​ជ្រលក់​ទឹកក្តៅ​ឧណ្ហៗ​ក៏បាន​ ​ឬ​ប្រើ​ថង់​ស្អំ​ទឹកក្តៅ​ឧណ្ហៗ​ក៏បាន​ ​ដោយ​គ្រាន់តែ​យកមក​ដាក់​ស្អំ​នៅ​លើ​ច្រមុះ​សងខាង​ជាការស្រេច។​ ​ការ​អនុវត្ត​បែប​នេះ​ ​អាច​ជួយ​ឲ្យ​ច្រមុះ​ដកដង្ហើម​ធូរ​ ​និង​ធូរ​ស្បើយ​ពី​អាការ​ឈឺក្បាល។​​

            និយាយ​ជា​រួម​ ​ការ​ជ្រើសរើស​វិធី​ព្យាបាល​ជំងឺ​ផ្តាសាយ​បែប​ធម្មជាតិ​គឺជា​វិធី​មួយ​ដ៏​ល្អ​ប្រសើរ​ដែល​អាច​បញ្ចៀស​អ្នក​ពី​សារធាតុ​គីមី​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ​ប៉ុន្តែ​ជាមួយគ្នា​នេះ​ដែរ​មាន​ករណី​ចាំបាច់​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដូចជា​ ​នៅ​ពេល​កំដៅ​ខ្លួន​ឡើង​ដល់​ជាង​ ​៣​៩​ ​អង្សា​ ​ឈឺ​ច្រើនជាង​ ​១​០​ថ្ងៃ​ ​ពិបាក​ដកដង្ហើម​ ​ហ៊ឹងត្រចៀក​ ​វង្វេងស្មារតី​ ​ចុកពោះ​ ​ក្អួត​ញឹកញាប់​ ​និង​ហើម​ថ្គាម​ជាដើម​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM


SUGGESTIONS