ជាទូទៅ ជំងឺផ្តាសាយកើតឡើងដោយពពួកវីរុសល្អិតៗជាច្រើនរហូតដល់ទៅជាង ២០០ប្រភេទ ក្នុងនោះវីរុសដែលបង្កខ្លាំងក្លាជាងគេរួមមាន មេរោគកូរ៉ូណា មេរោគ rhinovirous វីរុសអាដេណូ វីរុស Syncytial និងវីរុស Parainfluenza។ ជំងឺផ្តាសាយ កើតឡើងមិនប្រកាន់ឡើយចំពោះមនុស្សពេញវ័យឬវ័យចំណាស់ ប៉ុន្តែគេសម្គាល់ឃើញកើតឡើងញឹកញាប់ជាងគេគឺទៅលើកុមារ ជំងឺនេះទៀតសោតត្រូវបានគេស្គាល់ថាជាការឆ្លងមេរោគរលាកផ្លូវដង្ហើមខាងលើ។ មេរោគផ្តាសាយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានយ៉ាងងាយតាមរយៈ អ្វីៗគ្រប់យ៉ាងដែលចេញពីរាងកាយរបស់អ្នកជំងឺ និងការប៉ះពាល់របស់របរពីអ្នកជំងឺដូចជា ច្រាសដុសធ្មេញ ស្លាបព្រា ក្តារវាយកុំព្យូទ័រ និងរបស់ប្រើប្រាស់ផ្សេងៗ ជាពិសេសខ្យល់ក្អក និងកណ្តាស់របស់អ្នកជំងឺតែម្តង។ តាមធម្មតាជំងឺផ្តាសាយរមែងបង្ហាញរោគសញ្ញាដូចជា រមាស់ឬឈឺបំពង់ក កណ្តាស់ តឹងច្រមុះ ហៀរទឹកភ្នែក ទឹកសំបោរហៀរពីច្រមុះទៅបំពង់ក ក្តៅខ្លួន និងឈឺចុករោយពេញរាងកាយ។ នៅពេលកើតជំងឺផ្តាសាយមនុស្សទូទៅតែងជ្រើសរើសវិធីប្រើប្រាស់ថ្នាំលេបឬការចាក់ថ្នាំដើម្បីព្យាបាល ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ពីមួយអាទិត្យទៅពីរអាទិត្យទម្រាំជាសះស្បើយ ប៉ុន្តែជាមួយគ្នានេះដែរ ការប្រើប្រាស់ថ្នាំគឺប្រៀបបីដូចជាអាវុធមុខពីរ ដែលក្រៅពីការព្យាបាល ជារឿយៗវាអាចបង្កផលប៉ះពាល់ចំពោះសុខភាពដូចជាធ្វើឲ្យ ស្មារតីមិននឹងនរ វិលមុខ ធីងធោង ស្រវាំងភ្នែក បេះដូងដើរញាប់ ថប់ដង្ហើម ឈឺក្រពះ ចង់ក្អួតចង្អោរ រោគសរសៃប្រសាទ ទល់លាមក និងស្ងួតបបូរមាត់ ចម្រុះ និងបំពង់កជាដើម។ យ៉ាងណាមិញ ស្របពេលបច្ចុប្បន្នមនុស្សជាច្រើនមានការព្រួយបារម្ភទៅលើការប្រើប្រាស់ថ្នាំលេបដែលបង្កផលប៉ះពាល់ដល់សុខភាព សូវរីន បានស្រាវជ្រាវ និងនាំយកនូវវិធីព្យាបាលជំងឺផ្តាសាយបែបធម្មជាតិ ដែលធានាទទួលបានប្រសិទ្ធភាពជាមួយវិធីងាយៗដូចខាងក្រោម។
• ជំហានទី១៖ នៅពេលកើតជំងឺផ្តាសាយ សំបោរតែងហូរចេញមកតាមច្រមុះ ហើយវាគឺជាភាពចាំបាច់ដែលអ្នកគួរញើសវាចេញជាជាងហឺតចូលទៅក្នុងក្បាលវិញ។ ការញើសសំបោរគួរកុំញើសខ្លាំងពេក ព្រោះវាអាចបង្កសម្ពាធធ្វើឲ្យឈឺដល់ត្រច្រៀក ដូចនេះវិធីដែលល្អបំផុត អ្នកត្រូវញើសដោយប្រើម្រាមដៃសង្កត់លើស្លាបច្រមុះម្ខាង ហើយញើសចេញថ្មមៗ បន្ទាប់មកអនុវត្តលើស្លាបចម្រុះម្ខាងទៀតរហូតអស់សំបោរ។ ក្រោយពីញើសរួចរាល់ ចាំបាច់បំផុតអ្នកត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬទឹកក្តៅឧណ្ហៗដើម្បីសម្លាប់មេរោគ។
• ជំហានទី២៖ អ្នកជំងឺផ្តាសាយភាគច្រើនរមែងមានអាការអស់កម្លាំងចុកដៃចុកជើង ដែលទាមទារឲ្យសម្រាកឲ្យបានកាន់តែច្រើនកាន់តែប្រសើរ។ ការធ្វើដូចនេះគឺដើម្បីជួយឲ្យរាងកាយមានថាមពល ក៏ដូចជាជំរុញប្រព័ន្ធការពាររាងកាយមានកម្លាំងខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងពពួកមេរោគ។ ត្រូវប្រាកដថា អ្នកគេងដណ្តប់ភួយ និងដាក់ខ្នើយកើយឲ្យបានខ្ពស់ ព្រមទាំងជៀសវាងគេងបើកម៉ាស៊ីនត្រជាក់ឬដាក់កង្ហារខ្យល់ខ្លាំង។
• ជំហានទី៣៖ ដូចដែលបានរៀបរាប់នៅខាងលើអាការឈឺបំពង់កគឺជារោគសញ្ញានៃជំងឺផ្តាសាយ ហើយដើម្បីព្យាបាលនូវបញ្ហានេះ អ្នកអាចជំនួសការប្រើថ្នាំមកធ្វើទឹកខ្ពុរមាត់វិញម្តង។ អនុវត្តយកអំបិលមួយស្លាបព្រាដាក់ចូលក្នុងទឹកក្តៅឧណ្ហៗមួយកែវ ហើយធ្វើការខ្ពុរឲ្យដល់បំពង់កក្នុងមួយថ្ងៃបួនដងជាប្រចាំ អ្នកនឹងឃើញថាស្លេស្ម៍ និងអាការឈឺបំពង់កនឹងចាប់ផ្តើមបាត់តាំងពីប្រើលើកដំបូង។ វិធីមួយវិញទៀត អ្នកអាចយកទឹកក្រូចឆ្មារពីរស្លាបព្រាលាយជាមួយទឹកក្តៅឧណ្ហៗ និងបន្ថែមទឹកឃ្មុំមួយស្លាបព្រា។ ដោយឡែក ចំពោះក្មេងអាយុក្រោម១ឆ្នាំ ហាមប្រើទឹកឃ្មុំជាដាច់ខាត។
• ជំហានទី៤៖ ជម្រើសភេសជ្ជៈដែលល្អបំផុតចំពោះជំងឺផ្តាសាយ គឺការផឹកទឹកក្តៅឧណ្ហៗឲ្យបានច្រើន។ ជាការពិតណាស់ទឹកក្តៅមិនត្រឹមតែជួយសម្រួលឲ្យអ្នកធូរច្រមុះប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយអាការឈឺបំពង់ក ឈឺក្បាល កង្វះជាតិទឹកក្នុងខ្លួន ព្រមទាំងធ្វើឲ្យសម្រស់ស្បែកក្មេងជាងវ័យផងដែរ។ ប្រសិនបើអ្នកធុញទ្រាន់នឹងការផឹកទឹកក្តៅដដែលៗ អាចងាកមកផឹកតែខ្ញី តែជីរអង្កាម តែក្រូចឆ្មារ ឬបន្ថែមដោយការផឹកទឹកផ្លែឈើស្រស់ដូចជា ទឹកក្រូចពោធិ៍សាត់ ទឹកប៉េងប៉ោះ សុទ្ធសឹងជាភេសជ្ជៈសម្បូរទៅដោយវីតាមីនចម្រុះ ពិសេសវីតាមីន C មានអត្ថប្រយោជន៍ខ្ពស់ក្នុងការព្យាបាលជំងឺផ្តាសាយ។
• ជំហានទី៥៖ អំឡុងពេលកើតជំងឺផ្តាសាយ ការជ្រើសរើសរបបអាហារទទួលទាន គឺជាកត្តាមួយដ៏ចាំបាច់ដែលអ្នកជំងឺគ្រប់រូបគួរគប្បីយកចិត្តទុកដាក់។ ត្រូវប្រាកដថា ទទួលទានតែអាហារក្តៅ ពិសេសស៊ុបមាន់ និងផ្លែឈើផ្ទុកទៅដោយវីតាមីន C ដូចជា ពពួកក្រូច ម្ទេសប្លោក ស្ត្រូបូរី ប៉េងប៉ោះ ម្នាស់ ខាត់ណាខៀវ ល្ហុង និងត្របែក។ គួរជៀសវាងភេសជ្ជៈទឹកកក និងអាហារបែបក្លាសេ។
• ជំហានទី៦៖ ប្រសិនបើអ្នកមានអារម្មណ៍វិលមុខ ធីងធោង អ្នកអាចជ្រើសរើសការងូតទឹកក្តៅឧណ្ហៗ ឬស្ទីម ដែលវាអាចជួយឲ្យអ្នកមានអារម្មណ៍ស្រួលខ្លួន ក៏ដូចជាធ្វើឲ្យច្រមុះដកដង្ហើមស្រួលផងដែរ។ អ្នកអាចអនុវត្តនៅផ្ទះដោយខ្លួនឯងក៏បាន ឬប្រសិនបើមិនចង់រៀបចំស្មុគស្មាញច្រើនអាចឆ្ពោះទៅកន្លែងស្ប៉ាផ្ទាល់ដែលមានទាំងការស្ទីម សូណា ម៉ាស្សា និងត្រាំទឹកក្តៅទឹកត្រជាក់មួយកំភ្លេ។
• ជំហានទី៧៖ ក្រៅពីការងូតទឹកក្តៅ អ្នកក៏អាចងាកមកបន្ថែមវិធីស្អំច្រមុះ ធានាថាកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់។ អ្នកអាចប្រើកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗក៏បាន ឬប្រើថង់ស្អំទឹកក្តៅឧណ្ហៗក៏បាន ដោយគ្រាន់តែយកមកដាក់ស្អំនៅលើច្រមុះសងខាងជាការស្រេច។ ការអនុវត្តបែបនេះ អាចជួយឲ្យច្រមុះដកដង្ហើមធូរ និងធូរស្បើយពីអាការឈឺក្បាល។
និយាយជារួម ការជ្រើសរើសវិធីព្យាបាលជំងឺផ្តាសាយបែបធម្មជាតិគឺជាវិធីមួយដ៏ល្អប្រសើរដែលអាចបញ្ចៀសអ្នកពីសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ប៉ុន្តែជាមួយគ្នានេះដែរមានករណីចាំបាច់មួយចំនួនដែលអ្នកគួរតែទៅជួបគ្រូពេទ្យដូចជា នៅពេលកំដៅខ្លួនឡើងដល់ជាង ៣៩ អង្សា ឈឺច្រើនជាង ១០ថ្ងៃ ពិបាកដកដង្ហើម ហ៊ឹងត្រចៀក វង្វេងស្មារតី ចុកពោះ ក្អួតញឹកញាប់ និងហើមថ្គាមជាដើម៕
Article by HEM SOKKHIM