×

ឆៃថាវក្រហម ក្រៅ​ពី​បន្លែ​ទទួល​ទានក៏​អាច​ជា​គ្រឿង​តុបតែង និង​រូបមន្ត​រក្សា​សម្រស់

TRAVEL & LIVING 3 years ago
 
 

​            ឆៃថាវ​ក្រហម​ដែល​ពាក្យ​ជា​ភាសា​អង់គ្លេស​ហៅថា​ ​Beet​root​ ​គឺជា​បន្លែ​មើម​មួយ​ប្រភេទ​មាន​ពណ៌​ក្រហមឆ្អៅ​រសជាតិ​ផ្អែម​អាច​ហូប​ឆៅ​ឬ​ឆ្អិន​ ​ភាគច្រើន​ខ្មែរយើង​មិនសូវ​ជា​ស្គាល់​ប៉ុន្មាន​នោះ​ទេ​ ​ប៉ុន្តែ​វា​រមែង​បង្ហាញ​វត្តមាន​លើ​មុខម្ហូប​បរទេស​ ​មាន​ទាំង​នំ​ ​បង្អែម​ ​និង​ភេសជ្ជៈ​ផង​ដែរ​។​ ​ឆៃថាវ​ក្រហម​ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រភព​បន្លែ​សុខភាព​ដ៏​អស្ចារ្យ​ដោយសារ​វា​បាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ខ្ពស់​ពពួក​ ហ្វូ​ឡែ​ត​ ប៉ូ​តា​ស្យូ​ម​ ​វីតាមីន​ C ហ្វៃ​ប័​រ​ ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ដែល​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​ចំពោះ​សុខភាព​និង​សម្រស់​ជាង​បន្លែ​មើម​ដទៃ​។​ ​ប្លែក​សព្វ​មួយដង​ ​នៅ​ក្នុង​អត្ថបទ​សម្រស់​សម្រាប់​លេខ​ថ្មី​នេះ​ ​សូវ​រី​ន​ ​បាន​នាំ​យក​នូវ​អាថ៌កំបាំង​ថ្មី​មួយ​បន្ថែម​ទៀត​ ​ដែល​ជា​ការ​ជ្រើស​យក​បន្លែ​ឆៃថាវ​ក្រហម​មក​ច្នៃ​ធ្វើជា​រូបមន្ត​រក្សា​សម្រស់​ដោះស្រាយបញ្ហា​ផ្សេងៗ​នៅ​លើ​ស្បែក​ ​ពិសេស​ថែមទាំង​ច្នៃ​ធ្វើជា​គ្រឿង​តុបតែង​មុខជា​មួយ​ពណ៌​ដ៏​ស្រស់​ស្អាត​ពី​ធម្មជាតិ​របស់​វា​។​

​            ​ច្នៃ​ជា​គ្រឿង​តុបតែង​មុខ​
​            • ម្សៅ​ពណ៌​ផាត់​ថ្ពាល់​៖​ ​ធ្វើ​ម្សៅ​ពណ៌​ផាត់​ថ្ពាល់​ដោយខ្លួនឯង​ដោយ​គ្រាន់តែ​មាន​ឆៃថាវ​ក្រហម​តែ​២​ទៅ​៣​មើម​ប៉ុណ្ណោះ​។​ ​ចំពោះ​វិធី​ធ្វើ​ដំបូង​យើង​ត្រូវ​យក​ឆៃថាវ​ក្រហម​ទៅ​ស្ងោរ​ក្នុង​ទឹកពុះ​រយៈពេល​ប្រមាណ​១​០​នាទី​ ​បន្ទាប់មក​បក​សម្បក​ចេញ​ហើយ​កាត់​ជា​ចំណិត​ស្តើង​ៗ​រួច​យកទៅ​ដាក់​ហាល​ស​ម្ងួ​ត​ក្រោម​ក​ម្តៅ​ថ្ងៃ​រយៈពេល​៨​ថ្ងៃ​។​ ​ក្រោយ​ហាល​ស្ងួត​ល្អ​ហើយ​យើង​យក​វា​មក​ដាក់​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​ឲ្យ​ល្អិត​ឡើង​ម៉ដ្ត​ខៃ​ ​នោះ​យើង​នឹងបាន​ម្សៅ​ពណ៌​ផាត់​ថ្ពាល់​ពណ៌​ឈូក​បែក​ក្រហម​យ៉ាង​ស្រស់​ស្អាត​។​

​            • ក្រែម​លាប​បបូរមាត់​៖​ ​ដើម្បី​សម្រាំង​ឆៃថាវ​ក្រហម​ក្លាយ​ជា​ក្រែម​បាន​ដំបូង​យើង​ត្រូវ​យក​ឆៃថាវ​ចំនួន​២​មើម​ចិត​សម្បក​ឲ្យ​ស្អាត​កាត់​ដុំ​តូច​ៗ​រួច​យកទៅ​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​ឲ្យ​ម៉ដ្ត​ឡើង​ខាប់​។​ ​បន្ទាប់មក​យក​ឆៃថាវ​កិន​រួច​នោះ​មក​ចាក់​លើ​ស្បៃ​ពូត​ត្រង​យក​តែ​ទឹក​។​ ​ធ្វើការ​ត្រង​ម្តង​ជា​ពីរដង​ដើម្បីឲ្យ​អស់​កាក​និង​ក​ម្ទេ​ច​សាច់​ឆៃថាវ​។​ ​ចាប់ផ្តើម​បើកភ្លើង​ដាំ​ឆ្នាំង​ក​ម្តៅ​សម​ល្មម​ចាក់ទឹក​ឆៃថាវ​ចូល​ធ្វើការ​កូរ​រហូត​រីង​ឡើង​ខាប់​ទឹក​ទើប​លើក​ចុះ​។​ ​ដួស​ទឹក​ខាប់​ៗ​ដាក់​ក្នុង​កូនចាន​មួយ​រួច​យក​ក្រមួន​លាប​ស្បែក​របស់​ផលិតផល​ ​Vase​line​ ​ដាក់​ចូល​បន្តិច​ឬ​សមល្មមនឹង​បរិមាណ​ទឹក​ខាប់​នោះ​ ​កូរ​ចូលគ្នា​ឲ្យ​សព្វ​។​ ​ជំហាន​ចុងក្រោយ​គ្រាន់តែ​ដួស​ដាក់​ក្នុង​ក្លង​តូច​ៗ​និង​យកទៅ​ដាក់​ក្លា​សេ​ក្នុង​ទូរ​ទឹកកករ​យៈ​ពេល​ប្រមាណ​កន្លះម៉ោង​ជាការស្រេច​។​ ​ក្រែម​ធម្មជាតិ​នេះ​បើ​ទុក​ក្នុង​ទូរ​ទឹក​ក​អាច​​​រក្សា​គុណភាព​បាន​រហូតដល់​ទៅ​ ​៦​ខែ​។​ ​អាច​ប្រើ​លាប​បាន​ទំា​ង​បបូរមាត់​និង​លាប​បន្ថែម​ពណ៌​នៅ​លើ​ថ្ពាល់​ផង​ដែរ​។​

​            • ​ពណ៌​ផាត់​ភ្នែក​៖​ ​រូបមន្ត​ពណ៌​ផាត់​ភ្នែក​យើង​ធ្វើ​ដូច​ទៅ​នឹង​រូបមន្ត​ធ្វើ​ក្រែម​បបូរមាត់​ដែរ​ ​គ្រាន់តែ​ដល់​ត្រង់​ចំណុច​ដាក់ភ្លើង​រម្ងាស់​ទឹក​ឆៃថាវ​ ​យើង​ត្រូវ​រម្ងាស់​ឲ្យ​ខាប់​ជាង​មុន​ ​និង​ក្រោយមក​មិន​ចាំបាច់​លាយ​ជាមួយ​អ្វី​បន្ថែម​ទៀត​ទេ​ ​គ្រាន់តែ​ដួស​ដាក់​ក្នុង​ប្រអប់​ឬ​ក្លង​តូច​ៗ​ហើយ​ដាក់​ស​ម្ងួ​ត​ចោល​រយៈពេល​១​អាទិត្យ​រហូត​ឃើញ​កក​ល្អ​ជាការស្រេច​។​

​            ​រូបមន្ត​រក្សា​សម្រស់​
​            ​មិន​ខុស​ពី​បន្លែ​ផ្លែឈើ​ដទៃ​ ​ក្រៅពី​ទទួលទាន​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ ​និង​សម្រស់​ពី​ខាងក្នុង​ហើយ​នោះ​ ​យើង​ក៏​អាច​​​យក​ឆៃថាវ​ក្រហម​មក​បង្កើត​ជា​រូបមន្ត​រក្សា​សម្រស់​ពី​ខាងក្រៅ​ឲ្យ​កាន់តែ​ផូរផង់​ផង​ដែរ​។​ ​សម្រាប់​សម្រស់​ស្បែក​ផ្នែក​ខាងក្រៅ​ ​សូវ​រី​ន​បាន​ស្រាវជ្រាវ​ដោយ​ផ្តោត​ទៅលើ​ស្បែក​មុខ​ ​និង​បង្កើត​ជា​រូបមន្ត​តម្រូវ​ទៅតាម​ប្រភេទ​បញ្ហា​ដែល​កើតឡើង​នៅ​លើ​ស្បែក​។​ ​ចុះចំណោម​បញ្ហា​ស្បែក​ខាងក្រោម​នេះ​ ​តើ​មួយ​ណា​ជា​បញ្ហា​ដែល​អ្នក​កំពុង​ជួបប្រទះ​?

​            • ស្បែក​ស្ងួត​៖​ ​យើង​ដឹង​ហើយ​ថា​ឆៃថាវ​ក្រហម​មាន​ផ្ទុក​យ៉ាង​ច្រើន​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​ជួយ​ជំរុញ​ដល់​លំ​ហូរ​ឈាម​នៅ​ក្នុង​រាងកាយ​។​ ​ដើម្បី​បង្កើត​រូបមន្ត​រក្សា​សម្រស់​សម្រាប់​ស្បែក​ស្ងួត​ ​យើង​ត្រូវ​មាន​គ្រឿងផ្សំ​ដូចជា​ ​ទឹកដោះគោឆៅ​១​ស្លាបព្រា​កាហ្វេ​ ​ប្រេង​អា​ល់ម៉ុ​ន​ឬ​ប្រេងដូង​២​ទៅ​៣​តំណក់​ ​និង​ទឹក​ឆៃថាវ​ក្រហម​ស្រស់​ចំនួន​២​ស្លាបព្រា​កាហ្វេ​។​ ​ធ្វើការ​លាយ​គ្រឿងផ្សំ​ទាំងប៉ុន្មាន​ចូលគ្នា​ឲ្យ​សព្វ​ ​បន្ទាប់មក​យកមក​លាប​ពេញ​ផ្ទៃមុខ​និង​ប្រើ​ម្រាមដៃ​ម៉ា​ស្សា​រយៈពេល​២​នាទី​ ​រួច​ទុកចោល​រយៈពេល​១​០​នាទី​ទៀត​ទើប​លាង​ជម្រះ​ទឹក​ចេញ​ ​នោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ភ្លាម​ៗ​ជា​ទីគាប់ចិត្ត​។​

​            • ​ស្បែក​គ្រើម​៖​ ​ដើម្បី​កែប្រែ​ស្បែក​គ្រើម​ស្រអាប់​ឲ្យ​មក​ទន់​រលោង​ភ្លឺ​ថ្លា​វិញ​ ​យើង​អាច​ប្រើ​រូបមន្ត​ដែល​មាន​គ្រឿងផ្សំ​តែ​ពីរ​មុខ​ប៉ុណ្ណោះ​គឺ​ ​ម្សៅ​សម្បក​ក្រូច​ ​និង​ ​ទឹក​ឆៃថាវ​ក្រហម​។​ ​យក​ចានគោម​មួយ​ដាក់​ម្សៅ​សម្បក​ក្រូច​២​ស្លាបព្រា​កាហ្វេ​លាយ​ជា​មួយទឹក​ឆៃថាវ​ក្រហម​១​ស្លាបព្រា​កាហ្វេ​កូរ​ចូលគ្នា​រហូត​ឡើង​ខាប់​ ​បន្ទាប់មក​យក​ល្បាយ​នោះ​ម​កលាប​លើ​ផ្ទៃមុខ​ទុក​រយៈពេល​១​៥​នាទី​ ​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ត្រជាក់​។​ ​អនុវត្ត​មួយថ្ងៃ​ឆ្លាស់​មួយថ្ងៃ​រយៈពេល​មួយ​ស​ប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​

​            • ​ស្បែក​ខ្លោច​ ​៖​
​ការ​ដើរ​ក្រោម​ក​ម្តៅ​ថ្ងៃ​ដោយ​គ្មានអ្វី​បិតបាំង​នឹង​បង្ក​ឲ្យ​ស្បែក​រង​ការ​បំផ្លាញ​ឡើង​ជាំ​ខ្មៅ​ ​និង​ស្លេកស្លាំង​ ​ហើយ​ចំណោម​ឱសថ​ធម្មជាតិ​ដែល​អាច​ព្យាបាល​បញ្ហា​នេះ​បាន​គឺ​ឆៃថាវ​ក្រហម​នេះឯង​។​ ​យក​ទឹក​ឆៃថាវ​ស្រស់​១​ស្លាបព្រា​កាហ្វេ​លាយ​ជាមួយ​យ៉ា​អួ​រ​១​ស្លាបព្រា​បាយ​ ​បន្ទាប់មក​លាប​ម៉ា​ស្សា​លើ​ផ្ទៃមុខ​ ​និង​ទុកចោល​រយៈពេល​២​០​ទៅ​២​៥​នាទី​រួច​លាង​ជម្រះ​ទឹក​ចេញ​។​ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​គប្បី​អនុវត្ត​ពី​២​ទៅ​៣​ដង​ក្នុង​មួយ​ស​ប្តាហ៍​។​

​            • ​រង្វង់ភ្នែក​ខ្មៅ​៖​
​ទោះបី​ឆៃថាវ​ក្រហម​មាន​ពណ៌​ក្រហមក្រមៅ​ ​ប៉ុន្តែ​ពណ៌​ក្រហមក្រមៅ​នេះ​ហើយដែល​វា​មាន​សមត្ថភាព​ក្នុង​ការ​លុបបំបាត់​រង្វង់ភ្នែក​ខ្មៅ​បន្តិចម្តងៗ​រហូត​គ្មាន​សេសសល់​។​ ​អនុវត្ត​យក​ទឹក​ឆៃថាវ​ក្រហម​១​ស្លាបព្រា​កាហ្វេ​លាយ​ជាមួយ​ប្រេង​អា​ល់ម៉ុ​ន​២​ទៅ​៣​តំណក់​ ​បន្ទាប់មក​លាប​ម៉ា​ស្សា​លើ​រង្វង់ភ្នែក​ខ្មៅ​ ​និង​ទុក​រយៈពេល​១​៥​នាទី​ ​ទើប​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ត្រជាក់​។​

​            • ស្នាម​ជ្រីវជ្រួញ​៖​
​មើម​ឆៃថាវ​ក្រហម​ត្រូវ​បាន​គេ​រក​ឃើញ​ថា​វា​បាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ពី​ធម្មជាតិ​ដែល​មាន​សមត្ថភាព​ខ្ពស់​អាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ ​និង​ការ​ឡើង​ស្នាម​ឆ្នូតៗ​នៃ​សញ្ញា​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​មាន​ផលិតផល​ភាគ​តិចណាស់​ដែល​ប្រើប្រាស់​ឆៃថាវ​ក្រហម​ជា​គ្រឿងផ្សំ​ដើម្បី​ក​ម្ចាត់​ស្នាម​ជ្រួញ​ ​ប៉ុន្តែ​យើង​អាច​ទាញ​ប្រយោជន៍​មក​ដោះស្រាយបញ្ហា​នេះ​បាន​ដោយ​គ្រាន់តែ​យក​ឆៃថាវ​ក្រហម​កិន​ជាមួយ​ទឹកឃ្មុំ​បង្កើត​ជា​ម៉ា​ស​ ​បន្ទាប់មក​លាប​លើ​ផ្ទៃមុខ​ទុកចោល​រយៈពេល​ពី​១​៥​ទៅ​២​០​នាទី​ ​រួច​លាង​ទឹក​ជម្រះ​ចេញ​ជាការស្រេច​។​ ​អនុវត្ត​ជាប់​ជាប្រចាំ​ត្រឹម​រយៈពេល​២​ទៅ​៣​ស​ប្តាហ៍​អ្នក​នឹង​ឃើញ​ថា​ស្នាម​ជ្រីវជ្រួញ​នឹង​ចាប់ផ្តើម​កាត់បន្ថយ​។​

​            • បញ្ហា​មុន​៖​
​មើម​ឆៃថាវ​ក្រហម​គឺជា​មេ​ច​ម្បាំ​ង​រាល់​បញ្ហា​មុន​តូច​ធំ​នៅ​លើ​ផ្ទៃមុខ​រួម​ទាំង​ស្នាម​អុជ​ខ្មៅ​។​ ​ធ្វើការ​កិន​ឆៃថាវ​ក្រហម​ជាមួយ​ល្មៀត​និង​បន្ថែម​ដោយ​ទឹកឃ្មុំ​ឲ្យ​ក្លាយ​ជា​ល្បាយ​តែមួយ​។​ ​អនុវត្ត​រៀងរាល់​យប់​មុន​ពេល​ចូលគេង​ដោយ​យក​ល្បាយ​នេះ​ម​កលាប​លើ​ផ្ទៃមុខ​ទុក​រយៈពេល​១​៥​ទៅ​២​០​នាទី​រួច​លាង​ជម្រះ​ទឹក​ចេញ​។​

​            • ​ពណ៌​ស្បែក​មិន​ស្មើគ្នា​៖​
​នៅ​ពេល​ស្បែក​ឡើងពណ៌​ក្រហមក្រមៅ​ដុំ​ៗ​មិន​ស្មើគ្នា​ ​វា​នឹង​ធ្វើឲ្យ​ស្រស់​មុខ​កាន់តែ​យ៉ាប់យ៉ឺន​ជាង​បញ្ហា​មុខ​មុន​ទៅទៀត​។​ ​ជា​សំណាងល្អ​ឆៃថាវ​ក្រហម​ជា​ឱ​ស​ធម្មជាតិ​ដែល​អាច​ព្យាបាល​ទៅលើ​បញ្ហា​នេះ​។​ ​អនុវត្ត​រៀងរាល់ថ្ងៃ​មុន​ពេល​ចូលគេង​ ​ដោយ​យក​សំឡី​ជ្រលក់​ទឹក​ឆៃថាវ​ក្រហម​ ​រួច​ដាក់​ផ្តិត​លើ​កន្លែង​ឡើងពណ៌​មិន​ស្មើ​ទាំងប៉ុន្មាន​លើ​ផ្ទៃមុខ​ ​ហើយ​ទុកចោល​រហូតដល់​ព្រឹក​ឡើង​ទើប​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ត្រជាក់​។​

​            ជា​រួម​មក​ ​ឆៃថាវ​ក្រហម​ ​គឺជា​បន្លែ​មើម​មួយ​ប្រភេទ​ដែល​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​ចំពោះ​សុខភាព​ ​និង​សម្រស់​។​ ​តាម​ការស្រាវជ្រាវ​របស់​អ្នកជំនាញ​ការ​ទទួលទាន​ឆៃថាវ​ក្រហម​ ​ជាពិសេស​តាមរយៈ​ភេសជ្ជៈ​ទឹក​ស្រស់​ ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ ​ទប់​ស្កាត់​ជំងឺបេះដូង​ ​ជំងឺ​មហារីក​ពោះវៀនធំ​ ​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​ ​ប្រឆាំង​ការ​ហើម​រលាក​ក្នុង​រាងកាយ​ ​ព្យាបាល​ជំងឺ​សន្លាក់​ ​ពង្រឹង​មុខងារ​ថ្លើម​ ​ពង្រឹង​ប្រព័ន្ធ​ការពារ​ ​ផ្តល់​ថាមពល​ ​ការពារ​ទល់លាមក​ ​ពង្រឹង​ប្រព័ន្ធ​រំលាយអាហារ​ ​បង្កើន​ការ​ចងចាំ​ ​ជំនួយ​សុខភាព​ភ្នែក​ ​និង​ជួយ​ជំរុញ​ជាតិពុល​ចេញពី​រាងកាយ​ផង​ដែរ​។​ ​រីឯ​សម្រស់​វិញ​ ​ជួយការ​ពារ​ការ​វិវឌ្ឍ​ន៍​សញ្ញា​ភាព​ចាស់​នៅ​លើ​ស្បែក​ ​ផ្តល់​សំណើម​ដល់​ស្បែក​ ​ជំនួយ​សុខភាព​សក់​ ​រក្សា​រាង​ស្អាត​ ​ការពារ​មុន​តូច​ធំ​ ​និង​ការពារ​ការ​កើត​អង្គែ​លើ​ស្បែក​ក្បាល​។​ ​ថ្វី​ដ្បិត​ឆៃថាវ​ក្រហម​មិនសូវ​ជា​និយម​សម្រាប់​ប្រជាជន​យើង​យកមក​ធ្វើជា​ម្ហូបអាហារ​ប្រចាំថ្ងៃ​ ​ប៉ុន្តែ​យើង​អាច​ទាញ​ប្រយោជន៍​ពី​វា​តាមរយៈ​ការ​ទទួលទាន​ជា​ភេសជ្ជៈ​ទឹក​គាប​ស្រស់​ៗ​ ​រួម​ជាមួយ​ច្នៃ​ធ្វើជា​រូបមន្ត​រក្សា​សម្រស់​ដូច​បាន​រៀបរាប់​នៅ​ខាងលើ​ ​ខណៈ​ដែល​បន្លែ​ប្រភេទ​នេះ​ភាគច្រើន​យើង​អាច​ងាយ​រក​បាន​នៅ​តាម​ផ្សារ​ទំនើប​ជាមួយ​តម្លៃ​សមរម្យ​ផង​ដែរ​៕​ ​

Article by HEM SOKKHIM


SUGGESTIONS