ចាប់ផ្តើមដាំដំណាំងាយៗ៤ប្រភេទនៅជុំវិញផ្ទះដើម្បីសុខភាពផង និង ដើម្បីតម្រូវការបន្លែបង្ការប្រចាំថ្ងៃផង!
TRAVEL & LIVING 3 years agoលោកអ្នកតែងតែឮជាហូរហែកន្លងមកថាបន្លែបង្ការដែលទិញមកពីផ្សារភាគច្រើនជាកសិផលនាំចូលពីប្រទេសជិតខាងដែលមិនមានប្រភពព័ត៌មានច្បាស់លាស់ និងធ្វើឲ្យអ្នកប្រើប្រាស់ក្នុងស្រុកព្រួយបារម្ភអំពីផលប៉ះពាល់របស់បន្លែទាំងនោះចំពោះសុខភាពរបស់ពួកយើងទាំងអស់គ្នា។ អាស្រ័យហេតុនេះ ការដាំបន្លែបង្ការបន្តិចបន្តួចនៅក្បែរៗផ្ទះសម្រាប់ស្លស្លុកប្រចាំថ្ងៃអាចជាជម្រើសឈ្លាសវៃដើម្បីទប់ស្កាត់ហានិភ័យចំពោះសុខភាពជាយថាហេតុ។ ប៉ុន្តែអ្វីដែលលោកអ្នកអាចចោទជាសំនួរនោះគឺត្រង់ថា តើគួរជ្រើសរើសដំណាំណាខ្លះសម្រាប់ដាំដុះ? ហើយបន្លែប្រភេទណាដែលងាយឲ្យផល ក្នុងខណៈដែលលោកអ្នកមិនមានពេលមើលថែទាំដំណាំទាំងនោះគ្រប់គ្រាន់ ឬ មិនសូវយល់ដឹងពីបច្ចេកទេសដាំដុះច្បាស់ផងនោះ? ខាងក្រោមនេះជាបន្លែ៥ប្រភេទដែលគេហទំព័របរទេសជាមគ្គទេសក៍ផ្នែកដាំដុះដោយខ្លួនឯងមានឈ្មោះថា “Morning Chores” បានណែនាំឲ្យសាកល្បងដាំដុះនៅផ្ទះ។
១. សាលាដ :ប្រជាជនយើងនិយមដាំដំណាំសាលាដនៅក្នុងចម្ការជិតៗផ្ទះ ប៉ុន្តែតាមពិតដំណាំនេះអាចដាំបានដោយគ្មានដីចម្ការក៏ដុះដែរ។ យើងអាចដាំសាលាដនៅក្នុងផ្ទះតែម្តង តាមវិធីសាស្រ្តជាច្រើន រួមមាន ទីមួយ ដាំសាលាដចេញពីគល់សាលាដនៅក្នុងចានគោមទឹកក្តៅឧណ្ហៗ (ដល់ពេលវាដុះ ត្រូវផ្ទេរចូលទៅក្នុងផើងផ្កា) ទីពីរ ដាំនៅក្នុងថង់សំរាមដែលចោះប្រហោងតូចៗ (ត្រូវដាក់ចានសំប៉ែតពីក្រោមថង់ដើម្បីត្រងទឹក) ទីបី ដាំក្នុងផើងផ្កាជាលក្ខណៈប្រពៃណីធម្មតា ទីបួន ដាំរបៀបសួនសាលាដចល័ត (ប្រើរទេះរុញមានសណ្ឋានដូចជើងទូរទស្សន៍ដែលអាចរំកិលផ្លាស់ប្តូរទីតាំងបាន) និង ទីប្រាំ ដាំដុះដោយប្រើពន្លឺភ្លើង LED Grow Lights (ដាក់ផើងដាំសាលាដ ឬ ថាសបណ្តុះគ្រាប់សាលាដ នៅលើធ្នើរដែកអ៊ីណុក) ដែលវិធីសាស្រ្តចុងក្រោយនេះសក្តិសមបំផុតសម្រាប់កន្លែងដែលគ្មានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់។ ចំពោះប្រភេទសាលាដដែលគួរដាំមានដូចជា សាលាដរ៉ូម៉េន (Romaine) សាលាដអាយស៍បឺហ្គ (Iceberg) និង សាលាដស្លឹក (Leaf Lettuce) ។ ដំណាំនេះងាយស្រួលដាំ ព្រោះវាមិនសូវរើសអាកាសធាតុ។ នៅប្រទេសត្រជាក់ធ្លាក់ព្រិល ក៏សាលាដនៅតែអាចរស់បាន ដោយគ្រាន់តែយកថង់ប្លាស្ទិក ឬ ក្រណាត់ទៅគ្របពីលើវាជាការស្រេច។ ចំណុចពិសេសផ្សេងទៀតនោះ គឺ សាលាដងាយស្រួលក្នុងការបណ្តុះគ្រាប់ ( ដុះក្នុងចន្លោះពី២-១៥ថ្ងៃ) ព្រមទាំងអាចប្រមូលផលបានរហូតរយៈពេលច្រើនខែ។ ប៉ុន្តែយកល្អ លោកអ្នកគួរដាំវាម្តងបន្តិចៗក្នុងរយៈពេល២-៣សប្តាហ៍ម្តង ព្រោះកាលណាដាំច្រើនពេកក្នុងពេលតែមួយ សាលាដនឹងដុះច្រើនពេកក្នុងពេលតែមួយ ប្រើការមិនអស់អាចខូច ហើយកុំភ្លេចដកចោលខ្លះ កុំអោយចង្អៀតរងវាពេក។
២. ស្ពៃអេពីណា ឬ Spinach :គេហទំព័រ Morning Chores បានអះអាងថា ដំណាំស្ពៃអេពីណា ឬ Spinach នេះ គឺជាប្រភេទដំណាំដែលងាយស្រួលដាំជាងគេបង្អស់ក្នុងចំណោមដំណាំដែលងាយស្រួលដាំ។ វិធីសាស្រ្តនៃការដាំដណាំមួយនេះគឺមិនខុសអ្វីពីវិធីសាស្រ្តដាំដំណាំសាលាដស្លឹកខាងលើនោះទេ។ ដំណាំនេះដុះបានល្អនៅលើដីដែលជ្រាបទឹក។ លោកអ្នកត្រូវស្រោចទឹកវាក្នុងរយៈពេល៧-១០ថ្ងៃម្តង ហើយអាចប្រមូលផលវាបានក្នុងចន្លោះពី១ខែកន្លះ ទៅ២ខែ ដូចគ្នានឹងដំណាំសាលាដដែរ។ ស្ពៃអេពីណាមានបីប្រភេទសំខាន់ៗដែលយើងអាចជ្រើសរើសអាស្រ័យទៅតាមអាកាសធាតុនៃកន្លែងដែលលោកអ្នករស់នៅជាក់ស្តែង។ ប្រភេទទីមួយគឺ មានឈ្មោះថា Savoy ដែលជាប្រភេទមានស្លឹករឹងជ្រួញ ហើយធន់នឹងអាកាសធាតុ។ ប្រភេទនេះមិនស៊ាំនឹងអាកាសធាតុក្តៅទេ ព្រោះវាមានស្លឹកជ្រួញខ្លាំងពិបាកលាងសម្អាត។ ប្រភេទទីពីរ គឺ Semi-Savoy (ពាក់កណ្តាល Savoy) ដែលជាប្រភេទមានស្លឹករឹងតែមិនសូវជ្រួញខ្លាំង មិនសូវធន់នឹងអាកាសធាតុដូចប្រភេទទីមួយទេ ប៉ុន្តែវាជាពូជធន់នឹងជំងឺ និង មិនងាយជួបបញ្ហាលូតលាស់លឿនពេក (ចេញគ្រាប់និងផ្កាតែមិនសូវលាស់ស្លឹក)។ ដោយឡែក ប្រភេទទីបីគឺ Flat Leaf ជាប្រភេទស្លឹកសំប៉ែតរលោង ដែលគេពេញនិយមលក់នៅលើ ទីផ្សារច្រើនជាងគេ។ វាអាចដុះបានទាំងនៅក្រោមពន្លឺថ្ងៃក្តៅល្អ ឬ នៅក្នុងម្លប់បន្តិចបន្តួច។ ជាពិសេស វាជាដំណាំអាចបណ្តុះគ្រាប់បានដោយផ្ទាល់។ ចំពោះវិធីសាស្រ្តថែទាំ គឺគ្រាន់តែដកវាចោលខ្លះ នៅត្រង់កន្លែងដែលវាដុះកកកុញច្រើនពេក ដើម្បីឲ្យស្ពៃនីមួយៗលូតលាស់បានរឹងមាំល្អ។ ដំណាំនេះអាចប្រមូលផលបានលឿនជាងសាលាដទៅទៀត គឺ ត្រឹមតែជាងមួយខែ (ប្រមាណ៤០ថ្ងៃ) ប៉ុណ្ណោះ។
៣. ការ៉ុត :ជាទូទៅ ពួកដំណាំមើមជាប្រភេទដំណាំស្រួលដាំ ហើយក្នុងចំណោមនោះដំណាំការ៉ុតជាប្រភេទងាយស្រួលដាំជាងគេបំផុត។ យើងអាចសាបព្រោះបណ្តុះគ្រាប់ទៅក្នុងដីផ្ទាល់ ឬ ក្នុងចានដែកធំមួយក៏បាន។ ចំពោះវិធីសាស្រ្តថែទាំដំណាំមើមមួយនេះ គឺធ្វើយ៉ាងណាក៏ឲ្យដីធូរដើម្បីឲ្យមើមវាមានកន្លែងលូតលាស់រីកធំបានល្អ ពោលគឺចៀសវាងដាក់គ្រាប់ពូជចូលទៅក្នុងដីច្រើនពេក។ នៅពេលដែលគ្រាប់វាដុះចេញមកហើយ ត្រូវដើរដកចេញខ្លះកុំឲ្យវាដុះប្រជ្រៀតគ្នាណែនណាន់តាន់តាប់។ ម្យ៉ាងវិញទៀត ការជ្រើសរើសដីពិតជាសំខាន់ បើដីអ្នកជាប្រភេទដីផុសធូរល្អ វាមិនមែនជាបញ្ហានោះទេ ប៉ុន្តែប្រសិនបើវាជាប្រភេទដីរឹង ដូចជាដីឥដ្ឋ ឬ ដីកកដុំៗ នោះអ្នកត្រូវជ្រើសរើសពូជការ៉ុតដែលធន់ខ្លាំងសមនឹងដីរឹង។ ក្នុងករណីគ្មានដីធំទូលាយ អ្នកអាចសាកល្បងដាំការ៉ុតក្នុងផើងឬធុងធំមួយ(ចំណុះ៥ហ្គាឡុងដែលល្មមអាចដាំដើមឈើមួយដើមបាន)។ ពេលដាំហើយ អ្នកគ្រាន់តែស្រោចទឹកជាទៀងទាត់ និង ដាក់ជីបន្ថែមមួយខែម្តងជាការស្រេច។ ដំណាំនេះអាចប្រមូលផលបានក្នុងរយៈពេលចន្លោះពីមួយខែកន្លះនិងពីរខែ។ លើសពីនេះទៅទៀត វាអាចលូតលាស់ល្អបានជាមួយដំណាំផ្សេងៗទៀត ដូចជា សាលាដ សណ្តែកបារាំង និង ប៉េងប៉ោះ ។ល។
៤. ម្ទេសហាវ៉ៃ :យើងសំដៅលើម្ទេសធំៗដែលយើងនិយមយកទៅធ្វើម្ហូបឆាបន្លែគ្រប់មុខ ឬ ធ្វើសាលាដ រាប់បញ្ចូលទាំងម្ទេសពណ៌បៃតង ពណ៌ក្រហម និងពណ៌លឿង។ ដើម្បីដាំរុក្ខជាតិនេះគេត្រូវបណ្តុះក្នុងរយៈពេលត្រឹមតែចន្លោះពី៨ថ្ងៃដល់២៥ថ្ងៃ ពោលគឺមិនដល់មួយខែផង។ បន្ទាប់មកត្រូវទុកវានៅខាងក្នុងអគារប្រហែលចន្លោះពី៤ទៅ៦សប្តាហ៍មុននឹងយកវាទៅដាក់ហាលថ្ងៃនៅខាងក្រៅ។ ប្រសិនបើលោកអ្នកមិនចង់ចំណាយពេល បណ្តុះវាយូរទេ លោកអ្នកអាចទិញពន្លកដែលដុះស្រាប់ទៅហាងលក់គ្រាប់ពូជតែម្តងក៏បាន។ អ្វីដែលសំខាន់បំផុតសម្រាប់ការដាំដុះដំណាំនេះ គឺពន្លឺព្រះអាទិត្យ ព្រោះម្ទេសហាវ៉ៃត្រូវការពន្លឺថ្ងៃច្រើនជាង៦ម៉ោងក្នុងមួយថ្ងៃ។ ចំពោះប្រភេទដី ដំណាំម្ទេសហាវ៉ៃត្រូវការប្រភេទដីជ្រាបទឹកលាយនឹងជីកំប៉ុស្តិ៍។ ចំណែកការថែទាំវិញ លោកអ្នកគ្រាន់តែស្រោចទឹកជាប្រចាំ ដាក់ជីមួយខែម្តង និងជម្រះស្មៅបំផ្លាញ។ លោកអ្នកអាចប្រមូលផល វាបានក្នុងរយៈពេលយ៉ាងយូរពីរខែ គឺនៅពេលវាប្រែពណ៌ភ្លឺរលោងតាមពណ៌ពូជដែលលោកអ្នកជ្រើសរើសដាំ។ ប្រសិនបើលោកអ្នកក្រប្រមូលផលពេក វានឹងចាប់ផ្តើមស្លកពណ៌ជាមិនខាន៕
Article by Srin Sokmean