បញ្ហាកូវីដ១៩បានរុញច្រានវិចិត្រករខេត្តបាត់ដំបងម្នាក់ឲ្យទទួលបានរង្វាន់មាស
NEWS 3 years agoការប្រកួតប្រជែងស្នាដៃគំនូរបែបសេរីមានឈ្មោះថា White Canvas Art Competition 2020 ដែលត្រូវបានផ្តួចផ្តើមរៀបចំបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាលរបស់ជប៉ុនឈ្មោះថា Social Pass និងទើបតែបញ្ចប់ជាស្ថាពរកាលពីពេលកន្លងទៅថ្មីៗនេះបានរកឃើញបេក្ខនារីជ័យលាភីលេខ១ពានរង្វាន់មាសហើយគឺបានទៅលើលោកស្រី គឿម កូឡាប ដែលជាវិចិត្រករអាជីពមកពីខេត្តបាត់ដំបង។កម្មវិធីប្រកាសលទ្ធផលនិងចែករង្វាន់ជូនដល់បេក្ខជនបេក្ខនារីជ័យលាភីត្រូវបានប្រារព្ធធ្វើឡើងនៅឯវិចិត្រសាលសិល្បៈនៃបរិវេណសណ្ឋាគារ iRoHa Garden Hotel សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០ កន្លងមកនេះ។
ក្នុងចំណោមបេក្ខជនបេក្ខនារីដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងស្នាដៃដណ្តើមយកពានរង្វាន់នៅក្នុងកម្មវិធីខាងលើនេះចំនួនជាង២០០នាក់ ស្នាដៃដ៏លេចធ្លោជាងគេរបស់លោកស្រី គឿម កូឡាប ត្រូវបានវាយតម្លៃដាក់ពិន្ទុយ៉ាងសុក្រិតពីសំណាក់សមាសភាពគណៈមេប្រយោគជំនាញពីររូបដែលក្នុងនោះរួមមាន គឺ លោក ប៉ោយ ឈុនលី ជាគ្រូបង្រៀនសិល្បៈគំនូរ និង គំនូរជីវចលនៅសាលាហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង និងលោក សេង វិសាល ជាគ្រូបង្រៀនគំនូរនៅសាលាសិល្បៈយ៉ាម៉ាដា ក្រុងភ្នំពេញ។ គួរបញ្ជាក់ថា ចំពោះរង្វាន់នៃកម្មវិធីប្រឡងគំនូរសេរីនេះ រង្វាន់ជ័យលាភីត្រូវបានបែងចែកជាពីរ គឺ ជ័យលាភីកុមារ និងជ័យលាភីមនុស្សធំ។ រង្វាន់ជ័យលាភីសំខាន់នៃប្រភេទនីមួយត្រូវបានបែងចែកជាបីចំណាត់ថ្នាក់ទៀត គឺជ័យលាភីលេខ១ ទទួលបានរង្វាន់ Gold Prize លេខ២ ទទួលបានរង្វាន់ Silver Prize និងលេខ៣ ទទួលបានរង្វាន់ Bronze Prize។
ម្ចាស់ជ័យលាភីគំនូរលេខ១ គឿម កូឡាប បានធ្វើការបកស្រាយទៅលើអត្ថន័យនៃផ្ទាំងគំនូរ “ម្ភៃម្ភៃ”របស់ខ្លួនប្រាប់សូវរីនថា “ដោយសារតែបញ្ហាជំងឺកូវីដហ្នឹងជាជំងឺដែលកើតឡើងនៅក្នុងឆ្នាំនេះថ្មីៗ ហើយជីវិតរបស់ខ្ញុំជួបនឹងផលលំបាកយ៉ាងខ្លាំងជាមួយនឹងឆ្នាំដែលកើតកូវីដហ្នឹង។ មិនថាតែខ្ញុំទេ គឺប្រជាជនទូទាំងពិភពលោក គាត់ទទួលរងទុក្ខវេទនា ព្រាត់ប្រាស់គ្រួសារ ព្រមទាំងការចាយវាយសព្វគ្រប់បែបយ៉ាងដែលធ្វើឲ្យពិភពលោកភ័យខ្លាចតក់ស្លុត […] ” ។ ផ្អែកលើគោលគំនិតផ្សារភ្ជាប់នឹងបញ្ហាពិភពលោកដ៏កាចសាហាវនេះ លោកស្រីបានរំលេចចេញជាផ្ទាំងគំនូរមួយដែលមានរូបស្រ្តីខ្មែរម្នាក់កំពុងអង្គុយសោយសោកសញ្ជប់សញ្ជឹងពោរពេញទៅដោយភាពឯកាក្នុងបន្ទប់ឃុំឃាំងខ្លួន ព្រាត់ឆ្ងាយពីស្វាមីដែលជាជនបរទេសដែលស្តែងឡើងតាមរយៈរូបថតអនុស្សាវរីយ៍ដែលដាក់តាំងចំទល់មុខកៅអីដែលនាងអង្គុយតែម្តង។ នាងអង្គុយក្នុងទិសដៅផ្ទុយនឹងបង្អួចបើក ដែលតំណាងឲ្យភាពស្រេកឃ្លានសេរីភាពក្នុងការដើរហើរ ឬ ចូលប្រឡូកក្នុងជីវិតសង្គមខាងក្រៅ។ទន្ទឹមនឹងនេះគំនូរនេះក៏មានបង្ហាញពីវត្តមានដបអាល់កុលនិងដបជែលលាងដៃ នៅក្បែរស្រ្តីក្នុងគំនូរនោះ ដែលវិចិត្រករចង់ឆ្លុះបញ្ចាំងពីការចាប់ផ្តើមប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលឆ្លងនៃជំងឺកូវីដ ១៩ ដែលមនុស្សគ្រប់រូបចាំបាច់ត្រូវដាក់តាមខ្លួនជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងជាសហគមន៍។ រីឯក្រដាសរាយប៉ាយនៅលើកម្រាលវិញ គឺជាបញ្ហាវិបត្តិហិរញ្ញវត្ថុទ្រង់ទ្រាយធំដែលបាននិងកំពុងកើតឡើងចំពោះមនុស្សជាច្រើននាក់ជុំវិញពិភពលោកដែលកំពុងតែជាប់បំណុលធនាគារ អត់មានការងារធ្វើ ឬ បិទអាជីវកម្មរបស់ក្រុមហ៊ុនរបស់ខ្លួនក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩ នេះ។
តាមរយៈគំនូរប្រកបដោយអត្ថន័យជ្រាលជ្រៅនេះហើយ លោកស្រី គឿម កូឡាប បានឈ្នះពាន Gold Prize ហើយទទួលបានលិខិតវិញ្ញាបនបត្រ១សន្លឹកពីអង្គការ Social Pass ទឹកប្រាក់រង្វាន់ចំនួន១ពាន់ ដុល្លារ និង កុំព្យូទ័រយួរដៃផលិតដោយកូនខ្មែរម៉ាក Koompi ១ គ្រឿង គួរឲ្យរំភើបរីករាយជាពន់ពេក។ ត្រឡប់ទៅកាន់ជីវិតមុនពេលចូលរួមក្នុងការប្រកួតប្រជែងនេះ លោកស្រីមាននិស្ស័យខាងសិល្បៈគំនូរតាំងពីអាយុ៦ឆ្នាំមកម្ល៉េះ។ លោកស្រីធ្លាប់ប្រឡងជាប់ផ្នែកគំនូរកុមារកាលពីនៅកុមារភាព ហើយគូររូបឲ្យមិត្តភក្តិរួមថ្នាក់ជាថ្នូរនឹងថវិកាបន្តិចបន្តួច ឬ នំចំណី។ ក្នុងអំឡុងឆ្នាំ២០០៤-២០០៦លោកស្រីបានរៀនផ្នែកគំនូរផាត់ពណ៌នៅសាលាហ្វារពន្លឺសិល្បៈ ហើយចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ លោកស្រីបានចាប់យកជំនាញគំនូរជីវចល ឯកទេសរចនារូបទេសភាពឆាក (Background Design) បន្ថែមមុននឹងទៅបន្តការសិក្សាផ្នែកគំនូរនៅប្រទេសបារាំងរហូតដល់ឆ្នាំ២០១៤។ លោកស្រីជាសិល្បការិនីពហុជំនាញប្រចាំខេត្តបាត់ដំបង ហើយធ្លាប់បានបង្ហាញស្នាដៃក្នុងកម្មវិធីពិព័រណ៍ផ្សេងៗជាច្រើនលើកទាំងក្នុងនិងក្រៅប្រទេស៕
Article by SRIN SOKMEAN
Image Courtesy: Kong Siden