×

មក​ស្គាល់​ប្រវត្តិ​ និង​ទ​ស្សនៈ​របស់​ស្ថាបនិក​ទំព័រ​ហ្វេសប៊ុក​រៀន​ថត​

NEWS 2 months ago

            ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​មិត្ត​យុវវ័យ​កម្ពុជា​ជាច្រើន​ធ្លាប់​បាន​ស្គាល់​រួចមក​ហើយ​ថា​ទំព័រ​ “​រៀន​ថត​” ​នោះ​ ​សព្វថ្ងៃ​មាន​ចំនួន​ការ​តាមដាន​ទស្សនា​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​រហូតដល់​ទៅ​​​ជាង​៥​០​ម៉ឺន​គណនី​ដែល​ជា​ស្ថិតិ​មួយ​ដ៏​ច្រើន​សម្បើម​គួរឲ្យ​កត់​សម្គាល់​ ​ជាពិសេស​សម្រាប់​វិ​ស័​យ​ថតរូប​ក្នុង​ប្រទេស​កម្ពុជា​យើង​តែម្តង​។​ ​ស្ថាបនិក​ផេ​ក​ “​រៀន​ថត​” ​ក៏​ត្រូវ​បាន​មហាជន​ស្គាល់​ ​ហើយ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុងចំណោម​សង្គម​អ្នកថតរូប​ក្នុងស្រុក​តាមរយៈ​ការ​បង្ហោះ​វីដេអូ​ឬ​ការ​ចែករំលែក​ចំណេះ​ដឹង​ជាបន្តបន្ទាប់​មិនសូវ​ចេះ​ដាច់​រហូតមកដល់​បច្ចុប្បន្ន​។​

            ​លោក​ ​ឆេង​ ​សុភ័ក្ត្រ​ ​ហៅ​ “​ពូ​ជ្រួញ​” ​ស្ថាបនិក​ផេ​ក​ដ៏​ពេញ​និយម​ខាងលើ​ ​កើត​នៅ​ឆ្នាំ​១​៩​៨​៦​ ​នៅ​ ​ទឹកដី​ជំ​រំសាយ​ធូ​ ​ប្រទេស​ថៃ​។​ ​នៅ​ឆ្នាំ​១​៩​៩​១​ ​លោក​បាន​ត្រឡប់មក​រស់នៅ​ក្រុង​សិរីសោភ័ណ​ ​ខេត្ត​បន្ទាយ​មានជ័យ​ជាមួយ​ក្រុម​គ្រួសារ​។​ ​លោក​បាន​បញ្ចប់​ការសិក្សា​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​នៅ​ប្រទេស​កម្ពុជា​មុននឹង​លោក​ទទួល​បាន​អាហារូបករណ៍​ចេញទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ន័​រ​វេ​ស​។​ ​ក្រោយមក​ទៀត​ ​លោក​បាន​បន្ត​ទៅ​សិក្សា​នៅ​ឯ​សហរដ្ឋអាមេរិក​ចន្លោះ​ឆ្នាំ​២​០​០​៧​ដល់​ឆ្នាំ​២​០​១​២​។​ ​នៅ​បរទេស​ ​លោក​បាន​ចាប់​យក​ជំនាញ​សិក្សា​ចំនួន​បី​មុខ​គឺ​ ​វិទ្យា​សា​ស្រ្ត​កុំព្យូទ័រ​ ​ទស្សនវិជ្ជា​ ​និង​សិល្បៈស្ទូ​ឌី​យ៉ូ (​Studio​ ​Art​) ​ប៉ុន្តែ​ក្រោយមក​ ​លោក​ក៏បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ជំនាញ​វិទ្យា​សា​ស្រ្ត​កុំព្យូទ័រ​មួយ​ចេញ​ដោយសារ​លោក​រក​ឃើញ​ថា​វា​មិនមែន​ជា​ឧបនិស្ស័យ​និង​ទេព​កោ​ល​សល្យ​របស់​លោក​។​

            នៅ​ពេល​លោក​កំពុង​រៀន​ថ្នាក់​ទី​៥​នៅ​ខេត្ត​ ​លោក​បាន​រើស​បាន​ម៉ាស៊ីនថតរូប​ចាស់​មួយ​ ​ហើយ​លោក​ក៏បាន​ចាប់ផ្តើម​យក​វា​ចេះ​ដើរ​ថត​លេង​។​ ​ម្យ៉ាង​វិញទៀត​ ​កាលពី​រស់នៅ​ជំរំ​ ​មាន​ជាង​ថតរូប​ខាង​កាសែត​ម្នាក់​នៅ​ថតរូប​នៅ​ក្នុង​ជំរំ​នោះ​ ​ហើយ​លោក​តែងតែ​ចូលចិត្ត​មើល​រូបថត​ដែល​គាត់​ថត​ទាំងនោះ​។​ ​លើស​ពីនេះទៅ​ទៀត​ ​នៅ​ពេល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​ន័​រ​វេ​ស​ ​លោក​យល់ថា​ទេសភាព​នៅ​ទីនោះ​មាន​សភាព​ស្រស់​ស្អាត​មែនទែន​ដែល​ជា​កត្តា​ជំរុញ​ខ្លាំង​ដល់​ការ​ថតរូប​របស់​លោក​។​ ​នៅ​អំឡុង​ឆ្នាំ​២​០​០​៦​-​២​០​០​៧​ ​ដែល​កាលនោះ​លោក​រៀន​ជិត​ចប់​នៅ​ប្រទេស​ន​័​រ​វេ​ស​ ​លោក​បាន​សុំ​កា​ដូ​ប្រាក់​ទិញ​កុំព្យូទ័រ​យួរ​ដៃ​ពី​ឪពុក​ម្តាយ​របស់​លោក​ជា​ថ្នូរ​នឹង​ការ​ប្រឡងជាប់​អាហារូបករណ៍​ទៅ​អាមេរិក​ ​ហើយ​លោក​គាត់​ក៏​យល់ព្រម​ផ្ញើ​ប្រាក់​ឲ្យ​លោក​ទិញ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ការពិត​លោក​យក​ប្រាក់​នោះ​ហើយ​ទៅ​ទិញ​កា​មេ​រ៉ា​ថតរូប​ទៅវិញ​ ​ប៉ុន្តែ​ជា​សំណាងល្អ​ដែល​ពេល​នោះ​ ​សាលា​បាន​ឧបត្ថម្ភ​កុំព្យូទ័រ​មួយ​គ្រឿង​ឲ្យ​លោក​រួម​ជាមួយ​អា​ហា​រូ​ករ​ណ៍​នោះ​ស្រាប់តែ​ម្តង​ធ្វើឲ្យ​លោក​បាន​សម្រេច​បំណង​ទាំងពីរ​ដោយ​គ្មាន​បញ្ហា​ជាមួយ​ក្រុម​គ្រួសារ​។​

            ​នៅ​ពេល​ត្រឡប់មក​ស្រុកខ្មែរ​វិញ​ ​លោក​បាន​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​នោះ​គឺ​កា​របើក​ជំនួញ​សេវា​ ​កម្ម​ថតរូប​សម្រាប់​អាពាហ៍ពិពាហ៍ ​(​Pre​-​Wedding​)​។​ ​ទោះបីជា​យ៉ាងណា​ក៏​អាជីព​ថតរូប​នៅតែ​ជា​ផ្នត់គំនិត​ ​អវិជ្ជមាន​នៅឡើយ​នៅ​ក្នុង​សង្គម​ខ្មែរ​នៅ​ជំនាន់​នោះ​ ​ពោល​គឺ​ជាក់ស្តែង​ឪពុក​ម្តាយ​របស់​លោក​ផ្ទាល់​ធ្លាប់​ ​បាន​ចាត់​ទុក​ការងារ​នេះ​ប្រដូច​ទៅ​នឹងជា​ង​ថតរូប​នៅមុខ​វាំង​ខណៈ​ដែល​ពួកគាត់​មានបំណង​ប្រាថ្នា​ចង់ឲ្យ​ ​រូបលោក​ចាប់​យក​ជំនាញ​ផ្នែក​ច្បាប់​ទៅវិញ​។​ ​នៅពេលដែល​លោក​បាន​ស្ទូ​ឌី​យ៉ូ​ផ្ទាល់ខ្លួន​នោះ​ដែរ​ ​លោក​ក៏​ ​បាន​សង្កេតឃើញ​ថា​ វិ​ស័​យ​ថតរូប​ត្រៀម​អាពាហ៍ពិពាហ៍​ក្នុង​ប្រទេស​កំពុង​មានដំណើរ​ការ​ទី​ផ្សារ​ស្រាប់ហើយ​ ​ហើយ​អ្នក​ថត​ចាប់ផ្តើម​កែប្រែ​ទម្លាប់​ពី​ការ​ថតរូប​ត្រៀម​អាពាហ៍ពិពាហ៍​ដែល​ផ្តោត​សំខាន់​លើ​មនុស្ស​ (​Portrait​) ​មក​ជា​ការ​ផ្តោត​លើ​ទេសភាព​ (Landscape​) ​អម​លម្អ​ជុំវិញ​មនុស្ស​។​ ​ផ្ទុយទៅវិញ​ ​លោក​បាន​ព្យាយាម​កែប្រែ​ពី​ការ​កែកុន​រូប​មនុស្ស​ច្រើន​ទៅជា​ការ​ថត​ឲ្យ​ចេញ​ជា​អារម្មណ៍​ធម្មជាតិ​ពិតៗ​មិនមែន​ជា​ការ​រៀប​ប្លង់​បញ្ជា​ឲ្យ​ថត​ ​តែ​ជា​ការ​ប្រើ​បច្ចេកទេស​លួច​ថត​ប្រកបដោយ​អត្ថន័យ​គូ​ស្នេហ៍​ជ្រាលជ្រៅ​ផុស​ពី​ក្រអៅ​បេះដូង​ “​មិនមែន​ថត​ឲ្យតែ​ស្អាត​តែមួយមុខ​ ​តែ​បង្ហាញ​សុខភាព​ផ្លូវចិត្ត​និង​អនុ​ស្សា​វ​រី​យ៍​ដែល​ត្រូវ​ចងចាំ​” ​។​

            បើ​ក្រឡេកមើល​មក​ត​ថ​ភាព​វិ​ស័​យ​ថតរូប​ក្នុងស្រុក​ ​លោក​យល់ថា​វិ​ស័​យ​នេះ​រីក​ចម្រើន​ ​ក៏ប៉ុន្តែ​វាក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​គួរឲ្យ​ព្រួយបារម្ភ​មួយ​ចំនួន​ផង​ដែរ​ ​ជាពិសេស​គឺ​ ​ការប្រកួតប្រជែង​តម្លៃ​ទី​ផ្សារ​ ​ព្រោះ​នៅ​ក្នុងស្រុក​យើង​ពុំ​មាន​ការកំណត់​តម្លៃ​ស្តង់​ដារ​ថតរូប​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​។​ ​ប្រជាជន​ចង់​ឲ្យថ្លៃ​សេវាកម្ម​ថោក​ដោយ​មិនសូវ​គិតគូរ​គុណភាព​ជាធំ​ ​ហើយ​ជាង​ថត​ខ្លះ​ក៏​ហ៊ាន​ប្រថុយ​ទទួល​ថត​ក្នុង​តម្លៃ​សេវាកម្ម​ទាប​ជាង​ទី​ផ្សារ​ទូទៅ​ដែល​ជា​កត្តា​ធ្វើឲ្យ​អ្នកជំនាញ​ថត​ ​រូប​មួយ​ចំនួន​បាក់ទឹកចិត្ត​ក្នុង​អាជីព​នេះ​។​ ​ទន្ទឹម​នឹង​នេះ​ ​ជាង​ថត​ខ្លះ​ហក់លោត​ថត​គ្រប់មុខ​ហួសហេតុ​ពេក​ ​មិន​ត្រូវ​តាម​ជំនាញ​ឯកទេស​ច្បាស់លាស់​។​ ​រសជាតិ​នៃ​ការ​ថតរូប​ក៏​នៅខ្វះ​ចន្លោះ​ពុំទាន់​មាន​អត្តសញ្ញាណ​ថា​តើ​អ្វី​ទៅជា​ស្ទី​ល​ថត​ផ្ទាល់ខ្លួន​ពោល​គឺ​បែបផែន​នៃ​ការ​ប្រើ​ពណ៌​និង​ពន្លឺភ្លើង​នៅ​ទទួលយក​ឥទ្ធិពល​ពី​ប្រទេសជិតខាង​ច្រើន​។​ ​ចំណែក​ការ​ចែករំលែក​ចំណេះ​ដឹង​ក្នុង​ផ្នែក​នេះ​ក៏​នៅ​មាន​ក​ម្រិ​ត​មិនទាន់​បើក​ចិត្តទូលាយ​ឲ្យអស់​នៅឡើយ​ទេ​។​

            ​សព្វថ្ងៃ​ស្ថាបិ​ក​ផេ​ក​រូប​នេះ​កំពុង​មមាញឹក​ច្រើន​ក្នុង​ការ​បង្ហោះ​វីដេអូ​នៅ​លើ​ផេ​ក​ផង​ ​ព្រមទាំង​បង្ហាញ​វត្តមាន​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​សិក្ខាសាលា​ឬ​វគ្គ​បណ្តុះបណ្តាល​តូ​ធំ​នានា​ស្តីពី​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​ថតរូប​។​ ​ពាក់ព័ន្ធ​នឹង​ការ​ថតរូប​នេះ​ដែរ​ ​លោក​បាន​អះអាង​ថា​អ្វីៗ​សុទ្ធតែ​ត្រូវ​បាន​ចាប់ផ្តើម​ពី​របស់​ដែល​មាន​តម្លៃ​ល្មម​។​ ​ដូចនេះ​ ​ការដែល​មាន​មតិ​លើកឡើង​ថា​ការ​ថតរូប​ស្អាត​ទាល់តែ​មាន​កា​មេ​រ៉ា​ថ្លៃ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ទេ​ ​ព្រោះ​ដើម្បី​ថតរូប​បាន​ស្អាត​ ​ទាមទារ​ឲ្យ​អ្នក​ថត​ត្រូវ​មាន​ទាំង​សិល្បៈ​ថត​និង​ទាំង​បច្ចេកវិទ្យា​ឲ្យ​ដើរ​ទន្ទឹមគ្នា​ ​មិនមែន​ពឹងផ្អែក​តែ​លើ​បច្ចេកវិទ្យា​មួយ​មុខ​គត់​នោះ​ទេ​។​

            គោលបំណង​របស់​លោក​ទៅ​ថ្ងៃ​អនាគត​គឺ​លោក​ចង់បើ​ក​ហាង​លក់​សម្ភារ​ថត​ដោយមាន​ការ​ផ្តល់​ ​ប្រឹក្សា​ពិស្តារ​ដល់​អ្នកប្រើប្រាស់​ត្រឹមត្រូវ​ច្បាស់លាស់​អាស្រ័យ​លើ​គោលបំណង​នៃ​ការ​ប្រើ​ប្រា​ជាក់ស្តែង​។​ ​ជាចុងក្រោយ​ ​លោក​លើកទឹកចិត្ត​ឲ្យ​អ្នក​ដែល​ទើប​ចាប់ផ្តើម​ក្នុង​ជំនាញ​នេះ​ឲ្យ​រឹងប៉ឹង​កុំ​បោះបង់​ក្តី​ស្រមៃ​ ​ហើយ​ចំពោះ​អ្នកថតរូប​អាជីព​ត្រូវ​ហ៊ាន​វិនិយោគ​ដើមទុន​ដើម្បី​ជំនាញ​មួយ​នេះ​និង​ធ្វើឲ្យ​ស្នាដៃ​របស់​ខ្លួន​ ​និយាយ​ជំនួស​ពាក្យ​សម្តី​ទើប​ជា​ការ​ប្រសើរ​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS