×

អតីតអ្នកស្ម័គ្រចិត្តសង្គមចាប់ដៃគ្នាបើកហាងអាហារសុខភាពដើម្បីចំណេះដឹងបៃតងនៅកម្ពុជា

TRAVEL & LIVING 3 years ago
 
 

            ហាង​កាហ្វេ​ និង​អាហារ​សុខភាព​ដ៏​តូច​តែ​ស្រស់​ស្អាត​មួយ​កន្លែង​ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវ​លេខ​ ​២​៤​០​ ​ម្តុំ​ផ្សារ​ទួល​ទំពូង​ ​រាជធានី​ភ្នំពេញ​ ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​គំនិត​ផ្តួចផ្តើម​របស់​បុរស​ស្រ្តី​វ័យក្មេង​មួយគូ​ដែល​មាន​ ​ចក្ខុវិស័យ​អាជីវកម្ម​ស្របគ្នា​។​ ​បើ​អ្នកដំណើរ​ក្រឡេកមើល​ពីក្រៅ​ ​យើង​ឃើញ​ហាង​កាហ្វេ​ដែល​មាន​ស្លាកយីហោ​ថា​ “Sacred​ ​Lotus​ ​Plant​-​Base​d​ ​Ca​f​é X ​Home​stay” ​ដែល​មាន​លក្ខណៈ​គ្រាន់តែ​ជា​ផ្ទះល្វែង​ផ្សារ​បែប​ទ​.​វ​.​ទី​៦​០​ ​សាមញ្ញ​មួយ​ជុ​ង​ឡើង​លើ​ ​ស្រឡះ​ភ្នែក​មិនសូវ​មានការ​តុបតែង​អ្វី​ច្រើន​នោះ​ទេ​។​ ​អគារ​នេះ​ជា​ផ្ទះសំណាក់​ ​ប៉ុន្តែ​ផ្នែក​ខាង​លើដំបូល​ ​ត្រូវ​បាន​កែច្នៃ​ជា​បារ​នី​យ​ដ្ឋា​ន​ ​ឬ​ ​Lounge​ ​ប្រកបដោយ​បរិយាកាស​ស្រស់ស្រាយ​ដូច​ដំបូល​ផ្ទះ​ខ្ពស់​នៅ​ភ្នំពេញ​ជំនាន់​មុន​ដែល​យើង​ធ្លាប់​ឈរ​លម្ហែ​លេង​កាលពីក្មេង​ ​គួបផ្សំ​នឹង​ការរៀបចំ​កន្លែង​អង្គុយ​តាម​បែប​សិល្បៈ​សហ​សម័យថ្មី​ប្លែក​។ ហាង​កាហ្វេ​នេះ​មាន​សេវាកម្ម​បម្រើ​ម្ហូបអាហារ​សុខភាព​ដែល​មាន​ទាំង​ម្ហូប​អាស៊ី​អាគ្នេយ៍​ ​និង​ម្ហូប​អឺរ៉ុប​ជាច្រើន​ ​មុខ​។​ ​ហាង​នេះ​ជា​ទីតាំង​ដែល​មាន​គោលដៅ​ជំរុញ​ចលនា​នៃ​ការ​បរិភោគ​ម្ហូប​បួស​ដើម្បី​សុខភាព​តាមរយៈ​ការ​ច្របាច់​បញ្ចូល​រវាង​ទ្រឹស្តី​វេជ្ជ​សា​ស្រ្ត​បែប​វិទ្យា​សា​ស្រ្ត ​និង​តម្រូវ​ការ​អតិថិជន​ជាក់ស្តែង​ព្រមទាំង​មាន​កម្រង​ព័ត៌មាន​ងាយស្រួល​យល់​នៅ​លើ​ប្រព័ន្ធ​សារ​គមនាគមន៍​ផ្សេងៗ​សម្រាប់​បណ្តា​ភ្ញៀវ​ទាំងឡាយ​អំពី​អត្ថប្រយោជន៍​ផ្នែក​សុខភាព​ ​ផ្នែក​បរិស្ថាន​ ​និង​ ​ផ្នែក​ក្រម​ប្រតិបត្តិ​សង្គម​ ​ដែល​បាន​មកពី​ទម្លាប់​ទទួលទាន​របប​អាហារ​ប្រភេទ​បន្លែ​ផ្លែឈើ​បៃតង​បាន​ត្រឹមត្រូវ​។​ ​មុខម្ហូប​ល្បី​ៗ​ប្រចាំ​ហាង​ ​មាន​តួយ៉ាង​ “​ហហ្មុក​បួស​” ​ដែល​មាន​រសជាតិ​មិនចាញ់​ហហ្មុក​ត្រី​ ​ឬ​ហហ្មុក​សាច់​មាន់​ទូទៅ​នោះ​ទេ​ ​និង​ “​ប៊័រ​ហ្គឺ​រ​ផ្សិត​” ​ដែល​មាន​រសជាតិ​ដូច​សាច់គោ​មិន​សាក​មិន​ដឹង​។​

            លោក​ គ្រី​ស្យា​ន​ (Kr​i​s​h​an​) ​ដែល​ជាស​ហ​ស្ថាបនិក​ទីតាំង​នេះ​បាន​លើកឡើង​ថា​ “​ម្ហូប​ប្រចាំ​ត្រកូល​របស់​ហាង​ខ្ញុំ​គឺ​ពិត​ណាស់​ជា​ម្ហូប​ខ្មែរ​! ​ពួកយើង​មាន​ឆន្ទៈ​ច​ម្អិ​ន​ម្ហូប​ខ្មែរ​ឲ្យ​ឆ្ងាញ់​ស្មើ​ ​ឬ​ ​ឆ្ងាញ់​ជាង​ម្ហូប​ដែល​មានសាច់​ដើម្បី​លុបបំបាត់​ការយល់​ខុស​ដែល​ថា​ម្ហូប​ត្រូវការ​សាច់​ដើម្បីឲ្យ​មាន​រសជាតិ​ឆ្ងាញ់​”​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ហាង​នេះ​ក៏មាន​ម្ហូប​តាម​រដូវ​កាល​អាស្រ័យ​លើ​ព្រឹត្តិការណ៍​កម្មវិធី​ជាតិ​នានា​។​ ​ជាឧទាហរណ៍​ ​សម្រាប់​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ​មាន​នំអន្សម​បួស​ ​ជាដើម​។​ ​ដោយឡែក​ ​ជា​រៀងរាល់ថ្ងៃ​អង្គារ​ ​កាហ្វេ​អា​ទី​សង់​ (​Artisan​ ​Coffee​) ​លក់​ក្នុង​តម្លៃ​ត្រឹមតែ​១​ដុល្លារ​ ​ហើយ​ជា​រៀងរាល់​ថ្ងៃព្រហស្បត្តិ៍​ ​មាន​បម្រើ​ម្ហូប​បួស​បែប​ប៊ូ​ហ្វេ​។​ ​ចំពោះ​តម្លៃ​ម្ហូប​វិញ​ ​គឺ​សមរម្យ​ ​បើ​ធៀប​នឹង​ហាង​លក់​ម្ហូប​ខ្មែរ​ដទៃទៀត​។​ ​ជាក់ស្តែង​ ​សំឡ​ខ្មែរ​មួយ​ចាន​មាន​តម្លៃ​ត្រឹមតែ​ ​៣​.​៥​០​ដុល្លារ​តែប៉ុណ្ណោះ​។​

            “​យើង​ព្យាយាម​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​លក្ខណៈ​ហាង​កាហ្វេ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​និយម​ទៅ​ប្រចាំ​ក្រុងភ្នំពេញ​ ​មិនមែន​គ្រាន់តែ​ជា​ហាង​លក់​ម្ហូប​បួស​ធម្មតា​នោះ​ទេ​ ​ប៉ុន្តែ​តម្រូវ​សម្រាប់​គ្រប់រូប​”​។​ ​លោក​បាន​បន្ថែម​ថា​ ​ចក្ខុវិស័យ​ធំ​នោះ​គឺ​ផ្តល់​ជូន​នូវ​ម្ហូបអាហារ​ដែល​ច្នៃ​ចេញពី​រុក្ខជាតិ​បៃតង​តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ងាយ​ទទួលទាន​ព្រមទាំង​ជំនួយ​សុខភាព​គួបផ្សំ​នឹង​សេវាកម្ម​បម្រើ​អតិថិជន​ជិតស្និទ្ធ​ប្រៀប​ដូច​ជាគ្រួសារ​តែមួយ​ក្រោម​ពាក្យស្លោក​របស់​ហាង​ថា​ “​W​e​ ​Cook​ ​Happiness​” (​យើង​ធ្វើម្ហូប​បង្កើត​សុភមង្គល​)​។​ ​ទន្ទឹម​នឹង​នេះ​ ​ហាង​កាហ្វេ​នេះ​ក៏​ផ្តល់​ជូន​នូវ​បរិយាកាស​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ដែល​មនុស្ស​គ្រប់គ្នា​ចូលចិត្ត​ហើយ​អាចម​ក​បំ​ពេញការ​ងារ​ ​ក្រេបរសជាតិ​កាហ្វេ​ ​បង្កើត​ទំនាក់ទំនង​សង្គម​ជាមួយ​មិត្តភក្តិ​ ​ឬ​ ​មក​តែម្នាក់ឯង​ដើម្បី​កាត់​ស្ត្រេ​ស​។​

            ក្រៅតែ​ពី​ជា​កម្លាំង​ច​លក​រ​បង្កើន​និន្នាការ​ទទួលទាន​អាហារ​បៃតង​ក្នុងស្រុក​ ​អាជីវកម្ម​ហាង​កាហ្វេ​ខាងលើ​ក៏​នឹង​តបស្នង​ទៅ​ឲ្យ​សង្គម​វិញ​តាមរយៈ​ការ​ចែករំលែក​ប្រាក់ចំណេញ​មួយ​ភាគ​ទៅ​ឧបត្ថម្ភ​ដល់​ក្លឹប​អភិវឌ្ឍន៍​យុវជន​ក្នុងស្រុក​ដែល​ជួយ​គាំពារ​ក្មេងៗ​ដែល​ងាយ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​ ​សួរ​ថា​ហេតុអ្វីបានជា​ពួកគេ​ទាំងពីរ​នាក់​មានបំណង​បែប​នេះ​? ​ដំណើរ​ដើមទង​ត្រូវ​បាន​លាតត្រដាង​កាលពី​ ​៤​ឆ្នាំមុន​ ​លោក​ ​និង​យុវតី​ខ្មែរ​ម្នាក់​ឈ្មោះ​ ​ណែ​ត​ ​បាន​បំពេញបេសកកម្ម​ការងារ​រួមគ្នា​រយៈពេល​៣​ខែ​ក្នុង​ខេត្ត​បាត់​ដំបង​ ​ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយអាហារ​ (​Ulcer​at​i​v​e​ ​Co​l​it​i​s) ​លោក​ត្រូវ​បង្ខំចិត្ត​ចាកចេញ​មុន​កំណត់​។​ ​នៅ​ក្នុង​អំឡុង​ពេល​ព្យាបាល​ ​គាត់​រង​ផល​ប៉ះពាល់​សុខភាព​ដោយសារ​ការ​ទទួលទាន​ថ្នាំ​ច្រើនលើស​លប់​ពេក​ ​ទើប​គាត់​សម្រេច​ចិត្ត​ងាក​មករ​ក​របប​អាហារ​ដែល​ផ្សំ​ពី​បន្លែ​សុទ្ធតែ​ម្តង​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​រោគសញ្ញា​ដែល​ធ្លាប់​កើត​បាន​បាត់​អស់ហើយ​គាត់​ក៏​មិន​ត្រូវការ​ថ្នាំ​ទៀត​ទេ​។​ ​គាត់​ចាប់ផ្តើម​ចង់​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​សុខភាព​និង​មានបំណង​បើក​អាជីវកម្ម​ហាង​កាហ្វេ​នេះ​ឡើង​តែម្តង​ ​ខណៈ​ដែល​ណែ​ត​ចូលចិត្ត​ជួប​មនុស្ស​ថ្មីៗ​និង​មាន​ក្តី​ស្រមៃ​បើក​ផ្ទះសំណាក់​។​ ​ហាង​ ​Sacred​ ​Lotus​ ​v​e​gan​ ​ca​f​e​ ​and​ ​guest​house​ ​ក៏​ក្លាយ​ជា​សមិទ្ធផល​រួម​នៃ​ក្តី​ស្រមៃ​របស់​អ្នក​ទាំងពីរ​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​

លោក​ គ្រី​ស្យា​ន​ (Kr​i​s​h​an​)


SUGGESTIONS