×

ទំនៀម​នៃ​ការរៀបចំ​រ​ណ្តាប់​ទទួល​ទេវតា​តាម​ក្បួន​បុរាណ​ខ្មែរ​

TRAVEL & LIVING 3 years ago
 
 

            ​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​តាំង​ពីបរមបុរាណ​រៀងមក​តែងតែ​ម្នីម្នា​បោសជ្រះ​ ​ស​ម្អា​ត​ផ្ទះសម្បែង​ ​និង​ ​ត្រៀម​រៀបចំ​គ្រឿង​រ​ណ្តាប់​សក្ការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​គ្រប់​ៗ​ផ្ទះ​ដែល​តាម​ជំនឿ​ថា​ ​នឹង​យាងចុះ​មក​នៅ​ថ្ងៃ​ទី​១​៣​ ​ឬ​ ​១​៤​ ​ខែ​មេសា​ ​មួយ​ឆ្នាំ​ម្តង​ជា​រៀងរាល់​ឆ្នាំ​។​ ​គេ​សង្កេតឃើញ​ថា​ ​គ្រឿង​ ​រ​ណ្តាប់​ដែល​ប្រជាជន​ខ្មែរយើង​និយម​ប្រើប្រាស់​ក្នុង​ពិធី​នេះ​ជាទូទៅ​រួម​មាន​ជាអាទិ៍​ ​ធូប​ ​ទៀន​ ​ផ្កាភ្ញី​ ​និង​ជាពិសេស​នោះ​គឺ​អាហារ​ដែល​ទេវតា​ក្នុង​ឆ្នាំ​នីមួយៗ​សោយ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​តើ​លោកអ្នក​ធ្លាប់​បាន​ ​ជ្រាប​ច្បាស់​ថា​ការរៀបចំ​គ្រឿង​រ​ណ្តាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​ត្រឹមត្រូវ​ឥត​ខ្ចោះ​តាម​ក្បួនខ្នាត​បុរាណ​មាន​អ្វីខ្លះ​ដែរ​ឬទេ​?

            ​​យោង​តាម​សៀវភៅ​ “​មហា​ស​ង្រ្កាន្ត” ​រៀបរៀង​ដោយ​ឯកឧត្តម​ ​អ៊ឹម​ ​បូ​រិន្ទ ​គណៈ​កម្ម​ការស្រាវជ្រាវ​ ​វិជ្ជា​ហោរា​សា​ស្រ្ត​និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ ​សម្រាប់​រ​ណ្តាប់​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ​ត្រូវ​រៀប​រាន​ ​ទទួល​ទេវតា​នៅ​ខាងមុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ​។​ ​ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ ហើ ​រៀបចំ​គ្រឿង​សក្ការបូជា​ទេវតា​ ​មាន​ជាអាទិ៍​ ​បាយសី​៩​ថ្នាក់​មួយគូ​ ​បាយសី​៧​ថ្នាក់​មួយគូ​ ​បាយសី​៥​ថ្នាក់​ ​មួយគូ​ ​បាយសី​៣​ថ្នាក់​មួយគូ​ ​បាយសីប៉ាកឆាម​មួយគូ​ ​ស្លាធម៌​មួយគូ​ ​ទឹកអប់​មួយគូ​ ​ទៀន​៥​ ​ធូប​៥​ ​លាជ​៥​ ​ផ្កា​៥​ដាក់លើ​ជើងពាន​មួយគូ​ ​ចេកនួន​ ​ចេកណាំវ៉ា​ ​ជើងពាន​មួយគូ​ ​ផ្លែឈើ​១​១​មុខ​ ​រៀប​ដាក់​ជើងពាន​ ​១​១​ ​គូ​ ​ដូង​ឡៅ​មួយគូ​ ​ទឹក​ស្អាត​ពី​​​រ​កែវ​។​

            ​ចំពោះ​ប្រជា​រា​ស្រ្ត ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ ​ឬ​ ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ ​ដែល​មាន​ទៀន​៥​ ​ធូប​៥​ ​ស្លាធម៌​ ​និង​ ​កូន​ចេក​មួយគូ​។​ ​ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជា​រា​ស្រ្ត ​គួរ​រៀប​ឲ្យបាន​ត្រឹម​៣​ឬ​៥​មុខជា​ការ​ប្រសើរ​ ​គឺ​រៀប​ ​ទៅតាម​ធនធាន​របស់​ខ្លួន​ជាក់ស្តែង​។​ ​ចំពោះ​គ្រប់​ដង្វាយ​ទាំងអស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពីលើ​គ្រប់​ដង្វាយ​នៅ​ ​លើ​ជើងពាន​ និង​លើ​បាយសី​ ​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បាយសី​៣​ថ្នាក់​ ​តំណាង​ ​ព្រះ​រត​ន​ត្រៃ​ទាំង​បី​គឺ​ ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ឬ​អាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា​គឺ​ ​ព្រះឥសូរ​ ​ព្រះវិស្ណុ​ ​និង​​ព្រះព្រហ្ម​។​ ​បាយសី​ ​៥​ថ្នាក់​ ​តំណាង​គុណព្រះពុទ្ធ​ទាំង​៥​អង្គ​ ​ឬ​ខ័ន្ធ​ទាំង​៥​។​ ​បាយសី​ ៧​ថ្នាក់​ ​តំណាង​ ​គុណ​ញាតិកា​៧​សន្តាន​។​ ​រីឯ​បាយសី​៩​ថ្នាក់​តំណាង​មគ្គ​៤​ ​ផល​៤​ ​និង​ និព្វាន​១​។​

            ​ជាមួយគ្នា​នេះ​ដែរ​ ​សម្រាប់​ក្រយាស្ងោយ​ទទួល​ទេវតា​ ​គេ​និយម​តម្រូវ​តាមចិត្ត​ទេវតា​ដែល​ចុះ​មក​ ​តាម​ឆ្នាំ​នីមួយៗ។​ ​ថ្ងៃអាទិត្យ​ ​ទេវតា​សោយ​ផ្លែ​ឧទុម្ពរ​ (ផ្លែ​ល្វា) ​ថ្ងៃចន្ទ​ ​ទេវតា​សោយ​តេ​លំ​ (​ប្រេង​) ​ថ្ងៃអង្គារ​ ​ទេវតា​សោយ​លោហិត​ (​ឈាម​) ​ថ្ងៃពុធ​ ​ទេវតា​សោយ​ស​ប្បី (​ទឹកដោះស្រស់​) ​ថ្ងៃព្រហស្បត្តិ៍​ ​ទេវតា​សោយ​ ​ស​ណ្តែ​ក​ល្ង​ ​ថ្ងៃសុក្រ​ ​ទេវតា​សោយ​ចេកណាំវ៉ា​ ​និង​ ​ថ្ងៃសៅរ៍​ ​ទេវតា​សោយ​សាច់​ទ្រាយ​។​ ​គួរ​កត់ចំណាំ​ ​ទេវតា​ឆ្នាំនេះ​យាងចុះ​នៅ​ថ្ងៃពុធ​ ​៣​កើត​ ​ខែ​ពិសាខ​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​វ​ដេ​លា​ម៉ោង​ ​៤​ ​ទៀបភ្លឺ​។​ ​ទេវតា​ព្រះនាម​ ​ម​ណ្ឌា​ទេវី​ ​គង់នៅ​ចា​តុ​ម្ម​ហា​រា​ជិកា​ ​ទ្រង់​អម្ពរ​ពណ៌​អន​ ​សៀតផ្កា​ចម្ប៉ា​ ​ព្រះ​ហ​ស្ថ​ស្តាំ​ទ្រង់​ម្ជុល​ ​ព្រះ​ហ​ស្ថ​ឆ្វេង​ទ្រង់​ឈើច្រត់​ ​គង់​លើ​ខ្នង​សត្វ​លា​ជា​ពាហនៈ៕​

​Article by SRIN SOKMEAN


SUGGESTIONS