×

ក្រចក​វែង​ៗ​ស្រួច​ៗ​របស់​ ​Cardi​ B ​តាមពិត​ជា​ថ្វីដៃ​របស់​ស្ត្រី​ខ្មែរ​-​ចិន​សញ្ជាតិ​អាមេរិក​ Jenny​ Bui​

NEWS 3 years ago
 
 

          ឲ្យតែ​ឃើញ​ម៉ូដ​ក្រចក​ស្រួច​ៗ​វែង​ៗ​ ​គ្រប់គ្នា​ប្រាកដជា​ភ្នកនឹក​ឃើញ​ដល់​តារា​ចម្រៀង​ស្រី​រ៉េ​ប​ដ៏​ល្បី​របស់​អាមេរិក​គឺ​ ​Card​i​ B ​មិនខាន​។​ ​ការពិត​ណាស់​ ​ស្ទា​យ៌​ក្រចក​វែង​ប្លែកៗ​របស់​ ​Card​i​ B ​ដែល​តែង​បង្ហាញ​ក្នុង​បទ​ចម្រៀង​ ​និង​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ផ្សេងៗ​ ​សុទ្ធ​សឹង​កើត​ចេញពី​ថ្វីដៃ​របស់​ស្ត្រី​ ​ខ្មែរ​-​ចិន​ ​សញ្ជាតិ​អាមេរិក​មួយ​រូប​ដែលគេ​ឲ្យ​រ​ហ្ស​ស​នាម​ថា​ ​«The​ ​Queen​ of​ Bling»​ ឬ​ «​រាជិនី​ភ្លឺផ្លេក​»​។​

          លោកស្រី​ ​ជេន​នី​ ប៊ុ​យ ​(J​e​nn​y​ Bu​i​) ​គឺជា​ម្ចាស់​រហស្សនាម​ខាងលើ​ ​ប្រិយ​មិត្ត​កម្ពុជា​ភាគច្រើន​អាច​នឹង​មិនសូវ​ស្គាល់​លោកស្រី​ ​តែ​បើ​ក្រឡេក​ទៅ​ប៉ែក​អឺរ៉ុប​វិញ​ ​ទាំង​អ្នកមាន​ឥទ្ធិពល​ក្នុង​សង្គម​ (​Influence​r) ​តារា​សម្តែង​ ​តារា​ចម្រៀង​លំដាប់​ពិភពលោក​សុទ្ធសឹងតែ​ស្គាល់​ ​និង​ប្រាថ្នា​ចង់ឲ្យ​លោកស្រី​ធ្វើ​ក្រចក​ឲ្យផ្ទាល់ដៃ​ទៀត​ផង​។​ ​ជាក់ស្តែង​ ​ក្រចក​ម៉ូដ​វែង​ៗ​ដាំ​ត្បូង​ធំ​ៗ​ដែល​លោកស្រី​បាន​ធ្វើឲ្យ​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​ ​Card​i​ B ​បាន​ក្លាយ​ជា​ម៉ូដ​ពេញ​និយម​ពី​មនុស្ស​ស្រី​ទូទាំង​ពិភពលោក​ ​ហើយ​វាក៏ក្លាយ​ជា​ស្ទី​ល​ផ្ទាល់ខ្លួន​របស់​តារា​ចម្រៀង​រូប​នេះ​រាល់​ពេល​ចេញមុខ​គ្រប់​កម្មវិធី​ ​គ្រប់ការ​ថត​បទ​ចម្រៀង​ ​និង​គ្រប់ការ​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​មកដល់​សព្វថ្ងៃ​។​

          លើស​ពី​រហស្សនាម​ ​«​ ​T​h​e​ ​Queen​ o​f​ B​l​in​g​ ​»​ ​កាលពី​ថ្ងៃ​ទី​១​៨​ខែវិច្ឆិកា​ឆ្នាំ​២​០​១​៩​ ​លោកស្រី​បាន​ទទួល​ពានរង្វាន់​ប្រចាំ​ឆ្នាំ​ជា​អ្នកឯកទេស​សិល្បៈ​ក្រចក​ដ៏​មាន​ឥទ្ធិពល​ក្នុង​កម្មវិធី​ ​American​ ​Influence​r ​Award​ ​នៅ​ហូ​លី​វូ​ដ​ ​និង​ត្រូវ​បាន​ជ្រើសរើស​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រកួត​ឯកទេស​សា​ឡ​ន​ប្រចាំ​ឆ្នាំ​២​០​២​០​ ​Beauty​ ​E​n​vision​ ​Award​ ​ផង​ដែរ​។​ ​ជំនួប​សន្ទនា​ជាមួយ​ក្រុម​ការងារ​សូវ​រី​ន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​ទីក្រុង​ញ៉ូ​វយ​ក​ ​លោកស្រី​ ​ជេន​នី​ ប៊ុ​យ​ ​បាន​រៀបរាប់​រំឭក​អំពី​ជីវិត​កាល​រស់នៅ​កម្ពុជា​រហូត​ភៀសខ្លួន​ទៅ​រស់នៅ​អាមេរិក​ក្លាយ​ជា​អ្នកឯកទេស​សិល្បៈ​ក្រចក​ដ៏​ល្បីល្បាញ​។​

          ចាប់កំណើត​នៅ​ទី​ក្រុងភ្នំពេញ​ក្នុង​ឆ្នាំ​១​៩​៧​០​ ​ជេន​នី​ ​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​៨​នាក់​(​ប្រុស​៣​ស្រី​៥​) ​ដែល​មាន​ឪពុក​ម្តាយ​ជា​ជនជាតិ​ចិន​និង​ប្រកបមុខរបរ​លក់​ភេសជ្ជៈ​នៅ​តាម​ដង​ផ្លូវ​។​ ​នៅ​អាយុ​៥​ឆ្នាំ​ ​របប​ខ្មែរក្រហម​ក៏បាន​ផ្ទុះឡើង​ ​ជេន​នី​ ​និង​ក្រុម​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​ខេត្ត​បាត់​ដំបង​។​ ​ក្រោយ​រស់នៅ​យ៉ាង​លំបាក​វេទនា​អូស​បន្លាយ​រយៈពេល​ប្រមាណ​៣​-​៤​ឆ្នាំ​ ​ជេន​នី​និង​ក្រុម​គ្រួសារ​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ ​បន្ទាប់មក​ដើរ​ថ្មើរជើង​៦​ខែ​ត្រឡប់មក​ភ្នំពេញ​វិញ​។​ ​គ្រានោះ​បងស្រី​របស់​ជេន​នី​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​បានឲ្យ​គេ​ជួយ​ស្វែងរក​ក្រុម​គ្រួសារ​ ​ហើយ​ក្រោយ​រក​ឃើញ​ក៏​បញ្ជូន​ឲ្យទៅ​ស្នាក់​នៅ​ទីក្រុង​សៃ​ហ្គ​ន​ប្រទេស​វៀតណាម​។​ ​បន្ទាប់ពី​ស្នាក់​នៅ​បាន​៣​ខែ​ ​ជេន​នី​និង​ក្រុម​គ្រួសារ​ត្រូវ​បាន​គេ​ចាប់​ចូល​ជំរំ​រស់នៅ​រយៈពេល​៥​ទៅ​៦​ឆ្នាំ​ទៀត​ ​ទើបបាន​បងប្រុស​ម្នាក់ទៀត​ដែល​រស់នៅ​ប្រទេស​កាណាដា​ធានា​យកទៅ​រស់នៅ​ទីនោះ​ទាំងអស់គ្នា​តែម្តង​។​ ​រូបភាព​ដែល​លោកស្រី​បំភ្លេច​មិនបាន​នៅ​សម័យ​នោះ​ “​នៅ​ពេល​ដើរចុះ​ភ្នំដងរែក​ទៅ​ថៃ​ខ្ញុំ​ដើរកាត់​មនុស្ស​ស្លាប់​ដោយសារ​គ្រាប់មីន​ជាច្រើន​ ​មើលទៅ​ហើម​ស្អុយ​សុទ្ធតែ​ដង្កូវ​ពេញ​ហ្នឹង​”​។​

          ​មកដល់​ប្រទេស​កាណាដា​ក្នុង​វ័យ​១​៦​ឆ្នាំ​ ​ជេន​នី​ ​បាន​ចូល​សិក្សា​ថ្នាក់​វិទ្យាល័យ​រយៈពេល​៦​ឆ្នាំ​ ​រួច​ក៏បាន​រៀបការ​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​ញ៉ូ​វយ​ក​សហរដ្ឋអាមេរិក​។​ ​ជីវិត​ថ្មី​ជាមួយ​ស្វាមី​លើទឹក​ដី​អាមេរិក​ជេន​នី​មាន​កូនស្រី​បី​នាក់​ ​ប៉ុន្តែ​ដោយ​រស់នៅ​មិន​ចុះ​សម្រុង​គ្នា​អ្នក​ទាំងពីរ​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​ក្រោយ​រួម​រស់​អស់​រយៈពេល​១​០​ឆ្នាំ​។​ ​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ត្រូវ​ចិញ្ចឹម​កូន​៣​នាក់​តែឯង​ ​ជេន​នី​ខិតខំ​ធ្វើការ​ក្នុងមួយថ្ងៃ​១​៣​ទៅ​១​៤​ម៉ោង​និង​គ្មាន​ថ្ងៃ​សម្រាក​សោះឡើយ​។​ ​ធ្វើការ​តស៊ូ​រយៈពេល​៥​ឆ្នាំ​លោកស្រី​ក៏បាន​រៀបការ​ស្វាមី​ថ្មី​ហើយ​កសាង​គ្រួសារ​មានកូន​ចំនួន​២​នាក់​ទៀត​មកដល់​សព្វថ្ងៃ​។​

          និយាយ​ពី​ជំនាញ​ធ្វើ​ក្រចក​ ​លោកស្រី​ជេន​នី​បាន​ចាប់ផ្តើម​តាំងពី​ពេល​ចែក​ផ្លូវ​ពី​ស្វាមី​ដំបូង​ម្ល៉េះ​ ​ដោយ​បាន​រៀន​រយៈពេល​បី​ខែ​បន្ទាប់មក​បើក​ហាង​ផ្ទាល់ខ្លួន​មួយ​នៅ​ក្នុង​សង្កាត់​ Bronx ​ទីក្រុង​ញ៉ូ​វយ​ក​ ​តែ​ដោយ​ទីតាំង​មិនសូវ​អំណោយផល​លោកស្រី​បាន​លក់​ចេញ​វិញ​ក្នុង​តម្លៃ​ត្រឹមតែ​៣​ពាន់​ដុល្លារ​ ​រួច​ទៅ​បើក​ហាង​សា​ឡ​ន​ថ្មី​មួយទៀត​នៅ​សង្កាត់​ ​H​ar​l​e​m​ ​ទីក្រុង​ដដែល​។​ ​បើក​ហាង​សា​ឡ​ន​ក្រចក​ដំបូង​ ​លោកស្រី​ជួប​ផលវិបាក​ជាច្រើន​ ​ជាពិសេស​ពេល​ធ្វើឲ្យ​ភ្ញៀវ​បរទេស​គេ​មិន​ពេញចិត្ត​ ​គេ​ស្តី​គេ​ជេ​យំ​រៀងរាល់ថ្ងៃ​ ​ឯ​ភ្ញៀវ​ខ្លះទៀត​ធ្វើ​ហើយ​មិន​ឲ្យ​លុយ​ទៀត​ក៏មាន​។​

          មិនយូរប៉ុន្មាន​លោកស្រី​បាន​រក​ឃើញ​ទេពកោសល្យ​ពិសេស​របស់​ខ្លួន​បន្ទាប់ពី​បាន​មើល​ទស្សនាវដ្តី​ម៉ូដ​ក្រចក​មួយ​ដែល​មិត្តភក្តិ​ម្នាក់​នៅ​ប្រទេស​ជប៉ុន​ផ្ញើ​ឲ្យ​។​ ​លោកស្រី​បាន​ស្រាវជ្រាវ​រក​ឃើញ​តិច​និ​ច​នៃ​ការ​ធ្វើ​ក្រចក​បិត​ត្បូង​ដែល​មើលទៅ​ភ្លឺ​ចែង​ចាំ​ដូច​ពេជ្រ​ ​រួម​ទាំង​ក្រចក​ម៉ូដ​វែង​ៗ​ ​ហើយក៏​ចេះតែ​បង្កើត​ម៉ូដ​បន្តបន្ទាប់​មានការ​គាំទ្រ​ខ្លាំង​ឡើងៗ​ ​រហូត​ទាក់ទាញ​តារា​ល្បី​ៗ​ជុំវិញ​ពិភពលោក​មក​ធ្វើ​ជាហូរហែ​ដែល​ធ្វើឲ្យ​លោកស្រី​កាន់តែ​ល្បីឈ្មោះ​តែម្តង​។​ ​ក្រៅពី​តារា​ល្បី​ៗ​ជា​ភ្ញៀវ​ប្រចាំ​រាប់​ឆ្នាំ​ដូចជា​ ​Card​i​ B, ​Y​and​y​ S​m​it​h​, ​Queen​ N​a​i​j​a​, ​T​h​a​l​i​a​, ​L​a​ur​e​n ​L​on​don​ ​និង​ C​h​an​e​l​ ​West​ ​Coat​ ​ជាដើម​ ​ក្នុង​នោះ​ក៏មាន​ទាំង​តារា​ល្បី​ៗ​ ​និង​ភ្ញៀវ​ធំ​ៗ​ជាច្រើន​ទៀត​ធ្វើដំណើរ​ពី​ប្រទេស​ផ្សេងៗ​មក​ធ្វើ​ដល់​ហាង​ដូចជា​ ​ហុងកុង​ ​ចិន​ ​ហ្វីលីពីន​ ​អូស្ត្រាលី​ ​អង់​គ្ល​សេ​ ​បារាំង​ ​និង​អា​ហ្វ្រិ​កា​ផង​ដែរ​។​ ​លោកស្រី​ថា​ឥឡូវនេះ​អ្នក​ដែល​ធ្លាប់​ជេ​ស្តី​លោកស្រី​ទាំងប៉ុន្មាន​មានតែ​អង្វរ​ឲ្យ​លោកស្រី​ធ្វើឲ្យ​វិញ​។​ “​ដោយសារតែ​បង​ល្បី​ ​ឥឡូវ​ភ្ញៀវ​ដែល​មក​អង្គុយ​ឲ្យ​បង​ធ្វើ​ ​ពួកគេ​តែង​ប្រាប់​បង​ថា​ ​ពួកគេ​រំភើប​ភ័យ​អរ​ៗ​បេះដូង​លោត​ញាប់​តែម្តង​”​។​

          ដោយឡែក​មក​ជ​ជីកសួរ​អំពី​ស្ទា​យ៌​ធ្វើ​ក្រចក​ ​អ្នកឯកទេស​រូប​នេះ​លើកឡើង​ដូច្នេះ​ “ ​បង​ចូលចិត្ត​លេង​ពណ៌​ច្រើន​ ​បិត​ត្បូង​ច្រើន​ ​ព្រោះ​បង​ចូលចិត្ត​ពេជ្រ​ ​ហើយ​បង​គិតថា​អ្នក​ដែល​មិន​មានលទ្ធភាព​ទិញ​ពេជ្រ​គេ​អាច​លេង​ម៉ូដ​ក្រចក​ត្បូង​នេះ​បាន​ដោយ​គេ​មិន​ចាំបាច់​ពាក់​ ​ខ្សែក​ពេជ្រ​ ​ចិញ្ចៀន​ពេជ្រ​ ​ក្រវិល​ពេជ្រ​ ​ក៏​គេ​មាន​ពេជ្រ​ភ្លឺ​ចែង​ចាំ​នៅ​លើ​ម្រាមដៃ​ជា​គ្រឿងអលង្ការ​ផង​ដែរ​”​។​ ​អាច​និយាយ​បាន​ថា​ត្បូង​បិត​ក្រចក​ដែល​លោកស្រី​ជេន​នី​ប្រើ​គឺ​ភ្លឺ​ចាំង​ស្អាត​ជាង​ពេជ្រ​ធម្មជាតិ​ទៅទៀត​ ​លោកស្រី​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ S​war​o​v​ski​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ត្បូង​គ្រី​ស្តា​ល់​គុណភាព​ល្អ​បំផុត​នៅ​លើ​ពិភពលោក​។​ ​ដោយសារតែ​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ក្នុង​ការ​បង្កើត​ម៉ូដ​ក្រចក​ដាំ​ត្បូង​ភ្លឺ​ចែង​ចាំង​បែប​នេះ​ហើយ​ទើប​អ្នកគាំទ្រ​ឲ្យ​រហស្សនាម​លោកស្រី​ថា​ ​«​T​h​e​ ​Queen​ o​f​ B​l​in​g​»​ ​ឬ​ ​«​រាជិនី​ភ្លឺផ្លេក​»​នេះឯង​។​ ​តាមរយៈ​សូវ​រី​ន​ ​អ្នក​ឯកទេស​សិល្បៈ​ក្រចក​បទពិសោធន៍​ប្រមាណ​ជាង​២​៤​ឆ្នាំ​រូប​នេះ​បាន​ផ្តាំផ្ញើ​ថា​ “​ខ្ញុំ​ចង់​ផ្តាំ​ទៅដល់​ស្ត្រី​ទាំងអស់​ត្រូវ​ខិត​ខំធ្វើ​ការដោយខ្លួន​ឯង​ ​យើង​អាច​​​រកលុយ​ដោយខ្លួនឯង​បាន​ទើប​គ្មាន​អ្នកណា​មក​មាន​ឥទ្ធិពល​លើ​យើង​។​ ​ទោះបី​យើង​ក្រ​យើង​កុំ​បោះបង់​ការ​តស៊ូ​ ​បើ​យើង​តស៊ូ​គង់មានថ្ងៃណាមួយ​យើង​នឹង​ក្លាយ​ជា​អ្នកមាន​ដូច​គេ​ដែរ​”​។​

          គួរឲ្យ​ដឹង​ដែរ​ថា​ ​ថ្មីៗ​នេះ​លោកស្រី​ ​ជេន​នី​ ​ទើប​តែ​ត្រូវ​បាន​ក្រុមហ៊ុន​គ្រឿង​ស​ម្អា​ង​ក្រចក​ដ៏​ល្បី​ម៉ាក​ OPI​ ​ប្រកាស​ផ្លូវការ​ក្នុង​ការ​ស្វាគមន៍​ក្លាយ​ជា​រាជទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​ផង​ដែរ​៕​

​Article by​ HEM SOKKHIM

Image Courtesy: J​e​nn​y​ Bu​i


SUGGESTIONS