អាហារ ៦ មុខ ដែលជួយបញ្ចុះជាតិខ្លាញ់ក្នុងសព៌ាង្គកាយរបស់អ្នក
TRAVEL & LIVING 3 years agoប្រជាជនយើងសម័យថ្មីនេះនិយមអាហារដែលមានជាតិខ្លាញន់ិងស្ករច្រើន ដែលបណ្ដាលឲ្យរូបរាងកាយប្រែប្រួលជាធាត់ម្ដងបន្តិចៗ ស្របពេលដែលវ័យក៏កាន់តែជ្រេ។ ប្រាកដណាស់ វ័យជាកត្តាចំបងមួយ ខណៈពេលដែលប្រព័ន្ធរំលាយអាហារចាប់ផ្ដើមអន់ថយ ដូច្នេះតម្រូវឲ្យយើងប្រុងប្រយ័ត្នក្នុងការទទួលទានអាហារនានា។ ក្រៅពីការកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន និងជាតិស្ករខ្ពស់ ដែលមានដូចជាម្ហូប Fast Food ប់ឺហ្គឺ ភីហ្សា គ្រឿងបំពង ភេសជ្ជៈកំប៉ុង តែគុជជាដើមនោះ ប្រិយមិត្តគួរមានអាហារ ៦ មុខខាងក្រោមនេះក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់ដែលមិនល្អចំពោះសុខភាព ដោយបូករួមនឹងការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណជាប្រចាំ។ ប្រមាណប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ប្រិយមិត្តនឹងឃើញពីប្រសិទ្ធភាពម្ដងបន្តិចៗជាក់ជាមិនខាន។
១.សាច់ត្រីសាលម៉ុង៖ ត្រីសាលម៉ុង សម្បូរទៅដោយសារធាតុអូមេហ្គា៣ (Omega-3) ប្រូតេអ៊ីន និងខ្លាញ់ត្រីដែលល្អបំផុត ជំនួយដល់សុខភាពយើង។ មិនត្រឹមតែត្រីសាលម៉ុងទេ ប្រភេទត្រីសមុទ្រទឹកជ្រៅជាច្រើនទៀត ដូចជាត្រីធូណា ត្រីសាទីន ត្រីស្បៃកាជាដើម សុទ្ធតែជាជម្រើសដ៏ល្អ អាចផ្លាស់ប្ដូរញ៉ាំជាប្រចាំ។ យ៉ាងណាមិញ ក្នុងមួយសប្ដាហ៍ យ៉ាងហោចណាស់គួរទទួលទានឲ្យបានម្ដងទើបប្រសើរ។
២.ផ្លែប៊័រ៖ អាស៊ីតខ្លាញ់មិនឆ្អែត (Unsaturated Fatty Acid) ដែលមានក្នុងផ្លែប៊័របានជួយរំលាយជាតិខ្លាញ់ (ពិសេសខ្លាញ់ត្រង់ក្បាលពោះ) ហើយធ្វើឲ្យងាយឆ្អែត មិនសូវឃ្លានខ្លាំង។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏សម្បូរសារធាតុរ៉ែ និងវីតាមីននានា ជំនួយដល់លំហូរសម្ពាធឈាម រក្សាលំនឹងជាតិស្ករ ប្រឆាំងអុកស៊ីតកម្ម។ល។ វាអាចចាត់ទុកជាអាហារថែសម្ផស្សសម្រាប់មិត្តនារីៗផងដែរ។
៣.គ្រាប់ធញ្ញជាតិ៖ គ្រាប់ល្ពៅ គ្រាប់ស្វាយចន្ទី គ្រាប់Almond គ្រាប់Walnut។ល។ សុទ្ធតែសម្បូរទៅដោយសារធាតុប្រេងល្អសម្រាប់្យសព៌ាង្គកាយរបស់យើង ព្រមទាំងមានសារធាតុ អូមេហ្គា៣ (Omega-3) ដែលអាចជំនួសខ្លាញ់ដែលយើងត្រូវការប្រចាំថ្ងៃ ហើយមិនធ្វើឲ្យរាងកាយយើងធាត់ខុសប្រក្រតីឡើយ។
៤.រមៀត៖ តាមការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យ Tufts បានបង្ហាញថារមៀតពិតជាអាចបង្អាក់ការលូតលាស់នៃជាលិកាខ្លាញ់។ ម្យ៉ាងវិញទៀត រមៀតអាចជួយសម្រកទម្ងន់បាន ដោយវាជួយរក្សាលំនឹងជាតិស្ករ និងបង្កើនអាំងស៊ុយលីន (ដែលបន្ថយកម្រិតគ្លុយកូស) យោងតាមសេចក្តីប្រកាសអាហារូបត្ថម្ភនិងមេតាប៉ូលីសឆ្នាំ ២០១៩ (Annals of Nutrition and Metabolism 2019)។
៥.តែបៃតង៖ មិនថាតែបៃតង ឬតែMatcha ទេ សុទ្ធតែសម្បូរទៅដោយសារធាតុ Polyphenols, Catechin
និង EGCG ដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងបញ្ចុះកាល់ឡេស្ដេរ៉លជាដើម។ ប្រិយមិត្តគួរទទួលទានតែទាំងនេះ ដោយមិនលាយស្ករទើបទទួលបានប្រសិទ្ធភាពល្អ។
៦.ទឹកដោះគោយូគឺត៖ អាមីណូអាស៊ីតដ៏ពិសេសក្នុងសារធាតុប្រូតេអ៊ីនក្នុងទឹកដោះគោយូគឺត អាចជួយដុតជាតិខ្លាញ់ កាល់ឡូលីបានយ៉ាងល្អ។ វាថែមទាំងជួយសម្រួលប្រព័ន្ធរំលាយអាហារ និងធ្វើ់ឲ្យយើងងាយឆ្អែតថែមទៀត នេះពិតជាអាហារល្អបំផុតសម្រាប់អ្នកចង់ស្រកទម្ងន់៕
by LENG CHANREASEY