ល្ខោនគឺជាមហោស្រពមួយប្រភេទលេងរាំរឿងផ្សេងៗ។បើតាមឯកសារវប្បធម៌នានាល្ខោនមានកំណើតយូរយារណាស់មកហើយនៅលើទឹកដីកម្ពុជា។ជាការពិតណាស់ដូនតាខ្មែរយើងបានបន្សល់ទុកនូវមត៌កសិល្បៈល្ខោនជាច្រើនប្រភេទប៉ុន្តែដោយឡែកក្នុងលេខនេះទស្សនាវដ្តីសូវរីនសូមបង្ហាញអំពីទម្រង់សិល្បៈល្ខោនមួយប្រភេទរបស់ខ្មែរតាំងពីបរមបុរាណនោះគឺល្ខោនខោល។ក្នុងរយៈពេលថ្មីៗនេះល្ខោនខោលបានក្លាយជាប្រធានបទដ៏ក្តៅគគុកវាយលុកលើបណ្តាញសង្គមហ្វេសប៊ុកគួរឲ្យកត់សម្គាល់។ដើម្បីចៀសវាងការភ័ន្តច្រឡំផ្សេងៗអំពីល្ខោនខោលខ្មែរសូវរីនព្យាយាមស្រាវជ្រាវសំណៅឯកសារពាក់ព័ន្ធដែលនៅសេសសល់យកមកចុះផ្សាយព្រមទាំងធ្វើការសម្ភាសជាមួយព្រឹទ្ធសិល្បករល្ខោនខោលនិងយុវវ័យមួយចំនួនដែលជាទំពាំងស្នងឫស្សីថាតើពួកគាត់មានមតិយោបល់យ៉ាងណាខ្លះទាក់ទងនឹងសកម្មភាពនៃការអភិរក្សកេរដំណែលសិល្បៈដ៏ចំណាស់មួយនេះកុំឲ្យបាត់បង់ជាយថាហេតុ។
បើយោងតាមទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំទី២៨លេខ៦ខែមិថុនាឆ្នាំ១៩៥៦ល្ខោនខោលប្រហែលជាកើតមានដំណាលគ្នានឹងល្ខោនធម្មតាដែរពោលគឺកើតមានតាំងពីរជ្ជកាលព្រះកេតុមាលា (ព្រះបាទជ័យវរ្ម័នទី២) រវាងគ.ស៨០២ដល់៨៦៩។កាលពីសម័យមុនល្ខោននេះធ្លាប់ត្រូវបានគេចាត់ទុកជាមហោស្រពព្រះរាជទ្រព្យសម្រាប់លេងក្នុងពិធិផ្សេងៗដូចជាព្រះរាជពិធីតាំងតុចម្រើនព្រះជន្មជាដើម។បើតាមបញ្ជីក្នុងព្រះបរមរាជវាំងសម័យនោះល្ខោនខោលជាល្ខោនដែលមានតួរបាំសុទ្ធតែប្រុសសុទ្ធហើយមានចំនួនយ៉ាងច្រើនបំផុត៦៥នាក់។ល្ខោននេះប្រើសម្រាប់លេងតែឈុតឆាកក្នុងរឿងរាមកេរ្តិ៍មួយតែប៉ុណ្ណោះ។អ្នកសម្ដែងល្ខោនខោលនីមួយៗត្រូវពាក់មុខទៅតាមតួអង្គលើកលែងតែតួនាង។ប៉ុន្តែបើតាមប្រសាសន៍អះអាងរបស់ព្រឹទ្ធាចារ្យយិតសារិនហៅលោកគ្រូសវ័យ៩១ឆ្នាំល្ខោនខោលជាប្រភេទល្ខោនមហាជនដែលមានប្រភពកំណើតចេញពីវត្តស្វាយអណ្តែតស្រុកល្វាឯមខេត្តកណ្តាលតាំងពីរជ្ជកាលព្រះបាទស៊ីសុវត្ថិដោយមានលោកគ្រូស៊ឹមមកពីកៀនស្វាយជាអ្នកបង្ហាត់បង្រៀនតាមរយៈឯកសារសាស្រ្តាស្លឹករឹតហើយក្រោយមកនៅឆ្នាំ១៩៤០ទើបព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមៈនារីរតន៍ទ្រង់សព្វព្រះទ័យអនុញ្ញាតឱ្យក្រុមល្ខោនខោលវត្តស្វាយអណ្តែតមកសម្ដែងថ្វាយនៅព្រះទីនាំងភោជនីយក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញ។
ក្រោយរបបខ្មែរក្រហមដួលរលំព្រឹទ្ធាចារ្យល្ខោនខោលដែលមានភ័ព្វវាសនារួចផុតពីការកាប់សម្លាប់ដូចជាលោកគ្រួយិតសារិនអ្នកគ្រូឯមធាយអ្នកគ្រូសុតសំអុនអ្នកគ្រូស៊ិនសាម៉ាដឹកឆូអ្នកគ្រូជាខាន់អ្នកគ្រូជាសាមីអ្នកគ្រូស៊ឹមមន្ថានិងអ្នកគ្រូរស់គង់ជាដើមបានប្រមូលគ្នាចូលរួមចំណែកអភិរក្សសិល្បៈល្ខោនខោលយ៉ាងសស្រាក់សស្រាំតាមរយៈការបណ្តុះបណ្តាលថ្នាលសិល្បៈជំនាន់ក្រោយ។សព្វថ្ងៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងតែយកចិត្កទុកដាក់ក្នុងការអភិរក្សនិងផ្សព្វផ្សាយមត៌កល្ខោនខោលទៅកាន់មជ្ឈដ្ឋានសាធារណៈនិងទៅកាន់ឆាកអន្តរជាតិថែមទៀតផង។ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តជ្រើសរើសយកទស្សនីយភាពសិល្បៈល្ខោនខោលទៅចូលរួមសម្ដែងក្នុងកម្មវិធីមហោស្រពរបាំងមុខអាស៊ានបូកបី(ASEAN +3 Mask Festivals) នៅប្រទេសថៃយ៉ាងមហោឡារឹកកាលពីថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៦កន្លងទៅថ្មីនេះក្រោមវត្តមានចូលរួមពីសំណាក់គណៈប្រតិភូសិល្បករតំណាងជាតិចំនួន០៥ប្រទេសគឺប្រទេសកម្ពុជាថៃមីយ៉ាន់ម៉ាឡាវនិងកូរ៉េខាងត្បូង។នេះជាកិត្តិយសដ៏ថ្មីសន្លាងមួយទៀតសម្រាប់ល្ខោនខោលដែលជាមត៌កដូនតាខ្មែរយើងហើយសិល្បៈយើងក៏ទទួលបាននូវការចាប់អារម្មណ៍និងការស្ញើចសរសើរយ៉ាងច្រើនពីសំណាក់គណៈប្រតិភូអន្តរជាតិដែលមានវត្តមានក្នុងឱកាសនោះ។លើសពីនេះទៅទៀតយោងតាមសេចក្តីជូនដំណឹងជាផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៦ ថ្មីៗនេះក្រសួងកំពុងតែខិតខំយ៉ាងអស់ពីសមត្ថភាពនិងគ្រប់មធ្យោបាយក្នុងការសិក្សាចងក្រងឯកសារស្តីពីល្ខោនខោលព្រមជាមួយក្បាច់គុនល្បុក្កតោនិងភ្លេងអារក្សដើម្បីស្នើចុះបេតិកភណ្ឌអរូបីនៃមនុស្សជាតិទាំងនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំខាងមុខ។ស្របជាមួយសកម្មភាពខ្នះខ្នែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសិល្បករខ្មែរផ្នែកដឹកនាំល្ខោនខោលក៏បានខិតខំព្យាយាមពាំនាំទស្សនីយភាពដ៏ចំណាស់នេះទៅសម្ដែងក្នុងកម្មវិធីមហោស្រពសិល្បៈផ្សេងៗជាអាទិ៍នៅសាលាភូមិន្ទវិចិត្រសិល្បៈសាលសន្និសីទចតុមុខសមាគមសិល្បៈសុវណ្ណភូមិនិងនៅតាមវត្តអារាមមួយចំនួននៅពេលមានកម្មវិធីសិល្បៈម្ដងម្កាលដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយនិងជនបរទេសទាំងឡាយបានសិក្សាស្វែងយល់កាន់តែទូលំទូលាយ។ក្រៅពីនោះសិល្បៈនេះត្រូវបានចាក់បញ្ចាំងខ្លះៗនៅលើកញ្ចក់ទូរទស្សន៍ជារៀងរាល់សប្តាហ៍ផងដែរតួយ៉ាងកម្មវិធី“មន្តស្នេហ៍សំនៀង” របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន(CTN) ព្រមទាំងមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែថែមទៀតផង ជាពិសេសទំព័រហ្វេសប៊ុក“ល្ខោនខោលខ្មែរ”និង “ភាណីរូបិនី” ។គួរបញ្ជាក់ផងដែរថាក្នុងស្មារតីលើកស្ទួយវិស័យនេះយុវសិល្បករឯកទេសជាច្រើនរហូត៣២នាក់ក្រោមការបង្ហាត់បង្ហាញរបស់សាស្រ្តាចារ្យជំនាញបានប្រមូលផ្តុំកម្លាំងគ្នាបង្កើតកម្មវិធីសម្ដែងទស្សនីយភាពល្ខោនខោលដ៏ធំអស្ចារ្យមួយដកស្រង់ចេញពីឈុតមួយក្នុងរឿងរាមកេរ្តិ៍ដែលមានឈ្មោះថា“ថលតយ័ន្ត” នៅទីតាំងសាលាមធ្យមវិចិត្រសិល្បៈនៅថ្ងៃច័ន្ទទី១១ខែកក្កដាប្រកបដោយភាពជោគជ័យយ៉ាងសម្បើម។លោកខុនច័ន្ទសិទ្ធិការ្យអ្នកផ្តួចផ្តើមបង្កើតកម្មវិធីបានលើកឡើងថា“វាជាព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយដែលមានក្រុមការងារសរុបទាំងអស់ជិត៥០នាក់។ពួកយើងខំធ្វើការខ្លាំងមែនទែន! ខ្ញុំមានទឹកចិត្តចង់ធ្វើវាដើម្បីសិល្បៈខ្មែរយើង!យើងខំប្រឹងខ្លួនឯងសិនទើបមានគេជួយ!”
ដោយឡែកនៅខាងសមាគមសិល្បៈល្ខោនខោលវត្តស្វាយអណ្តែតឯណោះវិញព្រះគ្រូជាប៊ុនធឿនចៅអធិការវត្តស្វាយអណ្តែតបានមានសង្ឃដីកាប្រាប់សូវរីនថា“នៅវត្តនេះគឺយើងមានទំនៀមទម្លាប់មួយពេលដែលរដូវចូលឆ្នាំបានបញ្ចប់ទៅគឺយើងសម្ដែងល្ខោនខោលបីយប់ជាប់គ្នា។ថ្នាលចាស់បានបាត់បង់អ្នកខ្លះចាស់ជរាអ្នកខ្លះស្លាប់អ្នកខ្លះបានផ្លាស់ប្តូរទីលំនៅ។ដូច្នេះយើងបានបង្កើតថ្នាលថ្មីគឺក្មេងនៅទីនេះចេះលេងភ្លេងពិណពាទ្យផងចេះសម្ដែងល្ខោនខោលផង។” ព្រះតេជគុណបានបន្តថាប្រសិនបើប្រមូលទាំងអស់(ចាស់ៗក្នុងតំបន់មូលដ្ឋាន) គ្រូដែលនៅអាចសម្ដែងបានមានប្រហែល១០នាក់ប៉ុន្តែគ្រូបង្គោលក្នុងការបង្ហាត់បង្រៀនសិស្សផ្ទាល់តែម្ដងមានត្រឹម៤-៥នាក់ប៉ុណ្ណោះ។គ្រូនៅទីនោះត្រូវបានបែងចែកបង្ហាត់ទៅតាមប្រភេទតួនីមួយៗតួយ៉ាងលោកតាអ៊ឹមសារួនជំនាញតួយក្សនិងលោកតាហេងសៅជំនាញតួស្វា។
ជាមួយគ្នានេះដែរលោកប៉ូចផៃអតីតនាយកសាលាបឋមសិក្សាស្វាយអណ្តែតបច្ចុប្បន្នជាសមាជិកគណៈកម្មការគ្រប់គ្រងល្ខោនខោលវត្តស្វាយអណ្តែតទទួលបន្ទុកផ្នែករដ្ឋបាលនិងទំនាក់ទំនងបានមានប្រសាសន៍ថាសមាជិកក្រុមល្ខោនវត្តស្វាយអណ្តែតនេះមកពីបីមូលដ្ឋានភូមិគឺភូមិពាមតាឯក ភូមិតាស្គរនិងភូមិព្រែកតាអុង។ក្មេងៗដែលមកហាត់រៀនល្ខោនខោលមានសរុបប្រមាណ៣០-៤០នាក់ប៉ុន្តែក្នុងចំណោមនោះមានតែ២០នាក់ទេដែលនៅបន្តសម្ដែងដល់សព្វថ្ងៃ។នៅទីនោះគ្មានរោងសម្រាប់សម្ដែងជាប្រចាំទេព្រោះរោងចាស់បាក់បែកអស់ហើយ។ដូច្នេះពេលសម្ដែងម្ដងៗត្រូវចំណាយប្រាក់សម្រាប់ជួលរោងរីឯសម្លៀកបំពាក់សម្ដែងវិញគឺត្រូវខ្ចីគេប្រើប្រាស់រហូតទើបតែមកដល់ឆ្នាំ២០០០ទើបមានការឧបត្ថម្ភសម្លៀកបំពាក់សម្ដែងចំនួន១២សម្រាប់ (អាវតួយក្ស៦និងអាវតួស្វា៦)ពីអង្គការយូនេស្កូ។សម្លៀកបំពាក់និងរបាំងមុខខោលទាំងអស់ត្រូវរក្សាទុកក្នុងបណ្ណាល័យសាលា។
“ចាប់ពីឆ្នាំ២០១២មកយើងបានមូលនិធិហ្គូដហ្វាន់ (Good Fund) របស់ជនជាតិបារាំង។គាត់បានជួយជាថវិកាដល់គ្រូបង្ហាត់ក្បាច់និងបង្ហាត់ភ្លេង។ប៉ុន្តែឥឡូវជំនួយនេះត្រូវបានផ្អាកហើយខាងវត្តផ្ទាល់គឺលោកគ្រូចៅអធិការកំពុងខិតខំរកថវិកាជួយឱ្យបានបន្តទៅទៀត។ល្ខោនខោល (ល្ខោនមហាជន)សព្វថ្ងៃនៅសល់តែវត្តស្វាយនេះមួយទេ! សូមមេត្តាជួយចូលរួមគាំទ្រទោះបីជាស្មារតីក្តីសម្ភារៈក្តីឬជាថវិកាក្តី […] ប្រសិនបើសប្បុរសជនអាណិតស្រលាញ់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខ្ញុំផ្ទាល់គឺ០៩២៦១៣៧០៦។”នាយកសាលាចូលនិវត្តន៍រូបនេះបានលើកឡើង។
យុវជនយង់ម៉ាឌីថាវ៉ាត់វ័យ១៨ឆ្នាំនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានសម្ដែងចំណាប់អារម្មណ៍ថា“ខ្ញុំស្រឡាញ់សិល្បៈបុរាណខ្មែរគ្រប់ទម្រង់មិនមែនតែល្ខោនខោលទេ។ចំពោះល្ខោនខោលវិញខ្ញុំមិនអាចចាំអស់ទេថាមើលបានប៉ុន្មានដងគឺច្រើនលើកច្រើនសាណាស់។ខ្ញុំមើលវាលើកដំបូងនៅក្នុងកម្មវិធីមួយនៅសាលចតុមុខ។ខ្ញុំយល់ថា ល្ខោនខោលពិសេសត្រង់សម្ដែងដោយប្រើប្រាស់ការពោលនិងលាយឡំការច្រៀងខ្លះតែតិចតួចបំផុត។តួសម្ដែងភាគច្រើនពាក់មុខខ្មុក។ “ខ្ញុំគិតថាយុវជនសព្វថ្ងៃមិនទាន់យល់ជ្រួតជ្រាបអំពីល្ខោនខោលនេះទេ! ខ្មែរយើងឥឡូវបែងចែកមិនដាច់រវាងល្ខោនខោលនិងរបាំបុរាណទេ។និយាយរួមគឺចំណេះដឹងផ្នែកវប្បធម៌នៅមានកម្រិតមែនទែន!”
សរុបសេចក្តីមកសិល្បៈល្ខោនខោលខ្មែរយើងកំពុងមានដំណើរការទៅមុខវិជ្ជមានបណ្តើរៗហើយប៉ុន្តែយើងក៏មិនត្រូវបណ្តែតបណ្តោយទុកត្រឹមនេះឡើយ។ដើម្បីជម្រុញឱ្យសិល្បៈល្ខោនខោលខ្មែរកាន់តែរីកចម្រើនទ្វេដងនោះសិល្បករគប្បីប្រឹងប្រែងបន្តហាត់រៀនអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែពូកែបន្ថែម។អ្នកដឹកនាំរឿងត្រូវមានគំនិតច្នៃប្រឌិតបង្កើតសាច់រឿងឬឈុតឆាកសម្ដែងថ្មីៗឲ្យបានទាំងបរិមាណនិងគុណភាពស្របតាមតម្រូវការជាក់ស្តែងរបស់សង្គមសម័យទំនើប។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវរួបរួមសហការគ្នាជួយលើកស្ទួយនិងជម្រុញការផ្សព្វផ្សាយសិល្បៈល្ខោនខោលតាមរយៈគ្រប់រូបភាព។ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកគួរងាកមកផ្តោតការយកចិត្តទុកដាក់គិតគូរលើបញ្ហាសិល្បៈវប្បធម៌ជាតិជាធំ។រីឯមហាជនជាពិសេសក្មេងៗជំនាន់ក្រោយគួរបណ្តុះទឹកចិត្តស្រឡាញ់់សិល្បៈវប្បធម៌ឲ្យបានមុតមាំពោលគឺរក្សាភ្ជាប់នូវស្មារតីជាតិនិយមជាដរាបទើបប្រទេសជាតិមានភាពរីកចម្រើនរុងរឿងស្ថិតស្ថេរ៕
Article by Sokmean