×
Image Courtesy SOVRIN

កោះចូរ៉ាម ដានជើងលើឆ្នេរខ្សាច់ អាំងត្រីញ៉ាំជុំគ្នា ខ្យល់ទន្លេរងា ភូមិករសោភា ទឹកដីកសិកម្ម

 
 

        រដូវ​វស្សា​បាន​ចូល​មក​​ដល់​ ព្រះ​ភិរុណ​បង្អុរ​មក​កាន់​តែ​ញឹក​ញាប់​ ហើយ​​ទឹក​ទន្លេ​​ក៏​កាន់​​តែ​​កើន​កម្ពស់​ជាង​រៀង​រាល់​ថ្ងៃ​។ រដូវ​នេះ​ ទាំង​ខ្ញុំ​ទាំង​គេ​ហាក់​ដូច​ជា​លំ​បាក​​​​បន្តិច​​ក្នុង​​ការ​​ធ្វើ​ដំណើរ​​​កម្សាន្ត​ផ្លូវ​ឆ្ងាយ​។ ដូច្នោះ​ ខ្ញុំ​ក៏​ទាញ​ទស្សនាវដ្តី​ SOVRIN​ មក​អាន​ដូច​ជា​សព្វ​ដង​។ ពី​មួយ​ទំព័រ​ទៅ​មួយ​ទំព័រ ​ខ្ញុំ​កាន់​តែ​ស្លុង​អារម្មណ៍​ទៅៗ​ រហូត​ដល់​ទំព័រ​ដែល​​និយាយ​​អំពី​​ដំណើរ​​កម្សាន្ត​។ កោះ​ចូរ៉ាម​???


វិបុល​ ៖ សុជាតា​? សុជាតា​?

សុជាតា​ ៖ មាន​ការ​អី​?                                                                  

វិបុល​ ៖ បង​រក​កន្លែង​ដើរ​លេង​ថ្ងៃ​អាទិត្យ​នេះ​បាន​ហើយ​!

សុជាតា​ ៖ ទៅ​ណា​?

វិបុល​ ៖ កោះ​ចូរ៉ាម​!


        ចម្ងាយ​ប្រហែល​៣៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ កោះ​ចូរ៉ាម​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​​ភូមិ​កណ្តាល​ ឃុំ​កោះ​ចូរ៉ាម​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ ដោយ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​​ជាតិ​​លេខ​៦A ឆ្លង​កាត់​ស្ពាន​ព្រែកតាមាក​ ជុំ​រង្វង់​មូល​នាគព័ទ្ធ​ ក្នុង​ទិស​​ដៅ​ទៅ​កាន់​​ស្រុក​​ខ្សាច់​​​កណ្តាល​ យើង​នឹង​បាន​ទៅ​ដល់​កោះ​ចូរ៉ាម​ជាក់​ជា​​មិន​ខាន​។ កោះ​ចូរ៉ាម​​គឺ​ជា​ដី​កោះ​ដែល​​ដុះ​ចេញ​ពី​ច្រាំង​​ទន្លេ​ ហើយ​មាន​ឆ្នេរ​ខ្សាច់​​ស្រស់​ស្អាត​សន្ធឹង​​តាម​ដង​ទន្លេ​មេគង្គ​យ៉ាង​ទាក់ទាញ​​ដួងនេត្រា​។ ដោយសារ​រូបរាង​កោះ​ និង​ឆ្នេរខ្សាច់​ប្រែប្រួល​ទៅតាម​ជំនន់​ទឹក​ទន្លេ​ ដូច្នោះ​ ទេសភាព​នៃ​កោះចូរ៉ាម​ត្រូវ​បាន​បែងចែក​ជា​២រដូវកាល​ គឺ​រដូវប្រាំង​ (ទំហំ​ឆ្នេរ​ធំ​ ហើយ​ជម្រៅ​​ទឹក​​រាក់​​​ងាយស្រួល​សម្រាប់​ក្មេងៗ​ហែលលេង​) និង​រដូវ​វស្សា​ (ទំហំ​ឆ្នេរ​ត្រូវ​បាន​កាត់​បន្ថយ​​បន្តិច​ ​ប៉ុន្តែ​ងាយស្រួល​សម្រាប់​ជិះទូក​លេង​កម្សាន្ត ​និង​ការ​នេសាទត្រី​)។ កោះចូរ៉ាម​មាន​សូរ​ប្លែក​ជាង​ធម្មតា​ ឬ​អាច​និយាយ​បាន​ថា​ ស្រដៀង​នឹង​សូរ​​របស់​​ភាសា​​របស់​​សាសនិក​​ឥស្លាម​ ប៉ុន្តែ​បើ​តាម​រឿង​ដំណាល​របស់​អ្នក​ភូមិ​ស្រុក​ទីនោះ ​ “ចូរ៉ាម​” មិនមែន​មក​ពី​ភាសាឥស្លាម​ឡើយ​។ មាន​រឿងនិទាន​ដំណាល២​​ដាច់​​ដោយ​ឡែក​​ពីគ្នា​អំពី​​ការ​​ដាក់​​ឈ្មោះ​កោះ​នេះ​ ត្រូវ​បាន​តំណាល​មក​។ រឿងនិទាន​ទី១​ ទាក់ទង​នឹង​ភូមិសាស្រ្ត​​របស់​​កោះ​​ផ្ទាល់​​តែម្តង​ “កោះចូរ៉ាម​ គឺ​ជា​កោះ​ដែល​មាន​ព្រៃលិចទឹក​ដុះ​ស្អេកស្អះ​ បីដូចជា​សំរាម​​ដែល​​បាន​​ហូរ​​តាម​ទឹក​មក​ប្រមូលផ្តុំ​នៅ​ទីនេះ​អ៊ីចឹង​! ដូច្នោះ​ហើយ​ ទើប​អ្នក​ភូមិ​បាន​ហៅ​កោះ​នេះ​ថា​ កោះសំរាម​ ប៉ុន្តែ​ដោយសារ​ការ​វិវឌ្ឍន៍​នៃ​សូរ ​ព្រម​ទាំង​អត្ថន័យ​នៃ​ពាក្យ​មិន​សូវ​សមរម្យ​ផង​ ទើប​សូរ​សំរាម​ បាន​បម្លែង​មកជា​ ចូរ៉ាម​ ដូច​សព្វថ្ងៃ​នេះ​”​។ រឿង​និទាន​ទី២​​ ទាក់ទង​​ជីវចម្រុះ​រ​បស់​​កោះ​​ចូរ៉ាម​ ​ “កាល​ពី​យូរ​លង់​ណាស់​មក​ហើយ​ នៅ​លើ​កោះ​នោះ​ មាន​បុរស​ម្នាក់​នេសាទ​​បាន​​សត្វល្មិច​មួយ​ក្បាល​ (សត្វ​ទឹក​មាន​សណ្ឋាន​ដូច​អណ្តើក​ ឬ​កន្ធាយ​ តែ​មាន​កន្ទុយ​ដូច​សត្វបបែល​​។ ដោយ​ឃើញ​សត្វ​នោះ​ចម្លែក​ជាង​ធម្មតា​ អ្នក​នេសាទ​នោះ​ បាន​​យក​​សត្វ​នេះ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។ ដោយ​ទ្រង់​ព្រះ​តម្រិះ​ឈ្វេងយល់​ជ្រាលជ្រៅ​ទៅ​ ព្រះអង្គ​បាន​ចាត់​ទុក​ថា​ សត្វ​នេះ​គឺជា​ពូជ​សត្វ​ទឹក​ដ៏​កម្រ​មួយ​ប្រភេទ​ ដូច្នោះ​ ព្រះ​អង្គ​​មិន​​អនុញ្ញាត​​ឲ្យ​ប្រជានុរាស្ត្រ​នេសាទ​សត្វ​នេះ​តទៅ​ទៀតទេ​។ បម្រាម​របស់​ព្រះមហាក្សត្រ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​ផ្ទៃ​កោះ​ទាំងមូល​ ហើយ​ក្រោយ​មក​ សូរ​បម្រាម​ ត្រូវ​បាន​បម្លែង​ក្លាយ​ជា​ ចូរ៉ាម​ ដូច​សព្វថ្ងៃ​នេះ​ទៅ​”។





សុជាតា​ ៖ បង​ពូកែ​ដល់​ហើយ​ អនាគត​មគ្គទេសក៍​ដ៏​ឆ្នើម​!

វិបុល​ ៖ បង​ពូកែ​អ៊ីចឹង​!

សុជាតា​ ៖ ជោរ​ភ្លាម​ហ្មង​!


        តោះ​! ចុះ​ទៅ​លេង​ឆ្នេរ​ខ្សាច់​លើ​កោះ​ផ្ទាល់​តែ​ម្តង​ទៅ​។ កោះចូរ៉ាម​មាន​អ្នក​នេសាទ​ជា​ច្រើន​។ ពួក​គាត់​ប្រកប​របរ​នេះ​ជា​រៀងរាល់​ថ្ងៃ​ និង​រៀងរាល់​យប់​។ លើ​ឆ្នេរខ្សាច់​មាន​ខ្ទម​សំណាក់​តូចៗ​រាង​ជា​ត្រីកោណ​របស់​អ្នក​ស្រុក​សម្រាប់​ដេក​រង់ចាំ​ប្រមូល​ផល​​នេសាទ​របស់​ពួកគាត់​។ ខ្យង​ លៀស​ ត្រី​គ្រប់​ប្រភេទ​ សុទ្ធ​តែ​ពួកគាត់​​ប្រមូល​បាន​ជា​​រៀង​រាល់​​ថ្ងៃ​។ អ្នក​ខ្លះ​ប្រើ​អួន​ អ្នក​ខ្លះ​ប្រើ​កញ្ច្រែង​ អ្នក​ខ្លះ​ចង​សន្ទូច​ និង​អ្នក​ខ្លះ​បង់​សំណាញ់​ជាដើម​។

សុជាតា​ ៖ ដូច្នោះ​យើង​អាច​ក្រាល​កន្ទេល​ដេក​អាំង​ថ្ងៃ​​មើល​​សកម្មភាព​​អ្នក​នេសាទ​​បាន​​យ៉ាង​​រីក​រាយ​!

វិបុល​ ៖ ចុះ​អត់​ហែលទឹក​ទន្លេ​លេង​ទេ​?

សុជាតា​ ៖ ហេតុអ្វី​ក៏អត់​?