×
Images courtesy: SOVRIN

សង្វាក់​​ផលិតកម្ម​​តម្បាញ​​ប្រពៃណី​​ខ្មែរ​​រង​​​ផល​​ប៉ះ​ពាល់​​អ្វី​​ខ្លះ​នៅ​​ក្នុង​​ពេល​​បច្ចុប្បន្ន

 
 

     ក្រៅ​ពី​សម្បត្តិ​បេតិកភ័ណ្ឌ​ប្រាង្គ​ប្រាសាទ​រាប់​ពាន់​ប្រាសាទ​នៅ​រាយ​ប៉ាយ​ស្ទើរ​គ្រប់​ខេត្ត​ទូទាំង​ផ្ទៃប្រទេស​បុព្វបុរស​បុរាណាចារ្យ​ខ្មែរ​បាន​បន្សល់​ទុក​នូវ​មត៌ក​សិប្បកម្ម ប្រពៃណី​ជា​ច្រើន​ប្រភេទ​ រួម​មាន​ជា​អាទិ៍ សិប្បកម្ម​ចម្លាក់​​ឈើ ស្ពាន់ មាស ​ប្រាក់ ចម្លាក់ថ្មកែវ ចម្លាក់ថ្មម៉ាប ចម្លាក់ ស្បែក សិប្បកម្មផលិតគ្រឿងកុលភាជន៍គ្រឿងឧបករណ៍ប្រើប្រាស់ធ្វើពីស្លឹកត្នោត វល្លិ៍ផ្តៅ រពាក់ និង ​សិប្បកម្ម តម្បាញ។ បើ​និយាយ​អំពី​សិប្បកម្ម​តម្បាញ ប្រជាជន​មាន​ជំនាញ​ត្បាញ​គ្រឿង​សម្លៀក​បំពាក់​ដូចជា ហូល ផាមួង សំពត់ចរបាប់ និង ក្រមា។ ប៉ុន្តែ​ដោយ​សារ​តែ​លំហូរ​ចូល​យ៉ាង​ច្រើន​សន្ធឹក​នៃ​ក្រណាត់​ពី​ក្រៅ​ប្រទេស និង​ កត្តា​រួម​ផ្សំ​ជា​ច្រើន​ទៀត សកម្មភាព​នៃ​ផលិតកម្ម​តម្បាញ​លក្ខណៈ​ប្រពៃណី​បាន​ថយ​ចុះ​ខុស​ប្លែក​ពី​សម័យ​មុន។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងនេះ​ក្តី ប្រជាជន​នៅ​ក្នុង​តំបន់​ខ្លះ​ក៏​នៅ​តែ​បន្ត​អាជីព​តម្បាញ​នេះ​ដដែល​ដូចជា ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ស្រុក​បាទី ខេត្ត​តាកែវ ស្រុក​កោះសុទិន ខេត្ត​កំពង់ចាម​ តំបន់​ព្រែកចង្រ្កាន ខេត្ត​ព្រៃវែង  តំបន់​កោះដាច់ និង​ កោះឧកញ៉ាតី ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។ តើ​ហេតុអ្វី​បាន​ជា​ប្រជាជន​នៅ​ទី​នោះ​សុខ​ចិត្ត​បន្ត​ថែ​រក្សាប្រពៃណី​នេះ?  តើ​វាសនា​សិប្បកម្ម​ប្រភេទ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​អនាគត?

    ដើម្បី​ស្វែង​យល់​អំពី​សិប្បកម្ម​ប្រពៃណី​តម្បាញ​ខ្មែរ ក្រុម​ការ​ងារ សូវរីន បាន​ចុះ​ទៅ​យក​ព័ត៌មាន​ដោយផ្ទាល់​នៅ​ទីតាំង​ភូមិសាស្រ្ត​ដែល​ល្បី​ល្បាញ​ខាង​ជំនាញ​ឯកទេស​តម្បាញ​សូត្រ​តាំង​ពី​បុរាណកាល​រហូត​មកទល់​សព្វ​ថ្ងៃ​នោះ​គឺ តំបន់​កោះដាច់ និង​ កោះ​ឧកញ៉ាតី ដែល​ត្រូ​វ​បាន​ភ្ញៀវ​បរទេស​ស្គាល់​ច្បាស់​ថា​ជា “កោះទន្លេ​មេគង្គ” (Mekong Island) ឬ “កោះ​តម្បាញសូត្រ​” (Silk Island) ។ បាន​ជា​គេ​ប្រសិទ្ធនាម​កោះ​នេះ​ថា​ជាកោះ​តម្បាញ​សូត្រ ព្រោះ​នៅ​ក្រោម​ផ្ទះ​ប្រជាជន​ភាគ​ច្រើន​មាន​រក្សា​នូវ​កី​តម្បាញ​លក្ខណៈ​ប្រពៃណី​ត​ពី​ដូន​តា ហើយ​ពួកគេ​ក៏​មាន​ផលិតផល​ផាមួង សូត្រ ក្រមា​សូត្រ សម្រាប់​ទុក​លក់​ជូន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មកទស្សនា​កំសាន្ត​នៅ​ទី​នោះ​ជា​រៀង​រាល់​ថ្ងៃ​មិន​ថា​រដូវ​ប្រាំង​ឬ​វស្សា​។ ស្ថិត​ក្រោម​ដំបូល​ផ្ទះ​ឈើ​ប្រក់​ក្បឿង​តាមបែប​​ស្ថាបត្យកម្ម​បែប​បុរាណ លោក​តា​ សៅ សម្បត្តិ ​វ័យ​៦៩​ឆ្នាំ មន្រ្តី​រាជការ​ចូល​និវត្តន៍​នៃ​សាលា​សង្កាត់​កោះដាច់​ដែល​សព្វ​ថ្ងៃ​កំពុង​រស់​នៅ​ភូមិ​ក្បាល​កោះ សង្កាត់​កោះដាច់  បាន​មាន​ប្រសាសន៍​ថា លោកតា​បាន​ឃើញដំណើរការ​​សិប្បកម្ម​តម្បាញ​នៅ​កោះ​ដាច់​នេះ​តាំង​ពី​លោកតា​នៅ​វ័យ​ក្មេង​មក​ម្ល៉េះ​ ប៉ុន្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ លោកតា​សង្កេត​ឃើញ​ថា​សិប្បកម្ម​តម្បាញ​នៅ​ទី​នោះ​ពិត​ជា​មាន អត្រា​ថយ​ចុះ​មែន បើ​ធៀបទៅ​នឹង​រយៈ​ពេល​១០​ឆ្នាំ​មុន។ “ភាគរយ​អ្នក​ធ្វើ​តម្បាញ​មាន​ការ​ថយ​ចុះ​ប្រហែល​ជា​៥០​​ភាគរយ​ហើយ ព្រោះក្មេងៗ​ស្រករ​ក្រោយ​គេ​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​នៅ​សល់​តែ​មនុស្ស​ចាស់​ៗ។ បើ​សម័យ​មុន​អ្នក​នៅ​ទី​នេះ ក្នុងមួយ​រយ​ភាគ​រយ​មាន​អ្នក​ធ្វើ​តម្បាញ​៩០​ភាគរយ​ទៅ​ហើយ ហើយ​ផ្ទះ​មួយ​ៗ​ត្បាញ​បាន​ពេញ​ៗ​កី គ្រាន់​តែ​ផ្ទះ​ខ្ញុំមួយ​មាន​កី​ដល់​ទៅ​បី​”  លោកតា​ធ្វើ​ការ​ប្រៀប​ធៀប​។  លោកតា​បាន​បញ្ជាក់​មូល​ហេតុ​ប្រាប់ សូវរីន ថា​បាន​ជាយុវវ័យ​ជា​ច្រើន សម្រេច​ចិត្ត​បោះ​បង់​អាជីព​តម្បាញ​នេះ​ចោល ក៏​ព្រោះ​តែ​ពួក​គេ​យល់​ឃើញ​ថា​ធ្វើ​ការ​នៅ​រោងចក្រ នៅ​រាជធានី​ភ្នំពេញ មាន​ភាព​ងាយ​ស្រួល​និង​បរិយាកាស​សប្បាយ​រីក​រាយ​ជាង​អង្គុយ​ត្បាញ​នៅ​ផ្ទះ ហើយ​ម្យ៉ាង​ទៀត​តម្លៃ​ទីផ្សារ​ផលិតផល តម្បាញ​សូត្រ​ក្នុង​ស្រុក​មាន​សភាព​ថេរ មិន​កើន​ឡើង​អ្វី​ជា​ដុំ​កំភួន​ដូចមុខ​របរ​ផ្សេង​ទេ។ តម្លៃ​ផាមួង​លាត​មួយ​សំពត់ តម្លៃ​ត្រឹម​២៥​ដុល្លារ រី​ឯ​ផាមួង​បន្តក់​មួយ​សំពត់​តម្លៃ​ប្រមាណ៥០​ដុល្លារ ឬ​​លើស​នេះ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ទៅ​តាម​ទឹក​ដៃ នៃ​ការ​ត្បាញ​របស់​សិប្បករ​ម្នាក់ៗ​។ គួរ​ចំណាំ​ផងដែរ​ថា សំពត់​សូត្រ​ដែល​មាន​គុណភាព​ខ្ពស់​គឺ​សាច់​សំពត់​មាន​សភាព​ហាប់​ណែន​ល្អ មិន​រយីក​រយាក ស្លៀកទៅ​មើល​ឃើញ​ស្អាត​សម​ហើយ​ជាប់​បាន​យូរ​។ ស្រប​ជាមួយ​គ្នា​នេះ​ដែរ អ៊ំ​ស្រី នួន ណេន​ ភរិយា​លោក​តា ដែល​កំពុង​តែ​ពាក់​វ៉ែន​តា​ប្រឹង​សម្លឹង​បោះ​ត្រល់​ត្បាញ សំពត់​ផាមួង​ពណ៌​ទឹក​សណ្តែក​ប្រកប​ដោយ​ការ​យកចិត្ត​ទុក​ដាក់ បាន​បង្ហាញ​អំពី​បទពិសោធន៍​របស់​គាត់​លើ​ការងារ​នេះ​ថា “មួយ​ថ្ងៃ​ត្បាញ​បាន​តែ​មួយ​សម្លុយ (មួយ​សំពត់) ហ្នឹង! ប្រឹង​ណាស់​ណា​! បើ​ប្រឹង​ធ្វើ​​ឥត​ឈប់​មួយ​ថ្ងៃ​វាល់​ល្ងាច អាច​បាន​មួយ​ក្បិន​​(ពីរ​សំពត់) តែយើង​ចាស់​ណាស់​ហើយ​ កម្លាំង​មិន​ដល់​ដូច​ក្មេង​ទេ។”  អ៊ំ​ស្រី​ក៏​បាន​លើក​ឡើង​ដែរ​ថា ការងារ​​តម្បាញ​​នេះ​ត្រូវ​ប្រើ​​រយៈ​​ពេល​អង្គុយ​យូរ​ដែល​បណ្តាល​ឲ្យ​អ៊ំ​ស្រី​ចុក​រោយ​ចង្កេះ​ខ្នង ហើយ​ត្រូវ​ប្រើ​ភ្នែក​ទាំង​គូ ពិនិត្យ​សម្លឹងមើល​យ៉ាង​​ផ្ចិត​​ផ្ចង់ គួបផ្សំ​នឹង​កម្លាំង​ដៃ​ធ្ងន់​សម្រាប់​ត្បាញ ព្រម​ទាំង​ជើង​សម្រាប់​ជាន់​ឈ្នាន់​កី​ទម្រាំ​រួច​រាល់ចេញ​ជា​ក្រណាត់​ផាមួង​មួយ​សំពត់​ៗ។

     ទោះ​បី​ជា​តួ​លេខ​នៃ​សិប្បករ​តម្បាញ​ថយ​ចុះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការងារ​នេះ​មិន​បាត់​បង់​ដែរ​ព្រោះការងារ​នេះ ជា​ការ​ងារ​ប្រពៃណី​ត​ជំនាន់​មិន​អាច​កាត់​ផ្តាច់​បាន​សម្រាប់​តំបន់​មួយ​ចំនួន​តួ​យ៉ាង តំបន់​កោះ​ដាច់ ដែល​ជា​តំបន់​កោះ ហើយ​ប្រជាជន​គ្មាន​ដី​ស្រែ​សម្រាប់​បង្ក​បង្កើន​ផល ដូច្នេះ​ប្រជាជន​នៅ​តែ​តស៊ូ​បន្ត​អាជីពនេះ​ដើម្បី​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​។ ដើម្បី​ធានា​បាន​នូវ​និ​រន្តរ​ភាព​មុខ​របរ​នេះ ប្រជាជន​ទូ​ទាំង​ប្រទេស​គួរ​តែ​រួមគ្នា​លើក​ស្ទួយ​គាំ​ទ្រ​ផលិតផល​ធ្វើ ដោយ​ដៃ​របស់​ខ្មែរ​សុទ្ធ​សាធ​ឲ្យ​អ្នក​ផលិត​មាន​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​អភិរក្ស​និងអភិវឌ្ឍ​វិស័យ​នេះ​ទៅ​មុខ​។ ម្យ៉ាង​ទៀត​ការ​ធ្វើ​ចំណាក​ស្រុក​គួរ​តែ​កាត់​បន្ថយ ហើយ​ងាក​មក​បង្កើត​ការងារ​នៅតាម​មូលដ្ឋាន​សហគមន៍​វិញ​ដូច​ពាក្យ​ចាស់ លោក​ពោល​ថា “ជួញ​ជិត​ជា​ជាង​ជួញ​ឆ្ងាយ​”៕





SUGGESTIONS