×

អ៊ូ​ ដានីញែលរ៉ាត់មុនី បុត្រាបង្កើតនាយក្រឹមក្លាយជា​វិចិត្រករវ័យក្មេងរហ័ស្សនាម “Chaos”

NEWS 6 months ago
 
 

        ថ្វី​​ត្បិត​តែ​​មាន​បិតា​ជា​តារា​កំប្លែង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ប្រទេស​ដែល​ទស្សនិកជន​ក្មេង​ចាស់​ស្គាល់​ច្បាស់​ថា​ជា​នាយ​ក្រឹម​នោះ​ យុវជនអ៊ូដានី​ញែល​រ៉ាត់​មុនីពុំ​បាន​ដើរ​តាម​គន្លង​អាជីព​កំប្លែង​ដូច​ឪពុក​នោះ​ទេ តែ​កូន​ប្រុស​ពៅ​ម្នាក់​នេះ​បែរជា​មាន​ទេព​កោសល្យ​ខាង​ផ្នែក​គំនូរ​សហសម័យ​ល្អ​ប្លែក​ទៅ​វិញ។ សព្វ​ថ្ងៃ​រូប​គេ​កំពុង​មាន​ភាព​ជោគ​ជ័យ​ក្នុង​អាជីព​ការងារ​នេះ​ក្រោយ​ពេល​ត្រឡប់​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ ហើយ​រហ័ស្សនាម​សិល្បៈ​ដែល​មិត្ត​រួម​អាជីព​ស្គាល់​នោះ​​គឺខេ​អស “Chaos”ជា​ភាសា​អង់គ្លេស​ដែល​​មាន​ន័យ​ជា​ភាសាខ្មែរ​ថា​ចលាចលឬភាព​ជ្រួល​ច្របល់។ ជា​ទូទៅ​គឺ​មិន​សូវ​​មាន​មហាជន​ខ្មែរ​ស្គាល់​អំពី​ជីវប្រវត្តិ​ ​និង​រឿង​រ៉ាវ​ការងារ​របស់​សិល្បករ​វ័យ​ក្មេង​ម្នាក់​នេះ​នៅ​ឡើយ​ទេ។ ដូច្នេះ​ដើម្បី​ឲ្យ​ស្គាល់​គាត់​កាន់​តែ​ច្បាស់​ អ៊ីចឹង​​តោះ! មក​ស្វែង​យល់​អំពី​ព័ត៌មាន​លម្អិត​របស់​លោក​ដានីញ៉ែល​រ៉ាត់មុនី​ទាំង​អស់​គ្នា​ជាមួយ​សូវរីន!

        លោកអ៊ូដានីញ៉ែលរ៉ាត់មុនី បាន​កើត​នៅ​ទីក្រុង​សានប៊ែណាឌីយ៉ូ​រដ្ឋ​សាន់ហ្វ្រានស៊ីស្កូ​ សហរដ្ឋ​អាមេរិច​ថ្ងៃទី០៨ខែធ្នូឆ្នាំ​១៩៩៥ បើ​គិត​មក​ដល់​សព្វ​ថ្ងៃ​នេះ​លោក​ទើប​តែ​មាន​អាយុ​២២​ឆ្នាំ​ប៉ុណ្ណោះ។​ លោក​បាន​ដឹង​ក្តី​ឡើង​នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិច​ ហើយ​បន្ត​រស់​នៅ​ទី​នោះ​រហូត​ដល់​អាយុ​១២​ឆ្នាំ​ទើប​ត្រឡប់​មក​រស់​នៅ​ប្រទេស​កម្ពុជា​វិញ។ នៅ​ឆ្នាំ​២០១២​ យុវជន​រូប​នេះ​ចាប់ផ្តើម​មាន​ចំណង់​ចំណូល​ចិត្ត​ផ្នែក​គំនូរ​តាម​ជញ្ជាំង​ (Street Art)ដែល​កំពុងតែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ពី​សំណាក់​យុវវ័យ​សព្វ​ថ្ងៃ​នេះ។​​ ដោយសារ​តែ​ទឹកចិត្ត​ស្រលាញ់​ជំនាញ​នេះ​លោក​ចេះ​តែ​ខំ​តស៊ូ​បន្ត​ការងារ​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រហូត​ក្លាយ​ជា​វិចិត្រករ​អាជីព​វ័យ​ក្មេង​ម្នាក់​ ហើយ​ថែម​ទាំង​ជា​ស្ថាបនិក​ក្រុម​សមូហភាព​វិចិត្រករ​ខ្មែរ​ដែល​មាន​ឈ្មោះ​ថា​ YSK និងម៉ាក​យីហោសម្លៀកបំពាក់​ស្នាដៃ​កូន​ខ្មែរ OMENS។

        ដានី​ញ៉ែល​បាន​រៀប​រាប់​អំពី​ការ​ប្រឡូក​អាជីព​នេះ​ដំបូង​ថាគេ​បាន​ក្លាយ​ជា​វិចិត្រករ​អាជីព​កាល​ពី​៣​ឆ្នាំ​មុនតាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ដោយ​លោក​ Steve Dysamil Luon ខាង​ហាង​លក់​ស្គី​10K Skateshop ឲ្យ​ធ្វើ​ការ​ក្នុង​គម្រោង​ដោយ​ឡែក​មួយ​គឺការ​ផលិត​ក្តារ​បន្ទះ​ស្គី​ដំបូង​សម្រាប់​ហាង​នេះ “ខ្ញុំ​ធ្វើ​ការ​ច្នៃ​ម៉ូដក្តារ​បន្ទះ​ស្គី​ឲ្យ​គេ​ ហើយ​នៅ​ពេល​ដែល​វាត្រូវ​បាន​លក់​ដាច់​អស់​ អាជីព​ការងារ​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​ចាប់​ផ្តើម​ពី​ពេល​នោះ​មក។ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ខ្លាំង​ដល់​Steve!”។ តាំង​ពី​ជោគជ័យ​ជំហាន​ដំបូង​នោះ​មក​ ដានីញ៉ែល​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​បន្ថែម​ដោយ​ខ្លួន​ឯងទាំង​នៅ​ផ្ទះ​នៅ​សាលារៀន​ និង​នៅ​គ្រប់​ទី​កន្លែង​ដែល​គេ​អាច​ធ្វើ​បាន។

        “ខ្ញុំ​ជ្រើសរើស​យក​អាជីព​នេះ​ ពីព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ពូកែ​ ហើយ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ខ្ញុំ។ អ្វី​ដែល​ពិសេស​បំផុត​សម្រាប់​ការងារ​នេះ​គឺ​ វា​មិនមែន​ជា​​បន្ទុកការងារ​នោះ​ទេ។ វា​ជា​ការ​វិនិយោគ​សម្រាប់​ព្រលឹង​ផ្លូវ​ចិត្ត។​ សម្រាប់​ខ្ញុំ​ វា​មិន​ត្រឹម​តែ​ជា​ការ​បង្កើត​របស់​ដែល​ខ្លួន​ឯង ​ចូលចិត្ត​ហើយ​ទទួល​បាន​កម្រៃ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លើស​ពី​នេះ​គឺ​ជំរុញ​ទឹកចិត្ត​ដល់​អ្នកដទៃ ​សិក្សា​ពី​អ្វី​ដែល​ថ្មី ​និង ​បង្កើត​ប្រាក់​ចំណូល​ ព្រម​ជាមួយ​គ្នា” លោក​បាន​បញ្ជាក់។

        ស្នាដៃ​សិល្បៈ​សំខាន់ៗ​របស់​យុវជន​កូន​ខ្មែរ​ដែល​ធ្លាប់​ទទួល​ការ​សិក្សា​នៅ​បរទេស​រូប​នេះ ​ជា​អាទិ៍​រួម​មាន​ការ​តាំង​ពិព័រណ៍​ចំនួន​ពីរ​លើក​នៅ​វិចិត្រសាល​ K-Bach ​ដែល​ជា​វិចិត្រសាល​មួយ​ប្រមូល​ផ្តុំ​ស្នាដៃ​របស់​វិចិត្រករ​ក្នុង​និង​ក្រៅ​ស្រុក​ ​ការ​បើក​ដំណើរការ​ម៉ាក​សម្លៀក​បំពាក់​ OMENS និង​ជា​ពិសេស​នោះ​គឺ​ការ​ដេញ​ថ្លៃ​លក់​ផ្ទាំង​គំនូរ​នៅ​សណ្ឋាគារ​សូហ្វីតែល​​កាល​ពី​ថ្ងៃអាទិត្យ​ទី​១០ខែ​កញ្ញាឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​លើក​ស្ទួយ​សិល្បករ​ផ្នែក​សិល្បៈ​គំនូរ​បែប​ទីក្រុង​សម័យ ​​និងដើម្បី​ស្វែង​រក​មូលនិធិ​សប្បុរស​ធម៌​ជួយ​កុមារ​ខ្វះ​ខាត​នៅ​កម្ពុជា។ គំនូរ​មួយ​ផ្ទាំង​ក្រោម​ចំណង​ជើង​ថា ​Nightingale’s Prayer ឆ្លុះ​បញ្ចាំង​អំពី​ក្តី​សង្ឃឹម​ក្នុង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​និង​ឧបសគ្គ​ដែល​ត្រូវ​ឆ្លង​កាត់​ពុះពារ​ ហើយ​គំនូរ​នេះ​មាន​តម្លៃ​៥០០​ដុល្លារសម្រាប់​ចូល​រួម​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​នោះ​ក្នុង​ចំណោម​គំនូរ​រ​បស់​វិចិត្រករ​ចំណានៗ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​សរុប​ចំនួន​២០ផ្ទាំង។

        “វា​ជា​ឱកាស​សម្រាប់​ប្រើ​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ក្នុង​ជីវភាព​រស់​នៅ​និងការ​អប់រំ​របស់​កុមារ។ ការ​ធ្វើ​ជា​វិចិត្រករ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​មិន​មែន​គ្រាន់​តែ​យល់​ពី​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​ត្រូវ​ផ្តល់​ឲ្យ​សហគមន៍​ដែល​បាន​កសាង​យើង​វិញ។ ពួក​យើង​ជំពាក់​ប្រទេស​នេះ​នូវ​សេចក្តី​ស្រលាញ់​និង​ការ​ចិញ្ចឹម​បីបាច់​ដែល​វា​គួរ​តែ​ត្រូវ​បាន​តប​ស្នង​វិញ។”

        អ្វី​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍​ចំពោះ​ស្នាដៃ​វិចិត្រកម្មរ​បស់​យុវសិល្បករ​ដានីញ៉ែល​នោះ​គឺលក្ខណៈ​ពិសេស​ដែល​ជា​អត្តសញ្ញាណ​នៃ​ការងារ​សិល្បៈ​មួយ​ខុស​ប្លែក​ពី​វិចិត្រករ​ដទៃ។ វិចិត្រករដានីញ៉ែលឬខេអស​ (Chaos) តែង​តែ​ប្រើ​ពុម្ពអក្សរ​​ក្នុង​ការ​គូរ​ឬ​រចនា​ម៉ូដ​សិល្បៈ​ផ្សេងៗ​ដែល​មើល​ទៅ​ប្រទាក់​ក្រឡាបង្កើត​ចេញ​ជា​រូបារម្មណ៍​ឬ​អត្ថន័យ​បង្កប់​ផ្សេងៗ​ ហើយ​ដែល​ភាគ​ច្រើន​នោះ​គឺ​ពុម្ពអក្សរជាតិ​ខ្មែរ​តែ​ម្តង។ នេះ​ជា​ការ​ចូល​រួម​ចំណែក​លើក​ស្ទួយ​តម្លៃ​អក្សរ​សាស្រ្ត​ជាតិ​តាម​រយៈ​ស្នាដៃ​សិល្បៈ​គំនូរ​បង្កើន​កិត្យានុភាព​ជាតិ​ឲ្យ​បរទេស​កាន់​តែ​ស្គាល់​អក្សរខ្មែរ​ជា​សកល។

        “បំណង​ប្រាថ្នា​ទៅ​ថ្ងៃ​អនាគត​គឺ​ធ្វើ​ឲ្យ​ម៉ាក​យីហោ​សម្លៀក​បំពាក់​របស់​ខ្ញុំ​ល្បីល្បាញ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​និងលើក​ស្ទួយ​ទស្សនីយភាព​ស្នាដៃ​សិល្បៈ​វិចិត្រកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។”  ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នេះ​ដានីញ៉ែល​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រៀបចំ​គម្រោង​ផែនការ​ ​បញ្ចប់​ការងារ​តាម​រយៈ​ពេល​កំណត់​ជាក់លាក់​អនុវត្ត​ការងារ​ឲ្យ​បាន​ស្ថិតស្ថេរ​ជាប់លាប់​ ​និងប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ។​  ជា​ចុង​ក្រោយវិចិត្រករ​គំនូរ​សហសម័យ​បែប​ទីក្រុង​ដានីញ៉ែលបាន​ចែក​រំលែក​កត្តា​កំណត់​ជោគជ័យ​នៃជីវិត​តាម​ទស្សនៈ​របស់​អ្នកប្រាជ្ញ​សូក្រាត​ថា​“ដើម្បី​ស្វែងយល់​ឲ្យ​ឃើញ​ពី​ខ្លួនឯង​ត្រូវ​គិត​គូរ​ចំពោះ​ខ្លួន​ឯង”៕​

Article by SRIN SOKMEAN



SUGGESTIONS