×

Re-Maker បង្កើត​សិល្បៈ​គំនូរ​លើ​ស្បែកជើង​ឲ្យ​កាន់​តែ​គួរ​ឲ្យ​ស្រលាញ់​ (​ឃ្យូត​)

NEWS 6 years ago
 
 

          ផ្តើម​ចេញ​ពី​កាដូ​អនុស្សាវរីយ៍​ស្បែក​ជើង​ដ៏​ស្រស់​ស្អាត​មួយ​គូ​ យុវតី​២​រូប​បាន​បង្កើត​ការ​ងារ​សិល្បៈ​មួយ​ឡើង។​ តើ​រឿង​រ៉ាវ​លម្អិត​កើត​ឡើង​ដោយ​របៀប​ណា?

          “ខ្ញុំ​ចាំ​បាន​ថា​ កាល​នោះ​ខ្ញុំ​បាន​គូរ​រូប​ Galaxy​ (ក្រុម​ផ្កាយ​លើ​អាកាស)​ លើ​ស្បែក​ជើង​ប៉ាត់តា​ ដើម្បី​ជូន​ជា​កាដូ​ថ្ងៃ​ខួប​កំណើត​របស់​គាត់​ (សិស្ស​ច្បង)។​ ខ្ញុំ​ដឹង​ថា​គាត់​មាន​រស​និយម​បែប​នោះ។​ ដូច​ការ​រំពឹង​ទុក​ គាត់​ពិត​ជា​ចូល​ចិត្ត​មែន។”​ នេះ​គឺ​ជា​វា​ចា​របស់​ អ៊ឹង អេលីណា​ និស្សិត​ឆ្នាំ​ទី២​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ជំនាញ​ Graphic Design​ ដែល​ជា​អ្នក​គូរ​រូប​គំនូរ​លើ​ស្បែក​ជើង។​ បន្ថែម​ពី​លើ​ចំណុច​របស់​សិស្ស​ប្អូន សិស្ស​ច្បង​ ពឿន សាលីលីន​ និស្សិត​ឆ្នាំ​ទី៤​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ជំនាញ​ Décor​ បាន​បញ្ជាក់​បន្ថែម​ថា​ “ដោយ​សារ​ខ្ញុំ​ឃើញ​គាត់​ (សិស្ស​ប្អូន)​ មាន​ទេព​កោសល្យ​លើ​ផ្នែក​នេះ​ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​គាត់។​ ទី​បំផុត​យើង​ក៏​បាន​សម្រេច​បង្កើត​ការងារ​សិល្បៈ​ខ្នាត​មធ្យម​មួយ​នេះ​ឡើង។​ ”ក្តី​ស្រមៃ​មួយ​កំពុង​ដែល​ដុះ​ពន្លក​មក​ហើយ!​

          Re-maker​ ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​ដំបូង​នៅ​ថ្ងៃ​ទី០៧​ ខែមីនា​ ឆ្នាំ២០១៦។​ Re-maker​ គឺ​ជា​ឈ្មោះ​ហាង​គូរ​រូប​ភាព​លើ​ស្បែក​ជើង​មួយ​នៅ​កម្ពុជា។​ Re-maker​ មាន​និម្មិត​សញ្ញា​ជា​រង្វង់​ដែល​បង្ហាញ​ពី​ការ​កកើត​ឡើង​វិញ​នៃ​វត្ថុ​អ្វី​មួយ។​ ទាំង​ឈ្មោះ​ និង​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​សុទ្ឋ​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ Re-maker​ មាន​គោល​បំណង​បង្កើត​ និង​កែ​ច្នៃ​លើ​របស់​ចាស់ៗ​ ដែល​ឈប់​ប្រើប្រាស់​ ដើម្បី​ប្រើ​ប្រាស់​ឡើង​វិញ​ក្នុង​ប្រយោជន៍​ផ្សេង​ណា​មួយ​ទៀត។​ ពិត​ណាស់​សហស្ថាបនិក​របស់​ Re-maker​ ក៏​បាន​ពោល​បញ្ជាក់​ផង​ដែរ​ថា​ “គោល​បំណង​របស់​យើង​គឺ​កែច្នៃ​ និង​បន្ថែម​សម្រស់​លើ​ស្បែក​ជើង​ចាស់ៗ​ដែល​យើង​ឈប់​ពាក់​ដោយ​ការ​គូរ​រូប​ផ្សេងៗ​ទៅ​តាម​គំនិត​ស្រមើ​ស្រមៃ​ និង​តាម​តម្រូវ​ការ​របស់​អតិថិជន។”​ Re-maker​ មាន​សេវា​កម្ម​គូរ​រូប​លើ​ស្បែក​ជើង​ប៉ាត់តា​ ស្បែក​ជើង​កីឡា​ឬ​ស្បែក​ជើង​ឃ្លុប ស្បែក​ជើង​អេស្កាបាំង​ជា​ដើម។​ Re-maker​ ប្រើ​ជក់​គូរ​រូប​ និង​លាប​ពណ៌​បី​ដូច​ជា​គំនូរ​មួយ​ផ្ទាំង​តូច​លើ​ស្បែក​ជើង។​

រូប​គំនូរ​ដែល​គូរ​ គឺ​គូរ​ទៅ​តាម​ការ​កម្ម៉ង់​ពី​អតិថិជន​ ឬ​តាម​គម្រូ​រូបភាព​ដែល​មាន​ស្រាប់​ ឬ​តាម​ការ​កែ​ច្នៃ​រូប​ភាព​ថ្មី​ពី​សំណាក់​អ្នក​គំនូរ។​ ស្បែក​ជើង​មួយ​គូរ​ត្រូវ​ចំណាយ​ពេល​គូរ​ប្រហែល​៣​ ទៅ​ ៤ម៉ោង​ ក្នុង​ចន្លោះ​តម្លៃ​ពី​១៥ ទៅ​ ២០ដុល្លារ​ (សម្រាប់​អតិថិជន​ដែល​មាន​ស្បែក​ជើង​ខ្លួន​ឯង)​ និង​ពី​២៥​ ទៅ​ ៣៥ដុល្លា ​(សម្រាប់​អតិថិជន​ដែល​ទិញ​ស្បែក​ជើង​ថ្មី​ដែល​មាន​រូប​គំនូរ​រួច​ហើយ)។​ រូប​គំនូរ​លើ​ស្បែក​ជើង​មាន​ច្រើន​ប្រភេទ​ ប៉ុន្តែ​រូប​ដែល​ពេញ​និយម​ភាគ​ច្រើន​ជា​ប្រភេទ​រូប​តុក្តតា​ ឬ​រូប​ភាព​បែប​ Classic​ ជា​ដើម។

          “ដើម​ទុន​ការងារ​សិល្បៈ​របស់​ខ្ញុំដំបូង​តែ​៣$​ប៉ុណ្ណោះ!”​ តើ​អាច​ទៅ​រួច​ឬ​ទេ?​ “ប្រាកដ​ជា​អាច​ទៅ​រួច!”​ នេះ​គឺ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ពី​ស្ថាបនិក​របស់​ Re-maker។​ “យើង​ទាំង​២នាក់​បាន​ប្រើ​ប្រាស់​ទឹក​ប្រាក់​៣$​ ដើម្បី​ទិញ​ស្បែក​ជើង​ធម្មតា​ (ស្បែក​ជើង​ប្រើ​ហើយ​១ទឹក)​ យក​មក​គូរ​ដោយ​ប្រើ​ទឹក​ថ្នាំ​ និង​សម្ភារ​គូរ​ដែល​យើង​មាន​ដោយ​ខ្លួន​ឯង​ស្រាប់។​ ដើម​ទុន​ពេល​នោះ​ គឺ​បង្វិល​ទៅ​មក​រហូត។​ យើង​លក់​បាន​មួយ​ យក​លុយ​មក​ទិញ​មួយ​ទៀត​ ម្តង​បន្តិចៗ​ យើង​ក៏​អាច​ពង្រីក​ការងារ​សិល្បៈ​ដូច​ដែល​បងៗ​បាន​ឃើញ​នា​ពេល​នេះ!”​ ស្ទើរ​តែ​មិន​គូរ​ឲ្យ​ជឿ​ប៉ុន្តែ​នេះ​គឺ​ជា​ការ​ពិត។

          នៅ​ពី​ក្រោយ​ការ​កកើត​នេះ​ Re-maker​ ក៏​ជួប​ប្រទះ​នឹង​ឧបសគ្គ​មក​ជា​ច្រើន​ហូរ​ហែ​មក​ដែរ​ដូច​ជា​ ដើម​ទុន​ដែល​មាន​តិច​ ពេល​វេលា​មិន​សូវ​អំណោយ​ផល​ ការ​ទទួល​ស្គាល់​គំនិត​ការងារ​សិល្បៈ​ និង​ថាមពល​ផ្លូវ​ចិត្ត​ជា​ដើម។​ “ខ្ញុំ​ (សាលីលីន)​ ត្រូវ​សរសេរ​សារ​ណា​បញ្ចប់​ថ្នាក់​សាកល​វិទ្យាល័យ​ផង​ គិត​អំពី​គម្រោង​ការ​ងារ​នេះ​ផង។​ មួយ​វិញ​ទៀត​ ដើម​ទុន​ក៏​មាន​តិចតួច​ ពេល​ខ្លះ​យើង​សម្រេច​ចិត្ត​ជុំ​គ្នា​កន្លែង​ណា​ដែល​មិន​អស់​លុយ​ដូច​ជា​ សាលា​ដែល​ខ្ញុំ​រៀន​ ឬ​លើ​សួន​ច្បារ​ជា​ដើម​ ដើម្បី​ធ្វើ​កិច្ចការ​ទាំង​នោះ។​ លើស​ពី​នេះ​ទៀត​ ដំបូងៗ​ ខ្ញុំ​មិន​ហ៊ាន​ជម្រាប​ប៉ាម៉ាក់​របស់​ខ្ញុំ​អំពី​ការ​ងារ​នេះ​ទេ។​ គាត់​នៅ​តែ​គិត​ថា​ ខ្ញុំ​មាន​គំនិត​ក្មេង​ខ្ចី។​ លុះត្រា​តែ​ខ្ញុំ​ទទួល​បាន​ផ្លែ​ផ្កា​ច្រើន​គួរ​សម​ទើប​ខ្ញុំ​ហ៊ាន​ជម្រាប​គាត់។​ ដល់​ឃើញ​យើង​សម្រេច​បាន​លទ្ធផល​គាប់​ប្រសើរ​ដែរ​ គាត់​ក៏​ជួយ​ជំរុញ​បន្ថែម​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​តែ​ម្តង។”​ ក្រៅ​ពី​ផល​លំបាក​ខាង​លើ​ Re-maker​ នៅ​ជួប​បញ្ហា​ដ៏​ចម្បង​ផ្សេង​ទៀត​ គឺ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ផលិត​ផល​នាំចូល។​ ទំនិញ​នាំ​ចូល​មាន​តម្លៃ​ថោក​ជាង​ទំនិញ​របស់​ Re-maker​ ម្យ៉ាង​ទៀត​អតិថិជន​កម្ពុជា​ (ផ្តោត​តែ​លើ​យុវវ័យ​មួយ​ភាគ​ធំ​ដែល​និយម​លេង​ខ្លួន​បែប​ទាន់​សម័យ)​ នៅ​តែ​ឲ្យ​តម្លៃ​គុណ​ភាព​ផលិត​ផល​ក្នុង​ស្រុក​ទាប​ ឬ​អន់​ជាង​របស់​បរទេស។​ “បង​ដឹង​អត់?​ ពួក​គេ​នៅ​តែ​មាន​គំនិត​ថា​ របស់​ដែល​ផលិត​ដោយ​កូន​ខ្មែរ​គ្មាន​គុណ​ភាព​ មិន​ស៊ីវិល័យ​ មិន​ទាន់​សម័យ​ និយាយ​រួម​ គំនិត​របស់​ពួក​គេ​មួយ​ភាគ​ធំ​នៅ​តែ​គិត​ថា​ វត្ថុ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ​គឺ​ជា​របស់​អន់។​ ពួក​គេ​មិន​បាន​គិត​ថា​ នេះ​គឺ​ជា​សិល្បៈ​ដែល​ត្រូវ​ប្រើ​ប្រាស់​គំនិត​ និង​បេះដូង​យក​មក​ផលិត​ឡើយ”។​ ពេល​ខ្លះ​សហស្ថាបនិក​ Re-maker​ ក៏​អស់​ថាមពល​ផ្លូវ​ចិត្ត​ក្នុង​ការ​បន្ត​គំនិត​ការងារ​សិល្បៈ​នេះ។​ “ខ្ញុំ​ចាំ​បាន​ថា​ ពេល​មួយ​នៅ​ថ្នាក់​សាកល​វិទ្យាល័យ​ ខ្ញុំ​បាន​បង្ហាញ​រូប​ដែល​យើង​គូរ​បាន​លើ​ស្បែក​ជើង​មួយ។​ មិត្ត​ម្នាក់​គាត់​បាន​និយាយ​ថា​ រូប​ហ្នឹង​គ្មាន​អី​ស្អាត​ទេ​ ហើយ​គាត់​គូរ​បាន​ស្អាត​ជាង​ហ្នឹង​ទៀត​ផង។​ ឮ​ដូច្នោះ​ ខ្ញុំ​លួច​អន់​ចិត្ត​ តែ​ខំ​ប្រឹង​អភិវឌ្ឍន៍​ស្នាដៃ​ខ្លួន​ឯង​បន្ត។”​ គ្មាន​ជោគ​ជ័យ​ណា​កើត​ឡើង​ដោយ​គ្មាន​ការ​ប្រឹង​ប្រែង​នោះ​ឡើយ​ ជាក់​ស្តែង​ដូច​ជា​ពេល​នេះ​ Re-maker​ នឹង​ត្រៀម​សម្ពោធ​ហាង​ជា​ផ្លូវ​ការ​នៅ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​ Re-maker​ ទទួល​បាន​ការងារ​ជា​ច្រើន​រហូត​ដល់​ពេលខ្លះ​ ពួក​គាត់​ធ្វើ​ជូន​អតិថិជន​ស្ទើរ​តែ​មិន​ទាន់​ពេល​ទៀត​ផង។

          “សម្រាប់​គំនិត​ការងារ​សិល្បៈ​របស់​ខ្ញុំ​ គ្មាន​អ្វី​ក្រៅ​ពី​ការ​តាំង​ចិត្ត​ធ្វើ​ ស្វែង​រក​គំនិត​ការងារ​សិល្បៈ​ដាច់​ដោយ​ឡែក​មួយ​ ជា​ពិសេស​សង្កេត​ពី​ទេព​កោសល្យ​របស់​យើង​លើ​ការងារ​សិល្បៈ​នោះ​ មាន​កម្រិត​ណា?​ បើ​រក​បាន​ហើយ​ ចាប់​ផ្តើម​បង្កើត​ការងារ​សិល្បៈ​ខ្នាត​តូច​មួយ​សម្រាប់​ខ្លួន​ឯង​ទៅ!”

          Re-maker​ កំពុង​រៀប​ចំ​យុទ្ធ​សាស្ត្រ​បន្ត​ និង​ស្វែង​រក​គំនិត​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ច្នៃ​ប្រឌិត​រូប​លើ​ស្បែក​ជើង​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ថែម​ទៀត។​ គម្រោង​ដែល​ Re-maker​ កំពុង​អនុវត្ត​បន្ត​គឺ​គូរ​រូប​លើ​ស្បែក​ជើង​កែង​របស់​នារី។​ ទម្រង់​នេះ​គឺ​ជា​រស​និយម​សម័យ​ថ្មី​ដែល​ពួក​គេ​គិត​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត​លើ​ស្នាដៃ​ចាស់ៗ​របស់​ពួក​គេ។​ លើ​គម្រោង​ដែល​នឹង​អនុវត្ត​នា​ពេល​ខាង​មុខ​នោះ​ សុបិន​ដ៏​ធំ​បំផុត​របស់​ពួក​គាត់​មួយ​ទៀត​ គឺ​បង្កើត​ផ្លាក​សញ្ញា​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​ ហើយ​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​លក់​នៅ​ទីផ្សារ​បរទេស។​ ពួក​គាត់​វា​ចា​ទាំង​ញញឹម​ទាំង​ព្រម​គ្នា​ថា​ “ពួក​គាត់​នឹង​អាច​ធ្វើ​បាន​ជាក់​ជា​មិន​ខាន!”​ សហស្ថាបនិក​ Re-maker​ ម្នាក់​គឺ​ជា​អ្នក​ច្នៃម៉ូត​ប្រចាំ​នៅ​ក្រុម​ ឡាឈូក​ (ក្រុម​ច្នៃ​សម្លៀក​បំពាក់​អំពី​សំរាម)​ ហើយ​ម្នាក់​ទៀត​គឺ​ជា​តារា​បង្ហាញ​ម៉ូត​ប្រចាំ​នៅ​ក្រុម​នោះ​តែ​ម្តង។​ ពួក​គេ​ទាំង​២​គឺ​ជា​សិស្ស​ច្បង​ និង​សិស្ស​ប្អូន​នឹង​គ្នា។​ ឃើញ​ទេ?​ ទំនាក់​ទំនង​សិស្ស​ច្បង​ និង​សិស្ស​ប្អូន​ប្រសូត្រ​បាន​គំនិត​ការងារ​សិល្បៈ​ដ៏​ទាក់​ទាញ​មួយ​ឡើង។​ Re-maker​ មាន​ទី​តាំង​នៅ​ក្នុង​ហាង​ Lost and Found​ (ហាង​ប្រមួល​ផ្តុំ​អ្នក​សិល្បៈ​សម័យ​ចម្រុះ​គ្រប់​ប្រភេទ)​ ក្បែរ​ផ្សារ​ទូល​ទំពូង​ ម្តុំ​ប្លុក​នៃ​ហាង​វត្ថុ​អនុស្សាវរីយ៍​ ហាង​កាហ្វេ​ ឬ​និយាយ​តាម​ភាសា​មិន​ផ្លូវ​ការ​ ប្លុក​ដែល​ត្រូវ​ប៉ាន់​សម្រាប់​ការងារ​សិល្បៈ​ដែល​មាន​ទម្រង់​បែប​នេះ៕

Article by SVAY LIMENG


SUGGESTIONS