×

វីរ​កីឡា​ការិនី​ប៉េតង់​កម្ពុជា​ កែ​ ឡេង​ និង​ អ៊ុក​ ស្រីមុំ​ បរិយាយ​ពី​ការ​ទទួល​ជ័យ​លាភី​មេ​ដាយ​មាស​ពិភព​លោក​

NEWS 6 years ago
 
 

          ជួប​ជា​មួយ​ក្រុម​ការងារ​ សូវរីន​ លោកស្រី​ កែ ឡេង​ វ័យ​៥៥ឆ្នាំ​ ដែល​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ីហ្គេម​លើក​ទី២៩​ និង​ជា​ម្ចាស់​មេដាយ​ផ្សេងៗ​ជិត​៤០ទៀត​ បាន​សម្តែង​ចំណាប់​អារម្មណ៍​ជុំវិញ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ២០១៧​ លើក​នេះ​ថា​ “ខ្ញុំ​ និង​កីឡាការិនី​ អ៊ុក ស្រីមុំ​ ព្រម​ទាំង​កីឡាករ​ កីឡាការិនី​ទាំង​អស់​ដែល​បាន​ទទួល​លទ្ធផល​ថ្ងៃ​នេះ​ គឺ​មាន​គំនិត​តែ​មួយ!​ យើង​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ទទួល​បាន​មេដាយ​ជូន​ជាតិ​អ៊ី​ចឹង។​ ពួក​ខ្ញុំ​ជឿជាក់​ និង​បាន​តាំង​ចិត្ត​ថា​ ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​អស់​ពី​សមត្ថភាព។”​ ឈរ​លើ​ស្មារតី​សុទិដ្ឋនិយម​តែ​មួយ​ កីឡាការិនី​ អ៊ុក ស្រីមុំ​ ក៏​បាន​អះអាង​ដែរ​ថា​ “មុន​នឹង​ខ្ញុំ​លេង​ ខ្ញុំ​បាន​ប្តេជ្ញា​ហើយ​ថា​ ចូល​ដល់​ដំណាក់​កាល​នេះ​ហើយ​ គឺ​ខ្ញុំ​មិន​ខ្លាច​ទៀត​ទេ!”​

          នេះ​ជា​ទឹកចិត្ត​ដ៏​អង់អាច​ក្លាហាន​មោះមុត​ឥត​រួញរា​របស់​កីឡាការិនី​តំណាង​ជាតិ​ម្ចាស់​ជ័យលាភី​ទាំងពីរ​រូប​ ដែល​បាន​យក​ឈ្នះ​កីឡាការិនី​ជម្រើស​ជាតិ​នៃ​ប្រទេស​ថៃ​ឈ្មោះ​ Phantipha​ Wongchuvej​ និង​ Pataratida​ Meepak​ ក្នុង​លទ្ធផល​ ១៣-១០។​ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី​ថ្ងៃទី២៤​ ខែសីហា​ គឺ​ជា​ការ​ប្រកួត​ដែល​មាន​លក្ខណៈ​តឹងតែង​បំផុត​ដែល​ពិបាក​នឹង​នឹក​ស្មាន​ដល់​ ដោយ​កម្ពុជា​ប្រឹង​តាម​ពិន្ទុ​កីឡាការិនី​ថៃ​ដែល​បាន​នាំ​មុខ​១០​ទល់នឹង​៤។​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​កីឡាការិនី​ កែ ឡែង​ និង​ អ៊ុក​ ស្រីមុំ​ បាន​ព្យាយាម​យក​ឈ្នះ​១ពិន្ទុ​ជា​បន្តបន្ទាប់​ក្នុង​នាទី​ចុង​ក្រោយ។​ កីឡាការិនី​ជ័យ​លាភី​ កែ ឡេង​ បាន​មាន​ប្រសាសន៍​យ៉ាង​ស្វាហាប់​ថា​ “ទោះបី​ជា​ពិន្ទុ​របស់​ខ្ញុំ​ (ដំបូង)​ តិច​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​តែ​តាម។​ ខ្ញុំ​អត់​ឲ្យ​បាត់បង់​ពិន្ទុ​ខ្ញុំ​តែ​ប៉ុណ្ណឹង​ទេ!​ ទោះបី​ចាញ់​ឬ​ឈ្នះ​ ខ្ញុំ​ត្រូវ​​តែ​លេ​ង​ឲ្យ​អស់​បច្ចេកទេស​របស់​ខ្ញុំ។”​ ម្ចាស់​មេដាយ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ “មុន​នឹង​ចេញ​គ្រាប់​ប៊ូល​មួយ​គ្រាប់ៗ​ ពួក​យើង​បាន​ពិភាក្សា​គ្នា​ ហើយ​បាន​ទទួល​ការ​ផ្តល់​យោបល់​ពី​លោកគ្រូ​ សុខ មុំ​ (គ្រូបង្វឹក)។​ គាត់​ថា​ ប៊ូល​ហ្នឹង​ត្រូវ​តែ​វាយ!​  អ៊ីចឹង​អ្វីៗ​ដែល​លោកគ្រូ​បាន​ពន្យល់​ណែនាំ​ គឺ​យើង​ធ្វើ​ទៅ​បាន​ដូច​បំណង​មែន។”​  ទន្ទឹម​នឹង​នេះ​ លោកស្រី​ អ៊ុក ស្រីមុំ​ បាន​លើក​ឡើង​បន្ត​ “លោកគ្រូ​បាន​ប្រាប់​ថា​ ឌីស្តង់​ (ចម្ងាយ)​ នេះ​ យើង​ត្រូវ​តែ​វាយ​គេ​ហើយ!​ ទោះបី​ប៊ូល​នេះ​មាន​ចម្ងាយ​មួយ​ម៉ែត្រ​ជាង​ ក៏​ខ្ញុំ​ប្តេជ្ញា​ថា​ត្រូវ​តែ​វាយ​ឲ្យ​ត្រូវ​ ហើយ​ក៏​បាន​ដូចក្តី​បំណង​របស់​ខ្ញុំ​ដែរ។”

កីឡាការិនី​ កែ ឡេង

          ក្នុង​នាម​ជា​កីឡាការិនី​ជម្រើស​ជាតិ​ ពួក​គាត់​បាន​ពន្យល់​ប្រាប់​ថា​ ប៉េតង់​ជា​កីឡា​ដែល​ពិបាក​បំផុត​ក្នុង​ការ​ប្រកួត។​ ពេល​ហាត់​មធ្យម​ទេ​គឺ​យើង​គ្រាន់​តែ​វាយ​ឲ្យ​ត្រូវ​ចូល​ឲ្យ​បាន​ ប៉ុន្តែ​ពេល​ប្រកួត​គឺ​យើង​ប្រើ​ល្បិច​ ប្រើ​គំនិត​គិត​លើ​ដៃ​គូ​របស់​យើង​ ថា​តើ​ត្រូវ​ប្រើ​ឌីសស្តង់​ (ចម្ងាយ)​ ជិត​ឬ​ឆ្ងាយ។​ កីឡាការិនី​យើង​ទាំងពីរ​មាន​គំនិត​វៃឆ្លាត​ ចេះ​បត់បែន​តាម​កាលៈ​ទេសៈ​ ចេះ​សាមគ្គី​គ្នា​ មិន​ចុះញ៉ម​នឹង​ស្ថានការណ៍​អវិជ្ជមាន​ដែល​កើត​មាន។

          គួរ​កត់​ចំណាំ​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​យើង​ទទួល​បាន​មេដាយ​មាស​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ២០១៧​នេះ​ គឺ​តាម​រយៈ​វិញ្ញាសា​កីឡា​ប៉េតង់​ជា​គូនារី​ដែល​ដណ្តើម​បាន​ដោយ​សារ​វីរកីឡាការិនី​ កែ ឡេង​ និង​ អ៊ុក ស្រីមុំ​ នេះឯង។​ បើ​គិត​មក​ដល់​ថ្ងៃទី២៤​ ខែសីហា​ ដែល​កម្ពុជា​ឈ្នះ​បាន​មេដាយ​មាស​នោះ​ គឺ​ក្រុម​កីឡាករ​ កីឡាការិនី​ជាតិ​កម្ពុជា​បាន​ទទួល​មេដាយ​សរុប​ចំនួន​ ០៦​ ក្នុង​នោះ​មេដាយ​មាស​ចំនួន​០១​ និង​ មេដាយ​សំរឹទ្ធ​ចំនួន ០៥។​ លុះ​ដល់​ចប់​ការ​ប្រកួត​ ជា​លទ្ធផល​ ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៧​ (មេដាយមាស​ ០៣​ មេដាយ​ប្រាក់​ ០២​ និង​មេដាយ​សំរឹទ្ធិ១២)។

          នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ ដែល​កីឡាការិនី​ កែ ឡេង​ និង​ អ៊ុក ស្រីមុំ​ ដណ្តើម​បាន​មេដាយ​មាស​ជូន​ជាតិ​មាតុភូមិ​ ព្រោះ​ថា​កន្លង​មក​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាប៉េតង់​កម្ពុជា​ កីឡាការិនី​ទាំងពីរ​រូប​ត្រូវ​បាន​ចាត់​ទុក​ជា​វីរកីឡាការិនី​ឈ្នះ​បាន​មេដាយ​ជា​បន្តបន្ទាប់​លើ​ឆាក​អន្តរជាតិ​ រហូត​ឈ្នះ​បាន​មេដាយ​មាស​ពិភពលោក​ដែល​ពុំ​មាន​ស្រី​ខ្មែរ​ណា​ម្នាក់​ធ្លាប់​ធ្វើ​បាន​ដូច​នោះ​ឡើយ។​ ជាក់​ស្តែង​ កីឡាការិនី​ កែ ឡេង​ ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស​កីឡាប៉េតង់​នារី​ពិភពលោក​ក្នុង​ការ​ប្រកួត​កីឡាប៉េតង់​នារី​ពិភពលោក​លើក​ទី១៤​ នៅ​ម៉ុងតូបង់​ (Montauban)​ ប្រទេស​បារាំង​ កាលពី​ឆ្នាំ២០១៣។​ ម្ចាស់​មេដាយ​មាស​ពិភពលោក​រូប​នេះ​បាន​ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ដើម្បី​ដណ្តើម​ពានរង្វាន់​ជើង​ឯក​អាស៊ី​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ឆ្នាំ១៩៩៩​ ហើយ​ជា​លទ្ធផល​អ្នកស្រី​ដណ្តើម​បាន​មេដាយ​មាស​ជូន​កម្ពុជា។​ ក្រោយ​មក​ទៀត​ កីឡាការិនី​រូប​នេះ​ធ្លាប់​បាន​ទៅ​ចូលរួម​ប្រកួត​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ និង​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​ ៤០​ ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន​ ១៧​ មេដាយ​ប្រាក់​ចំនួន​ ១២​ និង​មេដាយ​សំរឹទ្ធិ​ចំនួន​ ១១​ ព្រម​ទាំង​ប័ណ្ណ​សរសើរ​ពី​ក្រសួង​ការពារជាតិ​ និង​សហព័ន្ធ​កីឡាកម្ពុជា​ ថែម​ទៀត​ផង។​ ហើយ​ថ្មីៗ​នេះ​ វីរកីឡាការិនី​ កែឡេង​ បាន​ការពារ​មេដាយ​មាស​របស់​ខ្លួន​ជូន​ជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភពលោក​ប្រចាំ​ឆ្នាំ២០១៧​នៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ ថែម​ទៀត។​

កីឡាការិនី​ អ៊ុក ស្រីមុំ

          ដោយ​ឡែក​ កីឡាការិនី​ អ៊ុក ស្រីមុំ​ ក៏​មាន​ប្រវត្តិ​កសាង​ស្នាដៃ​ផ្នែក​កីឡា​ជូន​ជាតិ​មាតុភូមិ​មិន​ធម្មតា​ដែរ។​ កាល​ពី​ខែមេសា​កន្លង​ទៅ​ថ្មីៗ​នេះ​ កីឡាការិនី​ជម្រើស​ជាតិ​រូប​នេះ​បាន​ក្លាយ​ជា​ជើង​ឯក​មេដាយ​មាស​ពិភព​លោក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជើង​ឯក​ប៉េតង់​ពិភពលោក​ប្រចាំ​ឆ្នាំ២០១៧​ (World​ Championship​ Petanque​ 2017)​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៣​ ដល់​ថ្ងៃទី១៦​ ខែមេសា​ នៅ​ទីក្រុង​ Ghent​ ប្រទេស​ប៊ែលហ្ស៊ិក​ តាម​រយៈ​វិញ្ញាសា​វាយ​ប៉េតង់​ឯកត្តជន​ ដែល​មាន​ការ​ចូល​រួម​ពី​កីឡាការិនី​ជាង​៤០នាក់​មក​ពី​ទូទាំង​ពិភពលោក។​ ដើម្បី​តប​ស្នង​នឹង​គុណ​បំណាច់​របស់​កីឡាការិនី​ អ៊ុក ស្រីមុំ​ ដែល​ខិតខំ​ដណ្តើម​បាន​មេដាយ​មាស​ពិភពលោក​ ក្នុង​ឱកាស​នោះ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ នៃ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​កីឡាការិនី​រូប​នេះ​ចូល​ជួប​សំណេះ​សំណាល​ និង​លើក​ទឹកចិត្ត​ ព្រម​ទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ផ្ទាល់​ចំនួន​ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក​ (បន្ថែម​លើ​ថវិកា​រដ្ឋ​ចំនួន​១២០លានរៀល)​ រួម​នឹង​ទទួល​បាន​ការ​ដំឡើង​ឋានន្តរសក្តិ​ពី​អនុសេនីយ៍ឯក​ទៅ​ជា​វរសេនីយ៍ត្រី​ថ្នាក់​មហា​សិរីវឌ្ឍន៍​ពី​ក្រសួង​ការពារ​ជាតិ​ថែម​ទៀត​ផង។

          ជា​ចុង​ក្រោយ​ វីរកីឡាការិនី​ទាំងពីរ​បាន​បញ្ចេញ​ទឹកចិត្ត​ដូច​គ្នា​ថា​ “ខ្ញុំ​មាន​មោទន​ភាព​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​ជា​កូនខ្មែរ។​ រាល់​ការ​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ គឺ​សំខាន់​តែ​មួយ​គត់​ ខ្ញុំ​ចង់​ឃើញ​ទង់​ជាតិ​របស់​ខ្មែរ​បង្ហោះ​ឡើង!​ ទោះបី​ខុស​ប្លែក​ទឹកដី​ ក៏​ខ្ញុំ​តាំង​ចិត្ត​ថា​ត្រូវ​យក​មេដាយ​ឲ្យ​បាន​មក​ជូន​ជាតិ”៕​

Article by Srin Sokmean


SUGGESTIONS