×
Image courtesy: SOVRIN

ផ្លាស់ប្ដូរ​ស្ទីល​ហ្វេហ្សិនបែបស៊ិចស៊ីជាមួយ​នឹង​អ្នកច្នៃ​ម៉ូដ Skyleros​

 
 

ភាព​ស្រស់ស្អាត​គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​ជួយ​ធ្វើ​ឱ្យ​សុភាព​នារី​គ្រប់​រូប​ពោរពេញ​ទៅ​ដោយ​​ភាព​​ជឿ​ជាក់ និង​ទំនុក​ចិត្ត​ខ្ពស់​ចំពោះ​ខ្លួន​​ឯង​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ជ​ប់​លៀង​​ឬ​​កម្មវិធី​ក្នុង​សង្គម​ជា​ដើម។ ទន្ទឹម​នឹង​នោះ​ផង​ដែរ កង្វល់​របស់​ស្រ្ដី​តែងតែ​កើត​ឡើង​នៅ​ពេល​​ដែល​ពួក​គាត់​រៀប​នឹង​ចូល​រួម​ក្នុង​កម្មវិធី​អ្វី​មួយ​ដែល​ជា​ការ​ជួប​ជុំ​បង្ហាញ​នូវ​ភាព​ហ៊ឺហារ​ស៊ីវិល័យ​នោះ។ ជា​ការ​ពិត​ណាស់​ការ​ស្លៀកពាក់​រៀប​ចំ​ខ្លួន​បាន​​សម​សួន​គឺ​​ប្រៀប​ដូច​ជា​ការ​បង្ហាញ​ពី​​គំនិត​​សម័យ​និយម​​របស់​អ្នក​ទៅ​កាន់​អ្នក​ផង​ទាំង​មួង​យ៉ាង​ដូច្នោះ​ដែរ។ ទាំង​ការ​ផាត់​មុខ​ធ្វើ​​ម៉ូដ​​សក់ និង​ការ​រៀប​ចំ​សម្លៀក​បំពាក់​ព្រម​ជា​មួយ​គ្រឿងអលង្ការ​ជា​បញ្ហា​មួយ​​ដែល​សុភាព​នារី​ជួប​​ប្រទះ​​ជា​ញឹកញយ។ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​ក៏​ដូច​ជា​គន្លឹះ​តូច​មួយ​សម្រាប់​ចែក​​ជូន​​សុភាព​​នារី​គ្រប់​រូប សូវរីន បាន​អញ្ចើញ វា​គ្មិន​ដ៏​មាន​ជំនាញ​ខាង​ផ្នែក រចនា​ម៉ូដ​ សម្លៀក​បំពាក់​ក៏​ដូច​ជា​វា​គ្មិន​ដែល​ជំនាញ​ខាង​Makeup​ មក​បង្ហាញ​ស្នាដៃ​ជា​ការ​តុបតែង​ច្នៃ​នារី​ម្នាក់​ដែល​មាន​ការ​តុបតែង​ខ្លួន​បែប​ធម្មតាៗ មក​ជា​នារី​ដ៏​ទាន់​សម័យ​ម្នាក់!​ ចង់​ដឹង​ថា​តើ​អ្នក​ជំនាញ​យើង​នឹង​មាន​វិធីសាស្រ្ត​យ៉ាង​ណា​ក្នុង​​ការ​តុបតែង​មុខ​ក៏​ដូចជា​ស្ដាយ៍​នៃ​ការ​ស្លៀកពាក់​នោះ!​ តោះ​ក្រឡែក​មើល​ពី​ការ​ផ្លាស់​ប្ដូរ​សម្ផស្ស​ទាំង​ស្រុង​របស់​សុភាព​នារី​ម្នាក់​ដូច​ខាង​ក្រោម​នេះ៖

ដោយ​សារ​តែ​អាកាសធាតុ​នៅ​ខែ ឧសភា នេះ​មាន​សភាពក្ដៅ​ខ្លាំង ​ហើយ​ពេល​ខ្លះ​ក៏​ប្រែប្រូល​អាកាសធាតុ​ភ្លាមៗ​ទៅ​ជា​ភ្លៀង ដែល​ជា​ចំណុច​មួយ​ធ្វើ​ឱ្យ​​យើង​​ពិបាក​​ក្នុង​ការ​រៀប​ចំ​ម៉ូដ​សម្លៀក​បំពាក់​សម្រាប់​ចូល​​រួម​​ក្នុង​​កម្ម​វិធី Skyleros ដែល​​ជា​​អ្នក​​ជំនាញ​​ផ្នែក​ម៉ូដ​បាន​ផ្ដល់​គំនិត​ថា “សម្រាប់​ការ​រៀបចំ​ស្ដាយ៍​​សម្លៀក​បំពាក់​​គឺ​​ខ្ញុំ​រៀប​ចំឡើ​ងតាម Trend ដែល​​គេ​កំពុង​​ពេញ​និយម​​សម្រាប់​​រដូវ​​កាល​​នេះ​​គឺ​រាង​Glamourបន្តិច ​ដោយ​​ខ្ញុំ​បាន​​ប្រើ​​សាច់​​​ក្រណាត់​រ៉ូប​បែប​​កម្ញី​​ពណ៌​ខ្មៅ​​ត្រឹម​​ជង្គង់​​មាន​ដៃ​តូច ព្រោះ​​ម៉ូឌែល​​គាត់​​រាង​​មាន​​សាច់​​បន្តិច​​បាន​ជា​ខ្ញុំ​ប្រើ​រ៉ូប​ពណ៌ខ្មៅ​​ដើម្បី​​មើល​​ទៅ​ឱ្យ​​ឃើញ​​រាង​គាត់​ស្លីម។ ថ្វី​​ត្បិត​​តែ​​ម៉ូដ​​រ៉ូប​​សុភាព​​បន្តិច​​មែន​ តែ​មើល​ទៅ​អេឡេហ្គង់​ហើយ​ថ្លៃ​ថ្នូរ ​ដែល​​គាត់​​អាច​​ចូល​រួម​​ក្នុង​​កម្មវិធី​រាត្រី​សមោសរ​​ឬ​កម្មវិធី​ជប់លៀង​ផ្សេងៗ​​ទៀត​បាន​ដោយ​​បន្ថែម​​នូវ​ភាព​​ជឿ​ជាក់​​ដល់​គាត់ ព្រោះ​​សាច់​​ក្រណាត់​រ៉ូប​យឺត​ងាយ​ស្រួល​ប្រើ​ប្រាស់​និង​មិន​ទក់​សាច់​ក្រណាត់​នោះ​ទេ​គឺ​វា​មាន​សភាព​ភ្លឹង​តែ​ម្ដង”។ ក្នុង​នោះ​ផង​ដែរ​ដើម្បី​បង្កើន​នូវ​សោភ័ណ​​ភាព​ដល់​​សម្រស់​ហើយ​​វា​ក៏​ជា​គ្រឿង​រ​ណ្ដា​ប់​​មួយ​​​ដែល​ស្រ្ដី​គ្រប់​រូប​ខ្វះ​មិន​បាន​នោះ​គឺ​ការ​​បន្ថែម​​នូវ​​គ្រឿង​​អលង្ការ​ដែល​មាន​ម៉ូដ​បែប​​សាមញ្ញៗ​​ សម្រាប់​សុភាព​នារី​មិន​សូវ​និយម​ភាព​ឆើត​ឆាយ​ខ្លាំង។ ជាក់​ស្ដែង​​សម្រាប់​​ការ​រៀប​ចំ​​ខ្លួន​​​ដូច​ដែល​យើង​បាន​បង្ហាញ​ក្នុង​រូបភាព(គំរូ) យើង​បាន​បន្ថែម​​នូវ​​ខ្សែក​ដែល​​មាន​​រាង​​រមូរៗ​ដូច​ច្រវាក់​ពណ៌ទឹកមាស​ ធ្វើ​ឱ្យ​ចាំង​ឆ្លុះ​ជា​មួយ​រ៉ូប​ពណ៌ខ្មៅ​យ៉ាង​ស៊ីវិល័យ។ ប្រសិន​បើ​​មិត្ត​​នារី​​ចង់​បន្ថែម​គ្រឿង​អលង្ការ​ដូច​ជា​ ចិញ្ចៀន ឬ​ខ្សែដៃ​​ប្រភេទ​​ពណ៌មាស​​ដូច​ខ្សែក​កាន់​​តែ​មាន​សោភ័ណ​ភាព​ថែម​ទៀត​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​ភាព​រញ៉េរ​ញ៉ៃ​ស្អេក​ស្កះ​​នោះ​​ទេ​​អាច​ប្រើ​ត្រឹម​ខ្សែក​ក៏​បាន។


ដោយ​ឡែក​ចំពោះ​ការ​ផាត់​មុខ​វិញ​គឺ​ប្រើ​ពណ៌​ភ្នែក​បែប​ក្រម៉ៅ​​បន្តិច​​ (Smoky eyes) ដើម្បី​បង្កើន​ភាព​សិចស៊ី​លើ​រង្វង់​ភ្នែក​របស់​ម៉ូឌែល ដោយ​ឡែក​​ថ្ពាល់​​វិញ អ្នក​​ជំនាញ​​យើង​បាន​ប្រើ​ប្រាស់​ពណ៌ក្រម៉ៅ​បន្តិច​ផាត់​វាស​ទៅ​លើ​ថ្គាម​របស់​គាត់ ដើម្បី​​បិត​​បាំង​​សាច់​​ថ្ពាល់​(សម្បូរសាច់)​គាត់​កុំ​ឱ្យ​ឃើញ​ផ្ទៃ​មុខ​ធំ​​ឬ​ប៉ោង និង​លាប​បបូរមាត់​ពណ៌​បែប​កាពិខ្ចី​​កាន់​តែ​​ធ្វើ​ឱ្យ​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត​មួយ​កម្រិត​ថែម​ទៀត​ទៅ​លើ​ទម្រង់​បបូរមាត់​ដ៏​សិច​ស៊ី។ បន្ថែម​ពី​លើ​នោះ​ម៉ូដសក់​ក៏​ជា​កត្តា​សំខាន់​ផង​ដែរ ដែល​អ្នក​ត្រូវ​តែ​គិត​គូរ​ឱ្យ​បាន​ច្បាស់​លាស់​ ព្រោះ​ម៉ូដ​សក់​ជា​សោភ័ណ​មួយ​ជួយ​លើក​សម្រស់​ផ្ទៃ​មុខ​របស់​អ្នក​ឱ្យ​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត​គួរ​ជា​ទី​ពេញ​ចិត្ត។ សម្រាប់​ការ​រៀប​​ស្ដាយ៍​​បែប Glamour ជា​មួយ​នឹង​ការ​ផាត់​មុខ​បែបសិចស៊ី​ ​អ្នក​ជំនាញ​​យើង​បាន​​ធ្វើ​ម៉ូ​ដ​​សក់​​បែប​​សាមញ្ញ​​បន្តិច។ ក្នុង​នោះ​ដែរ​អ្នក​ជំនាញ​យើង​បាន​ប្រើ​ប្រាស់​​ស្ព្រាយ៍​ដែល​បាញ់​ទៅ​​ធ្វើ​ឱ្យ​សក់​​មើល​​ទៅ​​សើម​ទទឹក​ជោគ​យ៉ាង​ដូច្នោះ​ ហើយ​មិន​មាន​ភាព​សាំ​ញុំា​ច្រើន​ឡើយ​ដោយ​​អ្នក​ជំនាញ​យើង​បាន​ច្រូង​សក់​ទៅ​ក្រោយ​ឱ្យ​អស់​ដែល​ធ្វើ​ឱ្យ​តារា​ម៉ូឌែល​យើង​មើល​ទៅ​ស្វាហាប់ ប៉ុន្តែ​បង្កប់​នូវ​ភាព​ហាយ​ក្លាស់​បែប​នារី​ទាន់​សម័យ។


ហាក់​ខុស​ប្លែក​ពី​ទំព័រ Makeover កាល​ពី​លេខ​មុនៗ ថ្ងៃ​នេះ​សូវរីន ក៏​សូម​បង្ហាញ​​នូវ​វត្ត​មាន​​អ្នក​រចនា​ម៉ូដ​របស់​យើង​គឺ Skyleros ដែល​គាត់​ជា​អ្នក​បង្កើត​ស្លាក​​សម្លៀក​បំពាក់ Skyleros ដែល​ជា​ស្លាក​សញ្ញា​សម្លៀកបំពាក់​ថ្មី​មួយ​ក្នុង​ស្រុក​បង្កើត​ដោយ​ស្នាដៃ​កូន​ខ្មែរ។ ជា​មួយ​ទស្សនៈ​ជាតិនិយម Skyleros ចាប់​ផ្ដើម​ការ​រចនាម៉ូដ​សម្លៀកបំពាក់​បែប​​សម្រាប់​បុរស​​នារី​​នូវ​​ម៉ូដ​ទាន់​សម័យ​សម្រាប់​យុវវ័យ។ បង្វែរ​មក​ស្ដាយ៍​របស់​​គាត់​​ដែល​​នឹង​​បង្ហាញ​​ជា​មួយ​ម៉ូឌែល​​ដែល​គាត់​បាន​Makeover នេះ​គឺ​គាត់​ប្រើ​ស្ដាយ៍​បែប​Casual ដោយ​​ប្រើ​​ខោ​​ជើង​​វែង​​ពណ៌​ខ្មៅ​ជា​មួយ​អាវ​ពណ៌ទឹកមាស​​ដែល​​រំលេច​​ឱ្យ​​ឃើញ​នូវ​​ភាព​​ទាន់​សម័យ​សក្តិសម​ជា​យុវវ័យ​ដ៏​ទាន់​សម័យ៕



SUGGESTIONS