×
Image courtesy: SOVRIN

លោក Antoine Meinnel ស្ថាបត្យករកូនខ្មែរកាត់បារាំងដែល​ចូល​រួម​ ក្នុង​ការអភិរក្សអគារអាណានិគមបារាំង ដែលជាផ្នែកមួយដ៏គួរឱ្យទាក់ទាញនៃតំបន់ បេតិកភណ្ឌក្នុងខេត្តកំពត

 
 


កម្ពុជា​ធ្លាប់​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​កំពូល​ស្ថាបត្យ​ករ និង​សំណង់​ប្រណីតៗ​ជា​​កេរ្តិ៍​​តំណែល​​ទៅ​​តាម​​សម័យ​​កាល​ផ្សេងៗ​​គ្នា​គួរ​ជា​ទី​មោទនៈ។ សំណង់​ខ្លះ​សេស​សល់​រាប់​ពាន់​ឆ្នាំ​ល្បី​រន្ទឺ​លើ​ពិភព​លោក ឯ​ខ្លះ​​ទៀត​សង់​ឡើង​តាម​បែប​សម័យ​ទំនើប​ក្នុង​រចនា​បទ​លេច​ធ្លោ​ពិសេស​ជាង​គេ​ក្នុង​តំបន់​ ដែល​ជា​​តឹកតាង​​បង្ហាញ​​ថា​​កម្ពុជា​​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ស្ថាបត្យករ​ដែល​មាន​​ទេពកោសល្យ​​ជា​ច្រើន​​​ក្នុង​សម័យ​កាល​​នី​មួយ​ៗ​។ ស្ថាបត្យកម្ម​ទាំង​អស់​នោះ​សុទ្ធ​សឹង​តែ​បាន​ផ្តល់​នូវ​គោល​គំនិត​ល្អៗ​​សម្រាប់​​ស្ថាបត្យករ​​​​ជំនាន់​​ក្រោយ​​នេះ​អោយ​​បាន​សិក្សា​ឈ្វេង​យល់​ពី​បច្ចេកទេស ​រចនាបទ និង​គំនិត​ជា​ខ្មែរ​ដែល​ជា​​ប្រយោជន៍​​សម្រាប់​ការ​កសាង​​សំណង់​​​រចនាបទ​សម័យ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា។

​ស្រប​ពេល​ដែល​​ព្រះរាជាណាចក្រ​កម្ពុជា​​​កំពុង​តែ​​​បោះ​ជំហាន​យ៉ាង​លឿន​ក្នុង​វិស័យ​ស្ថាបត្យកម្ម​ក្នុង​​សត្សវត្ស​ទី២១​នេះ ក្រុមហ៊ុន​ជាតិ និង​​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ​​បាន​កំពុង​​តែ​នាំ​គ្នា​​ប្រឹងប្រែង​កសាង​នូវ​ស្នាដៃ​​នានា​ដើម្បី​ភាព​ជោគជ័យ​រៀង​ខ្លួន ក៏​ដូច​ជា​ផ្តល់​ជូន​ផង​ដែរ​ដល់​ប្រទេស​កម្ពុជា​​នូវ​អ្វី​ដែល​​ថ្មី​ និង​​អាច​​នាំ​យក​​មក​វិញ​នូវ​ភាព​រុង​រឿង​របស់​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប។ ក្រឡេក​មក​មើល​​ស្ថាបត្យករ​​កូន​ខ្មែរ​កាត់​បារាំង​​មួយ​​រូប​​ដែល​សម្រេច​​ចិត្ត​​វិល​​​ត្រឡប់​មក​កាន់​កម្ពុជា​​វិញ​​ដោយ​សារ​​តែ​ទឹក​ចិត្ត​ស្រឡាញ់​ និង​មនោសញ្ចេតនា​​របស់​ខ្លួន​ពេល​បាន​មក​វិស្សមកាល​នៅ​ទឹក​ដី​ខេត្ត​កំពត​កាល​ពី​៣​ឆ្នាំ​មុន។ ក្នុង​វ័យ​ ២៩ឆ្នាំ លោក Antoine Meinnel ជា​ស្ថាបត្យករ​មួយ​រូប​ដែល​ធ្លាប់​បំពេញ​ការងារ​តាម​ក្រុមហ៊ុន​ល្បី​ជា​ច្រើន​នៅ​អឺរ៉ុប​បាន​ចាប់​ផ្តើម​​បង្កើត​នូវ​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​កម្ពុជា​បន្ទាប់​ពី​គាត់​បាន​ចាប់​ផ្តើម​ការងារ​ជួលជុល​រចនា​ឡើង​វិញ​នូវ​ផ្ទះ​ល្វែង​សម័យ​អាណា​និគម​បារាំង​មួយ​នៅ​ក្នុង​ទី​រួម​ខេត្ត​កំពត។​ រូប​លោក​ផ្ទាល់​បាន​ប្រែ​ក្លាយ​សំណង់​ដ៏​ទ្រុឌ​ទ្រោម​នោះ​ អោយ​​ក្លាយ​ជា​ភោជនីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ពោរ​ពេញ​ដោយ​រចនា​បទ​ទំនើប​បែប​បស្ចឹម​ប្រទេស​ដោយ​រក្សា​នូវ​ទម្រង់​ដើម​នៃ​ផ្ទះ​បុរាណ​នោះ។ ខ្ញុំ​មាន​មោទនភាព​ក្រៃ​លែង​នៅ​ពេល​ខ្ញុំ​បាន​ចូល​រួម​ចំណែក​ថែរក្សា​សំណង់​បេតិកភណ្ឌ​ ក្នុង​ខេត្ត​កំពត​មួយ​នេះ​អោយ​មាន​ភាព​រស់​រវើក​ឡើង​វិញ ដោយ​រក្សា​បាន​នូវ​តំលៃ និង​រូបរាង​ដើម​របស់​អគារ​ទាំង​មូល​​ដែល​ប្រើ​ប្រាស់​បច្ចេកទេស​បែប​បស្ចឹម​ប្រទេស​ដ៏​ទំនើប ហើយ​ខ្ញុំ​សង្ឃឹម​ថា​សំណង់​អាណា​និគមបារាំង​​នានា​ទំាង​ឡាយ​ក៏​នឹង​ត្រូវ​បាន​គេ​ចូល​រួម​ជួស​ជុល​ថែរក្សា​បែប​នេះ​ដែរ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Antoine។ សព្វ​ថ្ងៃ​នេះ​ភោជនីយដ្ឋាន​ដែល​លោក​បាន​រចនា​សាង​សង់​នោះ មាន​ឈ្មោះ​ថា អាទើលីយេ​កំពត (Atelier Kampot) ដែល​មាន​​ទី​តាំង​​ប្រប​នឹង​ដង​ស្ទឹង​កំពត​ក្បែរ​ផ្សារ​ក្រណាត់​ កំពុង​តែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជា​ទី​កន្លែង​មួយ​ពោរពេញ​​ដោយ​មុខ​ម្ហូប​ដែល​មាន​ឱ​ជា​រស​ឆ្ងាញ់​ពិសា​ ចម្អិន​ដោយ​ប្រើប្រាស់​នូវ​គ្រឿង​ផ្សំ​ប្រចាំ​ខេត្ត​កំពត​នានា ជាពិសេស ម្រេច និង​អំបិល។ ដោយ​សារ​តែ​ភាព​ជោគជ័យ​នៃ​ការអភិរក្ស​សំណង់​ និង​អាជីវកម្ម​របស់ អាទើលីយេកំពត ​បែប​​នេះ​ហើយ​ ស្ថាបត្យករ​វ័យក្មេង​រូប​នេះ​ក៏​បាន​សម្តែង​ក្តី​រំភើប​ផង​ដែរ​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ម្ចាស់​ផ្ទះ​​ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម​នានា​ក្នុង​តំបន់​នោះ​ដែល​បាន​ចាប់ផ្តើម​យល់​ពី​ផលប្រយោជន៍​ប្រកប​ដោយ​ចេរភាព​​ចេញ​ពី​ការ​ថែរក្សា​សំណង់​បេតិកភណ្ឌ​របស់​ខ្លួន។

ក្រុមហ៊ុន Bloom Architecture របស់លោក Antoine បាន​ទទួល​ជោគជ័យ​ក្នុង​ការ​រចនា​ គំរោង​ធំៗ​ជា​ច្រើន ដោយ​មាន​ទាំង​​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ ដោយ​សារ​តែ​ស្នាដៃ​ ហើយ​ក៏​កំពុង​តែ​កាន់​កាប់​នូវ​គំរោង​នានា​ជា​ច្រើន។ ក្រុម​ការងារ​របស់​ខ្ញុំ​ភាគ​ច្រើន​ពួក​គេ​ជា​យុវជន​ខ្មែរ​ដែល​ទើប​តែ​បញ្ចប់​កា​រសិក្សា​របស់ខ្លួន ដែល​ពួកគេ​មាន​ទឹក​​ចិត្ត​ និង​ទេពកោសល្យ​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញ​ការងារ​ស្ថាបត្យកម្ម​របស់​ក្រុមហ៊ុន ហើយ​ខ្ញុំ​សង្ឃឹម​ថា​ការ​ឆ្លង​​កាត់​ការងារ​ជា​ច្រើន​របស់​យើង​ នឹង​កាន់​តែ​ធ្វើ​អោយ​ពួក​គេ​កាន់​តែពូកែ ហើយ​អាច​ប្រែក្លាយ​ជា​ធនធាន​មនុស្ស​​ដ៏​សំខាន់​ក្នុង​វិស័យ​នេះ។​ លោក​ក៏​បាន​សង្កត់​ធ្ងន់​ចំពោះ​ឧបសគ្គ​នានា​ក្នុង​វិស័យ​សាងសង់​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដោយ​បាន​លើក​ឡើង​ពី​កង្វះ​ខាត​ឧបករណ៍ ក៏​ដូច​ជា​សម្ភារ​នានា​ដើម្បី​បម្រើ​ក្នុង​ការ​ស្ថាបនា​គំរោង​​ផ្សេង​ៗ ដោយ​សារ​តែ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ដែល​ត្រូវ​ការ​ពេលវេលា​បន្ថែម​ក្នុង​ការកសាង​វិស័យ​នេះ​​អោយ​កាន់​តែ​ប្រសើរ​ឡើង ទាំងគុណភាព និង​សោភ័ណភាព។ ក៏​ប៉ុន្តែ​ស្ថាបត្យករ​រូបនេះ​ថ្លែង​ប្រាប់​ដោយ​ក្តី​វិជ្ជមាន​ថា​​ ខ្ញុំ​បាន​ទទួល​នូវបទ​ពិសោធន៍​យ៉ាង​ច្រើន​ក្នុង​អាជីព​ជា​ស្ថាបត្យករ​មួយ​រូប​ដែល​កើត​ចេញ​ពី​ផល​​លំបាក​នានា​ក្នុង​ពេល​បំពេញ​ការងារ​កន្លង​មក ព្រោះ​វា​បាន​ធ្វើ​អោ​យ​រូប​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​ក្រុម​ការងារ​ទាំង​អស់​​មាន​ការ​ច្នៃប្រឌិត​ទ្វេ​ដង ដើម្បី​ធ្វើ​យ៉ាង​ណា​សម្រប​ទៅ​តាម​ភាព​ជាក់ស្តែង​របស់​កម្ពុជា។ ក្នុង​បរិបទ​មួយ​ដ៏​ថ្មី​នៃ​វិស័យ​ស្ថាបត្យកម្ម​របស់​កម្ពុជា គ្រប់​ស្ថាបត្យករ​ទាំង​អស់ រួម​និង​លោក Antoine ផ្ទាល់​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ជា​ពិសេស​ចំពោះ​គំនិត​រចនា​ថ្មីៗ​​ដែល​ពេល​ខ្លះ​អតិថិជន និង​សង្គម​មិន​ទាន់​អាច​ទទួល​យក​បាន ដោយ​លោក​ត្រូវ​ធ្វើ​ការ​ថ្លឹងថ្លែង​​យ៉ាង​ល្អិតល្អន់​​រវាង​គំនិត​ស្ថាបត្យកម្ម ជា​មួយ​គំនិត​របស់​ភ្ញៀវ​ដែល​គេ​ចង់​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​និយាយ​ថា​ក្នុង​បែប​ផែន​របស់​អាជីវកម្ម យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​សម្រប​តាម​គំនិត​របស់​អតិថិជន តែ​ក្នុង​នាម​ជាស្ថាបត្យករ​លោក​មាន​ភារៈ​ជា​អ្នក​ឯកទេស​ផ្តល់​ជា​អនុសាសន៍​នានា​ដែល​ចាំ​បាច់​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទាំង​អស់​ ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​ម្ចាស់​គំរោង​ទាំង​ឡាយ​ទទួល​បាន​នូវ​សមិទ្ធិផល​មួយ​ដែល​មាន​គុណភាព និង​សោភ័ណ​​ភាព​ផង​ដែរ។

ស្ថាបត្យកម្ម​គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នាអាច​មើល​ឃើញ និង​ជា​ផ្នែក​មួយ​នៃ​កា​ររស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​តំលៃ​វប្បធម៌​របស់​សង្គម​មួយ​មិន​ចេះ​រីង​ស្ងួត នេះ​ជា​សម្តី​របស់​​ស្ថាបត្យករ​​​កូន​កាត់​​​​ដ៏​វ័យក្មេង​​រូប​នេះ ដែល​លោក​គិត​ថា​នេះ​ជា​ការងារ​ដែល​ស្ថាបត្យករ​គួរ​ផ្តល់​ត្រលប់​ដល់​សង្គម​វិញ។ សម្រាប់​អនាគត​ខាង​មុខ Antoine មិន​ទាន់​ដឹង​ថា​លោក​នឹង​នៅ​កម្ពុជា​ដល់​ពេល​ណា​ទេ តែ​គ្រាន់​តែ​ដឹង​ថា​​សព្វ​ថ្ងៃនេះ​​លោក​ពេញ​ចិត្ត​ពេញ​ថ្លើម​ក្នុង​ការ​រស់នៅ​ប្រទេស​កម្ពុជា​ណាស់ ដោយ​សារ​តែ​ភាព​រស់រាយ​​រាក់ទាក់​​របស់​ប្រជាជន​ និង​ទេសភាព​ដ៏​ស្រស់ត្រកាល​របស់​ប្រទេស​នេះ​ ដោយ​គាត់​មាន​អារម្មណ៍​ដូច​ជា​​ផ្ទះ​ទី២​​របស់​​គាត់​ ហើយ​ខេត្ត​កំពត​ជា​កន្លែង​ដែល​គាត់​ចូល​ចិត្ត​បំផុត៕



SUGGESTIONS