×

ក្រុម​តន្រ្តី​ Small​world​ Small​band​ តន្រ្តី​យុវវ័យ​ដើម្បី​ចែក​រំលែក​សារ​សង្គម​

NEWS 6 years ago
 
 

            យុវវ័យ​កម្ពុជា​បច្ចុប្បន្ន​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​បាន​ស្តាប់​បទ​ចម្រៀង​ “បុណ្យ​ភូមិ​”​ ដ៏​ល្បី​ល្បាញ​ដែល​លាន់​ឮ​ មិន​សូវ​លោះ​ក្នុង​កម្មវិធី​រាំ​កំសាន្ត​ផ្សេងៗ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ផ្ទៃ​ប្រទេស​ សូម្បី​តែ​កុមារា​កុមារី​តូចៗ​ក៏​និយម​យក​បទ​ នេះ​ច្រៀង​លេង​យ៉ាង​សប្បាយ​រីក​រាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​បទ​នេះ​ដែរ​ក៏​ត្រូវ​បាន​រៀប​ចំ​ផលិត​ ជា​ភាគ​បន្ត​ក្រោម​ចំណង​ជើង​ថា​ “បុណ្យ​ភូមិ​កុកគ្រូ”​ សម្រាប់​អបអរ​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ដែល​ទើប​ តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ។​ អត្ថន័យ​នៃ​ទំនុក​ច្រៀង​ សូរស័ព្ទ​តន្រ្តី​អម​ ក្បាច់​រាំ​ ព្រម​ទាំង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ប្លែក​ក្នុង​ការ​រៀប​ ចំ​ផលិត​វីដេអូ​ចម្រៀង​ថ្មី​នេះ​ បាន​គោះ​អង្រួន​ដួង​ចិត្ត​ទស្សនិកជន​កម្ពុជា​រាប់​ម៉ឺន​នាក់​ឲ្យ​សម្រុក​គាំទ្រ​កោត​ស្ញប់​ស្ញែង​ និង​​ចែក​រំលែក​តគ្នាៗ​ពាស​ពេញ​បណ្តាញ​សង្គម​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។​

            ក្រុម​តន្រ្តី​​ Smallworld​ Smallband​ ជា​ក្រុម​តន្រ្តី​យុវជន​ខ្មែរ​សុទ្ធ​សាធ​ដែល​មាន​សមាជិក​សរុប​ចំនួន​ប្រាំ​នាក់​ ហើយ​ដែល​ពួក​គេ​ទាំង​អស់​មាន​តួនាទី​រៀងៗ​ខ្លួន​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍ​ក្រុម​នេះ​ឲ្យ​ដំណើរ​ការ​ទៅ​មុខ​ ដែល​ក្នុង​ នោះ​រួម​មាន​ យុវ​ជន​ រៀម​ សុខ​ភិរម្យ​ (ប្រធាន​ក្រុម​ចាត់​ការ​ទូទៅ​ និង​​តន្រ្តី​ករ​ហ្គីតា​បាស)​ កញ្ញា​ រិទ្ធី​ លំ​អរ​កេ​សរ​ (អ្នក​ ចម្រៀង)​ យុវ​ជន​ ម៉ម​ ពេជ្ជ​រិទ្ធ​ (អ្នក​ចម្រៀង​ តន្រ្តី​ករ​ហ្គី​តា​ និង​ អ្នក​រៀប​ចំ​ការ​ផលិត)​ យុវ​ជន​ ជា​ ដា​នី​ញ៉ែល​  (តន្រ្តី​ករ​ ព្យ៉ា​ណូ​ និង​​ ជំនួយ​ការ​ផលិត)​ និង​ យុវ​ជន​ រ៉ុង​ សុភី​ដេ​វីដ​ (អ្នក​វាយ​ស្គរ)។​ អ្វី​ដែល​គួរ​ឲ្យ​កោត​សរ​សើរ​មែន​ទែន​ នោះ​គឺ​ ពួក​គេ​ម្នាក់ៗ​សុទ្ធ​តែ​ជា​យុវ​ជន​វ័យ​ក្មេង​ អាយុ​ក្រោម​២៥ឆ្នាំ​ទាំង​អស់​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សមា​ជិក​នីមួយៗ​សុទ្ធ​ តែ​មាន​សមត្ថភាព​ពហុ​ជំនាញ​ ជា​អាទិ៍ភិរម្យ​ ជា​កីឡាករ​សី​ដក់។​ ដេ​វីដ​ ជា​កីឡាក​រ​តេ​ក្វាន់​ដូ​ រីឯ​ ដា​នី​ញ៉ែល​ ជា​អ្នក​ឯក​ ទេស​ព័ត៌មាន​វិទ្យា។​ ថ្វី​ត្បិត​តែ​ពួក​គេ​មាន​ប្រភព​ជំនាញ​ទី​ទៃ​ពី​គ្នា​ តែ​ពួក​គេ​សុទ្ធ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ផ្នែក​សិល្បៈ​ និង​​ចក្ខុ​វិស័យ​ការ​ងារ​រួម​គ្នា​តែ​មួយ។​

យុវ​ជន​ ​រ៉ុង​ សុភី​ដេ​វីដ

            យុវ​ជន​ ​រ៉ុង​ សុភី​ដេ​វីដ​ បាន​បក​ស្រាយ​ថា​ “នៅ​ពេល​ដំបូ​ង​ ខ្ញុំ​មិន​រំ​ពឹង​ទុក​ថា​ក្លាយ​ជា​ធំ​ដុំ​បែប​នេះ​ទេ​ តែ​នៅ​ ពេល​ខ្ញុំ​បាន​ចូល​ក្រុម​ ខ្ញុំ​បាន​រៀន​សូត្រ​ពី​គ្នា​ច្រើន។​ ជា​ពិសេស​ ពួក​ខ្ញុំ​មិន​មែន​រៀន​តែ​ជំនាញ​នោះ​ទេ​ តែ​វា​ជា​ចំណង​ គ្រួសារ​មួយ។​ ចំណង​គ្រួសារ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួក​យើង​ចុះ​សម្រុង​គ្នា​ល្អ។​ បើ​គ្រាន់​តែ​ជា​ក្រុម​តន្រ្តី​មួយ​សាមញ្ញ​ ពួក​យើង​អាច​ចេញ​ចូល​តាម​ចិត្ត​ ប៉ុន្តែ​ចំណង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​យើង​អាច​រីក​ដុះ​ដាល​ជាង​ក្រុម​ដទៃ។”​

            ក្រោម​ទស្សនៈ​វិស័យ​ផលិត​ស្នាដៃ​ថ្មី​មិន​ចម្លង​ពី​គេ​ បម្រើ​ប្រយោជន៍​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​ ក្រុម​ Smallworld​ Smallband​ បាន​ខិត​ខំ​ព្យា​យាម​យក​ចិត្ត​ទុក​ដាក់​ពិ​ភា​ក្សា​ការ​ស្វែង​រក​គំនិត​ថ្មី​ក្នុង​ការ​បង្កើត​បទ​ចម្រៀង​ជា​បន្ត​បន្ទាប់​ ដែល​ទទួល​បាន​ការ​និយម​គាំទ្រ​យ៉ាង​សម្បើម​ពី​សំណាក់​មហាជន​ខ្មែរ​នៅ​គ្រប់​ទិស​ទី​​ទាំង​នៅ​ក្នុង​ទី​ក្រុង​​និង​តាម​បណ្តា​ ខេត្ត។​ ជាក់​ស្តែង​ នា​ពេល​កន្លង​មក​ ក្រុម​នេះ​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​សម្តែង​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ តួយ៉ាង​ កម្មវិធី​យើង​ នាំ​គ្នា​ស​​សំ​អាត​ទី​ក្រុង​ (Let’s​ do​ it!​ Phnom​ Penh​ 2012)​ កម្ម​វិធី​វប្បធម៌​ខ្មែរ​ អរិយធម៌​ខ្មែរ​ កម្ម​វិធី​បុណ្យ​ភូមិ​ កម្ម​វិធី​បើក​ សម្ពោធ​ការ​ប្រកួត​កីឡា​ជាតិ​កម្ពុជា​លើក​ទី១​ ព្រឹត្តិការណ៍​កីឡា​បាល់​បោះ​យុវ​ជន​ ការ​ប្រកួត​បាល់​ទាត់​ ពាន​រង្វាន់​សម្តេច​អគ្គសេ​នា​បតី​តេជោ​ ហ៊ុន​ សែន​ ឆ្នាំ​២០១៦​ កម្ម​វិធី​ពាន​រង្វាន់​អត្តពលិក​​កម្ពុជា​ដែល​មាន​ប្រជាប្រិយ​ បំផុត​ (CAMBODIA​ SPORTS​ AWARD​ CEREMONY)​ នៅ​សណ្ឋាគារ​ណា​ហ្គា​វើល​ កម្ម​វិធី​តន្រ្តី​ SMART​ Mega​ Concert​ នៅ​កោះ​ពេជ្រ​ កម្ម​វិធី​បើក​សម្ពោធ​ផ្ទះ​ស្រឡាញ់​ និង​ការ​ប្រគំ​តន្រ្តី​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កំពត​ ខេត្ត​បាត់ដំបង​ និង​​ខេត្ត​កំពង់ចាម។​

កញ្ញា​ កេ​សរ

            “នៅ​ពេល​ដែល​ចុះ​ទៅ​តាម​ខេត្ត​​ វា​ជា​ពេល​វេលា​មួយ​ដែល​ពួក​យើង​គិត​ចេញ​ជា​បទ​ចម្រៀង​ថ្មី​មួយ​បទ។​ នោះ​ហើយ​ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​របស់​ពួក​យើង​ក្នុង​ការ​និពន្ធ​បទ​ចម្រៀង។​ ​”កញ្ញា​ កេ​សរ​ តារា​ចម្រៀង​ស្រី​ប្រចាំ​ក្រុម​ បាន​បញ្ជាក់។​ ទោះ​បី​ជា​ស្ថិត​ក្នុង​ភាព​ជោគ​ជ័យ​កម្រិត​ណា​ក៏​ដោយ​ ក៏​កញ្ញា​នៅ​តែ​ខំ​ប្រឹង​ហាត់​ពត់​លត់​ដំ​សមត្ថភាព​ របស់​ខ្លួន​រួម​ជា​មួយ​សមាជិក​ដទៃ​ក្រោម​ដំបូល​ស្ទូឌីយ៉ូ​ថត​សម្លេង​របស់​ក្រុម​ផ្ទាល់​ដែល​មាន​ឈ្មោះ​ថា​ SDAB​ STUDIO​ “ពួក​យើង​បង្កើត​វា​បាន​ពីរ​ឆ្នាំ​ហើយ។​ យើង​រស់​នៅ​ជា​មួយ​គ្នា​ និង​ពិភាក្សា​ការ​ងារ​នៅ​ទី​នោះ​ជា​រៀង​រាល់​ថ្ងៃ។​ ខ្ញុំ​មិន​ មែន​ចេញ​ពី​សាលា​រៀន​ចម្រៀង​នោះ​ទេ​ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ចំណាយ​ពេល​ហ្វឹក​ហាត់​សម្លេង​ច្រៀង​ដោយ​ខ្លួន​ឯង​ច្រើន។​ ខ្ញុំ​នៅ​តែ​ព្យាយាម​​បន្ត​ ព្រោះ​ខ្ញុំ​គិត​ថា​មិន​ទាន់​ដល់​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នៅ​ឡើយ​ទេ”។

យុវ​ជន​ ម៉ម​ ពេជ្ជ​រិទ្ធ

            ដោយ​ឡែក​ ពេ​ជ្ជ​រិទ្ធ​ សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម​ បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ថា​ “កាល​ខ្ញុំ​ចូល​ដំបូ​ង​ ខ្ញុំ​ទើប​មាន​អាយុ​ត្រឹម​តែ​១៤​-​១៥​ឆ្នាំ​ប៉ុណ្ណោះ។​ ខ្ញុំ​ពុំ​ទាន់​ចេះ​ធ្វើ​ការ​ជា​មួយ​មនុស្ស​ចាស់​ តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​ស្វែង​​យល់​ ខ្ញុំ​ចេះ​ថយ​ក្រោយ​មួយ​ជំហាន​ ​(ការ​សម្រប​សម្រួល​ក្រុម)​ តែ​ខ្ញុំ​ក៏​ហ៊ាន​បញ្ចេញ​មតិ​ដែរ។​ ឥឡូវ​ខ្ញុំ​អភិវឌ្ឍ​បន្ថែម​លើ​បច្ចេក​ទេស​សម្លេង​ ​(vocal)​ ជំនាញ​លេង​ហ្គីតា​ ការ​ផលិត​បទ​ចម្រៀង​​ និង​ការ​សម្រួល​តន្រ្តី។​ ខ្ញុំ​អាច​ធ្វើ​បាន​កម្រិត​ណា​ ខ្ញុំ​ធ្វើ​កម្រិត​ហ្នឹង”។​

លោក រៀម​ សុខ​ភិរម្យ

            បើ​តាម​ការ​អះ​អាង​របស់​ប្រធាន​ក្រុម​ សមា​ជិក​ Smallworld​ Smallband​ គ្រប់​រូប​មាន​ឆន្ទៈ​ក្នុង​ការ​ផលិត​បទ​ ចម្រៀង​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ទាក់​ទង​នឹង​តថ​ភាព​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ផ្ទាល់​ ដូច​ជា​ ព្រឹត្តិការណ៍​កីឡា​ សកម្មភាព​គាំ​ពារ​បរិស្ថាន​ កា​រ​អភិរក្ស​លើក​ស្ទួយ​ព្រលឹង​សិល្បៈ​វប្បធម៌​ជាតិ​មាន​ល្ខោនខោល​ និង​ស្បែកធំ​ជាដើម។ “ខ្ញុំ​រំភើប​មែន​ទែន​នៅពេល​ដែល​ពួក​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ច្រៀង​បទ​ “ទឹក​ចិត្ត”​ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នៅ​ពហុកី​ឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ ហើយ​​អ្នក​​ចូល​​រួម​​ជាង​​៦​​ម៉ីន​នាក់​បាន​ស្រែក​ច្រៀង​បន្ទរ​តាម។​ ពួក​យើង​មិន​ចង់​ឲ្យ​បទ​ចម្រៀង​ត្រឹម​តែ​ពី​រោះ​ប៉ុណ្ណោះ​ទេ​ តែ​យើង​ចង់​ផ្ញើ​សារ​ឲ្យ​អ្នក​ស្តាប់។​ យើង​ចង់​ឲ្យ​បទ​ទាំង​អស់​នៅ​ក្នុង​ព្រលឹង​របស់​ពួក​គាត់”។​

យុវ​ជន​ ជា​ ដា​នី​ញ៉ែល

បទ​ល្បីៗ​របស់​ក្រុម​នេះ​រួម​មាន​ បទទង់​ជាតិ​ខ្មែរ​ បទ​ស្នេហ៍​៩​ បទ​ទឹកចិត្ត​ បទស្មារតីកីឡា​ បទ​ឆឺតឆឺត​ បុណ្យ​ភូមិ​ និង​បទ​បុណ្យ​ភូមិកុកគ្រូ។​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​មហា​ជន​គ្រប់​មជ្ឍ​ដ្ឋាន​ ក្រុម​នេះ​កំពុង​រៀបចំ​ផលិត​អាល់​ប៊ុម​ចម្រៀង​ដែល​មាន​៨​បទ​ ពោរ​ពេញ​ដោយ​សាច់​រឿង​ផ្សេងៗ​គ្នា។​ តាម​រយៈ​ សូវ​រីន ក្រុម​ Smallworld​ Smallband​ ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស​ដាច់​ខាត​ត្រូវ​តែ​គាំទ្រ​ការ​ផលិត​នេះ​ មិន​មែន​ត្រឹម​តែ​ជួយ​ធម្មតា​នោះ​ទេ​ ពោល​គឺ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​សូម​ឲ្យ​ស្រឡាញ់​ព្រោះ​ពិត​ជា​ស្រឡាញ់​អស់​ពីបេះ​ដូង​ មិន​មែន​ព្រោះ​តែ​វា​ស្ថិត​នៅ​ក្រោម​ស្លាក​ “ស្នា​ដៃ​កូន​ខ្មែរ​” នោះ​ទេ​ “ពួក​យើង​ចង់​ឲ្យ​គេ​ស្គាល់​ថា​យើង​ជា​យើង​ ជា​ជាង​ស្គាល់​ដោយ​ការ​បិទ​ស្លាក​សញ្ញារ​បៀប​នោះ”៕​

Article by SRIN SOKMEAN


SUGGESTIONS