×
Image Courtesy: SOVRIN

​ដំណើរ​បរិបថ​នៃ​“​ផាំង​ហ្វេហ្សិន​”​(Punk Fashion)​ដែល​អ្នក​​មិន​គួរ​​មើល​រំលង

 
 

            បរិបទ​នៃ​ម៉ូដ​និយម​មាន​ភាព​ប្លែកៗ​គ្នា​ ស៊ិចស៊ី​ ឡូយឆាយ​ ថ្លៃថ្នូរប្រណិត​ ស្រគត់ស្រគំ​ និង​ការ​ច្នៃប្រឌិត​ប្លែកៗ។​ មាន​រចនា​បថ​ម៉ូដ​និយម​មួយ​ប្រភេទ​ដែល​យើង​សង្កេត​ឃើញ​ថា​ ការ​លេង​ម៉ូដ​មាន​សភាព​ដូច​ជា​ចម្លែក​យ៉ាង​ខ្លំាង​សម្រាប់​ប្រទេស​របស់​យើង​ ប៉ុន្តែ​វា​ជា​បរិបទ​មួយ​ដែល​អ្នក​សាមញ្ញ​ក៏​អាច​ទទួល​យក​បាន​តាម​បណ្តា​ប្រទេស​ដែល​មាន​ម៉ូដ​និយម​ខ្ពស់​ បរិបទ​នៃ​ម៉ូដ​និយម​នោះ​គឺ​ Punk Fashion។​ យើង​ប្រទះ​ឃើញ​ការ​លេង​ម៉ូដ​បែប​នេះ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ប្រភេទ​តន្ត្រី​ចម្រៀង​ Rock​ និង​ក្រុម​យុវវ័យ​ដូច​ដែល​បាន​បង្ហាញ​នូវ​ខាង​ដើម​រួម​មក​ ហើយ​ការ​លេង​ម៉ូដ​ប្រភេទ​នេះ​វា​ដូច​ជា​មាន​លក្ខណៈ​ចម្លែក​ទំាង​ការ​តុបតែង​ខ្លួន​ និង​សម្លៀកបំពាក់​ វា​ហាក់​បី​ដូច​ជា​មាន​សភាព​ច្រងេងច្រងាង​ និង​កោងកាច​ ប៉ុន្តែ​វា​ពិបាក​នឹង​ជឿ​ថា​ម៉ូដ​និយម​ Punk Fashion​ មួយ​ប្រភេទ​នេះ​វា​នៅ​តែ​ពេញ​និយម​ និង​មាន​វត្តមាន​ជាង​ ៤០ឆ្នាំ​រហូត​ដល់​ពេល​បច្ចុប្បន្ន។

            Punk Fashion​ លេច​ចេញ​រូបរាង​លើក​ដំបូង​ក្នុង​កំឡុង​ទសវត្សទី៦០​ និង​៧០​ ក្នុង​ចក្រភពអង់គ្លេស​ចាប់​ផ្តើម​ដំបូង​ដោយ​ក្រុម​យុវវ័យក្មេងៗ​ និង​ក្រុម​តន្រ្តីចង្វាក់​ Rock​ បាន​បង្កើត​បរិបទ​នៃ​ចង្វាក់​ថ្មី​របស់​ពួកគេ​ដែល​ហៅ​ថា​ Punk​ ក្រុម​តន្ត្រី​ទំាង​នោះ​ធ្វើ​ការ​តុបតែង​ខ្លួន​ប្លែកៗ​ដែល​ជា​ការ​ច្នៃ​បង្កើត​ឲ្យ​សម​ទៅ​នឹង​ចង្វាក់​ថ្មី​របស់​ពួកគេ។​ នៅ​សម័យ​កាល​នោះ​ក្រុមតន្ត្រី​ Sex Pistols​ ជា​ក្រុម​តន្ត្រី​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ ហើយ​ទំនោរ​នៃ​ការ​ស្លៀកពាក់​របស់​ពួកគេ​ក៏​ជះឥទ្ធិពល​យ៉ាង​សម្បើម​ទៅ​កាន់​ក្រុម​យុវវ័យ។​ ក្រុម​តន្រ្តី​ដ៏​ពេញ​និយម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Malcolm Mclaren​ ហើយ​លោក​ក៏​ជា​ដៃគូ​របស់​អ្នក​ច្នៃម៉ូដ​សញ្ជាតិ​អង់គ្លេស​ដ៏​មាន​ប្រជាប្រិយភាព​គឺ​អ្នកស្រី​ Vivienne Westwood។​ អ្នកស្រី​ Vivienne Westwood​ បាន​បង្កើត​ហាង​មួយ​ដែល​មាន​ឈ្មោះ​ថា​ Sex Pistols​ ដែល​តែងតែ​ច្នៃម៉ូដ​សម្លៀកបំពាក់​សម្រាប់​ក្រុម​តន្រ្តី​ Rock​ មួយ​នេះ​ ហាង​នេះ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លំាង​នៅ​ពេល​ដែល​ម៉ូដ​សម្លៀកបំពាក់​បែប​ Punk Fashion​ របស់​អ្នកស្រី​បាន​គ្រង​ដោយ​ក្រុម​តន្ត្រី​ Sex Pistols  នេះ​ហើយ​ជា​ទំព័រ​ដំបូង​ដែល​ Punk Fashion​ បាន​លេច​ជា​រូបរាង​ឡើង។​ ម៉ូដ​និយម​មួយ​ប្រភេទ​នេះ​អាច​និយាយ​បាន​ថា​ស័ក្តិសម​ស្លៀកពាក់​បាន​គ្រប់វ័យ​ និង​គ្រប់​ឋានៈ។​ ភាគ​ច្រើន​អ្នក​ដែល​ស្រលាញ់​ម៉ូដនិយម​មួយ​នេះ​ជា​ក្រុម​យុវវ័យ​ដែល​ស្រលាញ់​តន្ត្រី​ Rock។​ Punk Fashion​ ជា​ប្រភេទ​ម៉ូដ​ដែល​មាន​តម្លៃ​ធូរថ្លៃ​ ពេល​ខ្លះ​យើង​អាច​រក​​វា​បាន​នៅ​ហាង​លក់​សម្លៀកបំពាក់​មួយទឹក​ ឬ​សម្លៀកបំពាក់​ចាស់ៗ​ ដែល​គេ​អាច​យក​មក​កែច្នៃ​ទៅ​ជា​ប្រភេទ​ Punk Fashion។​ ជា​ធម្មតា​ភាគច្រើន​នៃ​ការ​ជ្រើសរើស​ការ​តុបតែង​ខ្លួន​ និង​ការ​ស្លៀកពាក់​សម្រាប់​ម៉ូដ​និយម​ប្រភេទ​នេះ​ គេ​តែងតែង​ស្លៀកពាក់​ជា​មួយ​អាវ​ក្រៅ​ស្បែក​ពណ៌ខ្មៅ​ ជា​ពិសេស​ខោ​ខូវប៊ូយ​រឹបៗ​ ឬ​សម្លៀកបំពាក់​រឹបរាង​  នេះ​ជា​ការ​លេងម៉ូដ​ដែល​បុរស​និយម​ចូលចិត្ត​ សម្រាប់​នារី​ភាគច្រើន​ចូលចិត្ត​លេង​ម៉ូដ​ជា​មួយ​សំពត់​ស្បែក​ខើចខ្លី​ជា​មួយ​អាវយឺត​ដែល​មាន​រូប​សញ្ញា​ប្លែកៗ​ ចំពោះ​ការ​តុបតែង​មុខ​បុរស​ និង​នារី​ច្រើន​តែ​ផាត់​មុខ​សក្រាស់ៗ​បូក​រួម​ផ្សំ​នឹង​ការ​គូរ​ភ្នែក​ពណ៌ខ្មៅ​ដិត​ បន្ថែម​ពី​នេះ​ទៀត​ពួក​គេ​ច្រើន​លាប​ពណ៌សក់​ដិតៗ​ផង​ដែរ​ដូច​ជា​ពណ៌​ខៀវ​ បៃតង​ ផ្កាឈូក​ និង​ការ​ផ្លុំសក់​ជា​មួយ​ស្ព្រាយ​ទៅ​តាម​ការ​និយម​របស់​ពួកគេ​ អ្នក​ខ្លះ​កោរ​ច្រឹបតម្រឹង​សក់​របស់​ពួកគេ​ចេញ​ជា​រូបភាព​ប្លែក​ទៀត​ផង។​ គ្រឿង​អលង្ការ​តុបតែង​ខ្លួន​ផ្សេងៗ​ដូច​ជា​ខ្សែក​ធំ​ធ្វើ​ពី​លោហៈ​  តួយ៉ាង​ដូច​ជា​ក្រវឹល​ពួកគេ​មិន​ត្រឹមតែ​ចោះ​នឹង​ត្រចៀក​ប៉ុណ្ណោះ​ទេ​ មាន​កន្លែង​ជា​ច្រើន​ដែល​ពួក​គេ​អាច​ចោះ​បាន​មាន​ដូច​ជា​ ច្រមុះ​ មាត់​ជា​ដើម​ ជាពិសេស​ពួកគេ​ត្រូវ​តែ​មាន​ស្នាមសាក់​ជា​ច្រើន​បែប​សិល្បៈ​ប្លែកៗ​ជា​ច្រើន​ទៀត។​ ការ​តុបតែង​ខ្លួន​របស់​ពួកគេ​ហាក់បី​ដូច​ជា​កាច​សាហាវ​ទោះបី​ជា​សម័យ​បច្ចុប្បន្ន​អាច​ទទួល​យក​បាន​នូវ​និន្នាការ​នៃ​ម៉ូដ​ប្រភេទ​នេះ​ក៏ដោយ។

            ត្រលប់​ទៅ​អតីតកាល​វិញ​យើង​ដឹង​ហើយ​ថា​ ក្រុមតន្រ្តី​ Rock​ ជា​អត្តសញ្ញាណ​នៃ​ Punk Fashion​ ប៉ុន្តែ​នៅ​ពី​ក្រោយ​សាច់​រឿង​ដែល​ធ្វើ​អោយ​តន្ត្រី​ Rock​ ក្លាយ​ជា​ផ្នែក​មួយ​នំា​អោយ​ទៅ​រក​ម៉ូដ​ប្រភេទ​នេះ​ក៏​ដោយ​សារ​មាន​ការ​ច្នៃប្រឌិតម៉ូដ​ឲ្យ​សម​ទៅ​នឹង​តន្រ្តី​ប្រភេទ​នេះ​ តួយ៉ាង​ក្រុម​តន្រ្តី​ Rock “The Sex Pistols”​ រាល់​សម្លៀកបំពាក់​ និង​ការ​តុបតែង​ខ្លួន​ទំាង​អស់​ត្រូវ​បាន​រៀបចំ​ដោយ​អ្នក​ច្នៃម៉ូដ​សញ្ជាតិអង់គ្លេស​គឺ​អ្នកស្រី​ Vivienne Westwood​ ដែល​ការ​តុបតែង​ខ្លួន​ឲ្យ​ក្រុម​តន្រ្តី​នោះ​នាកំឡុង​សតវត្សទី៦០​ និង​៧០​ គឺ​បាន​ធ្វើ​ឲ្យ​លេច​ចេញ​នូវ​និន្នាការ​ម៉ូដនិយម​មួយ​ថ្មី​រហូត​ដល់​ពេល​បច្ចុប្បន្ន។​ អ្នកស្រី​ Vivienne Westwood​ ត្រូវ​បាន​អ្នក​គ្រប់​គ្នា​ស្គាល់​ថា​ជា​អ្នក​បង្កើត​ Punk Fashion (Mother of Punk)​ លោក​ Malcolm McLaren​ ជា​ប្រធាន​ក្រុម​នៃ​តន្ត្រី​ The Sex Pistols​ គាត់​សម្រេច​ប្រគល់​ភារកិច្ច​លើ​ការ​ច្នៃម៉ូដ​ដល់​ក្រុម​តន្ត្រី​របស់​គាត់​ទៅ​ឲ្យ​អ្នកស្រី​ គាត់​បន្ត​ទៀត​ថា​អ្នកស្រី​ Vivienne Westwood​ គាត់​ដឹង​នូវ​អ្វី​ដែល​ក្រុម​របស់​គាត់​ចង់​បាន​ មិន​យូរ​ប៉ុន្មាន​ម៉ូដ​និយម​ដែល​ច្នៃ​ដោយ​អ្នកស្រី​កាន់​តែ​មាន​ប្រជាប្រិយភាព​ពាស​ពេញ​ពិភពលោក​ អ្នកស្រី​បាន​ច្នៃម៉ូដ​ Punk Fashion​ ដែល​មាន​បរិបទ​មើល​ទៅ​ហាក់បី​ដូច​ជា​កោងកាច​បែប​ដុត​រោល​ស្រើបស្រាល​ (Bondage, Fetish)។​ ទំនោរ​នៃ​ម៉ូដ​និយម​ Punk Fashion​ បាន​សាយភាយ​ និង​ជះឥទ្ធិពល​ទៅ​លើ​ការ​ច្នៃម៉ូដ​និយម​សព្វថ្ងៃ​ អ្នក​ច្នៃម៉ូដ​ជា​ច្រើន​បាន​បូក​រួម​ផ្សំ​ម៉ូដ​ប្រភេទ​នេះ​ ដែល​មតិ​មួយ​ចំនួន​ចាត់​ទុក​ម៉ូដ​និយម​នេះ​ជា​ម៉ូដ​កាច​សាហាវ​ដែល​មិន​សម​គួរ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ម៉ូដ​និយម​ផ្សេងៗ​នៅ​តែ​មិន​អាច​បដិសេធ​ Punk Fashion​ ជា​ម៉ូដ​ដែល​មាន​ឥទ្ធិពល​លើ​វិស័យ​ម៉ូដ​ទំាង​អស់​ តួយ៉ាង​អ្នកស្រី​ Vivienne Westwood​ ជា​បុគ្គល​ដែល​ណែនំា​ម៉ូដ​នេះ​ទៅ​ដល់​ពិភពម៉ូដ​ លើស​ពី​នេះ​ប្រជុំ​ម៉ូដ​របស់​អ្នកស្រី​ក៏​បាន​ធ្វើ​អោយ​ពិភពម៉ូដ​ភ្ញាក់​ផ្អើល​ជា​មួយ​នឹង​ការ​ច្នៃប្រឌិត​របស់​អ្នកស្រី​ អ្នកស្រី​បាន​បញ្ចូល​ Punk Fashion​ ជា​មួយ​នឹង​ម៉ូដ​សម្លៀកបំពាក់​បែប​ចោរ​សមុទ្រ​បុរាណ​រំលេច​នឹង​ម៉ូដ​រ៉ូមែនទិក​បែប​បច្ចឹម​ប្រទេស​ ប្រជុំម៉ូដ​របស់​អ្នកស្រី​បាន​ធ្វើ​អោយ​ពិភពម៉ូដ​កក្រើក។​ ទស្សនាវដ្តី​ហ្វេហ្សិន​លំដាប់​ពិភពលោក​ Vogue Magazine​ បាន​ចាត់ទុក​ប្រជុំម៉ូដ​របស់​អ្នកស្រី​ជា​ម៉ូដ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​កំឡុង​ឆ្នំា១៩៨៣​ រហូត​ដល់​ពេល​បច្ចុប្បន្ន។

            តើ​អាច​នឹង​មាន​និន្នាការ​ម៉ូដនិយម​ថ្មី​ប្លែក​កើត​មាន​ឡើង​នៅ​ក្នុង​ពិភពម៉ូដ​បន្ត​ទៀត​ទេ​ក្នុង​ថ្ងៃ​អនាគត​បន្ទាប់​ពី​ Punk Fashion?  ប្រមាន​ជាង​៤០ឆ្នំា​ Punk Fashion​ ធ្លាប់​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ម៉ូដ​ចម្លែក​ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​ម៉ូដនិយម​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​ក្លាយ​ជា​ម៉ូដ​ដ៏​ពេញ​និយម​ និង​សឹង​តែ​គ្រប់​គ្នា​អាច​ទទួល​យក​បាន។​ Punk Fashion​ ក្លាយ​ជា​ម៉ូដ​បែប​សិល្បៈ​ច្នៃប្រឌិត​ស័ក្តិសម​គ្រប់វ័យ​ ម៉ូដ​ប្រភេទ​នេះ​ត្រូវ​បាន​ពិភពលោក​ចាត់ទុក​ជា​អត្តសញ្ញាណ​នៃ​ម៉ូដ។​ កាន់​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ Punk Fashion​ ត្រូវ​បាន​យក​ទៅ​បង្ហាញ​ជូន​សាធារណជន​នៅ​ក្នុង​កម្មវិធី​ PUNK: Chao to Couture​ ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​សិល្បៈ​នៃ​សារមន្ទីរ​ The Metropolitan Museum of Art​ នៅ​ទី​ក្រុង​ New York​ ដែល​ចូល​រួម​ពី​សំណាក់​អ្នក​ច្នៃម៉ូដ​ល្បីៗ​ និង​ជន​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​ក៏​ដូច​ក្នុង​សង្គម​ជា​ច្រើន​បាន​ចូលរួម​ កម្មវិធី​មាន​គោល​បំណង​បង្ហាញ​ពី​ Punk Fashion​ ដែល​ជា​ម៉ូដ​មួយ​ប្រភេទ​ដែល​ជា​មុខមាត់​នៃ​ពិភពម៉ូដ​ វា​ហាក់បី​ដូច​ជា​ពិភពលោក​ពិត​ជា​ទទួល​ស្គាល់​ហើយ​នូវម៉ូដ​និយម​បែប​កោងកាច​មួយ​ប្រភេទ​នេះ​ ហើយ​ Punk Fashion​ ក៏​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លំាង​នៃ​ឥទ្ធិពល​របស់​វា៕       




SUGGESTIONS