×

ដំណើរ​​កម្សាន្ត​ទៅ​កាន់​ពិភព​ឋានសួគ៌​មាត់​សមុទ្រ​នៃ​ដែន​កោះ​ម៉ាល់ឌីវ

TRAVEL & LIVING 6 years ago
 
 

          ព្រះទិនករ​កំពុង​តែ​ចាំង​រស្មី​ភ្លឺ​ច្រាល​ស្រឡះ​ពី​បូព៌ា​ទិស​ក្រុម​ការងារ​សូវរីន​​បាន​​ចាក​ចេញ​​ពី​​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​ទៅ​​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​​ដែន​​កោះ​ម៉ាល់​​ឌីវ​​ដ៏​​ល្បី​រ​ន្ទឺ​​ប្រចាំ​មហា​សមុទ្រ​ឥណ្ឌា​តាម​រយៈ​​ជើង​​ហោះ​​​ហើរ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​អ៊ែរវ៉េស៍​ (Bangkok Airways) ដោយសារ​​តែ​មាន​​ការ​​បម្រើ​​ស្វាគមន៍​​យ៉ាង​​កក់​ក្តៅ​និង​រួសរាយ​រាក់ទាក់​ជាទី​បំផុត​ពី​​សំណាក់​បាហុនិកា​អាកាសចរណ៍​គ្រប់រូប គួបផ្សំ​នឹង​ផាសុកភាព​ដ៏​​ទំនើប​​ប្រណីត​​ មិន​យូរ​ប៉ុន្មាន​ផង​ពួក​​យើង​​រួម​នឹង​​អ្នក​​ដំណើរ​​ដទៃ​​​បាន​មក​ដល់​ចំណត​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ ប្រកប​ដោយ​សុវត្ថិភាព​នឹង​​បាន​ស្រស់​​ស្រូប​​អាហារ​​សំរន់​នៅ ​VIP Lounge របស់​បាងកក​អ៊ែរវ៉េស៍​មុន​បន្ត​ដំណើរ​ទៅ​កាន់​គោល​ដៅ​កំណត់​ក្នុង​រយៈ​ពេល​ប្រមាណ​ត្រឹម​តែ​៤​ម៉ោង​ទៀត។

          ថ្ងៃ​ដំបូង​នៃ​​ដំណើរ​​កម្សាន្ត​ភ្នាក់ងារ​ក្រុមហ៊ុន​រីសត​ក្លឹប​ម៉េដ (Club Med) បាន​ជូន​យើង​ទៅ​​កាន់​​ពិភព​​អាថ៌​កំបាំង​ សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​ប្រចាំ​តំបន់​កម្រង​កោះ​ម៉ាលេ​ខាង​ជើង  (North Malé​ Atoll) ដែល​មាន​ឈ្មោះ​ថា ហ្វាយ​ណូលូវីឡា​ (Finolhu​ Villas)។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​រីសត​កោះ​ឯកជន​ហ្វាយណូលូ វីឡា ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ត្រូវ​បន្ត​ដំណើរ​ចេញ​ពី​រដ្ឋធានី​ម៉ាល់ឌីវ​តាម​កាណូត​រយៈ​ពេល​ប្រហែល​២៥នាទី។ ក្នុង​អំឡុង​ពេល​នេះ​អ្នក​ទាំងអស់​គ្នា​បាន​ពើប​ប្រទះ​នឹង​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​​គ្មាន​គូ​ប្រៀប​​នៃ​មហា​សាគរ​ឥណ្ឌា​ដ៏​ធំ​ល្វឹង​ល្វើយ​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក​អម​ដោយ​ស្នូរ​តន្រ្តី​ទឹក​រលក​សមុទ្រ​​បោកបក់​​គគ្រាំ​​បែក​ខ្ចាយ​​គួរ​​​ឱ្យ​​ចោល​ភ្នែក​រំពៃ​មើល។

គ្រាន់​តែ​កាណូត​ដឹក​អ្នក​ដំណើរ​ចូល​សំចត​អែប​នឹង​ច្រាំង​ចំណត​នៃ​ហ្វាយ​ណូលូវីឡា​ភ្លាម​យើង​មាន​អារម្មណ៍​ហាក់បី​ដូច​ជា​កំពុង​ស្ថិត​នៅ​លើ​ផ្ទៃ​មហាសាគរ​ដ៏​ធំ​ល្វឹងល្វើយ​ពណ៌​ខៀវ​ថ្លាឈ្វេង​ចម្រុះ​ដោយ​វីឡា​យ៉ាង​ប្រណីតៗ​ ធ្វើ​ឱ្យ​ចិត្ត​យើង​រសាយ​អស់​ទុក្ខកង្វល់​ បន្សល់​នូវ​ភាព​ស្រស់ថ្លា​ក្នុង​អារម្មណ៍។

          ស្ពាន​ដ៏​វែង​អន្លាយ​ដូច​ខ្នង​ភុជង្គ​ប្រក់​ដំបូល​ អម​ដោយ​វីឡា​ដែល​រចនា​ឡើង​ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ​ចម្លង​លោក​អ្នក​ទៅ​កាន់​កោះ​ដ៏​តូច​ច្រឡឹង​គ្រប​ដណ្តប់​ដោយ​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​ខៃ​ស​ក្បុស​ប្រវែង​រហូត​១០០០​ម៉ែត្រ​ដែល​ធានា​បាន​នូវ​ភាព​ស្ងប់ស្ងាត់​សុខ​ដុម​រមនា​គ្មាន​ការ​រំខានពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។​ ទី​កន្លែង​នេះ​​ជា​​ឋាន​សួគ៌​​ល្អ​ផ្តាច់​​សម្រាប់​ភ្ញៀវ​អភិជន​ទាំង​ឡាយ​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ការ​​ស្នាក់​នៅ​​ប្រកប​​ដោយ​​លក្ខណៈ​​ស្តង់​ដារ​អន្តរជាតិ​ និង​មាន​ការ​បម្រើ​លក្ខណៈ​ផ្ទាល់​ខ្លួន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​មិន​ឱ្យ​ខក​បំណង​។

បន្ទប់​​ស្នាក់​​នៅ​ដ៏​​ស្រស់​​ស្អាត​គួរ​ជាទី​ទាក់​ទាញ​រចនា​ឡើង​ដោយ​កញ្ចក់​ធំៗ​ងាយ​ ស្រួល​​ក្នុង​ការ​គយគន់​សុរិយា​រះ ឬ​ សុរិយា​អស្តង្គត​​ចាំង​ពន្លឺ​ក្រហម​ឆ្អិន​ឆ្អៅ​ដូចមាស​ទឹក​ដប់​សាយភាយ​ពេញ​ផ្ទៃ​ជលសា។ នៅ​ពេល​រាត្រី​ យើង​បាន​ផ្លាស់​​ប្តូរ​​បរិយា​កាស​​​មក​ទទួល​ទាន​អាហារ​លំដាប់​ស្ដង់​ដា​ផ្កាយ​ប្រាំ​ លើ​​ដែន​​កោះ​​ដ៏​សែន​រ៉ូមែនទិក​ ក្រោម​​បរិយាកាស​​ដ៏​​ស្រាល​ស្រទន់​​នៃ​ស្បៃ​រាត្រី​លាយ​ឡំ​នឹង​ពន្លឺ​ភ្លើង​​លំអរ​​ចម្រុះ​​ពណ៌​​ប្រដេញ​​​គ្នា​គួប​ផ្សំ​នឹង​ជំនោរ​មាត់​សមុទ្រ​រំភើយៗ ​រឹត​តែ​ជួយ​បង្កើន​រសជាតិ​អាហារ​និង​ស្រា ​cocktail​ ទ្វេ​​ដង​​ថែម​ទៀត។​

សេវាកម្ម​ម៉ាស្សា និង​ ស្ប៉ា​​ពី​បុគ្គលិក​ជំនាញ​​របស់​​រីសត​ផ្ទាល់​ដើម្បី​បំបាត់​ភាព​នឿយ​ហត់​ស្ពឹក​ស្រពន់​និង​បង្កើន​ថាមពល​រាងកាយ ​សម្រួល​អារម្មណ៍​ឱ្យ​កាន់​​តែ​​ស្រស់​ស្រាយ​មួយ​កម្រិត។​ ថ្ងៃ​ទី​ពីរ​បាន​ចូល​មក​ដល់​បន្ទាប់​ពី​ស្រស់​​ស្រូប​អាហារ​​ពេល​​ព្រឹក​​​​​នៅ​ក្នុង​​ភោជនីយ​ដ្ឋាន​​យើង​​បាន​បន្ត​ដំណើរ​ទៅ​កាន់​ កោះ​រីសត​មួយ​កន្លែង​ទៀត​​ដែល​​មាន​​ចម្ងាយ​​ប្រហែល​១០​​នាទី​​ ពី​ហ្វាយ​ណូលូ​វីឡា​​គឺ​ ក្លឹប​មេដកានី​ (Club​ Med​ Kani)​។ ក្រៅ​ពី​នោះ​ភ្ញៀវ​អាច​មុជ​ទឹក​ទៅ​​ទស្សនា​​ត្រី ​និង​ផ្កា​ថ្ម​ប៉ប្រះ​​ទឹក​​ដ៏​កម្រ​។ ប៉ុន្តែ​ត្រូវ​គោរព​តាម​លក្ខណ​មួយ​សម្រាប់​អ្នក​​ដែល​​មាន​​បំណង​​ចង់​​ទៅ​ជ្រមុជ​ទឹក​​គឺ​ត្រូវ​​ឆ្លង​​កាត់​​ការ​​ធ្វើ​​តេស្ដ​​ហែល​​ទឹក​​ពី​អ្នក​ជំនាញ​នៅ​ទីនោះ​ជា​មុន​​សិន​មុន​នឹ​ង​​អាច​​ចេញ​​ដំណើរ​បាន។​ សម្រាប់​អ្នក​ជ្រមុជ​ទឹក​ជ្រៅ​អាជីព​ ក៏​អាច​ត្រៀម​​សម្ភារ​​ដើម្បី​ទៅ​ជ្រមុជ​ទឹក​ជ្រៅ (Scuba Diving) ផ្សង​ព្រេង​នៅ​បាត​​មហា​​សមុទ្រ​​ឥណ្ឌា​ផង​ដែរ។ ​ ​ទោះ​បី​ជា​​ពេល​​វេលា​​បា​ន​​​កន្លង​​ផុត​​ទៅ​​ក្នុង​​រយៈ​​ពេល​ដ៏​ខ្លី អនុស្សាវរីយ៍​​នៃ​ដំណើរ​កំសាន្ត​​នេះ​​នៅ​តែ​បន្ត​ដក់​​ជាប់​ក្នុង​​ដួង​​ចិត្ត​​ឥត​បំ​ភ្លេច​​បាន​៕


SUGGESTIONS