×

ព្យុះ​ភ្លៀង​នៅ​ក្នុង​អាជីព​សិល្បៈ​ល្ខោន​ស្រមោល​ស្បែកធំ​ លោក​ម៉ាន់​ ​កុសល​

NEWS 5 years ago
 
 

          ល្ខោន​ស្រមោលស្បែកធំ​ជា​កេរដំណែល​ដ៏​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​របស់​បុព្វបុរស​បុរាណាចារ្យខ្មែរ​ដែល​បាន​បន្សល់​ទុក​ឲ្យ​ខេមរជន​តពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​រាប់​សហសវត្សរ៍​មក​ហើយ។​ ដោយ​សារ​តែ​សិល្បៈ​ប្រភេទ​នេះ​មាន​ប្រវត្តិ​ និង​អាយុកាល​យូរ​លង់​ណាស់​មក​ហើយ​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​ ហើយ​ថែម​ទាំង​មាន​លក្ខណៈ​ពិសេស​គួរ​ឲ្យ​កោតស្ញប់ស្ញែង​ ជា​ពន់ពេក​រហូត​ត្រូវ​បាន​អនុ្តរជាតិ​ទទួល​ស្គាល់។​ ហេតុ​នេះ​ហើយ​ទើប​ល្ខោនស្រមោល​ស្បែកធំ​របស់​កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ជា​ស្ថាពរ​នៅ​ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០០៥​ ដោយ​អង្គការ​យូនេស្កូ​ (UNESCO)​ គួរ​ជា​ទី​មោទនភាព។​ ភាព​គង់វង្ស​នៃ​មរត៌ក​វប្បធម៌​ដ៏​វិសេស​វិសាល​នេះ​ពិត​ជា​ពឹង​ផ្អែក​ទៅ​លើ​វីរភាព​តស៊ូ​ពុះពារ​ យ៉ាង​សស្រាក់​សស្រាំ​របស់​បណ្តា​សិល្បករ​បុរាណខ្មែរ​ទាំង​ឡាយ​គ្រប់​ទីតំបន់។​ ជាក់​ស្តែង​លោក​ ម៉ាន់ កុសល​ ប្រធាន​សមាគម​សិល្បៈ​សុវណ្ណភូមិ​ ក៏​ជា​វីរសិល្បករ​ខ្មែរ​មួយរូប​ដែល​បាន​ស្វិត​ស្វាញ​ក្រាញននៀល​ជំនះ​រាល់​ឧបសគ្គ​ក្នុង​បុព្វហេតុ​ អភិរក្ស​ និង​អភិវឌ្ឍ​ទស្សនីយភាព​សិល្បៈ​ល្ខោនស្រមោល​ស្បែកធំ​ខ្មែរ​អស់​រយៈ​កាល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ។

          ស្ថិត​នៅ​លើ​ទីតាំង​ផ្ទះលេខ៤​ បណ្តោយ​ផ្លូវ​លេខ៩៩​ សង្កាត់​ផ្សារ​ដើមថ្កូវ​ ខ័ណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ ម្តុំ​សាលា​បឋមសិក្សា​បឹងត្របែក​ សមាគម​សិល្បៈ​មួយ​កន្លែង​បាន​បង្ហាញ​ខ្លួន​នៅ​ខាង​ស្តាំដៃ​ក្រោម​ស្លាក​យីហោ​ថា​ សមាគម​សិល្បៈ​សុវណ្ណភូមិ​ ដែល​មាន​រូប​ ព្រះរាមថ្លែងសរ​ ជា​និមិត្តសញ្ញា​សម្គាល់។​ សមាគម​នេះ​ជា​មជ្ឈមណ្ឌល​ល្ខោន​ស្រមោល​ស្បែកតូច-ធំ​ របាំ​បុរាណ​ និង​ប្រពៃណី​ និង​ចម្លាក់ស្បែក​ ដឹកនាំ​ដោយ​លោក​សាស្រ្តាចារ្យ​សិល្បៈ​ ម៉ាន់ កុសល។​ ក្នុង​កិច្ច​ជំនួប​ជា​មួយ​ លោក​ ម៉ាន់ កុសល​ នាយក​សមាគម​សិល្បៈសុវណ្ណភូមិ​នៅ​ទីតាំង​សមាគម​ផ្ទាល់​ លោក​បាន​ចង្អុល​បង្ហាញ​អំពី​ចម្លាក់​ស្បែក​តូចធំ​ជា​ច្រើន​ដែល​រំលេច​ខ្លួន​យ៉ាង​ល្អ​ប្រណិត​លើ​ផ្ទៃ​វាំង​ននស​ទុក​ត្រៀម​សម្រាប់​​ប្រើប្រាស់​ក្នុង​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ​ល្ខោនស្បែក។​ លោក​ ម៉ាន់ កុសល​ វ័យ​៥៦ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ព្រៃកប្បាស​ ខេត្ត​តាកែវ។​ ដោយ​សារ​មាន​ទឹកចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​ ក្នុង​អំឡុង​ឆ្នាំ១៩៨៤-១៩៨៥​ លោក​បាន​ចូល​សិក្សា​ជំនាញ​សិល្បៈ​ផ្នែក​ល្ខោន​បាសាក់​នៅ​សាលា​វិចិត្រសិល្បៈ​ ហើយ​លោក​ចំណាយ​ពេល​រៀនសូត្រ​នៅ​ទី​នោះ​អស់​រយៈ​ពេល​៦ឆ្នាំ​រហូត​ទទួល​បាន​សញ្ញា​ប័ត្រ​មធ្យមសិក្សា​ទុតិយភូមិសិល្បៈ​ (បាក់ឌុបសិល្បៈ)។​ ក្រោយ​មក​លោក​បាន​ចូល​បំពេញ​ការងារ​នៅ​នាយកដ្ឋាន​សិល្បៈ។​ នៅ​ក្នុង​អំឡុង​ពេល​នោះ​ហើយ​ ដែល​លោក​បាន​ឃើញ​ណាំង​ស្បែក​ចាស់ៗ​ដែល​នៅ​សេសសល់​ក្នុង​នាយកដ្ឋាន​សិល្បៈ​ ហើយ​ចាប់​អារម្មណ៍​ចង់​ចាប់​យក​ជំនាញ​សម្ដែង​ល្ខោន​ស្រមោល​ស្បែកធំ​វិញ។​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​បណ្តុះ​បណ្តាល​ ពី​សិល្បករ​រៀមច្បង​ លោក​បាន​ចេះ​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ក្នុង​រយៈ​ពេល​១ឆ្នាំ។​ ត្រង់​ចំណុច​នេះ​ លោក​ ម៉ាន់ កុសល​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ សិល្បករ​ចាស់ៗ​គ្រាន់​តែ​បង្រៀន​ការ​សម្ដែង​ល្ខោន​ស្បែកធំ​ ប៉ុន្តែ​គ្មាន​នរណាម្នាក់​បង្ហាត់​វិធី​សាស្រ្ត​ក្នុង​ការ​ធ្វើ​ចម្លាក់​ស្បែក​ល្ខោនស្រមោល​នោះ​ដល់​រូប​លោក​ឡើយ។​ ដូច្នេះ​លោក​ត្រូវ​ធ្វើ​ស្វ័យ​សិក្សា​ពោល​គឺ​រៀនសូត្រ​ ស្វែង​យល់​បន្ថែម​ដោយ​ខ្លួន​ឯង​ទាំង​អស់​ដែល​ទាមទារ​ឲ្យ​រូប​លោក​បន្ត​អភិវឌ្ឍ​សមត្ថភាព​រហូត​៥-៦ឆ្នាំ​ទើប​ស្ទាត់​ជំនាញ។

          អាជីព​ជា​ជាង​ចម្លាក់​ស្បែក​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ បើ​តាម​ការ​អះអាង​របស់​លោក​ ម៉ាន់ កុសល។​ លោក​ត្រូវ​ចំណាយ​ប្រាក់​ និង​ពេល​ដើរ​ទិញ​ស្បែកគោ​ដែល​ជា​វត្ថុ​ធាតុដើម​ចាំបាច់​បំផុត​សម្រាប់​ផលិតកម្ម​នេះ។​ បន្ទាប់​មក​ត្រូវ​ទាញ​សន្ធឹង​ស្បែកគោ​ឲ្យ​តឹង​ស្មើ​ដោយ​ចង​ភ្ជាប់​ទៅ​នឹង​ខ្សែស្នឹង​ជា​ច្រើន​ព័ទ្ធ​ជុំវិញ​ហើយ​ពន្លះ​យក​សាច់​ចេញ​លាង​សម្អាត​ឲ្យ​ស្អាត​អស់​មុន​នឹង​យក​ទៅ​ហាល​ថ្ងៃ​ក្នុង​រយៈ​ពេល​ពី​៤៥នាទី​ទៅ​មួយម៉ោង។​ បន្ទាប់​មក​ គេ​ត្រូវ​ដាក់​ពណ៌​ហើយ​យក​ទៅ​ហាល​ថ្ងៃ​ម្តង​ទៀត​រយៈ​ពេល​៣-៤ថ្ងៃ​ទាល់​តែ​ស្ងួត​ល្អ​ទើប​កោស​រោម​ចេញ។​ ក្រោយ​មក​ទើប​យក​ស្បែក​ដែល​ហាល​ស្ងួត​គូរ​ ក្បាច់​ ហើយ​ឆ្លាក់​ចេញ​ជា​រូប​តួអង្គ​ផ្សេងៗ​ទៅ​តាម​ឈុត​ឆាក​ក្នុង​សាច់រឿង​ (ល្ខោន​ស្បែកធំ​លេង​តែ​រឿង​រាមកេរ្តិ៍)។​ ជា​ចុង​ក្រោយ​ ត្រូវ​លាប​ពណ៌​ខ្មៅ​ដើម្បី​ឲ្យ​ស្បែក​នោះ​ចាំង​ឆ្លុះ​ពន្លឺ​ល្អ​នៅ​ពេល​សម្ដែង។​ ស្បែកគោ​សម្រាប់​ធ្វើ​ណាំង​ស្បែក​ត្រូវ​ ជ្រើសរើស​ដោយ​សម្រិត​សម្រាំង​មិន​ឲ្យ​ក្រាស់​ពេក​ឬ​ស្តើង​ពេក​នោះ​ទេ។​ ម្យ៉ាង​វិញ​ទៀត​ ស្បែក​ដែល​ឆ្លាក់​រួចរាល់​ត្រូវ​រក្សាទុក​ ដោយ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ត្រូវ​ទឹក​ដាច់​ខាត​ បើ​ពុំ​ដូច្នោះ​ទេ​ស្បែក​នឹង​រីក​ខូច​ទ្រង់ទ្រាយ​ចម្លាក់​ដើម។

          សព្វថ្ងៃ​នេះ​ សមាគម​សិល្បៈ​សុវណ្ណភូមិ​របស់​លោក​ ម៉ាន់ កុសល​ មាន​បុគ្គលិក​ពេញ​ម៉ោង​ចំនួន​០៥នាក់​ ព្រម​ទាំង​ សិល្បករ​ សិល្បការិនី​ដែល​មិនមែន​ជា​បុគ្គលិក​ប្រចាំការ​របស់​សមាគម​ចំនួន​ ៤០-៥០នាក់​ទៀត។​ ជា​លទ្ធផល​ សមាគម​នេះ​ផលិត​បាន​ចម្លាក់​ស្បែក​ជា​ច្រើន​ ជាពិសេស​ចម្លាក់​តួអង្គ​សំខាន់ៗ​ក្នុង​ដំណើរ​រឿង​រាមកេរ្តិ៍​ រួម​មាន​ តួព្រះរាម​ ព្រះលក្ម្សណ៍​ នាង​សីតា​ ហនុមាន​ ក្រុងរាពណ៍​ ឥន្រ្ទជិត​ ពិភេក​ សុគ្រីព​ និង​សេនា​យក្ស​បន្ទាប់​បន្សំ​ជា​ច្រើន​ទៀត។​​ ទស្សនីយភាព​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​របស់​សមាគម​នេះ​ត្រូវ​បាន​ដាក់​សម្ដែង​ជូន​សាធារណជន​នៅ​ម៉ោង​៧យប់​ ជា​រៀងរាល់​ថ្ងៃសុក្រ​ និង​ថ្ងៃសៅរ៍​ ដោយ​មាន​ការ​រួម​បញ្ចូល​នូវ​ទម្រង់​សិល្បៈ​បុរាណ​ចំនួន​បី​គឺ​ ល្ខោនស្បែកធំ​ ល្ខោនខោល​ និង​របាំបុរាណ។​ “យើង​ធ្វើ​រឿង​ចាស់​បញ្ចូល​ក្នុង​រូបភាព​ថ្មី។​ យើង​ធ្វើ​អ្វី​ដែល​ថ្មី​ មិន​ចម្លង​គេ​ មិន​ដូច​គេ”​ លោក​ ម៉ាន់ កុសល​ បាន​សង្កត់ធ្ងន់។​ ភ្ញៀវ​ដែល​បាន​ទៅ​ទស្សនា​ការ​សម្ដែង​ភាគ​ច្រើន​ជា​ភ្ញៀវ​បរទេស​ តួយ៉ាង​ជនជាតិ​បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី​ អេស្ប៉ាញ​ ប៊ែលហ្ស៊ិក​ រីឯ​ជនជាតិ​អាស៊ី​ មាន​ដូច​ជា​ ជប៉ុន​ ចិន​ និង​ឥណ្ឌា​ ព្រម​ទាំង​និស្សិត​ខ្មែរ​ដែល​ស្នេហា​វិស័យ​សិល្បៈ​មួយ​ចំនួន​ផង​ដែរ។

          ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ សិល្បករ​ល្ខោន​ស្រមោល​ស្បែកធំ​ជើង​ចាស់​រូប​នេះ​បាន​លាត​ត្រដាង​អំពី​ផល​វិបាក​ នៃ​អាជីព​នេះ​ប្រាប់​ សូវរីន​ ថា​ “ខ្ញុំ​ចំណាយ​ពេល​លើ​អាជីព​នេះ​ ២៤ឆ្នាំ​គឺ​ពាក់​កណ្តាល​ជីវិត​នៅ​លើ​ហ្នឹង​ទៅ​ហើយ!​  សេច​ក្តី​ស្រឡាញ់​របស់​ខ្ញុំ​មិន​សាប​​រលាប​ គឺ​កាន់​តែ​បូក​បន្ថែម​ ប៉ុន្តែ​ខ្ញុំ​ហាក់បី​ដូច​ជា​មាន​ភាព​ឯកា​ក្នុង​រយៈ​ពេល​ជាង​២០ឆ្នាំ​នេះ”។​  លោក​បាន​រៀបរាប់​លម្អិត​ថា​ ដំបូង​ឡើយ​ លោក​បាន​ជួល​កន្លែង​គេ​នៅម្តុំ​ទួល​ស្លែង​សម្រាប់​ធ្វើ​ជា​ទី​តាំង​សមាគម​ក្នុង​តម្លៃ​ត្រឹម​ ២០០-៣០០ដុល្លារ​ក្នុង​មួយខែ​ ប៉ុន្តែ​ជា​អកុសល​តម្លៃ​ជួល​ឡើង​ថ្លៃ​ទ្វេដង​ដែល​ធ្វើ​ឲ្យ​លោក​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​ លោក​ក៏​បាន​បង្ខំ​ចិត្ត​ផ្លាស់​ប្តូរ​មក​ទីតាំង​សព្វថ្ងៃ​នេះ​អស់​រយៈពេល​៦ឆ្នាំ​មក​ហើយ។​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សមាគម​របស់​លោក​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ស្ទើរ​តែ​ឈាន​ទៅ​ដល់​ការ​ដួលរលំ​ ដោយ​សារ​តែ​មាន​ មុខ​ចំណាយ​ច្រើន​ ហើយ​ចំណូល​វិញ​គឺ​ពឹង​ផ្អែក​តែ​លើ​ការ​សម្ដែង​សិល្បៈរ​បស់​សមាគម​តែ​មួយ​មុខគត់​ គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ ទំនុក​បម្រុង​ពី​អង្គការ​ស្ថាប័ន​ ឬ​សប្បុរជន​ណា​សោះ​ឡើយ។​ “សមាគម​ត្រូវ​ចំណាយ​ក្នុង​មួយ​ខែ​ជាង​២០០០ដុល្លារ​ លើ​ថ្លៃផ្ទះ​ ថ្លៃ​សំរាម​ ថ្លៃ​ទឹក​ភ្លើង​ ថ្លៃអាហារ​ និង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ចំពោះ​ក្រុម​សិល្បករ”​ ម្ចាស់​សមាគម​រូបនេះ​ បាន​បញ្ជាក់​បន្ថែម​ ទាំង​ក្រៀម​ក្រំ។​

          ថ្វីត្បិត​តែ​មាន​វ័យ​កាន់​តែ​ច្រើន​ហើយ​ឆ្លង​កាត់​វិបត្តិ​ព្យុះភ្លៀង​រាប់​មិន​អស់​ក្នុង​ជីវិត​សិល្បៈ​ សិល្បករ​រូប​នេះ​នៅ​តែ​ប្រកាន់​យក​គំនិត​សុទិដ្ឋិនិយម​ដដែល​ថា​ “ខ្ញុំ​សង្ឃឹម​ថា​នៅ​ពេល​អនាគត​ សិល្បៈ​បុរាណ​ខ្មែរ​ប្រហែល​ជា​រុងរឿង”។​ លោក​បាន​បក​ស្រាយ​មូល​ហេតុ​ថា​ “ព្រោះ​បើ​តាម​ការ​កត់​ចំណាំ​របស់​ខ្ញុំ​ផ្ទាល់​ ចិត្ត​ខ្មែរ​ទទួល​អ្វី​ពី​ក្រៅ​មិន​បាន​យូរ​ទេ!​ ខ្មែរ​អង្គុយ​លើ​កង់​ប្រវត្តិ​សាស្រ្ត​ គឺ​វិលចុះ​វិលឡើង​ នឹង​ត្រឡប់​ទៅ​រក​កន្លែង​ដើម​ដដែល!”។​ យ៉ាង​ណា​មិញ​ លោក​សាស្រ្តាចារ្យ​ ម៉ាន់ កុសល​ នាយក​សមាគម​សិល្បៈ​សុវណ្ណភូមិ​មាន​បំណង​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​បញ្ជ្រាប​មនសិការ​ស្នេហា​សិល្បៈ​វប្បធម៌​ជាតិ​ដល់​យុវវ័យ​ ជំនាន់​ក្រោយ​តាម​រយៈ​ការ​ជំរុញ​សកម្មភាព​សម្ដែង​សិល្បៈ​បុរាណខ្មែរ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​នានា​ជូន​សិស្សនិស្សិត​ទស្សនា​ និង​សិក្សា​ស្វែង​យល់​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ទ្វេដង។​ តាម​រយៈ​ទស្សនាវដ្តី​ សូវរីន​ លោក​បាន​ផ្តាំ​ផ្ញើ​ចុង​ក្រោយ​ដល់​កូនខ្មែរ​ទាំង​អស់​ថា​ “បើ​បងប្អួន​ពិត​ជា​ចង់​ជួយ​ទ្រទ្រង់​សិល្បៈ​នេះ​គឺ​ខ្មែរ​ម្នាក់​ចំណាយ​លុយ​ត្រឹម​តែ​១០០រៀល​ក្នុង​មួយ​ខែ​ សមាគម​នឹង​អាច​បើក​ទ្វារ​បន្ត”។​ សរុប​សេច​ក្តី​មក​អ្នក​អភិរក្ស​សិល្បៈ​បុរាណ​រូប​នេះ​ចង់​ឲ្យ​កុលបុត្រ​កុលធីតា​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ចូល​រួម​ជា​សកម្មភាព​ជាក់​ស្តែង​ប្រសើរ​ជាង​ការ​និយាយ​តែ​មាត់​ទទេ​ហើយ​សោក​ស្តាយ​នៅ​ពេល​ដែល​វា​បាត់បង់​សាប​សូន្យ៕


SUGGESTIONS