×
Image courtesy: SOVRIN

បេសកកម្មការទូតដ៏ជោគជ័យរបស់ឯកឧត្តមអគ្គរដ្ឋទូតតួកគី Ilhan Kemal Tug

 
 

            ចាប់​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ពេញ​បរិបូរណ៍​ក្នុង​ឆ្នាំ១៩៥៣​ និង​ក្រោយ​ពេល​ថ្ងៃ​រំដោះ​ ៧មករា​ ឆ្នាំ១៩៧៩​ មក​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ខិតខំ​កសាង​សម្ព័ន្ធភាព​យ៉ាង​ស្អិតរមួត​ជា​មួយ​បណ្តា​ប្រទេស​នានា​លើ​សកលលោក​ ដើម្បី​សម្រេច​បាន​នូវ​ទំនាក់ទំនង​ជា​ផ្លែផ្កា​មួយ​ទាំង​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ សម្រាប់​ជា​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ខ្លួន។​ កម្ពុជា​បាន​បង្កើត​ស្ថានកុងស៊ុល​ និង​ស្ថានទូត​ដែល​មាន​និវេសនដ្ឋាន​នៅ​តាម​រាជធានី​ ក៏​ដូច​ជា​រដ្ឋធានី​នានា​ជិត​ឆ្ងាយ​ជា​ច្រើន​ ក្នុង​គោល​បំណង​ជម្រុញ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ ក៏​ដូច​ជា​បម្រើ​កិច្ច​ការងារ​ផ្សេងៗ​អោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។​ ដោយ​សារ​ការ​បើក​ចំហរ​នយោបាយ​ការទូត​ដ៏​ទូលំ​ទូលាយ​នេះ​ហើយ​ ទើប​ប្រទេស​តូចធំ​ជា​ច្រើន​បាន​សម្រេច​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​មួយ​កម្ពុជា​ដូច​គ្នា​ ដោយ​ពួក​គេ​បាន​បង្កើត​ស្ថានទូត​ខ្លួន​ ស្ថានកុងស៊ុល​ ការិយាល័យ​តំណាង​នានា​ក្នុង​គោល​បំណង​ជម្រុញ​កិច្ច​សហប្រត្តិបត្តិការ​គ្រប់​វិស័យ​អោយ​មាន​ភាព​រីក​ចម្រើន។​ លទ្ធផល​ដែល​កើត​ចេញ​ពី​នយោបាយ​ការទូត​ដ៏​ឈ្លាស​វៃ​របស់​កម្ពុជា​ ជំនួយ​នានា​សឹង​គ្រប់​វិស័យ​ត្រូវ​បាន​ផ្តល់​ ឬ​ជួយ​តាម​គ្រប់​រូបភាព​ដែល​បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​របស់​ប្រទេស​ រីឯ​ការ​ដោះដូរ​ពាណិជ្ជកម្ម​បាន​កើន​ឡើង​ខ្ពស់​គួរ​ជា​ទី​មោទនៈ​ក្រៃលែង​បើ​ប្រៀប​នឹង​ទសវត្សរ៍​មុនៗ។​ ជើង​ហោះហើរ​ជា​ច្រើន​រវាង​ទីក្រុង​នានា​របស់​កម្ពុជា​ជា​មួយ​ទីក្រុង​ក្នុង​តំបន់​បាន​ក្លាយ​ជា​កម្លាំង​ចលករ​មួយ​ ដែល​ធ្វើ​អោយ​អ្នក​ទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​រាប់​លាននាក់​ធ្វើ​ដំណើរ​មក​ទស្សនា​កំសាន្ត​មាន​ជា​អាទិ៍​ដូច​ជា​រមណីយដ្ឋាន​អង្គរ​ និង​ខេត្ត​ព្រះសីហនុ។ល។

            សាធារណរដ្ឋតួកគី​ ជា​ប្រទេស​មួយ​ដែល​ទើប​ចាប់​ផ្តើម​ប្រត្តិបត្តិការ​សា្ថនទូត​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ២០១៤​ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្ពស់​ពី​ឯកឧត្តម​ Ilhan Kemal Tug​ ដែល​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​តួកគី​មក​កាន់​ប្រទេស​កម្ពុជា។​ នៅ​ក្នុង​ការ​ចាប់​ផ្តើម​អាណត្តិ​ការងារ​ជា​លើក​ដំបូង​នេះ​ដែរ​ លោក​ឯកអគ្គរដ្ឋទូត​បាន​វាយ​តំលៃ​យ៉ាង​ខ្ពស់​ចំពោះ​បេសកម្ម​ជា​ប្រវត្តិសាស្រ្ត​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​កសាង​និវេសនដ្ឋាន​ និង​ការ​ចង​មេត្រីភាព​រវាង​រដ្ឋ​ទាំងពីរ​អោយ​បាន​គ្រប់​វិស័យ​ក៏​ដូច​ជា​អោយ​បាន​ឆាប់​រហ័ស។​ លោក​បាន​ជម្រាប​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ជា​គោលដៅ​ដំបូង​ទី​មួយ​ដែល​រដ្ឋាភិបាល​តួកគី​បាន​ចាត់​តាំង​រូបខ្ញុំ​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​ ហើយ​កិច្ច​ការងារ​ដ៏​សំខាន់​មុន​គេ​នោះ​គឺ​ខ្ញុំ​ត្រូវ​ចាប់​ផ្តើម​កសាង​ និង​រៀបចំ​អោយ​មាន​និវេសនដ្ឋាន​ផ្លូវការ​មួយ​តំណាង​ប្រទេស​តួកគី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ ការ​ចាប់​ផ្តើម​បើក​ស្ថានទូត​ជា​លើក​ដំបូង​ជា​កិច្ចការ​មួយ​ដ៏​លំបាក​ ក៏​ប៉ុន្តែ​អ្នក​ការទូត​វ័យក្មេង​រូប​នេះ​បាន​ប្រើប្រាស់​បទពិសោធន៍​ការទូត​ដែល​លោក​ធ្លាប់​ឆ្លងកាត់​មក​ជា​យូរ​អង្វែង​ជា​ចក្ខុវិស័យ​ក្នុង​ការ​ដឹក​នាំ​ក្រុម​ការងារ​ និង​កិច្ចការ​សន្ទនា​ផ្លូវការ​ជា​ច្រើន​ដើម្បី​ត្រួសត្រាយ​ បេសកកម្ម​នេះ​អោយ​ឈាន​ទៅ​មុខ​ដោយ​រលូន។

            អគ្គរដ្ឋទូត​វ័យ​៥០ឆ្នាំ​នេះ​បាន​បរិយាយ​ពី​ការ​ចាប់ផ្តើម​អាជីព​ក្នុង​វិស័យ​ការទូត​តាំង​ពី​ទសវត្សរ៍ទី៩០​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក​តែងតាំង​ជា​លេខា​ទី៣​នៃ​ស្ថានទូតតួកគី​ប្រចាំ​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ១៩៩៤​ បន្ទាប់​មក​លោក​ក៏​ត្រូវ​ផ្លាស់​ជា​បេសកជន​ប្រចាំ​អង្គការណាតូ​ (NATO)​ សម្រាប់​ការ​ចរចារ​រក​ដំណោះ​ស្រាយ​វិបត្តិ​នៃ​ប្រទេស​បូស្នៀ​ ហើយ​ឆ្នាំ​បន្ត​បន្ទាប់​បាន​ឈាន​ជើង​ក្នុង​កិច្ចការ​ការទូត​តាម​ប្រទេស​នានា​ មាន​ជា​អាទិ៍​ប្រទេស​ រ៉ូម៉ានី​ និង​ចិន​ផង​ដែរ​មុន​ពេល​មក​ប្រទេស​កម្ពុជា។​ ឯកឧត្តម​ Tug​ មាន​ប្រសាសន៍​ថា​ ដើម្បី​បំពេញ​ការងារ​ក្នុង​វិស័យ​ការទូត​ជោគជ័យ​លុះត្រា​តែ​បុគ្គល​នោះ​ស្រឡាញ់​ការងារ​ការទូត​ហើយ​មាន​ភាព​លះបង់​ខ្ពស់​ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​ ព្រោះ​អ្នក​ការទូត​ត្រូវ​ការ​បំពេញ​ភារកិច្ច​គ្រប់​ម៉ោង​ពេល​មិន​ថា​យប់​ ឬថ្ងៃ​ ហើយ​ពេល​ខ្លះ​គឺ​មិន​អាច​មាន​ពេល​វេលា​គ្រប់គ្រាន់​ចំពោះ​ក្រុមគ្រួសារ​ និង​ខ្លួន​ឯង​ឡើយ​ ក៏​ប៉ុន្តែ​សមិទ្ធិផល​នានា​ដែល​ទទួល​បាន​សុទ្ធសឹង​តែ​ជា​កម្លាំង​ថាមពល​សម្រាប់​បេសកជន​ការទូត​ដូច​ជា​រូប​លោក​អោយ​ខិតខំ​បន្ត​ទៅ​មុខ​ទៀត​ដោយ​គ្មាន​ស្រាកស្រាន្ត​ឡើយ។​ ដោយ​សារ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​ប៉ិនប្រសប់​ និង​ការ​ចូលរួម​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​នោះ​ ស្ថានទូត​សាធារណរដ្ឋ​តួកគី​ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​ប្រកប​ដោយ​ជោគជ័យ​ក្នុង​រាជធានីភ្នំពេញ​ ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន​ក្នុង​កិច្ច​ការងារ​ផ្សេងៗ​ នយោបាយការ​បរទេស​ និង​វិស័យ​ដទៃ​ទៀត​ដូច​ស្ថាន​ទូត​បរទេស​នានា​ផង​ដែរ។

            សមិទ្ធិផល​ធំ​ជា​ច្រើន​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​អគ្គរដ្ឋទូត​ Tug​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួមមាន​ ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជាន់ខ្ពស់​រវាង​ប្រតិភូ​នៃ​ប្រទេស​ទាំងពីរ​ ដែល​ឈាន​ដល់​ការ​ចុះហត្ថលេខា​ទ្វេភាគី​សំខាន់ៗ​ជា​ច្រើន​លើ​គ្រប់​វិស័យ​ ដូច​ជា​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ប៉ាស្ព័រ​ការទូត​កម្ពុជា​ ជា​មួយ​នឹង​ការ​សម្រេច​អនុញ្ញាត​អោយ​ប្រជាជន​កម្ពុជា​អាច​ស្នើសុំ​វីសាតួកគី​តាម​បែប​អេឡិច​ត្រូនិច​បាន​ដោយ​មិន​បាច់​សុំ​ផ្ទាល់​នៅ​ស្ថានទូត​ឡើយ។​ លោក​អគ្គរដ្ឋទូត​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ទៅ​លើ​ភាព​រីកចម្រើន​នៃ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដែល​កំពុង​តែ​រីក​លូតលាស់​ឥត​ឈប់ឈរ​ ក្នុង​ឆ្នាំ២០០៥​ ការ​ដោះដូរ​ទំនិញ​មាន​ទំហំ​ទឹកប្រាក់​តែ​២៥លានដុល្លារអាមេរិក​ប៉ុណ្ណោះ​ តែ​ទំហំ​ទឹកប្រាក់​នេះ​បាន​កើន​ដល់​ ១០៨លានដុល្លារ​ក្នុង​ឆ្នាំ២០១៥​ ហើយ​ប្រទេស​ទាំងពីរ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​សម្រេច​អោយ​បាន​ទឹកប្រាក់​រង្វង់​ ៥០០លាន​ ត្រឹម​ឆ្នាំ២០២៥។​ ក្រុមហ៊ុន​ជា​ច្រើន​បាន​ចាប់ផ្តើម​បើក​ការិយាល័យ​ប្រត្តិបត្តិការ​ក្នុង​ទីផ្សារ​កម្ពុជា​ដោយ​សារ​តែ​ភាព​រីកចម្រើន​សេដ្ឋកិច្ច​ និង​ស្ថិរភាព​របស់​ប្រទេស​មួយ​នេះ​ មិន​តែ​ប៉ុណ្ណោះ​អ្នក​វិនិយោគ​មក​ពី​សាធារណរដ្ឋ​តួកគី​ក៏​កំពុង​តែ​សម្លឹង​ឃើញ​ និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​មាន​ដូច​ជា​ឧស្សាហកម្ម​សំណង់​ ឧស្សាហកម្ម​ផលិត​គ្រឿងចាក់​ខ្នាតធំ​ វិស័យ​សុខាភិបាល​ វិស័យ​កសិកម្ម​ និង​វិស័យ​ទេសចរ​បដិសណ្ឋារកិច្ច​ដែល​កំពុង​មាន​សក្តានុពល​ខ្ពស់​ ដែល​សព្វថ្ងៃ​ការ​ដឹកជញ្ជូន​ទំនិញ​ដោយ​ផ្ទាល់​តាម​យន្តហោះ​រវាង​ប្រទេស​ទាំងពីរ​កំពុង​តែ​ប្រតិបត្តិ​ដោយ​រលូន​ រីឯ​ការ​តភ្ជាប់​ជើង​ហោះហើរ​រវាង​ប្រទេស​ទាំងពីរ​ក៏​កំពុង​តែ​ត្រូវ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​ក្រុម​ការងារ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​ ដើម្បី​ជំរុញ​កំណើន​អ្នក​ទេសចរ​ និង​អ្នក​វិនិយោគ​រវាង​តួកគី​កម្ពុជា​អោយ​បាន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។​ ចំណែក​ក្នុង​ការងារ​សង្គមកិច្ច​វិញ​ លោក​អគ្គរដ្ឋទូត​មាន​ជម្រាប​អោយ​ដឹង​ដែរ​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ផ្តល់​ជា​ជំនួយ​អភិវឌ្ឍន៍​ប្រមាណ​១.៣លានដុល្លារអាមេរិក​ដល់​កម្ពុជា​តាម​រយៈ​ការ​សាងសង់​ផ្លូវថ្នល់​ ប្រព័ន្ធ​ទឹកស្អាត​ សាលារៀន​នានា​ជា​ច្រើន​ ហើយ​លោក​ក៏​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ប្រទេស​តួកគី​នឹង​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​ជា​មួយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​តាម​គ្រប់​រូបភាព​ ហើយ​លោក​អគ្គរដ្ឋទូត​ក៏​បន្ថែម​ទៀត​ថា​ ក្រៅ​ពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ រដ្ឋាភិបាល​របស់​ខ្ញុំ​ក៏​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្សនិស្សិត​កម្ពុជា​ប្រមាណ​៤០នាក់​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​យោង​តាម​តម្រូវ​ការ​ជាក់ស្ដែង​របស់​និស្សិត​កម្ពុជា

            ឯកឧត្តម​ Ilhan Kemal Tug​ បាន​សម្តែង​មនោសញ្ចេតនា​ប្រកប​ដោយ​ក្តី​សុទិដ្ឋិនិយម​ថា​ចំណង​មេត្រីភាព​រវាង​សាធារណរដ្ឋ​តួកគី​ និង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​កាន់​តែ​មាន​ភាព​ស្អិត​រមួត​រឹងមាំ​ថែម​ទៀត​ ដោយ​សារ​តែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​វាយ​តំលៃ​ខ្ពស់​ ព្រម​ទាំង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​កិច្ច​សហប្រត្តិបត្តិការ​រវាង​តួកគី​កម្ពុជា​ ដើម្បី​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។​ លោក​ក៏​បាន​សម្លឹង​ឃើញ​ពី​សក្តានុពល​សេដ្ឋកិច្ច​ដ៏​ខ្លាំង​របស់​កម្ពុជា​នា​ថ្ងៃ​អនាគត​ ព្រោះ​កម្ពុជា​ជា​ទឹកដី​មួយ​ពោរ​ពេញ​ដោយ​សម្បត្តិ​ធនធាន​ធម្មជាតិ​ វប្បធម៌​ ប្រពៃណី​យ៉ាង​សម្បូរ​បែប​ក្នុង​តំបន់​ ដែល​អាច​ទាក់ទាញ​អ្នក​ទេសចរ​ក៏​ដូច​ជា​អ្នក​វិនិយោគ​ពី​គ្រប់​ទិសទី​មក​ទស្សនា​កម្សាន្ត​ និង​វិនិយោគ​ក្នុង​វិស័យ​ផ្សេងៗ​ផង​ដែរ​បម្រើ​អោយ​ភាព​រីកចម្រើន​នៃ​វិស័យ​សេដ្ឋកិច្ច​ប្រទេស។​ ចំពោះ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ជា​ចុងក្រោយ​ លោក​ឯកអគ្គរដ្ឋទូត​បាន​ប្រាប់​ទស្សនាវដ្តី​ សូវរីន​ ថា​ “ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​ប្រទេស​ និង​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង​ ហើយ​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ក្នុង​នាម​ជា​បេសកជន​ការទូត​មួយរូប​ដែល​បាន​ត្រួសត្រាយ​រៀបចំ​ស្ថានទូត​តួកគី​ដំបូង​បំផុត​នៅ​កម្ពុជា”៕




SUGGESTIONS