×

កោះ​ចូរ៉ាម​ ដាន​ជើង​លើ​ឆ្នេរ​ខ្សាច់​ អាំងត្រី​ញ៉ាំ​ជុំគ្នា​ ខ្យល់​ទន្លេរងា​ ភូមិ​ករសោភា​ ទឹក​​ដី​​កសិកម្ម!

TRAVEL & LIVING 6 years ago
 
 

          រដូវ​វស្សា​បាន​ចូល​មក​​ដល់​ ព្រះ​ភិរុណ​បង្អុរ​មក​កាន់​តែ​ញឹក​ញាប់​ ហើយ​​ទឹក​ទន្លេ​​ក៏​កាន់​​តែ​​កើន​កម្ពស់​ជាង​រៀង​រាល់​ថ្ងៃ​។ រដូវ​នេះ​ ទាំង​ខ្ញុំ​ទាំង​គេ​ហាក់​ដូច​ជាលំ​បាក​​បន្តិច​​ក្នុង​​ការ​​ធ្វើ​ដំណើរ​​​កម្សាន្ត​ផ្លូវ​ឆ្ងាយ​។ ដូច្នោះ​ ខ្ញុំ​ក៏​ទាញ​ទស្សនាវដ្តី​ SOVRIN​ មក​អាន​ដូច​ជា​សព្វ​ដង​។ ពី​មួយ​ទំព័រ​ទៅ​មួយ​ទំព័រ ​ខ្ញុំ​កាន់​តែ​ស្លុង​អារម្មណ៍​ទៅៗ​ រហូត​ដល់​ទំព័រ​ដែល​​និយាយ​​អំពី​​ដំណើរ​​កម្សាន្ត​។ កោះ​ចូរ៉ាម​???

វិបុល​ ៖ សុជាតា​? សុជាតា​?

សុជាតា​ ៖ មាន​ការ​អី​?                                                                  

វិបុល​ ៖ បង​រក​កន្លែង​ដើរ​លេង​ថ្ងៃ​អាទិត្យ​នេះ​បាន​ហើយ​!

សុជាតា​ ៖ ទៅ​ណា​?

វិបុល​ ៖ កោះ​ចូរ៉ាម​!

          ចម្ងាយ​ប្រហែល​៣៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ កោះ​ចូរ៉ាម​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​​ភូមិ​កណ្តាល​ ឃុំ​កោះ​ចូរ៉ាម​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ ដោយ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​​ជាតិ​​លេខ​៦A​  ឆ្លង​កាត់​ស្ពាន​ព្រែកតាមាក​ ជុំ​រង្វង់​មូល​នាគព័ទ្ធ​ ក្នុង​ទិស​​ដៅ​ទៅ​កាន់​​ស្រុក​​ខ្សាច់​​​កណ្តាល​ យើង​នឹង​បាន​ទៅ​ដល់​កោះ​ចូរ៉ាម​ជាក់​ជា​​មិន​ខាន​។ កោះ​ចូរ៉ាម​​គឺ​ជា​ដី​កោះ​ដែល​​ដុះ​ចេញ​ពី​ច្រាំង​​ទន្លេ​ ហើយ​មាន​ឆ្នេរ​ខ្សាច់​​ស្រស់​ស្អាត​សន្ធឹង​​តាម​ដង​ទន្លេ​មេគង្គ​យ៉ាង​ទាក់ទាញ​​ដួងនេត្រា​។ ដោយសារ​រូបរាង​កោះ​ និង​ឆ្នេរខ្សាច់​ប្រែប្រួល​ទៅតាម​ជំនន់​ទឹក​ទន្លេ​ ដូច្នោះ​ ទេសភាព​នៃ​កោះចូរ៉ាម​ត្រូវ​បាន​បែងចែក​ជា​២រដូវកាល​ គឺ​រដូវប្រាំង​ (ទំហំ​ឆ្នេរ​ធំ​ ហើយ​ជម្រៅ​​ទឹក​​រាក់​​​ងាយស្រួល​សម្រាប់​ក្មេងៗ​ហែលលេង​) និង​រដូវ​វស្សា​ (ទំហំ​ឆ្នេរ​ត្រូវ​បាន​កាត់​បន្ថយ​​បន្តិច​ ​ប៉ុន្តែ​ងាយស្រួល​សម្រាប់​ជិះទូក​លេង​កម្សាន្ត ​និង​ការ​នេសាទត្រី​)។ កោះចូរ៉ាម​មាន​សូរ​ប្លែក​ជាង​ធម្មតា​ ឬ​អាច​និយាយ​បាន​ថា​ ស្រដៀង​នឹង​សូរ​​របស់​​ភាសា​​របស់​​សាសនិក​​ឥស្លាម​ ប៉ុន្តែ​បើ​តាម​រឿង​ដំណាល​របស់​អ្នក​ភូមិ​ស្រុក​ទីនោះ​ “ចូរ៉ាម​” មិនមែន​មក​ពី​ភាសាឥស្លាម​ឡើយ​។

មាន​រឿងនិទាន​ដំណាល២​​ដាច់​​ដោយ​ឡែក​​ពីគ្នា​អំពី​​ការ​​ដាក់​​ឈ្មោះ​កោះ​នេះ​ ត្រូវ​បាន​តំណាល​មក​។ រឿងនិទាន​ទី១​ ទាក់ទង​នឹង​ភូមិសាស្រ្ត​​របស់​​កោះ​​ផ្ទាល់​​តែម្តង​ “កោះចូរ៉ាម​ គឺ​ជា​កោះ​ដែល​មាន​ព្រៃលិចទឹក​ដុះ​ស្អេកស្អះ​ បីដូចជា​សំរាម​​ដែល​​បាន​​ហូរ​​តាម​ទឹក​មក​ប្រមូលផ្តុំ​នៅ​ទីនេះ​អ៊ីចឹង​! ដូច្នោះ​ហើយ​ ទើប​អ្នក​ភូមិ​បាន​ហៅ​កោះ​នេះ​ថា​ កោះសំរាម​ ប៉ុន្តែ​ដោយសារ​ការ​វិវឌ្ឍន៍​នៃ​សូរ ​ព្រម​ទាំង​អត្ថន័យ​នៃ​ពាក្យ​មិន​សូវ​សមរម្យ​ផង​ ទើប​សូរ​សំរាម​ បាន​បម្លែង​មកជា​ ចូរ៉ាម​ ដូច​សព្វថ្ងៃ​នេះ​”​។ រឿង​និទាន​ទី២​​ ទាក់ទង​​ជីវចម្រុះ​រ​បស់​​កោះ​​ចូរ៉ាម​ “កាល​ពី​យូរ​លង់​ណាស់​មក​ហើយ​ នៅ​លើ​កោះ​នោះ​ មាន​បុរស​ម្នាក់​នេសាទ​​បាន​​សត្វល្មិច​មួយ​ក្បាល​ (សត្វ​ទឹក​មាន​សណ្ឋាន​ដូច​អណ្តើក​ ឬ​កន្ធាយ​ តែ​មាន​កន្ទុយ​ដូច​សត្វបបែល​​។ ដោយ​ឃើញ​សត្វ​នោះ​ចម្លែក​ជាង​ធម្មតា​ អ្នក​នេសាទ​នោះ​ បាន​​យក​​សត្វ​នេះ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។ ដោយ​ទ្រង់​ព្រះ​តម្រិះ​ឈ្វេងយល់​ជ្រាលជ្រៅ​ទៅ​ ព្រះអង្គ​បាន​ចាត់​ទុក​ថា​ សត្វ​នេះ​គឺជា​ពូជ​សត្វ​ទឹក​ដ៏​កម្រ​មួយ​ប្រភេទ​ ដូច្នោះ​ ព្រះ​អង្គ​​មិន​​អនុញ្ញាត​​ឲ្យ​ប្រជានុរាស្ត្រ​នេសាទ​សត្វ​នេះ​តទៅ​ទៀតទេ​។ បម្រាម​របស់​ព្រះមហាក្សត្រ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​ផ្ទៃ​កោះ​ទាំងមូល​ ហើយ​ក្រោយ​មក​ សូរ​បម្រាម​ ត្រូវ​បាន​បម្លែង​ក្លាយ​ជា​ ចូរ៉ាម​ ដូច​សព្វថ្ងៃ​នេះ​ទៅ​”។

សុជាតា​ ៖ បង​ពូកែ​ដល់​ហើយ​ អនាគត​មគ្គទេសក៍​ដ៏​ឆ្នើម​!

វិបុល​ ៖ បង​ពូកែ​អ៊ីចឹង​!

សុជាតា​ ៖ ជោរ​ភ្លាម​ហ្មង​!

          តោះ​! ចុះ​ទៅ​លេង​ឆ្នេរ​ខ្សាច់​លើ​កោះ​ផ្ទាល់​តែ​ម្តង​ទៅ​។ កោះចូរ៉ាម​មាន​អ្នក​នេសាទ​ជា​ច្រើន​។ ពួក​គាត់​ប្រកប​របរ​នេះ​ជា​រៀងរាល់​ថ្ងៃ​ និង​រៀងរាល់​យប់​។ លើ​ឆ្នេរខ្សាច់​មាន​ខ្ទម​សំណាក់​តូចៗ​រាង​ជា​ត្រីកោណ​របស់​អ្នក​ស្រុក​សម្រាប់​ដេក​រង់ចាំ​ប្រមូល​ផល​​នេសាទ​របស់​ពួកគាត់​។ ខ្យង​ លៀស​ ត្រី​គ្រប់​ប្រភេទ​ សុទ្ធ​តែ​ពួកគាត់​​ប្រមូល​បាន​ជា​​រៀង​រាល់​​ថ្ងៃ​។ អ្នក​ខ្លះ​ប្រើ​អួន​ អ្នក​ខ្លះ​ប្រើ​កញ្ច្រែង​ អ្នក​ខ្លះ​ចង​សន្ទូច​ និង​អ្នក​ខ្លះ​បង់​សំណាញ់​ជាដើម​។

សុជាតា​ ៖ ដូច្នោះ​យើង​អាច​ក្រាល​កន្ទេល​ដេក​អាំង​ថ្ងៃ​​មើល​​សកម្មភាព​​អ្នក​នេសាទ​​បាន​​យ៉ាង​​រីក​រាយ​!

វិបុល​ ៖ ចុះ​អត់​ហែលទឹក​ទន្លេ​លេង​ទេ​?

សុជាតា​ ៖ ហេតុអ្វី​ក៏អត់​?

          បន្ទាប់ពី​យើង​កម្សាន្ត​នៅ​លើ​ឆ្នេរខ្សាច់​ទន្លេ ​ដេក​ស្រូប​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​រួច​មក​ ដល់​វេលា​ទស្សនា​ទីកន្លែង​ផ្សេងៗ​ និង​រក​អី​ញ៉ាំ​បន្ថែម​កម្លាំង​ដើរ​លេង​បន្ត​ទៀត​ហើយ​។ នៅ​ក្បែរ​កោះ​មាន​ព្រះ​វិហារ​បុរាណ​មួយ​។ ព្រះវិហារ​បុរាណ​នោះ​មាន​ឈ្មោះ​ថា​ “វត្តចូរ៉ាម​” តែម្តង​។ យើង​នឹង​បាន​ឃើញ​កុដិ​ចាស់​សង់​ពី​ឈើ​ប្រហែល​ជា១០​ខ្នងតូច​ សាលា​ឆាន់​បុរាណ​ ព្រម​ទាំង​ចេតិយ​ និង​ដើម​ពោធិព្រឹក្ស​ដ៏​ស្កឹមស្កៃ​មួយដើម​។ ជា​ពិសេស​នៅ​ខាង​មុខ​ព្រះវិហារ​​ មាន​ព្រែក​មួយ​ដ៏​ស្រស់ស្អាត​ថែម​ទៀត​ផង​។ កុំ​ភ្លេច​ចូល​ថ្វាយ​បង្គំ​ព្រះ​ បើ​អ្នក​គឺ​ជា​ពុទ្ធសាសនិក​។ នៅ​ពី​មុខ​វត្ត​បុរាណ​មាន​ផ្សារ​តូច​ល្មម​ ឬ​តាម​គ្រាម​ភាសា​ហៅថា​ ផ្សារ​ក្រមួន​ (ផ្សារ​លក់​តែ​ពេល​ព្រឹក​ ឬ​ពេល​ល្ងាច​ ប្រហែល២​ ទៅ៣​ម៉ោង​ប៉ុណ្ណោះ​)។​ ផ្សារ​ក្រមួន​នោះ​មាន​តូប​ជាប់ៗ​គ្នារ​បៀប​ជា​ផ្ទះ​ដែល​មាន​លក់​ទំនិញ​គ្រប់​ប្រភេទ​ ជាពិសេស​​អាហារ​​សម្រន់​ដ៏​ពេញ​និយម​ដូចជា​ ចេកអាំង​ ចេកចៀន​ នំបញ្ចុក​ មីឆា​ ទឹកអំពៅ​ និង​ភេសជ្ជៈ​​ផ្សេងៗ​ជាដើម​។ ក្រៅពី​នោះ​ ក៏​មាន​លក់​បាយ​ម្ហូប​ដែល​មាន​រសជាតិ​គួរ​ឲ្យ​ជាប់ចិត្ត​។ ឧទាហរណ៍​នៅ​តូប​មួយ​ អ្នក​លក់​បាន​ឆា​សាច់គោ​ដែល​ចិញ្ចឹម​នៅ​លើ​កោះ​ ស្រោច​ពី​លើ​ដំឡូង​ចៀន​ ជ្រលក់​ជាមួយ​អំបិល​ម្រេច​ ក្រូចឆ្មារ​ សាច់​មាន់​ធម្មជាតិ​ឆា​ជាមួយ​ខ្ញី​ និង​ត្រី​ទន្លេ​ស្ងោរ​ជាមួយ​ស្លឹកគ្រៃ​ច្របាច់​ជាមួយ​ក្រូចឆ្មារ​ ថ្វី​ត្បិត​តែ​សាមញ្ញ​ តែ​ឆ្ងាញ់​មិន​ចាញ់​មុខម្ហូប​ក្នុង​ភោជនីយដ្ឋាន​នៅ​ទីក្រុង​ឡើយ​។ ជាពិសេស​តម្លៃ​​កាន់​តែ​​ធ្វើ​ឲ្យ​​យើង​​អាច​​សំន្សំ​សំចៃ​បាន​យ៉ាង​ច្រើន​អនេក​។

សុជាតា​ ៖ បង​ឯង​និយាយ​ច្រើន​អ៊ីចឹង​ ញ៉ាំ​ឆ្អែត​នៅ​?

វិបុល​ ៖ ឆ្អែត​ហើយ​!

         នៅ​ទល់​មុខ​ផ្សារ​គឺ​សាលា​បឋម​សិក្សា​ នៅ​ទល់​មុខ​ព្រះវិហារ​ គឺ​អនុវិទ្យាល័យ​ ចំណែក​ផ្ទះ​ប្រជាជន​ហ៊ុមព័ទ្ធ​ជិត​ទីតាំង​ទាំង៤​នេះ​។ ស្រុក​នេះ​ក៏​ស៊ីវិល័យ​មិន​ធម្មតា​ដែរ ​មាន​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ដែល​អាច​ធ្វើ​ដំណើរ​រហូត​ដល់​ស្រុកបាធាយ​ ខេត្តកំពង់ចាម​។ ផ្ទះ​ប្រជាជន​ស្ថិត​នៅ​រាយ​ជាប់​គ្នា​មិនដាច់​ លម្អ​ដោយ​បុប្ផា​ជន​បទ​ចម្រុះពណ៌​។ ផ្ទះ​ខ្លះ​ត្រូវ​បាន​សាងសង់​ថ្មី​លើ​រចនា​បទ​ចាស់​ ប៉ុន្តែ​ផ្ទះ​ខ្លះ​នៅ​តែ​រក្សា​ទ្រង់ទ្រាយ​​បានល្អ​​នៅ​​ដដែល​។ លក្ខខ័ណ្ឌ​ជារួម​របស់​ផ្ទះ​ប្រជាជន​រស់នៅ​កោះ​ចូរ៉ាម​គឺ​ ម៉ូដ​ផ្ទះ២​ខ្នង​ ឬ​៣ខ្នង​ សង់​ពី​ឈើ​ និង​ផុតពីដី​យ៉ាង​ខ្ពស់​ស្រឡះ​។ នេះ​គឺ​ជា​ប្រភេទ​ផ្ទះ​របស់​ប្រជាជន​ដែល​រស់​​នៅ​​ក្បែរ​​ទឹក​​ទន្លេ​ បើ​ទោះបី​ជា​កោះ​ចូរ៉ាម​មិនមែន​ជា​ភូមិសាស្ត្រ​ដែល​ត្រូវ​ជន់​លិច​ដោយ​ទឹក​ទន្លេ​​ក៏​​ដោយ​​តែវា​គឺជា​រសនិយម​របស់​អ្នក​ស្រុក​ទន្លេ​។​ ដើម្បី​បន្ថែម​សម្រស់​ដល់​គេហដ្ឋាន​​ អ្នកភូមិ​​បាន​​ដាំផ្លែ​​ឈើ​ហូបផ្លែ​គ្រប់​ប្រភេទ​ ដែល​ហុចផល​ធ្លាក់ផ្លែ​​រណែង​រណង​​កំដរ​​តាមដង​ផ្លូវបី​ដូច​ទុក​​ជូន​​អ្នក​ដើ​រ​​កម្សាន្ត​ពិសា​សម្រាល​ការ​ឃ្លាន​អ៊ីចឹង​ឯង​។ តំបន់​កោះចូរ៉ាម​សម្បូរ​ទៅដោយ​ដំណាំ​ស្វាយ​ ចេក​ ដូង​ និង​ផ្លែឈើ​ហូប​ផ្លែ​ជាច្រើន​មុខទៀត​។ បន្ថែម​ពី​នេះ​ទៀត​ អ្នក​ភូមិ​ក៏​បាន​ដាំពោត​ (ស​ ក្រហម​) សណ្តែក​សៀង​ សណ្តែក​បាយ​ និងល្ង​ (ស​ ខ្មៅ​) ក្នុង​ទ្រង់ទ្រាយ​ធំ​ផងដែរ​ ដែល​ប្រភេទ​ដំណាំ​រៀបរាប់​ខាងក្រោយ​នេះ​ គឺជា​ប្រភេទ​​ក្រុម​​ដំណាំ​​​កសិ​ឧស្សាហកម្ម​បម្រើ​ឲ្យ​ប្រយោជន៍​សេដ្ឋកិច្ច​គ្រួសារ​ ជា​ចម្បង​ ដែល​​ពឹង​​ផ្អែក​​លើ​​ការ​​ចិញ្ចឹម​សត្វ​​ ​(គោ​ និងសេះ​) និង​ការ​នេសាទ​ជាដើម​។

សុជាតា​ ៖ អស់​កន្លែង​ដើរ​លេង​ហើយ​មែន​ទេ​?

វិបុល​ ៖ នៅ​សល់​ប្រភេទ​កម្សាន្ត​បែប​វប្បធម៌​មួយទៀត​!

សុជាតា​ ៖ តើ​គឺ​ជា​អ្វី​?

វិបុល​ ៖ អូន​ស្គាល់​កន្ទេល​កក់​ទេ​?

          កោះ​ចូរ៉ាម​ក៏​ធ្លាប់​ជា​តំបន់​ផលិត​កន្ទេល​កក់​ដ៏​ធំ​មួយ​ប្រចាំ​ស្រុក​ខ្សាច់​កណ្តាល​ផង​ដែរ​។ ប៉ុន្តែ​សព្វ​ថ្ងៃ​សិប្បកម្ម​​លក្ខណៈ​គ្រួសារ​មួយ​នេះ​នៅ​សល់​តិចតួច​ប៉ុណ្ណោះ​។ ភាគ​ច្រើន​នៅ​សល់​ តែ​អ្នក​ភូមិ​​ផង​របង​ដែល​រស់​នៅ​ជាប់​នឹង​ភូមិ​កណ្តាល​ ដែល​ជា​ទីតាំង​របស់​កោះ​ចូរ៉ាម​ស្ថិតនៅ​ ប៉ុណ្ណោះ​ ​ដូច្នោះ​អ្នក​មិន​ចាំបាច់​បារម្ភ​ថា​នឹង​មិន​បាន​ទស្សនា​ និង​ស្វែង​យល់​អំពី​ប្រពៃណី​​តម្បាញ​​នេះ​​ឡើយ​។ ផ្ទះ​អ្នក​ត្បាញ​កន្ទេល​មិន​ពិបាក​រក​នោះទេ​។ នៅ​មុខ​ផ្ទះ​របស់​ពួក​គាត់​​ហាល​​ដេរ​​ដាស​ទៅ​ដោយ​កក់​ជ្រលក់​ពណ៌​ចម្រុះ​គ្នា​ ដែល​បាន​បង្ហាញ​សម្រស់​​ទាក់​​នេត្រា​​មួយ​​រំពេច​។ ឈប់​ឡាន​ ឬ​ម៉ូតូ​ លើក​ដៃ​ជម្រាប​សួរ​ ហើយ​ប្រាប់​ពួកគាត់​ថា​ “តើ​ខ្ញុំ​អាច​សុំ​មើល​កក់​​ និង​ឧបករណ៍​ប្រើ​សម្រាប់​ផលិត​កន្ទេល​ ដើម្បី​ទុក​ជា​ចំណេះ​ដឹង​ផង​បាន​ទេ​អ៊ំពូ​មាមីង​?” រំពេច​នោះ​ យើង​នឹង​បាន​ឃើញ​នូវ​ស្នាម​ញញឺម​​ដ៏​ពព្រាយ​លើ​ផ្ទៃ​មុខ​ពួកគាត់​​រីក​ឡើង​​បី​​ដូច​​បុប្ផា​ជា​​មិ​នខាន​។

          អង្គុយ​មើល​នារី​ស្អាតៗ​ត្បាញ​កន្ទេល​ ស្តាប់​ប្រវត្តិ​ និង​របៀប​នៃ​ការ​ផលិត​កន្ទេល​ រៀន​ជ្រលក់​ពណ៌​កក់​ និង​វេញ​ក្រចៅ​ជាដើម​។ ស្តាប់​បណ្តើរ​ញ៉ាំ​ផែន​ស្វាយ​បណ្តើរ​ ហើយ​ក៏​ក្រេប​​ទឹក​តែ​ក្តៅៗ​ ក្រោម​ផ្ទះ​អ្នក​ស្រុកទន្លេ​ ដើរ​ដឹក​ដៃ​គ្នា​លើ​ឆ្នេរ​ខ្សាច់​ ស្រូប​ខ្សល់​ទន្លេ​ ញ៉ាំ​ត្រីអាំង​ស្រស់ៗ​ គ្រាន់​តែ​គិត​ក៏​ស្រមៃ​ឃើញ​រូបភាព​សប្បាយ​រីករាយ​បាត់​ទៅ​ហើយ​ ចុះ​ហេតុអ្វី​ខកខាន​គម្រោង​ទៅ​កម្សាន្ត​នៅ​កោះ​ចូរ៉ាម​កើត​? តើ​មួយ​ជីវិត​មាន​ឱកាស​បាន​ដើរ​កម្សាន្ត​របៀប​នេះ​ប៉ុន្មាន​ដង​? សូម​រួម​គ្នា​ថែ​រក្សា​បរិស្ថាន​ និង​បើក​បរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​​ដំណើរ​​កម្សាន្ត​​ដ៏​​រីករាយ​​របស់​យើង​!!!

Article by SVAY LEEMENG


SUGGESTIONS