×

គន្លឹះ​នៃ​ការ​ថែ​រក្សា​សម្រស់​ដោយ​ប្រើប្រាស់​រូបមន្ត​ផ្សំ​ពី​គ្រឿងទេស​ដែល​មាន​ស្រាប់​នៅ​ក្នុង​ផ្ទះបាយ​

FASHION & BEAUTY 3 months ago
 
 

          ការ​ថែរក្សា​សម្ផស្ស​គឺ​ជា​រឿង​សំខាន់​ដែល​នារី​គ្រប់​រូប​តែង​ចង់​ស្វែង​យល់មិន​ថា​ស្រ្តី​នៅ​ក្នុង​វ័យ​ណា​ក៏​ដោយ​។ ខណៈ​ដែល​ការ​ប្រើប្រាស់​ផលិតផល​គីមីមួយ​ចំនួន​​ដើម្បី​ថែ​រក្សា​សម្ផស្ស​​ អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ និង​សម្រស់​ធម្មជាតិ​ មិត្ត​នារី​មួយ​ចំនួន​បាន​ងាក​មក​ប្រើប្រាស់​ការ​ថែ​រក្សា​សម្រស់​បែប​បុរាណ​ និង​ការ​ប្រើប្រាស់​ផលិត​ផល​ធម្មជាតិ​ដើម្បី​រក្សា​សម្រស់​វិញ​ម្ដង។ ​អាថ៌​កំបាំង​ក្នុង​ការ​ថែ​រក្សា​សម្រស់​បែប​បុរាណ​​​​មិន​សូវ​ជា​ពេញ​និយមឡើយ​ក្នុង​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​ជាក់ស្តែង​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​ខុសភាព​ស្បែក​និង​សម្ផស្ស​។ ​​ មិន​តែ​ប៉ុណ្ណោះ​ ការ​ប្រើប្រាស់​​ឱសថ​បុរាណ​ដើម្បី​ថែ​រក្សា​សម្រស់​ និង​ ការ​ប្រើប្រាស់​រូបមន្ត​ធម្មជាតិ​ថែម​ទាំង​ជួយ​ឲ្យ​​ចំណាយ​ថវិកា​តិច​ និង​ងាយ​ស្វែង​រក​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃទៀត​ផង​។

           វិធី​ខាត់​ស្បែក​តាម​បែប​ធម្មជាតិ តាំង​ពី​បុរាណ​មក​ ស្រ្តី​ខ្មែរ​តែង​ប្រើប្រាស់​រូបមន្ត​ខាត់​ស្បែក​តាម​បែប​ផ្សេងៗ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស​ស្រស់​ស្អាត​ កំចាត់​ស្នាម​អុជ​ខ្មៅ​ និង​បំបាត់​ស្នាម​សង្វារ​ផ្សេងៗ​។ មិន​តែ​ប៉ុណ្ណោះ​ ក៏​អាច​ជួយ​ឲ្យ​ស្បែក​​រលោង​ជាង​មុន​ និង​មាន​សំណើម​ថែម​ទៀត​ផង។ វិធី​ធ្វើ៖ ​យក​ម្សៅ​រមៀត​ ម្សៅ​ពន្លៃ​ មក​លាយ​ចូល​គ្នា (អ្នក​អាច​ស្វែង​រក​គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​នៅ​តាម​ផ្សារ​នានា​បាន​)។ បន្ទាប់​មក​ចាក់​ទឹក​ដោះ​គោ​ឆៅ​ ទឹក​ឃ្មុំ​ អំពិល​ទុំ​ និង​អំបិល​បន្តិច ហើយ​លាយ​ចូល​គ្នា​ជា​ល្បាយ។ អ្នក​ត្រូវ​យក​វា​មក​លាប​នៅ​លើ​ស្បែក​​ដង​ខ្លួន​និង​ដៃ​ជើង​ ​ហើយ​ដុស​ខាត់​នៅ​លើ​ស្បែក​ពី​១០​ទៅ​១៥​នាទី​ បន្ទាប់​មក​លាង​ចេញ​ដោយ​ទឹក​ស្អាតជា​ការ​ស្រេច។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ អ្នក​គួរ​អនុវត្ត​វិធី​នេះក្នុង​​មួយ​សប្តាហ៍​ម្ដង​ ។

          ម៉ាស​រមៀត​៖ ការ​ប្រើប្រាស់​រមៀត​ឬ​ម្សៅ​រមៀត​ដើម្បី​កំចាត់​ស្នាម​ជ្រីវជ្រួញ​ត្រូវ​បាន​គេ​ប្រើប្រាស់​យូរ​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ព្រោះ​​​គេ​ជឿ​ថា​វា​អាច​កំចាត់​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ផ្ទៃ​មុខ​បាន​យ៉ាង​ល្អ។ វិធីធ្វើ៖ យក​រមៀត​មក​កិន​ជា​ម្សៅ​ឬ​ប្រើ​ម្សៅ​រមៀត​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ស្រាប់​​ក៏​បាន​ មក​លាយចូល​​ជាមួយ​នឹងទឹក​ដោះ​គោ​ស្រស់​ និង​ទឹក​ឃ្មុំ​ ដែល​ក្នុង​គ្រឿង​ផ្សំ​នីមួយៗ​មាន​បរិមាណ​១​ស្លាបព្រាកាហ្វេ​ស្មើៗ​គ្នា។ បើ​សិន​ជា​អ្នក​ចង់​ឲ្យ​ម៉ាស​រមៀត​មាន​សភាព​ខាប់​បន្តិច​ អ្នក​អាច​ប្រើ​ទឹក​ដោះ​គោ​ជូរ​ជំនួស​ទឹកដោះ​គោ​ស្រស់​ឬ​បន្ថែម​ទឹក​ឃ្មុំ​ពីរបី​ដំណក់​ទៀត​ក៏​បាន​។ បន្ទាប់​មក​យក​ល្បាយ​ដែល​លាយ​រួច​មក​លាប​ឲ្យ​សព្វ​លើ​ផ្ទៃ​មុខ​ ហើយ​រង់​ចាំ​ពី​១០​ទៅ​១៥​នាទី​ចាំ​លាង​ជម្រះ​ចេញ​ដោយ​​ទឹក​ស្អាត។

          ពន្លៃជំនួយស្បែក​៖ មើម​ពន្លៃ​ មាន​សារជាតិ​ពណ៌​លឿង​ និង​មាន​រូប​រាង​ស្រដៀង​​និង​រមៀត​ដែរ​។ តើ​អ្នក​កំពុង​មាន​កង្វល់​ស្បែក​ស្រអាប់​មិន​ភ្លឺថ្លា​មែន​ទេ? ដូច្នេះ​អ្នក​មិន​ចាំបាច់​បារម្ភ​​ទៀត​ទេ​ ព្រោះ​ថា​ពន្លៃ​ដែល​គេ​និយម​ដាំ​នៅ​ជុំ​វិញ​ផ្ទះ​ អាច​យក​មក​ប្រើប្រាស់​ជា​​រូបមន្ត​ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា​បាន​យ៉ាង​ប្រសើរ​និង​ឆាប់​រហ័ស។ វិធី​ធ្វើ៖ យក​មើម​ពន្លៃ​ដែល​នៅ​ស្រស់​ចិតសម្បកឱ្យស្អាតមក​បុក​​ឲ្យ​ម៉ត់ រួច​​យកល្បាយដែលបុកហើយនោះ​មក​លាប​នៅ​លើ​ស្បែក​។ អ្នក​អាច​លាប​វា​ចាប់​ពី​១៥​ទៅ​២០​នាទី​រួច​លាង​ទឹក​ចេញ​ធម្មតា​។ ​អ្នកអាចអនុវត្តវិធីនេះក្នុងមួយសប្ដាហ៍ម្ដង វា​នឹង​ជម្រុះ​កោសិកា​ស្បែក​ចាស់ចេញ​ ហើយធ្វើឱ្យស្បែកស្រស់ថ្លា។

           ក្រូច​សើចបំប៉នសក់​៖ ក្រូច​សើច​​មួយ​ផ្លែ​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់​ដល់​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​ រួម​មាន​ការ​ប្រើប្រាស់ដើម្បី​រក្សា​សម្ផស្ស​ផង​ដែរ។ ក្រូច​សើច​ត្រូវ​បាន​គេ​​ប្រើប្រាស់​ជា​យូរ​លង់​ណាស់​មក​ហើយ​ ដើម្បី​ការពារ​​សក់​ជ្រុះ​ និង​ប្រើ​ជំនួស​សាប៊ូ​កក់​សក់​។ ដោយ​ការ​កក់​សាប៊ូ​តែ​មួយ​មុខវា​មិន​អាច​ជួយ​សម្អាត​ស្បែក​ក្បាលបាន​១០០​ភាគរយ​នោះ​ទេ​។ ប៉ុន្តែ​ផ្លែ​ក្រូច​សើច​អាច​ជួយ​សម្អាត​មេរោគ​នៅ​លើ​ស្បែក​ក្បាល​និង​សរសៃសក់របស់​អ្នក​បាន​។ វិធី​ធ្វើ​៖ យក​ក្រូច​សើច​ មក​ច្របាច់​យក​ទឹក​ ហើយ​យក​ទឹក​ដែល​ច្របាច់​រួច​មក​កក់​សក់​។ អ្នក​គប្បី​ដាក់​ទឹក​លើ​សក់​ឲ្យ​សើម​ជាមុន​សិន​មុន​នឹង​ដាក់​ទឹក​ក្រូច​សើច​ពី​លើ​ រួច​ញី​ថ្មមៗចំនួន​២​នាទី​ រួច​លាង​ទឹក​ចេញ​ធម្មតា។

          ទឹក​ស្លឹកគ្រៃ៖ មុខ​ម្ហូប​របស់​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​​ ​ចម្អិន​ជា​មួយ​ស្លឹក​គ្រៃ​។​ អ្នក​ដឹង​ទេ​ថា​ក្រៅ​ពីការ​ចម្អិន​ម្ហូប​​អ្នក​ក៏​អាច​យក​ស្លឹក​គ្រៃ​ដើម្បី​​ជា​ភេសជ្ជៈ​រក្សា​សម្រស់​បាន​ទៀត​ផង។ វិធីធ្វើ៖ យក​ស្លឹក​គ្រៃ​ដែល​ហាន់​រួច (៣គល់)​ ខ្ញី​ (មួយដុំ​តូចល្មម)​​ និង​ស្លឹក​ជី​អង្កាម១០សន្លឹក ​មក​ស្ងោរ​ជាមួយ​​គ្នា​រយៈ​ពេល​១០​នាទី​។ បន្ទាប់​ពី​ទុក​វា​ឲ្យ​ត្រជាក់​ អ្នក​អាច​បន្ថែម​ទឹក​ក្រូច​ឆ្មារ​ចូល​​បន្តិច​មុន​នឹង​ទទួល​ទាន​។

          ប្រិយមិត្តអាចសាកល្បងអនុវត្តតាមគន្លឹះខាងលើងាយៗ ហើយចំណាយថវិកា​អស់​តិច​ប៉ុន្តែ​ទទួល​បាន​គុណភាព​ខ្ពស់​ជា​មួយ​គ្រឿង​ផ្សំ​ដែល​តែងតែ​មាន​នៅ​ផ្ទះបាយ​ជានិច្ច​នោះ៕

Article by VA SONYKA



SUGGESTIONS