×
Image Courtesy: SOVRIN

ដំណើរ​វិវឌ្ឍន៏​នៃ​វិស័យ​ទម្រង់​សិល្បៈ​ល្ខោនខោល​នៅ​កម្ពុជា​មក​ដល់​សព្វ​ថ្ងៃ

 
 

            ល្ខោន​គឺ​ជា​មហោស្រព​មួយ​ប្រភេទ​លេង​រាំរឿង​ផ្សេងៗ។​ បើ​​តាម​​ឯកសារ​​វប្បធម៌​​នានា​​ល្ខោន​​មាន​​កំណើត​​យូរយារ​​ណាស់​​មក​​ហើយ​​នៅ​លើ​​ទឹកដី​​កម្ពុជា។​​ ជា​ការ​ពិត​ណាស់​ ដូនតា​ខ្មែរ​យើង​បាន​បន្សល់​ទុក​នូវ​មត៌ក​សិល្បៈ​ល្ខោន​ជា​ច្រើន​ប្រភេទ​ ប៉ុន្តែ​ដោយ​ឡែក​ក្នុង​លេខ​នេះ​ ទស្សនាវដ្តី​ សូវរីន​ សូម​បង្ហាញ​អំពី​ទម្រង់​សិល្បៈ​ល្ខោន​មួយ​ប្រភេទ​របស់​ខ្មែរ​តាំង​ពី​បរមបុរាណ​នោះ​គឺ​ ល្ខោនខោល។​ ក្នុង​រយៈ​ពេលថ្មីៗ​នេះ​ ល្ខោនខោល​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​វាយ​លុក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​គួរ​ឲ្យ​កត់​សម្គាល់។​ ដើម្បី​ចៀសវាង​ការ​ភ័ន្តច្រឡំ​ផ្សេងៗ​អំពី​ល្ខោនខោល​ខ្មែរ​ សូវរីន​ ព្យាយាម​ស្រាវជ្រាវ​សំណៅ​ឯកសារ​ពាក់ព័ន្ធ​ដែល​នៅ​​សេសសល់​​យក​​មក​ចុះ​ផ្សាយ​​ ព្រម​​ទាំង​​ធ្វើ​ការ​សម្ភាស​ជា​មួយ​ព្រឹទ្ធសិល្បករ​ល្ខោនខោល​ និង​យុវវ័យ​មួយ​ចំនួន​ ដែល​ជា​ទំពាំង​ស្នងឫស្សី​ ថា​តើ​ពួក​គាត់​មាន​មតិយោបល់​យ៉ាង​ណា​ខ្លះ​ទាក់ទង​នឹង​សកម្មភាព​នៃ​ការ​អភិរក្សកេរដំណែល​សិល្បៈ​ដ៏​ចំណាស់​មួយ​នេះ​កុំ​ឲ្យ​បាត់បង់​ជាយថាហេតុ។

            បើ​យោង​តាម​ទស្សនាវដ្តី​ កម្ពុជសុរិយា​ ឆ្នាំ​ទី២៨ លេខ៦​ ខែមិថុនា​ ឆ្នាំ១៩៥៦​ ល្ខោនខោល​ប្រហែល​ជា​កើត​មាន​ដំណាល​គ្នា​នឹង​ល្ខោន​ធម្មតា​ដែរ​ ពោល​​គឺ​​កើត​មាន​តាំង​ពីរជ្ជកាល​ព្រះកេតុមាលា​ (ព្រះបាទជ័យវរ្ម័នទី២)​ រវាង​គ.ស ៨០២​ ដល់​ ៨៦៩។​ កាល​ពី​សម័យ​មុន ល្ខោន​នេះ​ធ្លាប់​ត្រូវ​បាន​គេ​ចាត់ទុក​ជា​មហោស្រព​​ព្រះរាជទ្រព្យ​សម្រាប់​លេង​ក្នុង​ពិធី​ផ្សេងៗ​ដូច​ជា​ព្រះរាជពិធី​តាំងតុចម្រើនព្រះជន្ម​ជា​ដើម។​ បើ​តាម​​បញ្ជី​ក្នុង​ព្រះបរមរាជវាំង​សម័យ​នោះ​ ល្ខោនខោល​ជា​ល្ខោន​ដែល​មាន​តួរ​បាំសុទ្ធ​តែ​​ប្រុស​សុទ្ធ​ ហើយ​មាន​ចំនួន​យ៉ាង​ច្រើន​បំផុត​៦៥នាក់។​ ល្ខោន​នេះ​ប្រើ​សម្រាប់​លេង​តែ​ឈុត​ឆាក​ក្នុង​រឿង​រាមកេរ្តិ៍​មួយ​តែ​ប៉ុណ្ណោះ។​ អ្នក​សម្ដែង​ល្ខោនខោល​នីមួយៗ​​ត្រូវ​​ពាក់​មុខ​ទៅ​តាម​តួអង្គ​លើក​លែង​តែ​តួនាង។​ ប៉ុន្តែ​បើ​តាម​ប្រសាសន៍​អះអាង​របស់​អតីត​ព្រឹទ្ធាចារ្យ​ យិត សារិន​ ហៅ​លោកគ្រូ​ ស​ ល្ខោនខោល​​ជា​​ប្រភេទ​​ល្ខោន​មហាជន​​ដែល​មាន​​ប្រភព​កំណើត​ចេញ​ពី​វត្តស្វាយអណ្តែត​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ តាំង​ពី​រជ្ជកាល​ព្រះបាទស៊ីសុវត្ថិ​ ដោយ​មាន​លោកគ្រូ​ ស៊ឹម​ មក​ពី​កៀន​ស្វាយ​ជា​អ្នក​បង្ហាត់​បង្រៀន​​តាម​រយៈ​ឯកសារ​សាស្រ្តា​ស្លឹករឹត​ ហើយ​ក្រោយ​មក​នៅ​ឆ្នាំ១៩៤០​ ទើប​ព្រះមហាក្សត្រីយានី​ ស៊ីសុវត្ថិ កុសុមៈនារីរតន៍ ទ្រង់​សព្វព្រះទ័យ​អនុញ្ញាត​ឱ្យ​ក្រុម​ល្ខោន​ខោល​វត្តស្វាយអណ្តែត​មក​សម្ដែង​ថ្វាយ​នៅ​ព្រះទីនាំងភោជនីយ​ក្នុង​ព្រះបរមរាជវាំង​ក្រុងភ្នំពេញ។

            ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ ​ព្រឹទ្ធាចារ្យ​ល្ខោនខោល​ដែល​មាន​ភ័ព្វវាសនា​រួច​ផុត​ពី​ការ​កាប់​​សម្លាប់​ដូច​ជា​លោក​គ្រួ​យិតសារិន​ អ្នកគ្រូ​ឯមធាយ​ អ្នកគ្រូ​សុតសំអុន ​អ្នកគ្រូស៊ិនសាម៉ាដឹកឆូ​ អ្នកគ្រូជាខាន់​ អ្នកគ្រូជាសាមី​ អ្នកគ្រូស៊ឹមមន្ថា​ និង​អ្នកគ្រូ​រស់គង់​ ជាដើម​ បាន​ប្រមូល​គ្នា​ចូល​រួម​ចំណែក​អភិរក្ស​សិល្បៈ​ល្ខោនខោល​​យ៉ាង​​សស្រាក់​​សស្រាំ​តាមរយៈ​ការ​បណ្តុះបណ្តាល​ថ្នាល​សិល្បៈ​ជំនាន់​ក្រោយ។​ សព្វថ្ងៃ​ ក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈ​ កំពុង​តែ​យក​ចិត្ក​ទុកដាក់​ក្នុង​ការ​អភិរក្ស​ និង​​ផ្សព្វផ្សាយ​​​មត៌ក​ល្ខោនខោល​ទៅ​កាន់​មជ្ឈដ្ឋាន​សាធារណៈ​ និង​ទៅកាន់​ឆាក​អន្តរជាតិ​ថែមទៀត​ផង។​ ជាក់ស្តែង​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចិត្ត​​ជ្រើសរើស​​យក​ទ​ស្សនីយភាព​សិល្បៈ​ល្ខោនខោល​ទៅ​ចូល​រួម​សម្ដែង​ក្នុង​កម្មវិធី​មហោស្រព​របាំងមុខ​អាស៊ានបូកបី​ (ASEAN +3 Mask Festivals)​ នៅ​ប្រទេសថៃ​​យ៉ាង​មហោឡារឹក​​កាល​ពី​ថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ២០១៦​ កន្លង​ទៅ​ ក្រោម​វត្តមាន​ចូល​រួម​ពី​សំណាក់​គណៈ​ប្រតិភូសិល្បករ​តំណាង​ជាតិ​ចំនួន​០៥ប្រទេស​គឺ​ ប្រទេសកម្ពុជា​ ថៃ​ មីយ៉ាន់ម៉ា​ ឡាវ​ និងកូរ៉េខាងត្បូង។​ នេះ​ជា​កិត្តិយស​ដ៏​ថ្មី​សន្លាង​មួយ​ទៀត​សម្រាប់​ល្ខោនខោល​ដែល​ជា​មត៌កដូនតា​ខ្មែរ​យើង​ ហើយ​សិល្បៈ​យើង​ក៏​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​​ និង​ការ​ស្ញើចសរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​គណៈប្រតិភូអន្តរជាតិ​ដែល​មាន​វត្តមាន​ក្នុង​ឱកាសនោះ។​ លើស​ពី​នេះ​ទៅ​ទៀត​ យោង​តាម​សេចក្តី​ជូន​ដំណឹង​ជា​ផ្លូវការ​​របស់​​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​ចុះ​ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០១៦​ ក្រសួង​កំពុង​តែ​ខិតខំ​យ៉ាង​អស់​ពី​សមត្ថភាព​ និង​គ្រប់មធ្យោបាយ​ក្នុង​ការ​សិក្សា​ចង​ក្រង​ឯកសារ​​ស្តីពី​ល្ខោនខោល​ព្រម​ជា​មួយ​ក្បាច់​គុន​ល្បុក្កតោ​ និង​ភ្លេងអារក្ស​ ដើម្បី​ស្នើ​ចុះ​បេតិកភណ្ឌអរូបី​នៃ​មនុស្សជាតិ​ទាំង​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​នៅ​ឆ្នាំ​ខាង​មុខ។​ ស្រប​ជា​មួយ​សកម្មភាព​ខ្នះ​ខ្នែង​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ សិល្បករ​ខ្មែរ​ផ្នែក​ដឹក​នាំ​ល្ខោនខោល​ក៏​បាន​ខិតខំ​ព្យាយាម​ពាំនាំ​ទស្សនីយភាព​ដ៏​​ចំណាស់​នេះ​ទៅ​សម្ដែង​ក្នុង​កម្មវិធី​មហោស្រពសិល្បៈ​ផ្សេងៗ​ជាអាទិ៍​ នៅ​សាលាភូមិន្ទវិចិត្រសិល្បៈ​ សាលសន្និសីទចតុមុខ​ សមាគមសិល្បៈសុវណ្ណភូមិ​ និង​នៅ​តាម​វត្តអារាម​​មួយ​ចំនួន​​នៅ​ពេល​មាន​កម្មវិធី​សិល្បៈ​ម្ដង​ម្កាល​ ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ និង​ជនបរទេស​ទាំងឡាយ​បាន​សិក្សា​ស្វែង​យល់​កាន់​តែ​ទូលំទូលាយ។​ ក្រៅ​ពី​នោះ​ សិល្បៈ​នេះ​ត្រូវ​​បាន​ចាក់​បញ្ចាំង​ខ្លះៗ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជា​រៀងរាល់​សប្តាហ៍​ផងដែរ​ តួយ៉ាង​កម្មវិធី​ មន្តស្នេហ៍សំនៀង​ របស់​ស្ថានីយ៍ទូ​រទស្សន៍​ ស៊ីធីអ៊ិន​ (CTN)​ ព្រម​ទាំង​មាន​​ការ​​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ហូរហែ​ថែម​ទៀត​ផង​ ជា​ពិសេស​ទំព័រ​ហ្វេសប៊ុក​ ល្ខោនខោលខ្មែរ​ និង​ ភាណីរូបិនី។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ស្មារតី​លើក​ស្ទួយ​វិស័យ​នេះ​ យុវសិល្បករឯកទេស​ជា​ច្រើន​រហូត​៣២នាក់​ ក្រោម​ការ​បង្ហាត់​បង្ហាញ​​របស់​សាស្រ្តាចារ្យ​ជំនាញ​បាន​ប្រមូលផ្តុំ​កម្លាំង​​គ្នា​បង្កើត​កម្មវិធី​សម្ដែង​​ទស្សនីយភាព​​ល្ខោនខោល​ដ៏​ធំ​អស្ចារ្យ​មួយ​ ដក​ស្រង់​ចេញ​ពី​ឈុត​មួយ​ក្នុង​រឿង​រាមកេរ្តិ៍​ដែល​មាន​ឈ្មោះ​ថា​ ថលតយ័ន្ត​ នៅ​ទីតាំង​សាលាមធ្យមវិចិត្រសិល្បៈ​ នៅ​​ថ្ងៃច័ន្ទ​ ទី១១​ ខែកក្កដា​ ប្រកប​ដោយ​ភាព​ជោគជ័យ​យ៉ាង​សម្បើម។​ លោក​ ខុន ច័ន្ទសិទ្ធិការ្យ​ អ្នក​ផ្តួចផ្តើម​បង្កើត​កម្មវិធី​បាន​លើក​ឡើង​ថា​ វា​ជា​ព្រឹត្តិការណ៍​​ទ្រង់ទ្រាយ​ធំ​​មួយ​ដែល​មាន​ក្រុម​ការងារ​សរុប​ទាំង​អស់​ជិត​៥០នាក់។​ ពួក​យើង​ខំ​ធ្វើ​ការ​ខ្លាំង​មែនទែន!​ ខ្ញុំ​មាន​ទឹកចិត្ត​ចង់​ធ្វើ​វា​ដើម្បី​សិល្បៈខ្មែរ​យើង!​ យើង​ខំប្រឹង​ខ្លួនឯង​សិន​​ទើប​មាន​​គេ​ជួយ!​ ដោយ​ឡែក​នៅ​ខាង​សមាគមសិល្បៈ​ល្ខោនខោល​វត្តស្វាយអណ្តែត​ឯណោះ​វិញ​ ព្រះគ្រូ​ ជា ប៊ុនធឿន​ ចៅអធិការ​វត្តស្វាយអណ្តែត​បាន​​មាន​សង្ឃដីកា​​ប្រាប់​​សូវរីន​ថា​ នៅ​វត្ត​នេះ​គឺ​យើង​មាន​ទំនៀមទម្លាប់​មួយ​ពេល​ដែល​រដូវ​ចូលឆ្នាំ​បាន​បញ្ចប់​ទៅ​គឺ​យើង​សម្ដែង​ល្ខោនខោល​បីយប់​ជាប់គ្នា។​ ថ្នាល​ចាស់​បាន​បាត់បង់​ អ្នក​ខ្លះ​​ចាស់ជរា​ អ្នកខ្លះ​ស្លាប់​ អ្នកខ្លះ​បាន​ផ្លាស់ប្តូរ​ទីលំនៅ។​ ដូច្នេះ​ យើង​បាន​បង្កើត​ថ្នាលថ្មី​គឺ​ក្មេង​នៅ​ទីនេះ​ចេះ​លេង​ភ្លេង​ពិណពាទ្យ​ផង​ ចេះ​សម្ដែង​ល្ខោនខោល​ផង។​ ព្រះតេជគុណ​បាន​បន្ត​ថា​ប្រសិន​បើ​ប្រមូល​ទាំង​អស់​ (ចាស់ៗ​ក្នុង​តំបន់​មូលដ្ឋាន)​ គ្រូ​ដែល​នៅ​អាច​សម្ដែង​បាន​មាន​ប្រហែល​១០នាក់​ ប៉ុន្តែគ្រូបង្គោល​​ក្នុង​ការ​បង្ហាត់​បង្រៀន​​សិស្ស​ផ្ទាល់​តែម្ដង​មាន​ត្រឹម​៤-៥នាក់​ប៉ុណ្ណោះ។​ គ្រូ​នៅ​ទី​នោះ​ត្រូវ​បាន​បែងចែក​បង្ហាត់​ទៅ​តាម​ប្រភេទ​តួនីមួយៗ​ តួយ៉ាង​លោកតា​ អ៊ឹម សារួន​ ជំនាញ​តួយក្ស​ និង​លោកតា​ ហេង សៅ​ ជំនាញ​តួស្វា។​

            ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ ប៉ូច ផៃ​ អតីត​នាយក​សាលាបឋមសិក្សាស្វាយអណ្តែត​ បច្ចុប្បន្ន​ជា​សមាជិកគណៈកម្មការ​គ្រប់គ្រង​ល្ខោនខោល​វត្តស្វាយអណ្តែត​ ទទួល​​បន្ទុក​ផ្នែក​រដ្ឋបាល​ និង​ទំនាក់ទំនង​បាន​មានប្រសាសន៍​ថា ​សមាជិក​ក្រុម​ល្ខោន​វត្តស្វាយអណ្តែត​នេះ​មក​ពី​បី​មូលដ្ឋានភូមិ​ គឺ​ភូមិពាមតាឯក​ ភូមិតាស្គរ​ និងភូមិ​ព្រែកតាអុង។​ ​ក្មេងៗ​ដែល​មក​ហាត់រៀន​ល្ខោនខោល​មាន​សរុប​ប្រមាណ​ ៣០-៤០ នាក់​ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​តែ​២០នាក់​​ទេ​ដែល​នៅ​បន្ត​សម្ដែង​ដល់​​សព្វថ្ងៃ។​ ​នៅ​ទី​នោះ​គ្មាន​រោង​សម្រាប់​សម្ដែង​ជា​ប្រចាំ​ទេ​ ព្រោះ​រោង​ចាស់​បាក់បែក​អស់​ហើយ។​ ដូច្នេះ​ពេល​សម្ដែង​ម្ដងៗ​ ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ជួល​រោង​ រីឯ​​សម្លៀកបំពាក់​​សម្ដែង​វិញ​គឺ​ត្រូវ​ខ្ចី​គេ​ប្រើប្រាស់​រហូត​ ទើប​តែ​មក​ដល់​ឆ្នាំ២០០០​ ទើប​មាន​ការ​ឧបត្ថម្ភ​សម្លៀកបំពាក់​សម្ដែង​ចំនួន​១២សម្រាប់​ (អាវតួយក្ស៦​ និង​អាវតួស្វា៦)​ ពី​អង្គការ​យូនេស្កូ។​ សម្លៀកបំពាក់​ និង​របាំងមុខ​ខោល​ទាំង​អស់​ត្រូវ​រក្សា​ទុក​ក្នុង​បណ្ណាល័យ​សាលា។​ ចាប់​ពី​ឆ្នាំ២០១២​មក​ យើង​បាន​មូលនិធិហ្គូដហ្វាន់​ (Good Fund)​ របស់​ជនជាតិ​បារាំង។​ គាត់​បាន​ជួយ​ជា​ថវិកា​ដល់​គ្រូបង្ហាត់ក្បាច់​ និងបង្ហាត់ភ្លេង។​ ប៉ុន្តែ​ឥឡូវ​ជំនួយ​នេះ​ត្រូវ​បាន​ផ្អាក​ហើយ​ ខាង​វត្ត​ផ្ទាល់​គឺ​លោក​គ្រូ​ចៅអធិការ​កំពុង​ខិតខំ​រកថវិកា​ជួយ​ឱ្យ​បាន​បន្តទៅ​ទៀត។​ ល្ខោនខោល​ (ល្ខោនមហាជន)​ សព្វថ្ងៃ​នៅ​សល់​តែ​វត្តស្វាយ​នេះ​មួយ​ទេ!​ សូម​មេត្តា​ជួយ​ចូលរួម​គាំទ្រ​ ទោះ​បី​​ជា​​ស្មារតីក្តី​ សម្ភារៈក្តី​ ឬ​ជា​ថវិកាក្តី […]”​ នាយក​សាលា​ចូល​និវត្តន៍​រូប​នេះ​បាន​លើក​ឡើង។

            យុវជន​ យង់ ម៉ាឌីថាវ៉ាត់​ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា​ ខ្ញុំ​ស្រឡាញ់​សិល្បៈ​បុរាណខ្មែរ​គ្រប់​ទម្រង់​មិន​មែន​តែ​​ល្ខោនខោល​ទេ។​ ចំពោះ​ល្ខោនខោល​វិញ​ ខ្ញុំ​មិន​អាច​ចាំ​អស់​ទេ​ថា​មើល​បាន​ប៉ុន្មាន​ដង​គឺ​ច្រើន​លើក​ច្រើន​សាណាស់។​ ខ្ញុំ​មើល​វា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​សាលចតុមុខ។​ ខ្ញុំ​យល់​ថា​ ល្ខោនខោល​ពិសេស​ត្រង់​សម្ដែង​ដោយ​ប្រើប្រាស់​ការ​ពោល​ និង​លាយឡំ​ការ​ច្រៀង​ខ្លះ​ តែ​តិចតួច​បំផុត។​ តួ​សម្ដែង​ភាគ​ច្រើន​ពាក់​មុខខ្មុក។​ ខ្ញុំ​គិត​ថា​យុវជន​សព្វថ្ងៃ​មិន​ទាន់យល់​ជ្រួតជ្រាប​អំពី​ល្ខោនខោល​នេះ​ទេ!​ ខ្មែរ​យើង​ឥឡូវ​បែងចែក​មិន​ដាច់​រវាង​ល្ខោនខោល​ និង​របាំបុរាណ​ទេ។​ និយាយ​រួម​​គឺ​ចំណេះដឹង​ផ្នែក​វប្បធម៌​នៅ​មាន​កម្រិត​មែនទែន!

            សរុប​សេចក្តី​មក​ សិល្បៈ​ល្ខោនខោល​ខ្មែរ​យើង​កំពុង​មាន​ដំណើរ​ការ​ទៅ​មុខ​វិជ្ជមាន​បណ្តើរៗ​ហើយ​ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​បណ្តែត​បណ្តោយ​ទុក​ត្រឹម​នេះ​ឡើយ។​ ដើម្បី​​ជម្រុញ​ឱ្យ​សិល្បៈ​ល្ខោនខោល​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ទ្វេដង​នោះ​ សិល្បករ​គប្បីប្រឹងប្រែង​បន្ត​ហាត់​រៀន​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឯង​ឱ្យ​កាន់​តែ​ពូកែ​បន្ថែម។​ អ្នកដឹក​នាំ​រឿង​ត្រូវ​មាន​គំនិត​ច្នៃប្រឌិត​បង្កើត​សាច់រឿង​ឬ​ឈុតឆាក​សម្ដែងថ្មីៗ​ឲ្យ​បាន​ទាំង​បរិមាណ​ និង​គុណភាព​ស្រប​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​សង្គម​សម័យ​ទំនើប។​ ទន្ទឹម​​នឹង​​នេះ​ រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ត្រូវ​រួបរួម​សហការគ្នា​ជួយ​លើកស្ទួយ​ និង​ជម្រុញ​ការ​ផ្សព្វផ្សាយ​សិល្បៈ​ល្ខោនខោល​​តាម​រយៈ​គ្រប់​​រូបភាព។​ ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​គួរ​ងាក​មក​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​គិតគូរ​លើ​បញ្ហា​សិល្បៈ​វប្បធម៌​ជាតិ​ជា​ធំ។​ រីឯ​មហាជន​ជា​ពិសេស​ក្មេងៗ​ជំនាន់​​ក្រោយ​គួរ​​បណ្តុះ​ទឹកចិត្ត​ស្រឡាញ់់​សិល្បៈ​វប្បធម៌​ឲ្យ​បាន​មុតមាំ​ ពោល​គឺ​រក្សា​ភ្ជាប់​នូវ​ស្មារតី​ជាតិ​និយម​ជា​ដរាប​ ទើប​ប្រទេសជាតិ​មាន​ភាព​រីកចម្រើន​រុងរឿង​ស្ថិតស្ថេរ៕​




SUGGESTIONS