×

សិល្បៈ​ពីជ័រ​ម្រ័ក្សណ៍​កំពុង​ត្រលប់​មក​វិញ​ក្នុង​ទឹកដី​សៀមរាប​

NEWS 6 years ago
 
 

          ជ័រម្រ័ក្សណ៍​ គឺ​ជា​ប្រភេទ​ជ័រម្យ៉ាង​ដែល​យក​ចេញ​ពី​ដើម​គ្រើល​ ដែល​ប្រជាជន​ខ្មែរ​តែង​យក​ជ័រ​នេះ​មក​បិត​បាតទូក​ និង​ច្នៃ​ជា​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​ ដោយ​សារ​តែ​វា​មាន​លទ្ធភាព​ការពារ​ការ​ជ្រាប​ទឹក​យ៉ាង​ល្អ​ប្រសើរ។​ រហូត​មក​ដល់​ឆ្នាំ២០០៨​ សិប្បកម្ម​សិល្បៈ​ នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​បាន​ស្គាល់​ថា​ Angkor​ Artwork​ បាន​ស្រាវជ្រាវ​យក​ជ័រម្រ័ក្សណ៍​មក​ច្នៃ​ជា​ វត្ថុ​សិល្បៈ​យ៉ាង​មាន​តម្លៃ​ និង​មាន​គុណភាព​ខ្ពស់។​ លោក​ Eric​ Stocker​ ជា​មួយ​នឹង​បង​ប្រុស​របស់​ខ្លួន​ឈ្មោះ​លោក​ Thierry​ Stocker​ បាន​នាំ​ផលិតផល​ និង​ការ​ប្រើប្រាស់​ជ័រម្រ័ក្សណ៍​ទៅ​លើ​ការ​ច្នៃ​វត្ថុ​សិល្បៈ​មក​បង្រៀន​សិល្បករ​ និង​ប្រជាជន​ខ្មែរ​ក្នុង​ខេត្ត​សៀមរាប​ជា​ថ្មី​ម្ដង​ទៀត​ បន្ទាប់​ពី​ជំនាញ​នេះ​ត្រូវ​បាន​សាប​រលាប​បន្ទាប់​ពី​របប​ប្រល័យ​ពូជសាសន៍​បាន​ញាំញី​ប្រទេស​កម្ពុជា។

          បន្ទាប់​ពី​បាន​ចំណាយ​ពេល​១០ឆ្នាំ​ ក្នុង​ការងារ​សិប្បកម្ម​ជា​មួយ​នឹង​ហាង​លក់​វត្ថុ​សិប្បកម្ម​ និង​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ដោយ​ដៃ​ដែល​មាន​ឈ្មោះ​ថា​ Artisans​ Angkor​ លោក​ Eric​ Stocker​ ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​បារាំង​ បាន​សម្រេច​ចិត្ត​បើក​សិប្បកម្ម​មួយ​ដោយ​ខ្លួន​ឯង​ ដែល​មាន​ឈ្មោះ​ថា​ Angkor​ Artwork។​ ទីតាំង​សិប្បកម្ម​ និង​ពិព័រណ៍​ Angkor​ Artwork​ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ប្រជុំជន​នៃ​ក្រុង​សៀមរាប​នោះ​ទេ។​ ភ្ញៀវ​ទេសចរ​តែង​ឈាង​ចូល​ទស្សនា​ទីតាំង​សិប្បកម្ម​នេះ​ស្ទើរ​គ្រប់​ម៉ោង​ធ្វើ​ការ​ ដើម្បី​ស្វែង​យល់​ពី​ការ​ច្នៃ​ជ័រម្រ័ក្សណ៍​ និង​ជាវ​វត្ថុ​អនុស្សាវរីយ៍​មាន​តម្លៃ​ត្រឡប់​ទៅ​វិញ។​ ហាង​នេះ​បាន​ផ្តល់​ឱកាស​ការងារ​ និង​ជំនាញ​ជា​ច្រើន​ដល់​ប្រជាជន​ខ្មែរ​ ខណៈ​ដែល​អ្នក​ជំនាញ​ការ​ជា​ច្រើន​នៅ​ក្នុង​ហាង​នេះ​សុទ្ធ​តែ​ជា​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​ជា​មួយ​ Angkor​ Artwork។

          លោក​ Eric​ Stocker​ និង​បង​ប្រុស​បាន​ច្នៃ​ជ័រម្រ័ក្សណ៍​ ឈើ​មាស​គីឡូ ប្រាក់​ និង​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ដទៃ​ទៀត​ ដើម្បី​បង្កើត​ជា​វត្ថុ​សិល្បៈ​ដែល​មាន​តម្លៃ​សម្រាប់​តាំង​ពិព័រណ៍​ និង​លក់​ជូន​ភ្ញៀវ​ទេសចរ។​ លោក​ Eric​ Stocker​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​នាំ​យក​បច្ចេកទេស​កែច្នៃ​វត្ថុ​សិល្បៈ​មក​ពី​ប្រទេស​ជប៉ុន​ ដែល​លោក​បាន​ធ្វើ​ការ​ផ្ទាល់​ជា​មួយ​អ្នក​ជំនាញ​ពី​ប្រទេស​ជប៉ុន​ក្នុង​ការ​ស្រាវជ្រាវ​ និង​កែច្នៃ​វត្ថុ​សិល្បៈ​ ដែល​ធ្វើ​ឲ្យ​វត្ថុ​សិល្បៈ​របស់​លោក​មាន​លក្ខណៈ​ពិសេស​ពី​វត្ថុ​សិល្បៈ​ដទៃ។​ លោក​បន្ត​ទៀត​ថា​ ប្រពៃណី​ក្នុង​ការ​ច្នៃ​ជ័រ​ម្រ័ក្សណ៍​ គឺ​ជា​រឿង​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​លោក​មិន​ចង់​ចាក​ចេញ​ពី​ប្រទេស​នេះ។​ លោក​បាន​សម្រេច​ចិត្ត​ រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​លើក​កម្ពស់​ប្រពៃណី​នៅ​ក្នុង​ការ​ច្នៃ​ជ័រម្រ័ក្សណ៍​ឲ្យ​បាន​ប្រសើរ​ ក៏​ដូច​ជា​ផ្តល់​ជំនាញ​បន្ថែម​ទៀត​ដល់​ប្រជាជន​កម្ពុជា។

​           ឆន្ទៈ​នៃ​ការ​កែច្នៃ​វត្ថុ​សិល្បៈ​ដែល​មាន​តម្លៃ​ និង​ប្លែក​ពី​គេ​នេះ​ហើយ​ បាន​ញ៉ាំង​ឲ្យ​សិល្បករ​ជនជាតិ​បារាំង​រូប​នេះ​ បន្ត​ស្រាវជ្រាវ​រក​បច្ចេកទេស​ល្អៗ​ ជា​ច្រើន​មក​ដាក់​ក្នុង​វត្ថុ​សិល្បៈ​របស់​ខ្លួន។​ បច្ចេកទេស​ជា​ច្រើន​ត្រូវ​បាន​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​វត្ថុ​សិល្បៈ​មួយ។​ វា​ប្រៀប​ដូច​ជា​អាថ៌កំបាំង​ និង​ចំណុច​ពិសេស​របស់​វត្ថុ​សិល្បៈ​នីមួយៗ​ ដែល​សិល្បករ​របស់​វត្ថុ​សិល្បៈ​នោះ​នឹង​ធ្វើ​ការ​បកស្រាយ​ជូន​ដល់​ភ្ញៀវ​ដែល​មក​ទស្សនា​ ក៏​ដូច​ជា​អ្នក​ដែល​មាន​បំណង​ក្លាយ​ជា​ម្ចាស់​នៃ​វត្ថុ​សិល្បៈ​នោះ​ដែល​នេះ​ជា​ផ្នែក​មួយ​ដែល​អ្នក​ស្រលាញ់​ស្នាដៃ​សិល្បៈ​ ប្រាថ្នា​ចង់​បាន។​  ហើយ​បច្ចេកទេស​ទាំង​នោះ​ ត្រូវ​បាន​បណ្តុះ​បណ្តាល​ និង​ចែក​រំលែក​ដល់​សិល្បករ​ខ្មែរ​ដែល​កំពុង​បម្រើការ​នៅ​ក្នុង​ទីតាំង​សិប្បកម្ម​ Angkor​ Artwork។

​           វត្ថុ​សិល្បៈ​មួយ​ចំនួន​ត្រូវ​ការ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ ៦ខែ​ ដើម្បី​ធ្វើ​វា​ឲ្យ​រួច​រាល់​ ដោយ​សារ​តែ​អ្នក​ជំនាញ​ត្រូវ​ការ​ពេល​វេលា​រង់ចាំ​ឲ្យ​ផ្នែក​នីមួយៗ​នៃ​វត្ថុ​សិល្បៈ​មាន​ភាព​ស្ងួត​ល្អ​ និង​រឹងមាំ។​ លោក​បាន​ច្នៃ​ស្បែក​ត្រី​ ដូច​ជា​ត្រីឆ្តោ​ ត្រីបបែល​ ក៏​ត្រូវ​បាន​យក​មក​កែច្នៃ​ឲ្យ​ក្លាយ​ជា​វត្ថុ​សិល្បៈ​មាន​តម្លៃ​ផង​ដែរ។​ មិន​ត្រឹម​តែ​បាន​កែច្នៃ​វត្ថុ​អនុស្សាវរីយ៍​នោះ​ទេ​ Angkor​ Artwork​ ក៏​បាន​កែច្នៃ​វត្ថុ​សិល្បៈ​មួយ​ចំនួន​ឲ្យ​ជា​វត្ថុ​ប្រើប្រាស់​ ដែល​ភាគ​ច្រើន​ផ្តល់​ជូន​វត្ថុ​ប្រើប្រាស់​ និង​លម្អ​ខ្លួន​សម្រាប់​នារី។​ ផលិត​ផល​មួយ​ចំនួន​របស់​ Angkor​ Artwork​ ត្រូវ​បាន​នាំ​ចេញ​ទៅ​បរទេស​ផង​ដែរ​ ដូច​ជា​ប្រទេស​ អូស្រ្តាលី​ អាមេរិក​ និង​ប្រទេស​ចិន​ជា​ដើម។

          ​ លោក​ថ្លែង​ថា​ វត្ថុ​សិល្បៈ​របស់​លោក​បាន​គិត​គូរ​យ៉ាង​ច្បាស់​លាស់​ពី​វប្បធម៌​ និង​អនាគត​ដែល​បាន​ន័យ​ថា​វត្ថុ​សិល្បៈ​ទាំង​អស់​នឹង​នៅ​តែ​មាន​សោភណ័ភាព​ និង​ការ​ពេញ​និយម​ បើ​ទោះ​បី​ជា​ពេល​វេលា​កន្លង​ទៅ​យូរ​យ៉ាង​ណា​ក្តី។​ លោក​បាន​ឲ្យ​ដឹង​ថា​វត្ថុ​សិល្បៈ​របស់​ Angkor​ Artwork​ ត្រូវ​បាន​ផ្តល់​ការ​ទុកចិត្ត​ និង​បញ្ជា​ទិញ​យក​ទៅ​ធ្វើ​ជា​វត្ថុ​តាំង​លម្អ​សម្រាប់​សណ្ឋាគារ​លំដាប់​ខ្ពស់​ ដែល​មាន​ដូច​ជា​សណ្ឋាគារ​ សូហ្វីតែល​ជា​ដើម។​ លោក​ Eric​ Stocker​ ធ្លាប់​បាន​បណ្តុះ​បណ្តាល​នៅ​ក្នុង​សារមន្ទីរ​មួយ​ និង​មាន​បទ​ពិសោធន៍​ធ្វើ​ការ​ជុសជុល​កែ​លម្អ​វត្ថុ​សិល្បៈ​បុរាណ​របស់​ប្រទេស​ជប៉ុន​និង​ចិន។​ លោក​ Eric​ Stocker​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​២០ឆ្នាំ​មក​ហើយ។​ ហេតុ​ផល​មួយ​ទៀត​ ដែល​លោក​បន្ត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ដោយ​សារ​តែ​លោក​មាន​ទឹកចិត្ត​ស្រលាញ់​ប្រទេស​កម្ពុជា​បន្ទាប់​ពី​លោក​ត្រូវ​បាន​អញ្ជើញ​មក​ធ្វើ​ការ​នៅ​ក្នុង​ឆ្នាំ១៩៩៦។​ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ម្ដង​នៅ​ក្នុង​ឆ្នាំ១៩៩៧​ រួច​បាន​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​បន្ទាប់​ ដើម្បី​បន្ត​ការងារ​សិល្បៈ​របស់​លោក​បន្ត​ទៀត។​ លោក​ថ្លែង​ថា​ បន្ទាប់​ពី​នោះ​មក​ លោក​មាន​ចិត្ត​ស្រលាញ់​ប្រទេស​កម្ពុជា​ ហើយ​ក៏​លែង​ចង់​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​រហូត​មក។​ ត្បិត​តែ​សិប្បកម្ម​របស់​លោក​មាន​ការ​គាំទ្រ​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​មួយ​តែ​ប៉ុណ្ណោះ។​ មាន​ការងារ​ជា​ច្រើន​ទៀត​ ដែល​លោក​ត្រូវ​ស្រាវជ្រាវ​ និង​ចែក​រំលែក​ចំណេះ​ដឹង​ដល់​ប្រជាជន​នៅ​ក្នុង​ខេត្ត​សៀមរាប​ និង​ជា​ពិសេស​អ្នក​ដែល​មាន​បញ្ហា​គរថ្លង់​ ដោយ​មាន​ការ​សហការ​ជា​មួយ​អង្គការ​​គ្រួសារថ្មី។

     លោក​អ្នក​អាច​ទៅ​ទស្សនា​វត្ថុ​សិល្បៈ​របស់​ Angkor​ Artwork​ រៀង​រាល់​ថ្ងៃ​ពី​ម៉ោង​៩ព្រឹក​ដល់​ម៉ោង​៦៖៣០នាទី​ល្ងាច​ដោយ​ឥត​គិត​ថ្លៃ៕

Article by HENG CHANMAKARA/ VA SONYKA


SUGGESTIONS