×

អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង​ច្នៃ​ពី​សម្រាម​ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​ និង​បរិស្ថាន​

NEWS 6 years ago
 
 

          ពេល​ធ្វើ​ដំណើរ​មក​ដល់​កំពង់​ចម្លង​កោះដាច់​ យើង​បត់​ឆ្វេង​បន្ត​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​ឆ្នេរខ្សាច់​កោះដាច់​ប្រមាណ​ជាង​២គីឡូម៉ែត្រ​ យើងនឹង​ឃើញ​ផ្ទះ​មួយ​នៅ​ខាង​ស្តាំដៃ​ដែល​មាន​ខ្លោងទ្វារ​ចម្រុះពណ៌​ ស្រស់​ឆើត​សរសេរ​ជា​ស្លាក​សញ្ញាធំៗ​យ៉ាង​ច្បាស់​ក្រឡែត​ថា​ សាលាដូង​ ឬ​ Coconut​ School។​ កាល​បើ​បាន​ឮ​ឈ្មោះ​នេះ​ អ្នក​ដំណើរ​ច្បាស់​ជា​មាន​ការ​ងឿង​ឆ្ងល់​ថា​ តើ​សាលាដូង​ជា​កន្លែង​សម្រាប់​ធ្វើ​អ្វី?​ ហេតុ​អ្វី​បាន​ជា​ហៅ​ថា​ សាលាដូង?​ ជាក់​ជា​មិន​ខាន។​

            ស្ថិត​នៅ​លើ​ទីតាំង​ភូមិ​រនះ​ សង្កាត់​កោះដាច់​ ខ័ណ្ឌ​ជ្រោយចង្វា​ សាលាដូង​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១៣​ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​ អ៊ុក វណ្ណដេ​ ដែល​ជា​ស្ថាបនិក​តែ​ម្នាក់​គត់​ ក្នុង​គោល​ដៅ​បណ្តុះ​បណ្តាល​ជំនាញ​ភាសា​អង់គ្លេស​ និង​ជំនាញ​មូលដ្ឋាន​គ្រឹះ​កុំព្យូទ័រ​ដល់​កុមារ​នៅ​ក្នុង​មូលដ្ឋាន​នេះ​ផ្ទាល់។​ លោក​ អ៊ុក វណ្ណដេ​ គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​ រហូត​ដល់​ស្ថាប័ន​ធំៗ​ ពី​គំនិត​ច្នៃប្រឌិត​ និង​ចិត្ត​សប្បុរស​របស់​លោក​ ជាក់​ស្តែង​ថ្មីៗ​នេះ​ លោក​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​ក៏​បាន​អញ្ជើញ​លោក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​មួយគ្នា​ ក៏​ដូច​ជា​មាន​ការ​ទទួល​ស្វាគមន៍​ពី​បងប្អូន​ខ្មែរ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ Philadelphia​ ខណៈ​ដែល​លោក​បាន​ធ្វើ​ដំណើរ​រហូត​ដល់​ទៅ​ ១០រដ្ឋ​នៅ​ក្នុង​ទឹកដី​អាមេរិក​កាល​ពី​ឆ្នាំ២០១៧​ កន្លង​ទៅ។​ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​ជា​សាធារណៈ​កាល​ពី​ថ្មីៗ​នេះ។​ ស្ថាបនិក​សាលា​វ័យក្មេង​រូប​នេះ​បាន​រំឭក​ឡើង​វិញ​ពី​ប្រវត្តិ​នៃ​ការ​បង្កើត​សាលា​នេះ​ថា​ កាល​ពី​ឆ្នាំ២០១៣​ លោក​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីតាំង​កោះដាច់​នេះ​ ហើយ​បាន​សិក្សា​ឃើញ​ថា​ ភូមិ​រនះ​ជា​ភូមិ​ក្រីក្រ​ និង​សំបូរ​កុមារ​ស្ថិត​ក្នុង​វ័យ​សិក្សា​ជា​ច្រើន​នាក់។​ លោក​មើល​ឃើញ​ពី​ការ​លំបាក​របស់​កុមារ​ក្នុង​ការ​ឆ្លង​សាឡាង​ទៅ​ត្រើយ​ម្ខាង​ដើម្បី​សិក្សា​ភាសា​អង់គ្លេស​ព្រោះ​ក្នុង​ភូមិ​នេះ​ពី​មុន​មក​គ្មាន​សាលា​បង្រៀន​ភាសា​អង់គ្លេស​ឡើយ។​ ទិដ្ឋភាព​ដែល​លោក​បាន​ឃើញ​ជាក់​នឹង​ភ្នែក​ដក់​ក្នុង​ការ​ចង​ចាំ​របស់​លោក​ហើយ​បាន​ជំរុញ​ទឹកចិត្ត​លោក​ឲ្យ​ចាប់​ផ្តើម​ស្វែង​រក​ទីតាំង​ដី​សមរម្យ​មួយ​ក្នុង​ភូមិ​ដើម្បី​សម្រេច​ក្តី​បំណង​របស់​លោក​ក្នុង​ការ​សាងសង់​សាលារៀន​សម្រាប់​ក្មេង​លើ​កោះ។​ ចំពោះ​មូល​ហេតុ​ដែល​លោក​ដាក់​ឈ្មោះ​សាលា​របស់​លោក​ថា​ជា​ សាលាដូង​ ព្រោះ​នៅ​ពេល​សាងសង់​ដំបូង​ លោក​បាន​ប្រើប្រាស់​ដើម​ដូង​ចាស់ៗ​ដែល​ដុះ​នៅ​ក្នុង​តំបន់​ មក​កែ​ច្នៃ​ជា​តុកៅអី​សម្រាប់​ក្មេង​អង្គុយ​រៀន​ និង​ជា​ក្តារខៀន​សម្រាប់​ការ​បង្រៀន​ផង​ដែរ។​ លោក​បាន​បន្ថែម​ថា​ សាលាដូង​ នេះ​ត្រូវ​បាន​ស្ថាប​នា​ឡើង​ដោយ​ថវិកា​ផ្ទាល់​ខ្លួន​រហូត​ ៨០ភាគរយ​ រីឯ​២០ភាគរយ​ទៀត​បាន​មក​ពី​អ្នក​ចូល​រួម​ផ្សេងៗ។

          លោក​បញ្ជាក់​ថា​ ដំបូង​ឡើយ​សាលា​ជួប​ផល​លំបាក​ជា​ច្រើន​ ជាពិសេស​គឺ​ការ​មិន​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា​របស់​អាណាព្យាបាល​សិស្ស​ និង​សិស្ស​ផ្ទាល់​តែម្ដង​ “បើ​បង្រៀន​ក្មេង​ឲ្យ​រៀន​ពូកែ​វា​ងាយ​ស្រួល​ទេ ​តែបើ​ធ្វើ​ឲ្យ​ពួក​គេ​ ភ្ញាក់​រំឭក​រៀន​ដោយ​ខ្លួន​ឯង​ទើប​ជាការ​លំបាក​។” ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ដោយ​សារ​ស្មារតី​តស៊ូ​ព្យាយាម​អស់​រយៈ ពេល​បី​ឆ្នាំ​កន្លង​មក​ ប្រជាជន​មូល​ដ្ឋាន​ និង​កុមារ​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​ច្រើន​អំពី​តម្លៃ​នៃ​ការ​សិក្សា​រៀនសូត្រ ។ ។ ក្នុង​មួយ​ឆ្នាំ សាលា​ជ្រើស​រើស​កុមារ​ចំនួន​៦០​នាក់​ឲ្យ​ចូល​សិក្សា​ដោយ​ ឥត​គិត​ថ្លៃ។ សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ទីនោះ​សិស្ស​ទាំង​អស់​ត្រូវ​សិក្សា​ចំណេះ​ដឹង​ទូទៅ​ផ្នែក​ភាសា​អង់គ្លេស​រយៈ​ ពេល​មួយ​ឆ្នាំ​សិន​មុន​នឹង​មាន​ឱកាស​ប្រឡង​ចូល​រៀន​ថ្នាក់​កុំព្យូទ័រ​នៅ​ក្នុង​អគារ​ផ្ទះ​សំរាម​។ ថ្នាក់​ភាសា​អង់គ្លេស​ ចាប់​ផ្តើម​នៅ​ម៉ោង​ ៥ និង ៣០នាទី​ល្ងាច ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃសុក្រ។ ចំពោះ​ថ្នាក់​កុំព្យូទ័រ​ គឺ​ថ្ងៃសៅរ៍​ពីម៉ោង​១ រសៀល ដល់ម៉ោង៦​ល្ងាច និងថ្ងៃអាទិត្យ ពីម៉ោង​៨ព្រឹក ដល់ ម៉ោង៧​យប់។

          លោក អ៊ុក វណ្ណដេ បាន​បង្ហាញ​អំពី​សកម្មភាព​ជួយ​កុមារ​នា​ពេល​កន្លង​មក​ថា​ សាលា​ដូងធ្លាប់​បាន​ជួយ​ ឧបត្ថម្ភ​កង់​ជាច្រើន​សម្រាប់​ក្មេង​ដែល​មាន​ផ្ទះ​នៅឆ្ងាយ​ពិបាក​ធ្វើដំណើរ​មករៀន​នៅសាលា​ ប៉ុន្តែ​ឪពុក​ម្តាយ​មួយ ចំនួន​បែរ​ជា​បង្ខំ​កូន​ឲ្យ​ជិះកង់​នោះ​យក​បន្លែ​ទៅ​លក់​ឬ​ប្រើការ​ផ្សេងៗ​ហើយ​បោះបង់​ចោល​ការ​សិក្សា​ទៅវិញ។ដូច្នេះ​សព្វ​ថ្ងៃ​នេះ​ ខាង​សាលា​បង្វែរ​វិធី​សាស្រ្ត​ពី​ការ​ឧបត្ថម្ភកង់​មក​ជា​ការ​ផ្តល់​កង់​កម្ចី​ទៅវិញ​ដែល​កង់​ទាំង​នោះ បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​សប្បុរសជន​។ ក្រៅពី​មធ្យោបាយ​ក្នុង​ការ​ធ្វើដំណើរ​ សាលា​ក៏​បាន​ចាត់ចែង​ផ្តល់​សម្ភារ​ សិក្សា​ចាំបាច់​ដូចជា កាតាប សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប ​ដល់​សិស្ស​ទាំង​អស់​ដោយ​ឥតគិត​ថ្លៃ ប៉ុន្តែ​សាលា មាន​ល័ក្ខ​ខ័ណ្ឌ​មួយ​ត្រង់​ថា សិស្ស​ដាច់​ខាត​ត្រូវ​តែ​យក​សម្ភារ​ចាស់ៗ​មកដូរ​យក​សម្ភារថ្មី​ទៅ​ប្រើប្រាស់​ ព្រោះ សាលា​នឹង​យក​របស់​របរ​ចាស់​ទាំង​នោះ​ទៅ​ជួសជុល​ប្រើប្រាស់​ឡើងវិញ​តាម​លទ្ធភាព​ជាក់​ស្តែង។ លើស​ពី​នេះ​ទៅ​ ទៀត សាលា​ក៏​ធ្លាប់​បាន​រៀប​ចំ​បង្កើត​កម្មវិធី​ជិះកង់​សប្បុរសធម៌​ដែល​មាន​អ្នក​ចូល​រួម​ជា​ច្រើន​ នាក់ ដើម្បី​ផ្តល់​ឱកាស​ឲ្យអ្នក​ផង​ទាំងពួង​បានស្គាល់​និង​យល់​ដឹង​អំពី​បេសសកកម្ម​របស់​សាលាដូង​ និង​ចូល​រួម​ចំណែក ​ជួយ​ចំពោះ​ការ​អប់រំ​របស់​កុមារ​ទាំងអស់​គ្នា។  សម្ភារ​សិក្សា​ដែល​ទទួល​បាន​ពីអ្នក​ជិះកង់​ក្នុងព្រឹត្តិការណ៍​ត្រូវ​បាន​ ផ្តល់​ជូន​កុមារ​ទាំងអស់​ដែល​រស់​នៅ​លើកោះ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ពួក​គេយក​ទៅ​ប្រើប្រាស់​ក្នុង​ការ​សិក្សា​របស់​ ពួកគេ​នៅ​តាម​សាលារៀន​រដ្ឋ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី។ ក្រៅ​ពីនេះ​ ក្នុង​ពេល​ឆាប់ៗ​នេះ​សាលា​នឹង​គ្រោង​ពង្រីក​ទី​តាំង​សាលា ​មួយ​ទៀត​ដែល​ជាប់​នឹង​សាលាដូង​ គឺ សាលា​កង់ឡាន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវ​ការ​នៃ​វិស័យ​អប់រំ​ក្រៅ​ ប្រព័ន្ធ​នៅ​ក្នុង​ភូមិ​រនះ​ សង្កាត់​កោះ​ដាច់។ តាម​គម្រោង​ អគារ​សាលាថ្មី​នេះ​មាន​ទំហំ​ ៦ ម៉ែត្រ គុណនឹង ៨ ម៉ែត្រ ដែល​នឹង​ត្រូវ​សាង​សង់​អំពី​សំបក​កង់ឡាន​ចាស់ៗ​ ហើយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១៥០០ ដុល្លារ។

          សូម​បញ្ជាក់​ថា សាលាដូង​លេច​ចេញ​ជា​រូបរាង​តាមរយៈ​ការ​កែច្នៃ​ឡើង​វិញ​នូវ​សម្ភារ​កាក​សំណល់​ដែល​រក​ បាន​នៅ​ក្នុង​មូល​ដ្ឋាន​ដូច​ជា សំបក​ដប​និង​កំប៉ុង​ភេសជ្ជៈ សំ​បក​កង់​ឡាន​ចាស់ៗ​ គំរប​ដប​ទឹកសុទ្ធ​ ក្រវិល​កំប៉ុង​ ទឹក​ក្រូច ស្រា​បៀរ ​ស្រកី​ដូង ជាដើម ដែល​សុទ្ធ​សឹង​ជាស្នាដៃ​សិល្បៈ​របស់​ប្អូនៗ​កុមារ​សិស្សសាលា​ដូង។ ក្នុង ទីតាំង​សាលាដូង​ត្រូវ​បាន​ចែកចេញ​ជា​បី​កន្លែង​សំខាន់ៗ​ គឺ ថ្នាក់​រៀន​ភាសា​អង់គ្លេស​នៅ​ផ្នែក​ខាង​មុខ ផ្ទះ​សំរាម​នៅ ផ្នែក​ខាង​ក្រោយ​ដែល​បាន​ប្រើប្រាស់​ជា​កន្លែង​បង្រៀន​កុំព្យូទ័រ​ (​បំពាក់​កុំព្យូទ័រ​១៨​គ្រឿង​)និង​ជា​បណ្ណាល័យ​សម្រាប់​ ប្អូនៗ​កុមារ​អាន​សៀវភៅ​ផ្សេងៗ។ រីឯ​វាល​ផ្នែក​ខាង​ក្រោយ​ជាប់​នឹង​ទន្លេ​គឺ​ជា​ទីលាន​សម្រាប់​លេងកីឡា។ ម្ចាស់ សាលា​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្នុង​មួយ​ខែ សាលា​ត្រូវ​ចំណាយ​ប្រមាណ​ពី ១២០ ដុល្លារ ទៅ ១៥០ដុល្លារ លើ ថ្លៃទឹកភ្លើង  អង្ករ សម្ភារ​បង្រៀន​ផ្សេងៗ​ និង​ចំណី​ចំណុក​បន្ថែម​សម្រាប់​កុមារ។

          សាលាដូង​មាន​គម្រោង​ជា​ច្រើន​សម្រាប់​ជួយ​ជ្រោម​ជ្រែង​កុមារ​ដែល​ជួប​ការ​ខ្វះខាត​ក្នុង​ផ្នែក​ជីវភាព។  ជាក់​ស្តែង​ដូច​ជា​សាខា​សាលាដូង​មួយ​ទៀត​ដែល​ជា សាលា​សំរាម​នៅ​លើ​ភ្នំគិរីរម្យ​ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ​ហើយ​ទើប​តែ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៧នេះ។ ទាក់​ទិន​នឹង​សាខា​ទីពីរ​នេះ​ ម្ចាស់ គម្រោង​បាន​បង្ហើប​ប្រាប់​ថា “សាលា​នេះ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ក្មេង​ជាង​ ៣០០ នាក់ នៅលើភ្នំ​នោះ។ គ្រូនៅទី នោះ​ទើប​នឹង​ស្លាប់​ថ្មីៗ​ដោយ​សារ​ជំងឺ​គ្រុនចាញ់។ គ្រូ​នៅ​ទីនោះ​បង្រៀន​តែ​ភាសា​ខ្មែរ​ពី​ថ្នាក់​ទី១​ដល់​ទី៦ រីឯ​ខាង​ខ្ញុំ មាន​ជំនាញ​ភាសា​អង់គ្លេស​និង​កុំព្យូទ័រ​ ប៉ុន្តែ​បើមាន​អ្នក​ចូល​រួម​ច្រើន​ យើង​នឹង​សង់​សាលា​ភាសាខ្មែរ​ថែម​ទៀត។” សាខា​សាលារៀន​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គិរីរម្យ​នេះ​ក៏ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​កាត់បន្ថយ​បញ្ហា​ កាក​សំណល់​រឹង​ដែល​កើត​ឡើង​ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ​នៅក្នុង​តំបន់​រមណីយដ្ឋាន​នោះ។ ម្ចាស់​សាលា ដូង​ស្វាគមន៍​ជានិច្ច​ចំពោះ​រាល់​អង្គការ​ស្ថាប័ន​ទាំងឡាយ​ដែល​មាន​បំណង​បង្កើត​គម្រោង​កែច្នៃ​កាក​សំណល់​ដើម្បី​ អភិរក្ស​ផ្នែក​បរិស្ថាន​តាមរយៈ​ការ​ផ្តល់​បទ​បង្ហាញ​ចែក​រំលែក​គំនិត​និង​បទពិសោធន៍​ល្អៗ​ដែល​លោក​ធ្លាប់​ឆ្លង​កាត់។ លោក​វណ្ណដេ​ក៏មាន​បំណង​ប្រាថ្នា​មួយទៀត​ ក្នុងឆាក​ជីវិត​ របស់​លោក គឺ គម្រោង​កសាង​សាលា​រៀន​បណ្តែត​ទឹក​សង់​អំពី​សំបក​ដប​នៅ​លើផ្ទៃ​បឹង​ទន្លេ​សាប។

          “ខ្ញុំ​មិន​មែន​ជា​អាទិទេព​ ឬ​មិន​មែន​មនុស្ស​បែង​ភាគ​បាន​ទេ។​ បើ​ផ្អែក​លើ​បុគ្គល​ដូច​ខ្ញុំ​ គឺ​ជួយ​បាន​តិច​ណាស់​តែ​គម្រូ​របស់​ខ្ញុំ​នឹង​ផុស​ឡើង​នៅ​ពេល​ដែល​យុវជន​ទាំង​អស់​យល់​ថា​វា​ជា​រឿង​ត្រឹម​ត្រូវ​ហើយ​ចូល​រួម​ទាំង​អស់​គ្នា។​” លោក​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​រួបរួម​សាមគ្គី​គ្នា​ចូល​រួម​ក្នុង​ការងារ​សង្គម​ដើម្បី​ប្រយោជន៍​ ដល់​សង្គម​ជាតិ​ខ្មែរ​យើង​ទាំង​មូល​ ចៀស​វាង​ការ​មើល​បំណាំ​គ្នា​ទៅ​វិញ​ទៅ​មក។

          យ៉ាង​ណា​មិញ​ ប្រសិន​បើ​សប្បុរសជន​ទាំង​ឡាយ​មាន​ចំណាប់​អារម្មណ៍​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម​ ឬ​ធ្វើ​ការ​ឧបត្ថម្ភ​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​សាលាដូង​ សូម​ធ្វើ​ការ​ទាក់ទង​ តាម​រយៈ​លេខ​ទូរស័ព្ទ​ ០១២ ៩៤៥ ២៥២​ ឬ​ទំព័រ​ហ្វេសប៊ុក​ Coconut​ School​ Cambodia​ ដោយ​មេត្រី​ភាព៕​

Article by SRIN SOKMEAN/ KEO SONG


SUGGESTIONS