×

ពណ៌​ស និង​ខ្មៅ​បាន​ក្លាយ​ជា​ពណ៌​ដ៏​ពេញ​និយម​ក្នុង​ពិភព​ហ្វេស្សិន​ដ៏​ទំនើប​នេះ​

FASHION & BEAUTY 4 weeks ago
 
 

           ជា​យូរ​មក​ហើយ​ ដែល​ពណ៌​ខ្មៅ​ត្រូវ​បាន​​គេ​ស្គាល់​ថា​ជា​ពណ៌​ដែល​នាំ​មក​នូវ​អពមង្គល​ និង​សំណាង​មិន​ល្អ​។ ពណ៌​ខ្មៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​ភាគ​ច្រើន​នៅ​ក្នុង​ពិធី​បុណ្យ​សព​នៅ​ក្នុង​សង្គម​ខ្មែរ​។ ដោយ​សារ​ជំនឿ​នេះ​ហើយ​ បាន​ជា​សង្គម​ខ្មែរ​តែង​ប្រយ័ត្ន​ប្រយែង​ខ្ពស់​​ ក្នុង​ការ​ប្រើប្រាស់​ពណ៌​ខ្មៅ​នៅ​ក្នុង​ពិធី​មង្គល​នានា​។ មិន​ខុស​​ពី​ពណ៌​ខ្មៅ​ នៅ​ក្នុង​សង្គម​ខ្មែរ​ ការ​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស​ ក៏​ត្រូវ​បាន​ចាត់​ក្នុង​ក្រុម​តែ​មួយ​ជាមួយ​ពណ៌​ខ្មៅ​ ខណៈ​ដែល​ពណ៌​ស​ ត្រូវ​បាន​ប្រើប្រាស់​ភាគ​ច្រើន​ក្នុង​កម្មវិធី​ពុទ្ធសាសនា​ និង​ពិធី​កាន់​មរណទុក្ខ។ ប៉ុន្តែ​ បន្ទាប់​ពី​ការ​វិវឌ្ឍន៍​នៃ​ហ្វេហ្សិនសម័យ​ថ្មី​បាន​ចូល​មក​ដល់​ ពណ៌​ខ្មៅ​ ​និង​ស​ បាន​ក្លាយ​ជា​ពណ៌​ពេញ​និយម​បំផុត​សម្រាប់​ពិធី​ផ្លូវ​ការ​ និង​កម្មវិធី​ដែល​ទាក់ទង​នឹង​ម៉ូដ​សម្លៀកបំពាក់​សម័យ​ថ្មី​។

          អ្នក​ច្នៃម៉ូដ​វ័យ​ក្មេង​ កញ្ញា​ អោក​ ច័ន្ទ​សេរីរ័ត្ន​ ដែល​ធ្លាប់​ទៅ​សិក្សា​ផ្នែក​ច្នៃ​ម៉ូដ​នៅ​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស ​ក៏​ធ្លាប់​ឮ​ផង​ដែរ​ថា​ពណ៌​ខ្មៅ​គឺ​ជា​ពណ៌​ដែល​តំណាង​ឲ្យ​សំណាង​អាក្រក់​ ដែល​នេះ​ជា​​អ្វី​ដែល​មនុស្ស​ចាស់​​បាន​គិត។​ ដោយ​សារ​តែ​ការ​ជះឥទ្ធិពល​ពី​ប្រពៃណី​បុរាណ​ផ្សេងៗ ​មនុស្ស​ជំនាន់​មុន​គិត​ថា​ ពណ៌​ខ្មៅ​ និង​ពណ៌​ស​ គឺ​ជា​តំណាង​ឲ្យ​ពិធី​បុណ្យ​សព​ ឬ​មរណភាព។ ប៉ុន្តែ​សម្រាប់​​​ច្នៃ​ម៉ូដ​សម័យ​ថ្មី​ កញ្ញា ​សេរីរ័ត្ន​ យល់​ឃើញ​ថា​ ពណ៌​ខ្មៅ​គឺ​ជា​ពណ៌​ពិសេស​ ដែល​បង្កប់​ភាព​ថ្លៃ​ថ្នូរ​​មាន​អាថ៌កំបាំង​ និង​មិន​ងាយ​ហួស​សម័យ។ កញ្ញា​បន្ត​ថា​៖ “ពណ៌​ខ្មៅ​ត្រូវ​បាន​គេ​និយម​ពាក់​នៅ​ទូទាំង​ពិភពលោក។ ពណ៌​ខ្មៅ​និង​ស​ បាន​ស្ថិត​នៅ​ជាមួយ​នឹង​ការ​រស់​នៅ​របស់​មនុស្ស​ជា​ច្រើន​សណ្ឋាន។ តួ​យ៉ាងដូច​ជា​ ផលិតផល​ម៉ាក​ល្បី​នៅ​ក្នុង​ឧស្សាហកម្ម​ហ្វេហ្សិន​​ជា​ច្រើន​ ក៏​បាន​ប្រើប្រាស់​ពណ៌​ខ្មៅ​និង​ស​ ជា​ពណ៌​ចម្បង​ ជា​Logo  ជា tag ​ និង​សម្ភារៈចំបាច់​ដទៃ​ទៀត​នៅ​ក្នុង​​​​ម៉ូដ​ជា​ដើម។

           Skyleros ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ និង​ជា​ស្ថាបនិក​របស់​ហាងច្នៃ​ម៉ូដ​សម្លៀកបំពាក់​​ Skyleros Fashion យល់​ឃើញ​ថា ពណ៌​ស ​និង​ខ្មៅ​ មិន​មែន​ជា​ពណ៌​​​ពិសេស​ ឬ​ជា​ពណ៌​ដែល​សក្តិសម​ជា​ជម្រើស​របស់​អ្នក​ស្លៀក​ពាក់​សម្រាប់​ពិធី​មង្គល​ការ​នោះ​ទេ​។ ទោះ​យ៉ាង​ណា​ក្តី​ បច្ចុប្បន្ន​នេះ​​​ទាំងម្ចាស់​កម្មវិធី​ ឬ​អ្នក​ចូលរួម​ក្តី​ មិន​សូវ​ជា​​​​ប្រកាន់​នឹង​ការ​ស្លៀកពាក់​ពណ៌​ស​និង​ខ្មៅ​សម្រាប់​កម្មវិធី​មង្គល​ឡើយ។ លោក​បន្ត​ទៀត​ថា​ ពណ៌​ខ្មៅ​គឺ​ជា​ពណ៌​ដែល​សាមញ្ញនិង​ងាយ​ស្រួល​ក្នុង​ការ​ជ្រើសរើស។ ពណ៌​ស​ និង​ខ្មៅ​ ​គឺ​ជា​ពណ៌​ដែល​សក្តិសម​សម្រាប់​គ្រប់​រូប​រាង​របស់​អ្នក​ដែល​ពាក់​ពណ៌​នេះ ពោល​គឺ​វា​ជួយ​ឲ្យ​អ្នក​ដែល​ពាក់​ពណ៌​ស​ និង​ខ្មៅ​​កាន់​តែ​មាន​ភាព​ទាក់ទាញ​។ ជា​ពិសេស​ទៅ​ទៀត​នោះ​ ពណ៌​ស​និង​ខ្មៅ​ គឺ​ជា​ពណ៌​ដែល​ងាយ​ចុះ​សម្រុង​នឹងគ្រប់​​ពណ៌សម្បុរ​​ស្បែក។ ​

          ក្រោយ​ពី​បាន​ជ្រាប​អំពី​ការ​ប្រើ​ប្រាស់​ពណ៌​សម្លៀកបំពាក់ស និង​ខ្មៅ​រួច​មកសូវរីន ជឿជាក់​ថា​អ្នក​ដែល​មាន​គំនិត​ជ្រុល​ទុទិ្ទដ្ឋិនិយម​មក​លើ​ការ​ប្រើប្រាស់​ពណ៌​ទាំង​នេះ ប្រាកដ​ជា​បើក​ចិត្ត​ទូលាយ​ទទួល​យក​នូវ​ពណ៌​ដ៏​ទាន់​សម័យ​មួយ​នេះ​ហើយ​បង្ហាញ​នូវ​ភាព​ឆើត​ឆាយ​របស់​ខ្លួន​តាម​រយៈ​ការ​លេង​ពណ៌​ដ៏​ទាន់​សម័យ​និយម​មិន​ចេះ​សាប​សូន្យ​នេះ៕

Article by VA SONYKA



SUGGESTIONS