ពណ៌ស និងខ្មៅបានក្លាយជាពណ៌ដ៏ពេញនិយមក្នុងពិភពហ្វេស្សិនដ៏ទំនើបនេះ
FASHION & BEAUTY 6 years agoជាយូរមកហើយ ដែលពណ៌ខ្មៅត្រូវបានគេស្គាល់ថាជាពណ៌ដែលនាំមកនូវអពមង្គល និងសំណាងមិនល្អ។ ពណ៌ខ្មៅត្រូវបានគេប្រើប្រាស់ភាគច្រើននៅក្នុងពិធីបុណ្យសពនៅក្នុងសង្គមខ្មែរ។ ដោយសារជំនឿនេះហើយ បានជាសង្គមខ្មែរតែងប្រយ័ត្នប្រយែងខ្ពស់ ក្នុងការប្រើប្រាស់ពណ៌ខ្មៅនៅក្នុងពិធីមង្គលនានា។ មិនខុសពីពណ៌ខ្មៅ នៅក្នុងសង្គមខ្មែរ ការស្លៀកសម្លៀកបំពាក់ពណ៌ស ក៏ត្រូវបានចាត់ក្នុងក្រុមតែមួយជាមួយពណ៌ខ្មៅ ខណៈដែលពណ៌ស ត្រូវបានប្រើប្រាស់ភាគច្រើនក្នុងកម្មវិធីពុទ្ធសាសនា និងពិធីកាន់មរណទុក្ខ។ ប៉ុន្តែ បន្ទាប់ពីការវិវឌ្ឍន៍នៃហ្វេហ្សិនសម័យថ្មីបានចូលមកដល់ ពណ៌ខ្មៅ និងស បានក្លាយជាពណ៌ពេញនិយមបំផុតសម្រាប់ពិធីផ្លូវការ និងកម្មវិធីដែលទាក់ទងនឹងម៉ូដសម្លៀកបំពាក់សម័យថ្មី។
អ្នកច្នៃម៉ូដវ័យក្មេង កញ្ញា អោក ច័ន្ទសេរីរ័ត្ន ដែលធ្លាប់ទៅសិក្សាផ្នែកច្នៃម៉ូដនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក៏ធ្លាប់ឮផងដែរថាពណ៌ខ្មៅគឺជាពណ៌ដែលតំណាងឲ្យសំណាងអាក្រក់ ដែលនេះជាអ្វីដែលមនុស្សចាស់បានគិត។ ដោយសារតែការជះឥទ្ធិពលពីប្រពៃណីបុរាណផ្សេងៗ មនុស្សជំនាន់មុនគិតថា ពណ៌ខ្មៅ និងពណ៌ស គឺជាតំណាងឲ្យពិធីបុណ្យសព ឬមរណភាព។ ប៉ុន្តែសម្រាប់ច្នៃម៉ូដសម័យថ្មី កញ្ញា សេរីរ័ត្ន យល់ឃើញថា ពណ៌ខ្មៅគឺជាពណ៌ពិសេស ដែលបង្កប់ភាពថ្លៃថ្នូរមានអាថ៌កំបាំង និងមិនងាយហួសសម័យ។ កញ្ញាបន្តថា៖ “ពណ៌ខ្មៅត្រូវបានគេនិយមពាក់នៅទូទាំងពិភពលោក។ ពណ៌ខ្មៅនិងស បានស្ថិតនៅជាមួយនឹងការរស់នៅរបស់មនុស្សជាច្រើនសណ្ឋាន។ តួយ៉ាងដូចជា ផលិតផលម៉ាកល្បីនៅក្នុងឧស្សាហកម្មហ្វេហ្សិនជាច្រើន ក៏បានប្រើប្រាស់ពណ៌ខ្មៅនិងស ជាពណ៌ចម្បង ជាLogo ជា tag និងសម្ភារៈចំបាច់ដទៃទៀតនៅក្នុងម៉ូដជាដើម។
Skyleros ដែលជាអ្នកច្នៃម៉ូដ និងជាស្ថាបនិករបស់ហាងច្នៃម៉ូដសម្លៀកបំពាក់ Skyleros Fashion យល់ឃើញថា ពណ៌ស និងខ្មៅ មិនមែនជាពណ៌ពិសេស ឬជាពណ៌ដែលសក្តិសមជាជម្រើសរបស់អ្នកស្លៀកពាក់សម្រាប់ពិធីមង្គលការនោះទេ។ ទោះយ៉ាងណាក្តី បច្ចុប្បន្ននេះទាំងម្ចាស់កម្មវិធី ឬអ្នកចូលរួមក្តី មិនសូវជាប្រកាន់នឹងការស្លៀកពាក់ពណ៌សនិងខ្មៅសម្រាប់កម្មវិធីមង្គលឡើយ។ លោកបន្តទៀតថា ពណ៌ខ្មៅគឺជាពណ៌ដែលសាមញ្ញនិងងាយស្រួលក្នុងការជ្រើសរើស។ ពណ៌ស និងខ្មៅ គឺជាពណ៌ដែលសក្តិសមសម្រាប់គ្រប់រូបរាងរបស់អ្នកដែលពាក់ពណ៌នេះ ពោលគឺវាជួយឲ្យអ្នកដែលពាក់ពណ៌ស និងខ្មៅកាន់តែមានភាពទាក់ទាញ។ ជាពិសេសទៅទៀតនោះ ពណ៌សនិងខ្មៅ គឺជាពណ៌ដែលងាយចុះសម្រុងនឹងគ្រប់ពណ៌សម្បុរស្បែក។
ក្រោយពីបានជ្រាបអំពីការប្រើប្រាស់ពណ៌សម្លៀកបំពាក់ស និងខ្មៅរួចមកសូវរីន ជឿជាក់ថាអ្នកដែលមានគំនិតជ្រុលទុទិ្ទដ្ឋិនិយមមកលើការប្រើប្រាស់ពណ៌ទាំងនេះ ប្រាកដជាបើកចិត្តទូលាយទទួលយកនូវពណ៌ដ៏ទាន់សម័យមួយនេះហើយបង្ហាញនូវភាពឆើតឆាយរបស់ខ្លួនតាមរយៈការលេងពណ៌ដ៏ទាន់សម័យនិយមមិនចេះសាបសូន្យនេះ៕
Article by VA SONYKA