×

អ្នក​ច្នៃម៉ូដ​ “​ទេវីក្រុងកម្ពុជាធិបតី​” ​និយាយ​ពី​ការ​រចនា​ឈុត​មួយ​នេះ​ឡើង​ដែល​ជា​ឈុត​តំណាង​ជាតិ​កម្ពុជា​លើ​វេទិកា​ ​Miss​ Grand​ International​ 2017​

NEWS 4 months ago
 
 

          ទេវី​ក្រុង​កម្ពុជា​ធិបតី ឈុត​តំណាង​ជាតិ​កម្ពុជា​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​លើ​វេទិកា Miss Grand International 2017។ តើ​ការ​រចនា​ឈុត​នេះ​ឡើង​បង្កប់​អត្ថន័យ​យ៉ាង​ណា​ខ្លះ? ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​ខ្លីៗ​រវាង លោក វង្ស វណ្ណៈ បុរស​ដែល​មាឌ​ស្តើង​ និង​ជា​អ្នក​រចនា​ឈុត​ដ៏​ប្រណីត​នេះ​ឡើង​ដែល​មាន​អត្ថន័យ​នឹង​ខ្លឹម​សារ​ដូច​ខាង​ក្រោម​នេះ៖

          តើ​អ្វី​គឺ​ជា​ប្រណីត​ភាព​របស់​ឈុត​ទេវីក្រុង​កម្ពុជា​ធិបតី? នៅ​ពេល​ចោទ​ជា​សំណួរ​នេះ​ឡើង​អ្នក​រចនា​ម៉ូដ​យើង​បាន​បន្លឺ​សម្លេង​ឡើង​ព្រម​ជា​មួយ​នឹង​ទឹក​មុខ​ញញឹម​បន្តិច​ហើយ​ឱ្យ​ដឹង​ថា “ឈុត ទេវីក្រុង​កម្ពុជា​ធិបតី រចនា​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ឈុត​របស់​នាដការី​សម័យ​ហ្លួង​ព្រះស៊ីសុវត្ថិ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​កា​សែត​បារាំង Le Monde illustre ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ១៩០៦។ ត្រង់​ឈុត​ព្រះ​សមុទ្ទ​ចាប់​កូន​ស្រី​របស់​យក្ស​វិរុលចក្រ តួ​អង្គ​នាង​បាន​គ្រង​ឈុត​ស្បៃ​ធំ ឬ​ស្បៃ​ច្រកក ព្រម​ជា​មួយ​សុរងក​ដែល​មាន​លម្អ​ឥន្ទនូ​ក្បាច់​នាគ​នៅ​លើ​ស្មា​ទាំង​សង​ខាង។ ដូច្នោះ​ដើម្បី​បន្ថែម​ភាព​ទំនើប​លើ​ឈុត​នោះ ខ្ញុំ​បាន​ច្នៃ​ស្បៃ​ធំ​ឲ្យ​វែង​ជាង​មុន​ដោយ​ប៉ាក់​ក្បាច់​ភ្ញីវល្លិ៍​នៅ​កន្ទុយ​ស្បៃ។ ហើយ​សំពត់​ខ្ញុំ​បាន​ច្នៃ​ជា​រាង​កន្ទុយ​ត្រី​មាន​ផ្នត់​ផ្លិត​ និង​ផ្នត់​ភ្លី​ត្រង់​នៅ​ផ្នែក​ខាង​មុខ។ សំពត់ និង​ស្បៃ​ទាំង​នេះ ខ្ញុំ​ប្រើ​ក្រណាត់​ចរល្បាប់​សូត្រ និងផាមួង​ដ៏​ស្រស់​សោភា​របស់​កម្ពុជា​យើង។ ហើយ​ចុង​ក្រោយ​គឺ​គ្រឿង​អលង្ការ​ ដែល​មាន​សុរងក​ខ្មុក និង​ម្កុដ​តួ​នាង​យ៉ាង​ខ្ពស់​សន្លឹម។ មួយ​វិញ​ទៀត ពណ៌​នៅ​ក្នុង​ឈុត​នេះ​ក៏​ត្រូវ​គិត​ឲ្យ​ល្អិត​ល្អន់​ដែរ។ ខ្ញុំ​បាន​ជ្រើស​ប្រើ​ពណ៌​មាស (ភាព​ថ្កុំថ្កើង​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ) និង​ពណ៌​ក្រហម (ភាព​អង់​អាច​មោះមុត​របស់​ទេព​កញ្ញា) ដើម្បី​បង្ហាញ​ពី​ព្រលឹង​នឹង​កិត្តិស័ព្ទ​ និង​ឲ្យ​សក្តិសម​បំផុត​ទៅ​នឹង​នាម ទេវីក្រុង​កម្ពុជាធិបតី ឲ្យ​ល្បី​ខ្ទរខ្ទ័រ​គ្រប់​ទី​កន្លែង!”

          តើ​ឈុត​នេះ​ពិត​ជា​បាន​បង្ហាញ​ពី​វប្បធម៌ និង​អត្ត​សញ្ញាណ​ជាតិ​គ្រប់​ជ្រុង​ជ្រោយ​ឬ?

          លោក វង្ស វណ្ណៈ ពន្យល់​ថា “វា​មិន​បាន​១០០%​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា វា​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​បរទេស​ស្គាល់​ពី​កម្ពុជា ព្រោះ​ខ្ញុំ​ក៏​បាន​ពិភាក្សា​ជា​មួយ​លោក​គ្រូ អ្នកគ្រូ ព្រម​ទាំង​មិត្តភក្តិ​ដែល​មាន​ឯកទេស​លើ​ផ្នែក​នេះ​ច្បាស់​លាស់​ណាស់។ ពួក​គាត់​បាន​ផ្តល់​មតិ​យោបល់​ដើម្បី​ភាព​ល្អ​ប្រសើរ​របស់​ឈុត​នេះ​ក្នុង​ការ​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទាំង​មូល។ 

          លោក វង្ស វណ្ណៈ បាន​ឱ្យ​ដឹង​បន្ថែម​ថា “នៅ​ពេល​គំនូស​ព្រាង​ម៉ូដ​ត្រូវ​បាន​ជ្រើស​រើស​ពី​ក្រុមហ៊ុន BKK មក ខ្ញុំ​មាន​ពេល​២០​ថ្ងៃ​ក្នុង​ការ​តម្លើង​ឈុត​នោះ។ ដោយ​សារ​ស្បៃ​ធំ​ពេក ខ្ញុំ​ត្រូវ​ប្រើ​ដៃ​ជំនួស​ម៉ាស៊ីន​ដើម្បី​ប៉ាក់​កាច់។ មួយ​ទៀត ខ្ញុំ​ត្រូវ​ការ​សមាជិក​បន្ថែម​ដើម្បី​តម្លើង​ និង​ដេរប៉ាក់​ឈុត​នោះ​ឲ្យ​បាន​ទាន់​ពេល។ សំណាង​ល្អ មិត្ត​របស់​ខ្ញុំ​ផ្នែក​គណនេយ្យ និង Décor ២រូប​អាច​ជួយ​ខ្ញុំ​បាន​លើ​ផ្នែក​នេះ”។

          ក្រោយ​ឈុត​ប្រចាំ​ជាតិ​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​លើ​វេទិកា Miss Grand International 2017  លោក វង្ស វណ្ណៈ បាន​ផ្ដល់​ចំណាប់​អារម្មណ៍​មក​កាន់​ក្រុម​ការងារ សូវរីន ថា “ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ នេះ​ជា​សញ្ញាណ​ល្អ​ក្នុង​វិស័យ​រចនា​ម៉ូដ​នៅ​កម្ពុជា ជា​ពិសេស ម៉ូដ​ដែល​ច្នៃ​ចេញ​ពី​មូលដ្ឋាន​គ្រឹះ​វប្បធម៌​ជាតិ​ខ្មែរ។ ខ្ញុំ​នឹង​បន្ត​រចនា​ម៉ូដ​ផ្សេងៗ​ជា​ច្រើន​ទៀត”។  ជា​ចុង​ក្រោយ​ វណ្ណៈ សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​គ្រូ អ្នកគ្រូ និង​មិត្តភក្តិ​មួយ​ចំនួន​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​លើ​ការ​រចនា​ឈុត​នេះ។ ជា​ពិសេស វណ្ណៈ សូម​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​នៅ​តែ​បន្ត​បោះឆ្នោត​គាំទ្រ កញ្ញា ខ្លឹម ស្រីគា ដើម្បី​កញ្ញា​អាច​ក្លាយ​ជា​បេក្ខនារី​១០នាក់​ចុង​ក្រោយ​លើ​វេទិកា Miss Grand International 2017 ក៏​ដូច​ជា​ឈុត ទេវីក្រុង​កម្ពុជា​ធិបតី ទទួល​បាន​ពាន​រង្វាន់​ឈុត​ប្រចាំ​​ជាតិ​ល្អ​បំផុត​លើ​វេទិកាអន្តរជាតិ​នោះ​ផង​ដែរ។

          សូម​រំលឹក​ថា លោក វង្ស វណ្ណៈ មាន​ទេព​កោសល្យ​លើ​ជំនាញ​ច្នៃម៉ូដ​តាំង​ពី​កំណើត។ ទោះ​បី​មិន​ធ្លាប់​រៀន​ជំនាញ​នេះ​នៅ​សាលា​ក៏​ដោយ ប៉ុន្តែ​អ្នក​ច្នៃ​ម៉ូដ​រូប​នេះធ្លាប់​បំពេញ​ការងារ​ជា​អ្នក​រចនា​ម៉ូដ​នៅ​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​ក្នុង​ស្រុក​មួយ​ចំនួន ជាក់​ស្តែង​ដូច​ជា​ឈុត ទេវីក្រុង​កម្ពុជា​ធិបតី នេះ​ដែល​ជា​សក្ខីភាព​​ជោគ​ជ័យ​លើ​ការ​រចនា​ម៉ូដ​មួយ​របស់​គាត់។ សព្វ​ថ្ងៃ​លោក វង្ស វណ្ណៈ គឺ​ជា​គ្រូ​សៀក​មួយ​រូប​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។ លោក​ក៏​ធ្លាប់​ជា​បេក្ខ​ជន Top 3 របស់​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី១​ផង​ដែរ៕ 

Article by SVAY LEEMENG



SUGGESTIONS