×
Image Courtesy: SOVRIN

ការតុបតែងខ្លួនរបស់អ្នកស្រី Anida Yoeu Ali បង្ហាញនៅទីសាធារណៈដែលអ្នកទាំងអស់គ្នាគិតថាចម្លែក ប៉ុន្តែវាជាការរួមបញ្ចូលសាសនា២រួមគ្នា ហើយពិតជាមានអត្ថន័យខ្លាំងចំពោះគាត់

 
 

នៅ​លើ​ស៊ីក្លូ​ ស្ថិត​ក្នុង​ទី​ប្រជុំ​ជន​នៃ​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​​ ស្រ្ដី​ម្នាក់​​បាន​រៀបចំ​​សម្លៀក​​បំពាក់​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​យ៉ាង​ចម្លែក​ ដែល​ធ្វើ​ឲ្យ​​មនុស្ស​ម្នា​នៅ​ទី​នោះ​មាន​ភាព​ភ្ញាក់​ផ្អើល ចោល​កន្ទុយ​ភ្នែក​មើល​គ្រប់​គ្នា។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​នោះ​វា​មិន​ចម្លែក​ទេ សម្រាប់​ស្រ្ដី​ម្នាក់​ដែល​ជា​អ្នក​ស្រឡាញ់​គោរព​នូវ​សាសនា​របស់​ខ្លួន ហើយ​ធ្វើ​អ្វី​ប្លែកៗ នេះ​ក៏​ដើម្បី​តែ​សាសនា​ផង​ដែរ។ ប្រិយមិត្ត​ប្រាកដ​ជា​ឆ្ងល់​ថា តើ​ស្រ្ដី​ម្នាក់​​នោះ​មាន​ដើម​កំណើត​មក​ពី​ណា ហេតុ​អ្វី​បាន​ជា​គាត់​ចូល​ចិត្ត​​តុបតែង​​ខ្លួន​បែប​ប្លែកៗយ៉ាង​នេះ? សូវរីន បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​គាត់​ដើម្បី​ពាំនាំ​នៅ​អ្វី​ដែល​ថ្មី​ជូន​ប្រិយមិត្ត​បាន​ជ្រាប​ ដែល​ខ្លឹម​សារ និង​អត្ថន័យ​ដូចខាង​ក្រោម៖

អ្នក​ស្រី អានីដា យើ អាលី (Anida Yoeu Ali) កើត​នៅ​ក្នុង​ឆ្នាំ១៩៧៤ នៅ​លើ​ទឹក​ដី​ខេត្ត​បាត់ដំបង។ គាត់​គឺ​ជា​កវីនិពន្ធ ជា​អ្នក​សម្ដែង​សិល្បៈ និង​ការ​សម្ដែង​ជា​សកល​​ដែល​មាន​​លក្ខណៈ​ប្លែកៗ​។ អ្នក​ស្រី អាលី ជា​កូន​កាត់​ខ្មែរ និង​មូ​ស្លីម ដំបូង​គេ​​ដែល​ចាប់​​កំណើត​​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ធំ​ដឹង​ក្ដី​ឡើង​នៅ​ក្នុង​រដ្ឋ ស៊ីហ្គាហ្គូ (Chicago) លើ​ទឹក​ដី​សហរដ្ឋអាមេរិក។ អ្នក​ស្រី អាលី បាន​ត្រឡប់​មក​ធ្វើការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​បាន​រស់​នៅ​ជា​​អចិន្រ្តៃយ៍​​ក្នុង​ឆ្នាំ​២០១១​ ខណៈ​ពេល​នោះ​ដែរ​អ្នក​​ស្រី​មាន​អារម្មណ៍​ស្រពេច​ស្រពិល​ពី​អត្ត​សញ្ញាណ​របស់​ខ្លួន ហើយ​​មាន​អារម្មណ៍​ថា ទាំង​សាសនា និង​វប្បធម៌​នៅ​ប្រទេស​កំណើត​ហាក់​ផ្ដល់​អារម្មណ៍​ចម្លែក​ម៉្យាង​ដល់​រូប​អ្នក​ស្រី។ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​អ្នក​ស្រី អាលី ក៏​ចាប់​ធ្វើ​ការ​​សិក្សា​ស្វែង​​យល់ទៅ​លើ​ប្រភេទ​សិល្បៈ​ក្នុង​ការ​សម្ដែង​ម្យ៉ាង​ដែល​ផុស​ចេញ​ពី​សាសនា​ទាំង​ពីរ​ដែល​គាត់​បានដឹង គឺ​ពុទ្ធសាសនា និងសាសនា​អ៊ីស្លាម។ កាល​ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០៣ អ្នក​ស្រី អាលី បាន​​ធ្វើ​​​ការ​សិក្សា​ស្រាវជ្រាវ​ជា​មួយ​ក្រុម​សម្ដែង I Was born With Two Tongues ទាក់​ទង​ជា​មួយ​នឹង​ការ​សម្ដែង​ចេញ​មក​ដែល​មើល​ទៅ​មាន​លក្ខណៈ​រំភើប និង​អណ្ដែង​អណ្ដូង​​សម្រាប់​​ទុក​​ជា​ឯកសារ​ជា​មួយ​នឹង​កម្មវិធី Smithsonian Asia Pacific American។​ អ្នក​ស្រី អាលី បាន​ទទួល​ MFA ផ្នែក​រចនា​ក្រាហ្វិច (Graphic Design) ពី​វិទ្យាស្ថាន​សិល្បៈ​ក្នុង​រដ្ឋ​ស៊ីហ្គាហ្គូ (Art Institute Chicago) និង​បាន​ទទួល BFA ផ្នែក​សម្ដែង (Performance) ពី​សាកល​វិទ្យាល័យ Illinois នៃ Urbana-Champaign។ អ្នក​ស្រី អាលី គឺ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​ Sovereign Asian Art Prize ក្នុងឆ្នាំ២០១៤-២០១៥ និង​​ទទួល​បាន​ការ​ផ្ដល់​ឲ្យ​ពី​មូលនិធិ Rockefeller មូលនិធិ Ford ក្នុង​​ការ​ស្ថាបនា​​សិល្បៈ​របស់​ជាតិ។ សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​ស្រី អាលី ជា​អ្នក​សម្ដែង និង​ជា​សាស្ត្រាចារ្យ​ នៅ​សាល​ពិព័រណ៍ Palais de Tokyo, Musée d’art Contemporain Lyon, មជ្ឈមណ្ឌល​កេរ្តិ៍​តំណែល Malay, សារមន្ទីរ​សិល្បៈ​អាស៊ី Fukuoka, វិចិត្រសាល​សិល្បៈ Queensland និង​កម្ម​វិធីសិល្បៈ​អាស៊ី​ខាង​ត្បូង​នៅ​ក្រុង London។ បច្ចុប្បន្ន​អ្នក​ស្រី អាលី មាន​មូល​ដ្ឋាន​ការ​ងារ​នៅ​ក្នុង​រាជធានីភ្នំពេញ ហើយ​​អ្នក​ស្រី​គឺ​​ជា​​សហស្ថាបនិក​របស់ Studio Revolt ដែល​ជា​មន្ទីរ​ពិសោធន៍​​កំពុង​ដំណើរ​ការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ។ នៅ​ក្នុង​ឆ្នាំ២០១៥ ដល់ ២០១៦ អ្នក​ស្រី អាលី នឹង​ដើរ​តួនាទី​ជា​ជំនួយ​ការ​​របស់​​សាស្ត្រាចារ្យ ​McGill ក្នុង​ទស្សនកិច្ច​សិក្សា​ជា​អន្តរជាតិ​នៅ​ក្នុង​មហាវិទ្យាល័យ Trinity



អ្នកស្រី អានីដា យើ អាលី បាន​ប្រាប់​ឲ្យ​ដឹង​ថា​គាត់​កើត​ចេញ​ពី​ត្រកូល​គ្រួសារ​ម៊ូស្លីម​ នៅ​ក្នុង​ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា។ ហើយ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៩៧៩ ខណៈ​ពេល​ដែល​គាត់​​ទើប​តែ​មាន​អាយុ​៥ឆ្នាំ។ ចាប់​តាំង​ពី​ឆ្នាំ១៩៧៩ គាត់​បាន​រស់​នៅ​ក្នុង​រដ្ឋ ស៊ីហ្គាហ្គូ (Chicago) សហរដ្ឋអាមេរិក។ គាត់​បាន​ត្រឡប់​មក​ទឹក​ដី​ប្រទេស​កម្ពុជាលើក​ដំបូង​​ក្នុង​ឆ្នាំ២០០៤ ខណៈ​ពេល​ដែល​គាត់​មាន​អាយុ​៣០ឆ្នាំ។ បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ២០១១ គាត់​បាន​សម្រេច​ចិត្ត​​ផ្លាស់​ប្ដូរ​ទីលំនៅ​ពី​សហរដ្ឋអាមេរិកមក​រស់​នៅ​លើ​ទឹក​ដី​កំណើត​ក្នុង​​ប្រទេស​កម្ពុជាវិញ សម្រាប់​កម្ម​វិធី Fulbright Fellowship របស់​សហរដ្ឋអាមេរិក។ រយៈ​ពេល​​ជិត​៥ឆ្នាំ ហើយ​ដែល​អ្នក​ស្រី អាលី​ បាន​រស់​ក្នុង​ប្រទេស​កម្ពុជា។ សូម​បញ្ជាក់​ផង​ដែរ​ថា​អ្នក​ស្រី អាលី ជា​​កូន​​​កាត់​​​៤​សាសន៍​គឺ ថៃ ម៉ាឡេស៊ី ខ្មែរ និងចាម។ នៅ​ពេល​ដែល​គ្រួសារ​របស់​គាត់​​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក ប្រពៃណី​ក្នុង​ការ​គោរព​សាសនា​អ៊ីស្លាម​មិន​ត្រួវ​បាន​គេ​ហាម​ឃាត់​ឡើយ។ ក្នុង​ជីវិតកាល​ពី​កុមារ​ភាព​អ្នកស្រី អាលី តែងតែ​ចំណាយ​ពេល​យ៉ាង​ច្រើន​ជា​មួយ​នឹង​សាសនា​ម៊ូស្លីម ហើយ​គាត់​បាន​ធំ​ឡើង​ជា​មួយ​នឹង​ការ​អាន ការសរសេរ​គម្ពីគូរ៉ា​ភាសា​អារ៉ាប់។  អ្នក​ស្រី អាលី បាន​ចាប់​ផ្ដើម​ក្នុង​ការ​សម្ដែង​សិល្បៈ និង​គូរ​គំនូរ​ចាប់​តាំង​ពី​គាត់​នៅ​វ័យ​កុមារ​ភាព​​មក​​ម៉្លេះ​។ ក្រុម​គ្រួសារ​របស់​អ្នក​ស្រី តែង​តែ​គាំទ្រ និង​ចាប់​អារម្មណ៍​ក្នុង​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​ស្រី​។ ​កាល​រៀន​នៅ​ថ្នាក់​​មហាវិទ្យាល័យ​អ្នកស្រី ជា​សិស្ស​ដែល​ពូកែ​បំផុត​ក្នុង​ខាង​ផ្នែក​សិល្បៈ ការ​រចនា​ម៉ូដ និង​​ការ​​ច្នៃ​ប្រឌិត​​ម៉ូដ​សម្លៀកបំពាក់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ កាល​រៀន​​នៅ​មហាវិទ្យាល័យ​អ្នក​ស្រី បាន​បម្រើ​ការងារ​ជា​អ្នក​និពន្ធ​ខាង​ផ្នែក​អក្សរសាស្ត្រ​នៅ​ក្នុង​​ទស្សនាវដ្ដី​មួយ ហេតុ​នេះ​ហើយ​​បាន​ជា​ជីវិត​របស់​អ្នក​ស្រី​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រៅ​ទៅ​នឹង​​ជីវិត​ជា​អ្នក​សិល្បៈ​ និង​​ជា​កវីនិពន្ធ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ  អ្នក​ស្រី អាលី បាន​​ចូល​បម្រើ​​ការ​ងារ​​ជា​មួយ​នឹង​​ជំនាញ​​រចនា​ក្រាហ្វិច ( Graphic Design)  បន្ទាប់​ពី​បាន​មួយ​រយៈ​អ្នកស្រី អាលី បាន​យល់​ថា​វា​មិនមែន​ជា​ការងារ​ដែល​អ្នក​ស្រីចូល​ចិត្ត​នោះ​ទេ ព្រោះ​វាពាក់​ព័ន្ធ​​ជា​មួយ​នឹង​​​ពាណិជ្ជកម្ម។ មិន​យូរ​ប៉ុន្មាន​អ្នក​ស្រី អាលី បាន​រក​​ឃើញ​ទម្រង់​សិល្បៈ​​មួយ​ដែល​គេ​ហៅថា​ព្រះបន្ទូល (Spoken Word) ដែល​ជា​កំណាព្យ​ប្រពៃណី​និយាយ​ផ្ទាល់​មាត់។ ក្នុង​ឆ្នាំ1998 អ្នក​ស្រី អាលី បាន​ចាប់​ផ្តើម​សរសេរ​កំណាព្យ​ពាក្យ​រាយ បន្ទាប់​មក​​គាត់​ក៏​បាន​ចាប់​ផ្តើម​ការ​សម្ដែង និង​សូត្រ​កំណាព្យ​ជា​សាធារណៈ​នៅ​លើ​ឆាក​នានា ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​គាត់​ក៏​ចាប់​ផ្ដើម​ការ​សម្ដែង​ជា​អាជីព។ អ្នក​ស្រី អាលី បាន​បន្ត​ជា​មួយ​នឹង​ការ​សម្តែង និង​ការ​អត្ថាធិប្បាយ​ចូល​ទៅ​ក្នុង​ពហុប្រព័ន្ធ​ផ្សព្វផ្សាយ បន្ទាប់​មក​ចូល​សម្ដែង​​នៅ​ក្នុង​រោង​មហោស្រព​ល្ខោន​ ហើយ​ទី​បំផុត​អ្នក​ស្រី អាលី បាន​ក្លាយ​ទៅ​ជា​អ្នក​សម្តែង​សិល្បៈ​អាជីព។ ទោះ​បី​វា​ជា​ផ្លូវ​​ដ៏​វែង​ និងលំបាក​ប៉ុន្តែ​ការ​ពិត​ជា​ការ​សប្បាយ​រីករាយ ព្រោះ​វា​ជា​កន្លែង​ដែល​អ្នក​​ស្រី​​មាន​​មោទន​​ភាព​​យ៉ាង​ខ្លាំង ចំពោះ​ការ​អភិវឌ្ឍន៍​​ជា​មួយ​វិស័យ​​សិល្បៈ​នេះ ខណៈ​ពេល​ដែល​អ្នក​ស្រី​កំពុង​រស់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​រយៈ​ពេល​ជាង​ប្រាំ​ឆ្នាំ​នេះ។ អ្នក​ស្រី អាលី បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ជីវិត​របស់​គាត់​សមិទ្ធិ​ផល​​ដែល​​គាត់​ពេញ​ចិត្ត​បំផុត​នោះ​ទី១​គឺ “ការ​ផ្តល់​កំណើត​​ឱ្យ​កូន​ស្រី​ដ៏​​ស្រស់​​ស្អាត​បី​នាក់​ដែល​ជា​ពន្លឺ​នៃ​ជីវិត​​របស់ខ្ញុំ ទី២នោះគឺ៖ ខ្ញុំ​បាន​​រៀប​ការ​ជា​មួយ​ដៃគូ​ជីវិត​មួយ​ដ៏​​អស្ចារ្យ ​ដែល​ខ្ញុំ​សូម​​សរសើរ​គាត់​​ថា​ប្រៀប​ដូច​ជា​​មិត្ត ឬ​ជា​សហការី​ដ៏​ស្និត​ស្នាល ​និង​ជាមនុស្ស​ម្នាក់​​ដែល​ខ្ញុំ​អាច​សន្ទនា​​ដោយ​ការ​ប្រើ​បញ្ញា​បាន​ដ៏​អស្ចារ្យ​ថែម​ទៀត​ផង។ សមិទ្ធិ​ផល​ទី៣ នោះ​គឺ ខ្ញុំ​​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​ដែល​បាន​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ខ្ញុំនឹង​តែង​តែ​គាំទ្រ​នូវ​អ្វីដែល​ខ្ញុំ​បាន​ធ្វើ​នឹង​បាន​រួម​ដំណើរ​ក្នុង​ជីវិត​របស់​ខ្ញុំ។”



សិល្ប​ការិនី​ដែល​បាន​ផ្លាស់​ទី​ពី​អាមេរិក​មក​រស់​នៅ​ប្រទេស​កំណើត​វិញ​ អ្នក​ស្រី អានីដា យើ អាលី​បាន​និយាយ​ថា៖ “ពេល​ដែល​ខ្ញុំ​ធំ​ពេញ​វ័យ​នៅ​អាមេរិក ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខុស​គ្នា​ពី​អ្នក​ស្រុក​ខ្មែរ​ដែល​កាន់​ពុទ្ធ​សាសនា។ សូម្បី​តែ​ឪពុក​ម្ដាយ​ខ្ញុំ​ក៏​ពួក​គាត់​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ជន​ជាតិ​ប៉ាគីស្ថាន និង​សហគមន៍​អ៊ីស្លាម​ដែរ”។ ពេល​វិល​មក​រស់​នៅ​កម្ពុជា​វិញ​ជា​អចិន្ត្រៃយ៍​ក្នុង​ឆ្នាំ​២០១១ អ្នក​ស្រី​មាន​អារម្មណ៍​ស្រពេច​ស្រពិល​ពី​អត្ត​សញ្ញាណ​របស់​ខ្លួន ហើយ​មាន​អារម្មណ៍​ថា ទាំង​សាសនា និង​វប្បធម៌​នៅ​ប្រទេស​កំណើត​ហាក់​ផ្ដល់​អារម្មណ៍​ចម្លែក​ម៉្យាង​ដល់​រូប​អ្នក​ស្រី ជាមួយ​នឹង​សាវតារ​ពី​កំណើត​ជា​ចាម ថៃ កម្ពុជា និង​ម៉ាឡេស៊ី​។ អ្នក​ស្រី​បាន​រំឭក​ពី​ជីវភាព​ក្នុង​សហគមន៍​ចាម​ដ៏​តូច​នៅ​ក្នុង​សម័យ​ប្រល័យ​ពួជ​សាសន៍​​ថា​៖ “ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រណិបត្តិ​សាសនា​អ៊ីស្លាម​ខ្ជាប់​ខ្ជួន​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​សាសនា​នេះ​ជា​អត្ត​សញ្ញាណ​​សំខាន់​សម្រាប់​ខ្ញុំ ព្រោះ​ឪពុក​ម្ដាយ​ខ្ញុំ​រួម​ទាំង​ចាម​ដទៃ​ទៀត​វិះ​នឹង​ត្រូវ​ខ្មែរ​ក្រហម​ ប្រល័យ​​ជីវិត​អស់”។ អ្នក​ស្រី អានីដា យើ អាលី បាន​ព្យាយាម​ស្វែង​រក​អត្តសញ្ញាណ​របស់​ខ្លួន តាម​រយៈ​ការ​សម្ដែង​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លុះ​ថ្ងៃ​មួយ​នៅ​ពេល​ដែល​អ្នក​ស្រី​ទិញ​បំពង់​ជ័រ​ឲ្យ​កូនៗ​លេង ទើប​អ្នក​ស្រីស្រាប់​តែ​នឹក​ឃើញ​បង្កើត​រូប​សត្វ​លោក​ព្រះ​ពុទ្ធ​​ខ្លួន​ដ៏​វែង​​មួយ​ដែល​អ្នក​ស្រី​អាច​ពាក់​វា​សម្ដែង ជា​តំណាង​ឲ្យ​សាសនា​ទាំង​ពីរ​នេះ​បាន។ នៅ​ពេល​ដែល​ការ​សម្ដែង​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​សហគមន៍​ចាម​នេសាទ​ត្រី​ឯ​ជាយ​រាជធានី​ភ្នំពេញ សត្វ​លោក​ព្រះ​ពុទ្ធ​​យក្ស​ដែល​ត្រូវ​បាន​អ្នក​ស្រី​ពាក់ និង​ធ្វើ​ចលនា​ពត់​ពេន​ពិត​ជា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប្រជាជន​ជា​ខ្លាំង។ នៅ​ពេល​ដែល​សួរ​ថា តើ​ប្រជាជន​ទាំង​នោះ​ដឹង​ពី​អត្ថន័យ​បង្កប់​នៅ​ក្នុង​ការ​សម្ដែង​របស់​សត្វ​ លោក​ព្រះ​ពុទ្ធ​​នេះ​ដែរ​ទេ? សិល្ប​ការិនី អានីដា យើ អាលី បាន​បក​ស្រាយ​ថា៖ “ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ដឹង​ដែរ! អ្វី​ដែល​ខ្ញុំ​ដឹង​នោះ​គឺ​ត្រឹម​ថា ពួកគេ​ទទួល​បាន​បទ​ពិសោធ​ន៍​មួយត្រង់​ថា​ពួក​គេ​យល់ ឬ​មិន​យល់​ពី​អត្ថន័យ​របស់​សត្វ​លោក​ព្រះ​ពុទ្ធ​​នេះ វា​មិន​សំខាន់​ឡើយ។ ពិសេស​គឺ​យើង​អាច​ធ្វើ​ការ​សម្ដែង​នៅ​ចំពោះ​មុខ​មនុស្ស​សាមញ្ញ​ធម្មតា ខាង​ក្រៅ​​វិចិត្រ​សាល”។

ពេល​ខ្លះ​គេ​សង្កេត​ឃើញ​ថា​អ្នក​ស្រី អាលី មិន​ត្រឹម​តែ​សម្ដែង​នៅ​ក្នុង​វិចិត្រសាល​តែ​មួយ កន្លែង​នោះ​ទេ ជា​រឿយៗ​អ្នក​ស្រី​តែង​តែ​បង្ហាញ​ការ​សម្ដែង​នៅ​លើ​រ៉ឺម៉ក​ម៉ូតូ ដោយ​រៀបចំ​សម្លៀក​បំពាក់​ជា​សត្វ​លោក​ព្រះ​ពុទ្ធ​​ពណ៌​លឿង​ទុំ​ពត់​ពេន​ខ្លួន​ពាស​ពេញ​កៅអី​អង្គុយ។ នៅ​ត្រង់​ក្បាល​របស់​សត្វ​លោក​ព្រះ​ពុទ្ធ​​នេះ គឺ​ជា​មុខ​របស់​ស្ត្រី​​ម្នាក់​ដែល​កំពុង​សម្លឹង​វែង​ឆ្ងាយ ខណៈ​ដែល​ជើង​របស់​នាង​លាន​ចេញ​ត្រង់​កន្ទុយ​សត្វ​លោក​ព្រះពុទ្ធ​​នោះ។ ទិដ្ឋភាព​ដ៏​ចម្លែក និង​គួរ​ឲ្យ​អស់​សំណើច​នេះ គឺ​ការ​សម្ដែង​របស់​សិល្បការិនី អានីដា យើ អាលី។ ស្ត្រី​វ័យ​៤១ឆ្នាំ​រូប​នេះ​បាន​ដាក់​ឈ្មោះ​សត្វ​លោក​ព្រះ​ពុទ្ធ​​នោះ​ថា​ជា “Buddhist Bug” ហើយ​នាង​តែង​តែ​ពាក់​ស្រោម​រូប​សត្វ​លោក​ព្រះ​ពុទ្ធ​​ប្រវែង​រាប់​ម៉ែត្រ​ នេះ​ធ្វើ​ដំណើរ​ទៅ​ទី​សាធារណៈ​មួយ​ចំនួន​ដូច​ជា ឡើង​ជណ្ដើរ អង្គុយ​តុ​ភោជនីយដ្ឋាន និង​ទៅ​ព្រៃ​មាន​រុក្ខជាតិ​ត្រឈឹង​ត្រឈៃ។ តាម​ពិត​ទៅ​វា​មិន​មែន​ជា​សត្វ​លោក​ព្រះ​​ពុទ្ធ​​ធម្មតា​ទេ។ ការ​សម្ដែង​នេះ​គឺ​តំណាង​ឲ្យ​សាសនា​ពីរ​ផ្សេង​គ្នា​គឺ​សាសនា​ព្រះពុទ្ធ និង​អ៊ីស្លាម។ ពណ៌​លឿង​ទុំ​របស់​សត្វ​លោក​ព្រះ​ពុទ្ធ​​នេះ​គឺ​តំណាង​ឲ្យ​ស្បង់​របស់​ព្រះស​ង្ឃ។ រីឯ​ក្បាល​​សត្វ​លោក​ព្រះ​ពុទ្ធ​​មាន​ពាក់​ស្រោម​ប្រៀប​ដូច​ជា​ក្រណាត់​គ្របក្បាល​របស់​ស្ត្រី​អ៊ីស្លាម​ដូច្នោះ​ដែរ។ នៅ​ពេល​ដែល​សត្វ​លោក​ព្រះ​ពុទ្ធ​​នោះ​ទៅ​ដល់​ទី​សាធាណៈ​នានា សិល្ប​ការិនី អានីដា យើ អាលី តែង​តែ​ធ្វើ​ចលនា​ពត់​ពេន និង​និយាយ​ស្ដី​ប្រា​ស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ម្នា​​ជុំវិញ​នោះ។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ការ​សម្ដែង​សត្វ​លោក​ព្រះ​ពុទ្ធ​​នេះ​ត្រូវ​បាន​ថត​ជា​ខ្សែ​ភាពយន្ត​ដោយ​លោក ម៉ាសាហ៊ីរូ ស៊ូហ្គាណូ ជា​ស្វាមី​របស់​អ្នក​ស្រី អានីដា យើ អាលី ដែល​ជា​សហការី​របស់​ស្ទូឌីយោ រីវ៉ុល។