×

ដំណើរ​ចរ​ដ៏​ស្ងប់ស្ងាត់​ទៅកាន់​ទឹកដី​ហ្លួងព្រះបាង​

TRAVEL & LIVING 6 years ago
 
 

​          ​នេះ​ប្រហែលជា​ការ​ធ្វើដំណើរ​កំសាន្ត​ដ៏​អស្ចារ្យ​មួយ​ក្នុងចំណោម​ទីកន្លែង​ជាច្រើន​ដែល​យើង​បាន​ទៅដល់​ ​ហើយ​ទីក្រុង​ហ្លួងព្រះបាង​ពិតជា​បាន​អន្ទងចិត្ត​យើង​អោយ​បរិយាយ​ពី​ភាព​ស្រស់​ត្រកាល​ ​របស់​ទឹកដី​ខ្ពង់រាប​ ​នៃ​ប្រទេស​ឡាវ​មួយ​នេះ​ ​ដែល​មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ទាំង​វប្បធម៌​ ​ប្រពៃណី​ ​សាសនា​ ​និង​ពាណិជ្ជកម្ម​ ​ជាមួយ​ចក្រភព​ខ្មែរ​តាំងពី​ចុង​សម័យ​អង្គរ​មក​ម្ល៉េះ​។​ ​ទីក្រុង​ហ្លួងព្រះបាង​គឺជា​អតីត​រាជធានី​បុរាណ​នៃ​​ព្រះរាជាណាចក្រ​ឡាន់​សាង​ ​(​លាវ​)​ ​ចាប់តាំងពី​អំឡុង​សតវត្ស​ទី១៤​ ​ដោយចន្លោះ​ពេលនោះ​មានការ​ផ្លាស់​ប្តូរ​ជា​អន្លើ​ ​រហូតដល់​ចុងឆ្នាំ១៩៧៥​ ​ដែល​របប​រាជា​និយម​ត្រូវ​បាន​រលាយ​ដោយ​ឥទ្ធិពល​នៃ​មនោគមវិជ្ជា​បែ​បកុម្មុយ​នីស​។​ ​

​          ភស្តុតាង​ជាច្រើន​ត្រូវ​បាន​បន្សល់ទុក​ ​និង​កំពុង​ត្រូវ​បាន​អភិរក្ស​បាន​យ៉ាង​ល្អ​ ​ដែល​អ្នកណា​អ្នកណា​ក៏​មិន​អាច​ប្រកែក​បាន​ ​ពី​ភាព​រីក​ចំរើន​នៃ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ប្រជាជាតិ​ឡាវ​បាន​ដែរ​ ​ក្រោយពេល​ពី​បាន​ពើបប្រទះ​ផ្ទាល់ខ្លួន​ឯង​នូវ​បេតិកភណ្ឌ​ទាំងនោះ​ ​ដោយ​ផ្នែក​ណាក៏ដោយ​នៃ​ទីក្រុង​ដ៏​តូច​ប្រិមប្រិយ​មួយ​នេះ​ក៏​ជា​សំណង់​បុរាណ​ ​ដូច្នេះហើយ​អង្គ​កា​រយូនេស្កូ​បាន​សំរេច​បញ្ចូល​ទីក្រុង​ហ្លួងព្រះបាង​ទាំងមូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​មនុស្សជាតិ​ ​ដែល​មាន​តំលៃ​ជាស​កល​។​ ​ហ្លួងព្រះបាង​ពិតជា​សម្បូរ​ទៅ​​ដោយ​វត្តអារាម​ពិតមែន​ ​តែ​ខុស​ត្រង់ថា​វត្ត​ទាំងនោះ​សុទ្ធតែ​ជាវ​ត្ត​បុរាណ​ ​មាន​រចនា​បទ​តែ​ក្នុង​ប្រទេស​ឡាវ​តែប៉ុណ្ណោះ​ ​ហើយ​ទីក្រុង​តូច​នេះ​ពិតជា​ពិសេស​ខ្លាំង​ណាស់​ត្រង់​ចំណុច​ ​ដែល​គ្មាន​ទីក្រុង​ទេសចរ​បុរាណ​ណា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ​មាន​ភាព​ស្ងប់ស្ងាត់​ដូច​នៅ​ហ្លួងព្រះបាង​ទេ​។​ ​ជីវិត​របស់​ប្រជាជន​នៅ​ទីនោះ​គឺ​ផ្សារភ្ជាប់​យ៉ាង​មុតមាំ​ជាមួយនឹង​ការគោរព​បូជា​ព្រះពុទ្ធ​សាសនា​ថេរវាទ​ ​ឯ​ទីក្រុង​ទាំងមូល​ពោរពេញ​ទៅ​ដោយ​សំណង់​បុរាណសម័យ​អាណានិគម​បារាំង​ ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ជួរ​ភ្នំ​ខ្ពស់​ៗ​មាន​ព្រៃឈើ ត្រឈឹងត្រឈៃ​ ​ស្ថិតនៅ​ប្រប​នឹង​ដងទន្លេ​មេគង្គ​ ​ដែល​បង្កើត​បាន​ជា​ទស្សនីយភាព​មួយ​ដែល​គ្មានឡើយ​ក្នុង​ប្រទេស​នានា​ជិតខាង​។​

​          ដំណើរ​កំសាន្ត​ទៅកាន់​អតីត​រាជធានី​បុរាណ​មួយ​នេះ​ ​ហាក់បីដូចជា​ការ​ធ្វើស​មា​ធិ​ក្នុង​ពេល​ធ្វើដំណើរ​កំសាន្ត​ដែរ​ ​ព្រោះ​អ្នកទេសចរ​ទាំងឡាយ​នឹង​ប្រាកដជា​លង់​ទៅ​ក្នុង​សម្រស់​ដ៏​ល្អឯក​ ​និង​ជាពិសេស​ប្រពៃណី​យ៉ាង​ល្អ​ផូរផង់​នៃ​ប្រជាជន​នៅ​ទីក្រុង​ហ្លួងព្រះបាង​។​ ​នៅពេល​ទៅដល់​សណ្ឋាគារ​ភ្លាម​ ​យើង​ពិតជា​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ភាព​រីក​ចំរើន​លើ​វិស័យ​សណ្ឋាគារ​របស់​ហ្លួងព្រះបាង​ ​ព្រោះ​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥លំដាប់​អន្តរជាតិ​ជាច្រើន​ ​ហើយ​ក្នុង​នោះ​គឺ​សណ្ឋាគារ​ ​De​ ​La​ ​Paix​ ​ហ្លួងព្រះបាង​ ​ដែល​យើង​ត្រូវ​ស្នាក់នៅ​ផង​ដែរ​ ​ទាំង​សេវាកម្ម​ ​និង​គុណភាព​គឺ​ពិតជា​ប្រណីត​ ​គួរ​ឱ្យ​ចង់​ស្នាក់អាស្រ័យ​ណាស់​។​ ​សំណង់​សណ្ឋាគារ​ទាំងមូល​ប្រៀប​ដូច​នឹង​រាជដំណាក់​មួយ​ ​ដែល​ឡោមព័ទ្ធ​ទៅ​ដោយ​កំពែង​យ៉ាង​ខ្ពស់​ជុំវិញ​ ​លម្អ​ជាមួយនឹង​សួនច្បារ​ដ៏​ស្រស់​ប្រិមប្រិយ​ ​មាន​ពពួក​ផ្កា​ជាច្រើន​ដែល​មាន​ដាំ​នៅតែ​តំបន់​នោះ​ប៉ុណ្ណោះ​ ​ចំណែក​តួ​សណ្ឋាគារ​វិញ​សង់​ឡើង​ក្នុង​សណ្ឋាន​មួយ​រាប​ផ្ទាល់​ដី​ ​ក្នុង​រចនា​បទ​បែប​អាណានិគម​បារាំង​កាត់​ឡាវ​ ​រួម​ជាមួយនឹង​អាងហែលទឹក​ដ៏​ធំ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​ ​ពិតជា​ធ្វើអោយ​ការ​ស្នាក់អាស្រ័យ​មិន​អាច​បំភ្លេច​បាន​ឡើយ​។​ ​មិន​បង្អង់​យូរ​នាំ​ខាតពេល​ ​យើង​នាំគ្នា​ជិះកង់​ ​ដែល​ខាង​អូតែល​ផ្តល់​ជូន​អោយ​ជិះ​ដោយ​ឥតគិតថ្លៃ​ ​ដើម្បី​បានឃើញ​នូវ​ទិដ្ឋភាព​នានា​របស់​ទីក្រុង​មួយ​នេះ​។​ ​តូច​ពិតមែន​ ​!​ ​ចំណាយពេល​វេលា​ប្រហែល​តែ​ ​៣០នាទី​ទេ​ ​គឺ​យើង​អាច​ជិះ​មួយ​ជុំ​ហ្លួងព្រះបាង​បាន​ ​ប៉ុន្តែ​វា​មិនបាន​ធ្វើអោយ​យើង​ធុញ​នោះ​ឡើយ​ ​ដោយសារតែ​ផ្លូវ​ទាំងឡាយ​ក្នុង​ក្រុង​មានសភាពល្អ​ប្រសើរ​ ​មាន​ដើមឈើ​ដុះ​អម​ស្អា​តៗ​ ​ដែល​គ្មានអ្វី​ល្អ​ជាង​ការ​ធ្វើដំណើរ​ដោយ​កង់​ ​ឬ​ដើរ​ផ្ទាល់​ទេ​។​ ​ផ្លូ​វតូចៗ​ជាច្រើន​ខ្វាត់ខ្វែង​ឡើងចុះ​តាម​ជំរាល​ភ្នំ​ ​តាម​ដងទន្លេ​ ​មិនថា​ទៅតាម​ច្រក​ណា​ក៏​យើង​មើលឃើញ​ភ្នំ​ដែរ​ ​សុទ្ធតែ​ជា​ទស្សនីយភាព​ដ៏​ស្រស់​ត្រកាល​សំរាប់​ការ​ជិះកង់​បែបនេះ​ណាស់​ ​ហើយ​មានតែ​ការ​ជិះកង់​ ​ឬ​ថ្មើរជើង​ទេ​ដែល​អាច​អោយ​យើង​បានឃើញ​ផ្ទាល់​នូវ​សំណង់​នានា​ ​និង​ជីវភាព​ប្រជាជន​បាន​ច្បាស់​។​

​          ​ព្រះ​សូ​រិយា​បាន​អស្តង្គត​ ​ដែល​ជា​ពេលវេលា​មួយ​ដែល​យើង​ចាប់ផ្តើម​គិតថា​តើ​យើង​គួរ​បរិភោគ​អាហារ​បែប​ម៉េច​ ​សម្រាប់​យប់​ថ្ងៃទី១បែបនេះ​ ​ហើយ​អ្វី​ដែល​យើង​មិន​អាច​រំលង​បាន​នោះ​គឺ​ការ​ភ្លក់​នូវ​មុខម្ហូប​ប្រពៃណី​ឡាវ​បែប​អ្នក​ហ្លួងព្រះបាង​នោះ​ឯង​។​ ​ភោជនីយដ្ឋាន​មួយ​មានឈ្មោះ​ថា​ ​Les​ ​3​ ​Nagas​ ​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​តែម្តង​គឺ​ពិតជា​បាន​ធ្វើ​ឱ្យ​រាត្រី​នៅ​ទីក្រុង​បុរាណ​នេះ​ពោរពេញ​ដោយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ ​ដោយមាន​មុខម្ហូប​មួយចំនួន​ពិតជា​មិន​អាច​បំភ្លេច​បានទេ​ដូចជា​ ​ឡាប​បែប​ឡាវ​ ​ឆា​គ្រឿង​សាច់​ក្របី​របស់​អ្នក​ហ្លួងព្រះបាង​ជាដើម​ ​មិន​តែប៉ុណ្ណោះ​ទីកន្លែង​ទាំងមូល​ត្រូវ​បាន​រចនា​រៀបចំ​បាន​យ៉ាង​ល្អ​ ​និង​មាន​ភា​ពរ៉ូ​មែន​តិក​មែនទែន​។

​          ​បន្ត​ពី​ការ​បរិភោគ​អាហារ​ពេល​រាត្រី​ដ៏​ពិសេស​រួចមក​ ​ផ្សារ​រាត្រី​គឺជា​ទីកន្លែង​មួយទៀត​ដែល​គ្មាន​អ្នកទេសចរ​ណា​ដែល​ថា​មិនទៅ​ទេ​ ​នៅ​ទីនោះ​ហើយ​ជា​កន្លែង​ប្រមូល​ផ្តុំ​ទៅ​ដោយ​ផលិតផល​នានា​ធ្វើឡើង​ដោយដៃ​របស់​ជនជាតិ​ឡាវ​ ​ហើយ​ស្ថិតនៅ​ចំ​កណ្តាល​ហ្លួងព្រះបាង​ផ្ទាល់​ជាប់នឹង​របង​ព្រះរាជវាំង​ចាស់​ ​ដោយ​គេ​ចាប់​រៀប​លក់​តែ​ពី​ម៉ោង​ ​៦ល្ងាច​ដល់១០យប់​។​ ​ទាំង​អ្នកលក់​ ​និង​អ្នកទិញ​ត្រូវ​និយាយ​គ្នា​តិច​ៗ​ ​ឯ​ភ្លើងពណ៌​ពង​មាន់​តូច​ៗ​តាម​តូ​បរៀងៗ​ខ្លួន​ ​ធ្វើអោយ​ការ​ ​Shopping​ ​នោះ​មាន​អារម្មណ៍​ថា​ស្រស់ថ្លា​មែនទែន​ ​និង​ជា​ការ​បិទ​បញ្ចប់​ដំណើរ​កំសាន្ត​ពេញមួយថ្ងៃ​ពោរពេញ​ដោយ​អត្ថន័យ​ខ្លាំង​ណាស់​។​ ​ព្រឹក​ព្រលឹម​ស្រាង​ៗ​នៅ​តំបន់​ខ្ពង់រាប​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ជួរភ្នំ​បែបនេះ​ ​បាន​ធ្វើ​ឱ្យ​ហ្លួងព្រះបាង​ទាំងមូល​សឹង​គ្រប​ដណ្តប់​ទៅ​ដោយ​អ័ព្ទ​ ​មើលទៅ​ពិតជា​ស្រស់​ស្រទន់​រក​អ្វី​ប្រៀប​មិនបាន​។​ ​

Photo by Soudenangkor

​          ជា​រៀងរាល់​ព្រឹក​មុន​ថ្ងៃរះ​ ​អ្នកស្រុក​ទាំងឡាយ​បាន​នាំគ្នា​រៀបចំ​ចង្ហាន់​ ​ផ្កាភ្ញី​ ​បាយ​ ​ឬ​សម្ភារ​នានា​ ​ហើយ​ធ្វើដំណើរ​ទៅកាន់​ផ្លូវ​ធំ​ជិត​ព្រះរាជវាំង​ចាស់​ដើម្បី​នាំគ្នា​ដាក់​បាត​ដល់​ព្រះសង្ឃ​នានា​ដែល​និមន្ត​មក​ពីទី​អារាម​ទាំងអស់​នៅក្នុង​ក្រុង​មក​ប្រជុំ​គ្នា​តំ​រង់​ជួរ​អោយ​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​ដាក់​បាត​តាម​សទ្ធា​រៀង​ៗ​ខ្លួន​ ​ដែល​កម្មវិធី​នេះ​ធ្វើឡើង​ជា​រៀងរាល់​ព្រឹក​នៅ​ហ្លួងព្រះបាង​យ៉ាង​ស្ងប់ស្ងាត់​ ​និង​មាន​របៀបរៀបរយ​បំផុត​ទៅតាម​ប្រពៃណី​ដ៏​ផូរផង់​របស់​អ្នកស្រុក​តាំងពី​បុរាណ​មក​។​ ​យើង​ក៏​មិន​ភ្លេច​ដែរ​ពី​ការសាកល្បង​នូវ​អាហារ​ពេលព្រឹក​របស់​អ្នកស្រុក​នៅ​ទីនោះ​ ​ជាពិសេស​គឺ​គុយទាវ​ឡាវ​ដ៏​ឆ្ងាញ់​ពិសារ​ ​ហឹរ​ៗ​ ​មាន​គ្រឿង​និង​បន្លែ​ជីរ​ជាច្រើន​ ​សក្តិ​សមនឹង​អាកាសធាតុ​ត្រជាក់​ពេលព្រឹក​នៅ​តំបន់​ភ្នំ​បែបនេះ​ណាស់​ ​ឯ​ការរៀបចំ​តូប​មាន​លក្ខ​ណៈ​តូច​ៗ​តែ​មាន​អនាម័យ​បាន​ល្អ​។​ ​វត្ត​មួយ​ដែល​មាន​រចនា​បទ​ល្អឯក​ជាងគេ​ ​និង​ជា​និមិត្តរូប​នៃ​ភាព​រីក​ចំរើន​ដល់​ ​កំពូល​នៃ​សិល្បៈ​ឡាវ​បុរាណ​ ​នោះ​គឺ​វត្ត​ដែល​មានឈ្មោះ​ថាវ​ត្ត​សៀង​ថុង​ ​(​Wat​ ​Xieng​ ​Thong​)​ ​សាងសង់​ដោយ​ព្រះមហាក្សត្រ​ឡាវ​ក្នុង​ពាក់​ក​ណ្តាល​សត្ស​វត្ស​ទី១៦​ ​ក្នុង​គោលបំណង​តម្កល់​នូវ​ព្រះពុទ្ធ​បដិមា​ដ៏​មាន​តំលៃ​នានា​ ​និង​សម្រាប់​ការគោរព​បូជា​របស់​ហ្លួង​ ​និង​រាជវង្សានុវង្ស​។​ ​

​          សព្វថ្ងៃ​គេ​អនុញ្ញាត​អោយ​អ្នកទេសចរ​មើល​បានតែ​ពី​ខាងក្រៅ​ទេ​ ​តែ​គ្រាន់តែ​ជញ្ជាំង​ខាងក្រៅ​ព្រះវិហារ​សោះ​ក៏​មាន​ក្បូរក្បាច់​រចនា​ផ្កាភ្ញី​ដ៏​គួរ​អោយ​គយគន់​ ​ដែល​កម្រមាន​វត្ត​ណា​ស្អាត​បែបនេះ​ណាស់​។​ ​គោលដៅ​បន្ទាប់​របស់​យើង​គឺ​ការ​ទស្សនា​អតីត​រាជវាំង​របស់​ព្រះមហាក្សត្រ​ឡាវ​ ​បើ​ទោះជា​វាំង​នៅ​ទីនោះ​មិនធំ​ស្កឹមស្កៃ​ដូច​រាជវាំង​នៅ​កម្ពុជា​យើង​ក្តី​ ​តែ​ជា​ ​ការ​ស្វែងយល់​ពី​ប្រវត្តិ​អតីតកាល​នៃ​រាជវង្ស​ឡាវ​។​ ​ពី​ខាងក្រៅ​សំណង់​ព្រះ​ទីនាំង​ធំមិន​មាន​ក្បូរក្បាច់​អ្វី​ប៉ុន្មាន​ទេ​ ​តែ​ផ្នែក​ខាងក្នុង​មានការ​រៀបចំ​ដាក់​បង្ហាញ​ពី​សំភារៈ​នានា​របស់​អតីត​ព្រះមហាក្សត្រ​ឡាវ​ ​ដែល​សុទ្ធសឹង​ជា​វត្ថុ​មាន​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​។​ ​ក្នុងចំណោម​បន្ទប់​ជាច្រើន​ដែល​ខ្ញុំ​បាន​ទស្សនា​ ​មាន​បន្ទប់​មួយ​ក្បែរ​ច្រកចេញ​ដែល​ខ្ញុំ​ស្រលាញ់​ជាងគេ​ ​នោះ​គឺ​សាល​តាំង​គ្រឿង​អនុស្សាវរីយ៍​ដែល​ប្រមុខរដ្ឋ​ ​ព្រះរាជា​ ​និង​ភ្ញៀវ​រដ្ឋ​នានា​ថ្វាយ​ជូន​ដល់​អតីត​ព្រះមហាក្សត្រ​ឡាវ​ ​ទីនេះ​ហើយ​ជា​កន្លែង​តាំងរបស់​របរ​នានា​ដ៏​មាន​តំលៃ​ពាសពេញ​ពិភពលោក​ ​ដែល​ក្នុង​នោះ​ខ្ញុំ​ពិតជា​មោទនភាព​ណាស់​ពេល​បាន​ប្រទះឃើញ​នូវ​វត្ថុ​អនុស្សាវរីយ៍​មក​ពីអ​តី​ត​ព្រះ​មហា​វីរក្សត្រ​ខ្មែរ​ ​គឺ​ព្រះបាទ​សម្តេច​ ​ព្រះ​នរោត្តម​ ​សីហនុ​ ​មាន​តង្វាយ​ជា​គ្រឿង​ផ្តិល​ ​ចាន​ ​កំសៀវ​ ​ពែង​ជា​ប្រាក់​ ​ពោរពេញ​ដោយ​រចនា​ចទ​បែប​ខ្មែរ​អង្គរ​យ៉ាង​រស់រវើក​លេចធ្លោ​ជាង​វត្ថុ​នានា​មក​ពី​ប្រទេស​ផ្សេង​។​ ​

​          ក្រឡេក​មើល​ឆ្វេងដៃ​ឃើញថា​នៅ​មាន​បន្ទប់​មួយទៀត​ដែល​មិនទាន់​បាន​ទស្សនា​ ​ដែល​នៅ​ទីនោះ​មាន​ព្រះពុទ្ធ​បដិមា​មួយ​ជំហរ​ធ្វើ​ពី​ទឹកមាស​មួយ​ព្រះអង្គ​កម្ពស់​ប្រហែលជា​ ​១,២​ ​ម៉ែត្រ​ ​ប៉ុន្តែ​ត្រូវ​បាន​គេ​មិន​អនុញ្ញាត​អោយ​ចូល​ទី​ជិត​ទេ​ដោយមាន​របង​ដែក​បាំង​យ៉ាង​ប្រយ័ត្ន​បំផុត​។​ ​មុននឹង​ចាកចេញ​ទៅ​ ​ពួក​យើង​ក៏បាន​សម្រេចចិត្ត​ថ្វាយបង្គំ​ព្រះបដិមា​មួយ​អង្គ​នោះ​ដើម្បី​ជា​ការគោរព​ក្នុងនាម​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ​ហើយ​យើង​បាន​អាន​ស្លាក​ដែលគេ​ដាក់​បិទ​ជាប់នឹង​របង​ដែក​នៅ​ទីនោះ​ដែល​សរសេរជា​ភាសា​ឡាវ​ ​និង​ប្រែជា​អង់គ្លេស​ ​ជាថ្មី​ម្តង​ទៀត​ ​យើង​ពិតជា​មាន​អារម្មណ៍​អស្ចារ្យ​ណាស់​ពេល​បានដឹង​ពីអ​ត្ថ​ន័យ​ដែលគេ​ដាក់​នៅ​ទីនោះ​ ​ដែល​ប្រាប់​ថា​នេះ​ជា​ព្រះបដិមា​ដែល​ជា​តង្វាយ​ពី​ព្រះមហាក្សត្រ​ខ្មែរ​តាំងពី​ប្រហែល​ចុង​សម័យ​អង្គរ​ ​និង​ពេល​អាណាចក្រ​ឡាវ​ចាប់កំណើត​មក​ម្ល៉េះ​។​ ​ព្រះបដិមា​នេះ​មាន​ព្រះនាម​ថា​ ​ព្រះ​បាង​ ​ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាវ​ប្រទាន​ឈ្មោះ​ទីក្រុង​ហ្លួងព្រះបាង​នេះ​តាម​ឈ្មោះ​ព្រះពុទ្ធអង្គ​ដ៏​ពិសិដ្ឋ​នេះឯង​។​ ​ការ​ដឹង​ដោយចៃដន្យ​បែបនេះ​ហាក់ដូច​ត្រូវ​បាន​ទទួល​នូវ​ ​ការ​ប្រោះព្រំ​ពី​ព្រះ​បាង​សំរាប់​ដំណើរ​កំសាន្ត​របស់​យើង​ដែរ​ ​ហើយ​បទពិសោធន៍​នានា​ដែល​យើង​បាន​ ​ទទួល​ ​នៅក្នុង​ទីក្រុង​ហ្លួងព្រះបាង​នេះ​ ​គឺ​ពិតជា​បាន​ដក់​ក្នុង​ក្រអៅបេះដូង​ ​មិន​អាច​បំភ្លេច​បាន​ឡើយ​៕​

 


SUGGESTIONS