×

"ក្មេងខ្មែរ"​ ពន្លក​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​ក្នុង​ក្រ​អៅ​បេះដូង​យុវ​វ័យ​សម័យ​ថ្មី

NEWS 6 years ago
 
 

          បទ​​ចម្រៀង​ដើម​​​ដែល​​ត្រូវ​​បាន​​គេ​​ស្គាល់ និង​​និយាយ​តៗ​គ្នា​ថា (Original Song) កំពុង​​តែ​​ទទួល​​បាន​​​ការ​​ចាប់​អារម្មណ៍​យ៉ាង​​ច្រើន​​ពី​​ប្រិយមិត្ត​អ្នក​​ស្តាប់ នៅ​ក្នុង​​ប្រទេស​កម្ពុជា​នា​​ពេល​​​បច្ចុប្បន្ន​​នេះ​​។ នេះ​​ជា​ហេតុផល​​មួយ​ ដែល​​ធ្វើ​​ឲ្យ​​​អ្នក​​សិល្បៈ​មាន​​ទឹក​ចិត្ត​ក្នុង​​ការ​​និពន្ធ​បទចម្រៀង​​ថ្មីៗ​​​ទៅ​​តាម​ស្តាយ៍​និង​គ្រប់​រសជាតិ​នៃ​អារម្មណ៍​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ជាក់​ស្តែង​​ថ្មីៗនេះ​មានក្រុម​​មួយ​ឈ្មោះ​ថា “​ក្មេង​ខ្មែរ” ​ជា​ក្រុម​​ថ្មី​​មួយ​​ដែល​​ទើប​តែ​​បង្កើត​នៅ​ក្នុង​​ឆ្នាំ​​២០១៥ តែទទួល​​បាន​​ការ​​គាំទ្រ​​យ៉ាង​​ច្រើន​​​ដ៏​គួរ​​ឲ្យ​កត់​សម្គាល់​ដែល​​ក្នុង​​នោះ​មាន​​សមាជិក​ពីររូប​ បាន​​​រួម​គ្នាបង្កើត​​អារម្មណ៍​​ថ្មី​​មួយ​​ដល់​​ប្រិយ​មិត្ត​អ្នក​​ស្តាប់​​នា​​ពេល​​បច្ចុប្បន្ន​​នេះ។  ក្មេង​​ប្រុស​វ័យជាង​២០​ឆ្នាំ​ពីរ​រូប កៅ ពន្លឺ​ (មាន​ស្រុក​កំណើត​​នៅ​ខេត្ត​ត្បូង​​ឃ្មុំ) និង ជា សុជាតិ (មក​ពី​ខេត្ត​កំពង់​ស្ពឺ) ដែលក្មេង​​ប្រុស​​ពីរ​​រូប​​នេះ​មាន​ការ​ស្រឡាញ់​ប្តូរ​​ផ្តាច់​​ទៅ​លើ​ការ​​និពន្ធ​​បទ​​ចម្រៀង​​ថ្មីៗ ព្រម​ជា​មួយ​​នឹង​មហិច្ចតា​​ក្នុង​​ការ​​សរសេរ​​ចម្រៀង​​បែប ​Hip Hop លាយ​ឡំ​ជាមួយ​​នឹង​​មនោសញ្ចេតនា​​​ដែល​​ផុស​​ចេញពី​អារម្មណ៍​ពិត​មក​ខាងក្រៅ និង​ឆ្លុះ​បញ្ចាំង​​ពី​ជីវិត​ពិត​​របស់​​មនុស្ស​នៅ​ក្នុង​​សង្គម​​នា​ពេល​បច្ចុប្បន្ន​​នេះ។ ចង់​ដឹង​​ថា​​តើ​ក្មេង​​ខ្មែរ​​កើត​ឡើង​ដោយ​របៀប​​ណា? តើ​អ្នក​​ទាំង​​ពីរ​​បាន​​បង្កើត​សមិទ្ធផល​​អ្វី​ខ្លះ?  ហើយ​​អ្នក​​ទាំង​​ពីរ​នឹង​មាន​​គម្រោង​​ថ្មីៗ​ដើម្បី​​កំ​ដរ​អារម្មណ៍​ប្រិយ​មិត្ត​ដែល​តែង​​តែ​​គាំទ្រ​ដល់​ពួក​គេ​​ទាំង​​ពីរ​អ្វី​ខ្លះ​នោះ? សម្រាប់​លេខ​ថ្មី​​នេះ​ សូវ​រីន បាន​​ធ្វើ​បទ​​សម្ភាសន៍ជា​មួយ​ក្មេង​​ខ្មែរ​ ហើយ​​បាន​​ពាំ​នាំ​​យក​នូវ​​ព័ត៌​មាន​របស់​ពួក​គេ​ទាំង​​ពីរ​​មក​​ជូន​​ប្រិយ​មិត្ត​អ្នក​​អា​ន​ឲ្យ​បាន​ជ្រាប​ដូច​​ត​ទៅ។

          “តន្ត្រី​ធ្វើ​ឲ្យ​​យើង​​ទាំង​​ពីរ​បាន​​ជួប​គ្នា។ កាល​​ពី​​ឆ្នាំ​​២០១៤ ‘Smallworld Smalband’ ដែល​មានខ្ញុំ​បាទ​សុជាតិគឺ​​ជា​​សមាជិក​​ម្នាក់​នៅ​ក្នុង​​ក្រុម​​នោះ ពួក​យើង​បាន​ធ្វើ​គម្រោង​​មួយ​ទៅ​​លើ​​ការ​​និពន្ធ​​បទ​ ‘ស្នេហ៍៩’ ហើយ​បាន​អញ្ចើញ ពន្លឺ ពីក្រុម​ ‘ដើម្បី​កូន​​ខ្មែរ’ ​មក​​ច្រៀង​​ចូល​គ្នា​ដោយ ពន្លឺ ជា​​អ្នក​ Rap។  ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ផង​​ដែរ​ ពន្លឺ​​បាន​យក​បទ ‘សៀ​វ​ភៅ​កំណត់​ហេតុ​ស្នេហ៍’ ដែល​​ពន្លឺ​​បាន​សរសេរ​ចេញ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​​មក​ឲ្យ​ខ្ញុំ​មើល​ដើម្បី​​ច្រៀង​​ជា​មួយ​​គ្នា។ ​ហេតុ​ផល​​នេះ​ហើយ​គឺ​ជា​ឱកាស​​មួយ​ដែ​ល​​ធ្វើ​ឲ្យ​​ពួក​​យើង​​ស្គាល់​គ្នា និង​​បាន​​ធ្វើ​កា​រ​ជា​មួយ​​គ្នា​កាន់​តែ​​ច្រើន​​ឡើង”។  ទាក់​​ទង​​នឹង​​កា​រ​​បង្កើត​​ក្រុម​​ក្មេង​ខ្មែរ​វិញ ដំបូង​​ឡើយ​​ក្រុម​​ទាំង​​ពីរ​​មាន​​គម្រោង​នឹង​​ចូល​គ្នា​​ទាំង​​អស់ ក៏​ប៉ុន្តែ​​ដោយ​​សារ​​ហេតុផល​​មួយ​​ចំនួន​​ទាក់​ទិន​​នឹង​​ពេល​វេលា​​មិនអំណោយ​ផល ទើប​​ធ្វើ​ឲ្យ​​អ្នក​​ផ្សេង​​ទៀត​​មិន​​បាន​​ចូល​​រួម​​ក្រុម​​ជា​មួយ​គ្នា។  ដោយ​ឡែក​ពន្លឺ និង​សុជាតិ ដែល​​អ្នក​​ទាំង​ពីរ​​មាន​ការ​ស្រលាញ់​នឹង​ប្តូរ​ផ្តាច់​ទៅ​​លើ​​វិស័យ​​មួយ​នេះ​ មិន​​ថា​​ពេល​​វេលាកម្លាំង​កា​យ​​ចិត្ត ត្រូវ​​បាន​​ចំណាយ​ទៅ​លើ​​វិស័យ​​មួយ​នេះ​​ទាំង​​អស់​នោះ ក៏​បាន​ចាប់​​ដៃ​​គ្នា​​បង្កើត​ក្រុម​​ក្មេង​​ខ្មែរ​​​នេះ​​ឡើង​មក ដើម្បី​​បង្កើត​​បាន​​ជា​រូបភាព​​ថ្មី​មួយ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា ​ដែល​​មាន​ក្រុម​ចម្រៀង​​មួយ​ក្រុម​មាន​​សមាជិក​បុរស​​ពីរ​​រូប​មក​ដល់​សព្វ​ថ្ងៃ​នេះ។ អ្នក​ទាំង​​ពីរ​ក៏​បាន​​បន្ថែម​ទៀត​​ថា “កាល​​ដែល​​ពួក​យើង​​បង្កើត​​ក្រុម​​ក្មេង​​ខ្មែរ​​នេះ​​ឡើង​​មក មិន​​មែន​​មាន​​ន័យ​​ថា​ពួក​​យើង​បែក​​គ្នា​ពី​ ‘Smallworld Smalband’ និង​ ‘ដើម្បី​កូន​ខ្មែរ’ ​នោះ​ទេ  យើង​គ្រាន់​តែ​​ចង់​ឲ្យ​មាន​​រូប​ភាព​ថ្មីមួយ​​ដែល​​បញ្ជាក់​ថា​​នេះ​​ជា​​ក្រុម​ ‘ក្មេង​​​ខ្មែរ’ នេះ​​ជា​ ‘Smallworld Smalband’ ហើយ​​នេះ​ជា​ក្រុម ‘ដើម្បី​កូនខ្មែរ​’ តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​យើង​នៅ​តែ​​ជា​​ក្រុម​​ជា​​មួយ​​គ្នា​​ដដែល​ ហើយ​​យើង​​នៅ​​តែ​ច្រៀង​​ជា​មួយ​​គ្នា​​និង​​ជួយ​​គ្នា​​ទៅ​វិញ​ទៅ​មក​ដូច​​មុន​​អញ្ចឹង។ ជាក់​ស្តែ​ង​​ដូច​​ជា​​បទ ‘ឆឺត​ឆឺតបុណ្យភូមិ’ ដែល​​ច្រៀង​​ឡើង​ដោយ​ក្មេង​​ខ្មែរ​ ក៏​មាន​​ការ​ជួយ​​គាំទ្រ​​ពី​ Smallworld Smalband ដែល​​ក្នុង​​នោះក្មេង​​ខ្មែរ​​ជា​អ្នក​​ច្រៀង​ ហើយ Smallworld Smalband ជា​​អ្នក​​លេង​​ភ្លេង​។ ដូច្នេះ​​រូប​ភាព​មួយ​នេះ​​គឺបញ្ជាក់​ឲ្យ​ឃើញ​ថា​​ពួក​​យើង​​នៅ​តែ​ធ្វើ​ការ​​ជា​មួយ​គ្នា​​​ដដែល”។និយាយ​​ពី​សមិទ្ធ​ផល​​របស់​​ក្មេង​ខ្មែរ​វិញ  អ្នក​​ទាំង​​ពីរ​​បាន​​ចេញ​អាល់​ប៊ុម​១​កាល​ពី​ខែ​មេសា​ ដែល​​ក្នុង​​អាល់​ប៊ុម​​នោះ​សុត​សឹង​​ជា​បទ​ដែល​ទ​ទួល​​បាន​​ការ​​ពេញ​និយម​​ពី​ប្រិយ​មិត្ត​អ្នក​ស្តាប់​ដូច​ជា​​បទ​ កុំបារម្ភ​ ជីវិត​ក្មេង​​កំព្រា  ឆឺតឆឺត​​បុណ្យ​ភូមិ និង​បទ​ My Way ជា​ដើម។

           បទ​ចម្រៀង​​ដែល​​អ្នក​​ទាំង​​ពីរ​បាន​សរសេរ​ចេញ​មក​ គឺ​បាន​ផុស​ចេញ​​ពី​អារម្មណ៍​ពិត​​របស់​អ្នក​ទាំង​​ពីរ​ និង​​មួយ​ចំនួន​​ទៀត​​បាន​រៀប​​រាប់​​ពី​ជីវិត​ពិត​​របស់មនុស្ស​មួយ​​ចំនួន​​នៅ​ក្នុង​​សង្គម។  ទាក់​ទង​នឹង​​ការ​​និពន្ធ​​បទ​ចម្រៀង​​នេះ​​ទៀត​​សោធ ក្មេង​​ខ្មែរ​បាន​​លើក​ឡើង​​ថា “ការ​ដាក់​អារម្មណ៍​គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់។ ប្រសិន​​បើ​យើង​​សរសេរ​បទចម្រៀង​​ដែល​​ផុស​ចេញ​ពី​រឿង​​របស់​យើង​​ផ្ទាល់ វា​ពុំ​មាន​​ការ​​លំបាក​នោះ​ទេ ប៉ុន្តែ​​យើង​​​ត្រូវ​​កា​រភាពស្មឹង​ស្មាធិ៍​ដើម្បី​ប្រមូល​​អារម្មណ៍​ទាំង​នោះ​មក​សរសេរជាបទ​​ចម្រៀង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​​សរសេរ​​បទ​ចម្រៀង​​ដែល​​ពិពណ៌នា​ពី​រឿង​​អ្នក​​ដទៃ ទើប​​វា​ជា​ការ​​លំ​បាក ដោយ​​សារ​​តែ​អារម្មណ៍​មួយ​នោះ​មិន​​បាន​​កើត​មក​​លើ​​ខ្លួន​​យើង​ផ្ទាល់ ទើប​​ធ្វើ​ឲ្យ​​យើង​​ត្រូវ​​ព្យាយាម​​​ទាញ​អារម្មណ៍​របស់គេ​មក​ជា​របស់​ខ្លួន​​ឯង ​ដើម្បី​ធ្វើ​ការសរសេរ​​ជា​បទ​ចម្រៀង​ឡើង​​មក”។  តួ​យ៉ាង​​ថ្មីៗនេះ ក្មេង​​ខ្មែរ​​កំពុង​​តែ​​សរសេរ​ចម្រៀង​​មួយ​បទសម្រាប់​ខ្សែ​ភាព​យន្ត​​ខ្នាត​ធំ​មួយ​គឺ​រឿង ​“ហែកគុក” ​ដែល​​រឿង​នេះ​​កំពុង​​តែ​​ធ្វើ​ការ​​ថ​ត​  និង​​គ្រោង​​បញ្ចាំង​នៅ​ក្នុង​​​ឆ្នាំ​២០១៧​ខា​ង​​មុខ​នេះ។ ពួក​​គេបា​ន​​លើក​ឡើក​ថា​ ដោយ​សារ​​រឿង​មួយ​នេះ​ជា​ប្រភេទ​ភាព​យន្ត​​បែប​​វាយ​តប់ (Action ​Movie) ទើប​ធ្វើ​ឲ្យ​​ពួក​​គេ​​ព្យា​យាម​​ដាក់​អារម្មណ៍​ខ្លួន​​ឯង​ឲ្យ​ចូល​​ក្នុង​​ទិដ្ឋ​ភាព​មួយ​នោះ រហូត​​ដល់​ពួក​​គេ​​ត្រូវ​ចំណាយពេល​ ក្នុងការ​មើល​ភាពយន្ត​ប្រភេទ​នេះនិង​ធ្វើការ​ហាត់រៀន​ពីក្បាច់​វាយតប់ដើម្បីសរសេរ​​ជា​បទ​​ចម្រៀង​មួយ​​បទ​​ចេញ​មក។ ជា​ការ​​ពិត​ណាស់ មិន​​ថា​​ការ​​ងារ​​ណា​ក៏​ដោយ​ រមែង​​តែ​មាន​​កំលាំង​​ជំរុញ​ដើម្បី​ទទួល​​បាន​​លទ្ធផល​​មួយ​ចេញ​មក​ដែល​​ល្អ និង​​ជា​ទី​​គាប់​ចិត្ត​ជាក់​ជា​មិនខាន។ ក្រៅ​ពីការ​​សរសេរ​​បទ​ចម្រៀង ក្មេង​​ខ្មែរ​​ធ្លាប់​បានឡើង​បង្ហាញ​ពី សមត្ថ​ភាព​​របស់​ខ្លួន​ជា​មួយ​​នឹង​ការ​​ប្រគំ​តន្ត្រីរបស់ Jessie J កាល​ពី​ចុង​ឆ្នាំ​២០១៥ ហើយ​​ក្មេង​ខ្មែ​រ​​ក៏​ធ្លាប់​បាន​​ចូល​​រួម​ក្នុ​ង​កម្ម​វិធី “Asian Music Festival” នៅ​​ឯ​ប្រទេស​​ថៃ​​ដែល​​មាន​​ការ​​ចូល​​រួម​​ពី​​បណ្តា​សិល្ប​ករ​ និង​​សិល្បការិ​នី​ចំនួន​​១០​​ប្រទេស​​នៅ​ក្នុង​​ទ្វីប​អា​ស៊ី​ផង​ដែរ។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​​ទាំង​​ពីរ​​កាន់​តែ​មាន​មោទន​ភាព​ទៀត​នោះ គឺ​​ពួកគេ​​ជា​អ្នក​ដំ​ណាង​​ឲ្យ​ប្រទេស​​កម្ពុជា​​ជា​មួយ​កញ្ញា​​Laura Mam​ ដែល​សព្វ​ថ្ងៃ​​នេះ​​កញ្ញា​គឺ​អ្នក​​ដឹក​នាំ​​របស់​ក្មេង​​ខ្មែរ៕ 

Article by RATHA


SUGGESTIONS