ទទួលទានម្ហូបអាហារចម្រុះជាតិសាសន៍ជាមួយនឹងបរិយាកាសដែលពោរពេញទៅដោយសិល្បៈនិយម
TRAVEL & LIVING 6 years agoនៅលើទឹកដីអង្គរ ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ដ៏មានសក្ដានុពលមួយនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់ជាតិសាសន៍ជុំវិញសកលលោកមកទស្សនានូវស្ថាបត្យកម្មអច្ឆរិយនៃយើង។ ដើម្បីបំពេញតម្រូវការទាំងភ្ញៀវទេសចរ និងភ្ញៀវក្នុងស្រុក ភោជនីយដ្ឋានបែបម្ហូបខ្មែរ ម្ហូបចិន ម្ហូបបារាំង ម្ហូបអ៊ីតាលី ឬម្ហូបអាមេរិកជាដើមកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ដោយឃើញមានការបើកដំណើរការជាបន្តបន្ទាប់ព្រោងព្រាតក្នុងខេត្តសៀមរាប។ លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ប្លែកអារម្មណ៍មួយទៀត ខណៈពេលដែលបានមកដល់ The Republic ព្រោះលោកអ្នកអាចស្វែងរកមុខម្ហូបទាំងអស់នោះនៅក្នុងភោជនីយដ្ឋានតែមួយតែម្ដង។
The Republic ស្ថិតនៅក្នុងប្លុកមួយដែលមានបរិយាកាសស្ងប់ស្ងាត់ ប៉ុន្តែមានមនុស្សអ៊ូអរ ដោយសារវត្តមានភោជនីយដ្ឋាន និងសណ្ឋាគារប្រណីតៗជាច្រើនឈរជើងព្រោងព្រាត។ The Republic បើកដំណើរការតាំងពីខែឧសភា ឆ្នាំ២០១៧មកម្ល៉េះ។ ភោជនីយដ្ឋានថ្មីនេះស្ថិតក្នុងបរិវេណសួនច្បារដ៏ខៀវស្រងាត់ អមដោយផ្ទះខ្មែរដែលបានកែច្នៃឲ្យទៅជាភោជនីយដ្ឋាន និងបារដ៏ស្រស់ត្រកាលពោរពេញដោយសិល្បៈនិយម។ ជំនួបជាមួយនឹង Dylan Wilson សហស្ថានិកមួយរូបនៃភោជនីយដ្ឋាននេះ បានរៀបរាប់ប្រាប់ថា ទីនេះមិនត្រឹមតែជាភោជនីយដ្ឋាន និងបារប៉ុណ្ណោះទេ តែជាទីប្រជុំនៃសិល្បករនានា។ ទីនេះត្រូវបានច្នៃជាភោជនីយដ្ឋាននៅជាន់ក្រោម ឯជាន់ខាងលើរក្សាទម្រង់ដើមនៃផ្ទះឈើ ព្រមទាំងទុកជាន់នេះឲ្យនៅទំនេរដើម្បីធ្វើជាវិចិត្រសាល ឬទុកសម្រាប់រៀបចំកម្មវិធីតាំងពិព័រណ៍ និងសិក្ខាសាលានានា។ Josimar Ga’lang សហស្ថានិក និងជាអ្នករចនានៃភោជនីយដ្ឋានមួយនេះ ក៏បានបង្ហាញថា លោកពេញចិត្តនឹងសាច់ឈើផ្ទះមួយនេះខ្លាំងណាស់ វាមើលទៅល្អប្លែក និងបង្ហាញពីទិដ្ឋភាពនៃប្រទេសកម្ពុជា ហេតុដូចនេះហើយទើបលោកសម្រេចរក្សាវាឲ្យនៅសភាពដើមដដែរ។ ខាងក្រោយផ្ទះធំនេះវិញក៏មានសល់ទីធ្លាធំល្មម អាចរៀបចំជាកម្មវិធីនានាបានទៀត តួយ៉ាង ទីនោះធ្លាប់បានរៀបចំផ្ទាំងសំពត់ស ដើម្បីបញ្ចាំងគុនខ្នាតតូចមួយរួចមកហើយ។ រីឯស្នាដៃគំនូរសិល្បៈរបស់ Josimar ក៏ត្រូវបានតាំងបង្ហាញ និងធ្វើជាគ្រឿងលម្អសម្រាប់ភោជនីយដ្ឋានមួយនេះផងដែរ ដែលញ៉ាំងឲ្យបរិយាកាសទីនេះហាក់ពោរពេញទៅដោយគំនិតសិល្បៈប្លែកៗ។
មិនត្រឹមតែប៉ុណ្ណោះទេ លោកអ្នកនឹងប្លែកអារម្មណ៍ជាមួយនឹងមុខម្ហូបចម្រុះជាតិសាសន៍នៅទីនេះ ដែលចម្អិនដោយ Paul សហស្ថានិក និងជាមេចុងភៅផ្ទាល់ប្រចាំភោជនីយដ្ឋាននេះ។ ដោយសារតែស្ថាបនិកទាំងអស់សុទ្ធតែមានដើមកំណើតមកពីប្រទេសផ្សេងៗពីគ្នា ហើយបានរួមគ្នាបង្កើតនូវសមិទ្ធិផលដ៏ពិសេសមួយនេះនៅលើទឹកដីកម្ពុជា ហេតុដូច្នេះហើយទើបបានជាទីនេះបម្រើនូវជម្រើសមុខម្ហូបពិសេសៗពីតំបន់នានាជុំវិញពិភពលោក មិនថាម្ហូបបែបអាស៊ី បែបអាមេរិច ឬបែបអឺរ៉ុបនោះឡើយ។ ប្រិយមិត្តនឹងអាចស្វែងយល់បានតាមរយៈបញ្ជីរាយមុខម្ហូប ដោយឃើញមាន Taco (ម្ហូបមិចសិចកូ) Empanadas (ម្ហូបអេស្បាញ) Falafel (ម្ហូបតំបន់មជ្ឈិមបូព៌ា) Burger (បែបអាមេរិច) Croquette (ម្ហូបបារាំង) និងការី (ម្ហូបអាស៊ី)ជាដើម។ លើសពីនោះទៅទៀត បន្លែបង្ការនានាគឺស្រស់ល្អណាស់ ព្រោះសុទ្ធតែជាបន្លែធម្មជាតិដែលរកបានក្នុងស្រុក ឬដាំដោយខ្លួនឯងជាដើម។ បើប្រិយមិត្តចាប់អារម្មណ៍ នឹងឃើញនៅលើតុនីមួយៗសុទ្ធតែមានដើមម្នាស់កំពុងតែបណ្ដុះក្នុងកែវទឹក ដែលខាងភោជនីយដ្ឋានប្រើវាជាគ្រឿងលម្អតុផងដែរ។
ការបម្រើមុខម្ហូបចម្រុះជាតិសាសន៍ និងគោលគំនិតនៃការរួបរួមជាតិសាសន៍ជាថ្លុងមួយនេះហើយ ដែលជាមូលហេតុបង្កឲ្យភោជនីយដ្ឋាននេះត្រូវបានដាក់ឈ្មោះថា “The Republic” (សាធារណរដ្ឋ)។ ជាងនេះទៅទៀត ទីនេះក៏ជាទីប្រជុំនៃទេសចរ និងប្រជាជាតិពីគ្រប់ជ្រុងនៃពិភពលោក សប្បាយរីករាយជាមួយគ្នានាពេលរាត្រីផងដែរ អមដោយជម្រើសស្រាក្រឡុក និងភេសជ្ជៈនានាដែលមានឱជារសឆ្ងាញ់ពិសា។ ពិតណាស់ The Republic យប់ឡើងបានប្រែរូបរាងជាកន្លែងជប់លៀង និងបារ ដែលតែងតែមានរៀបចំឡើងជាកម្មវិធីសប្បាយៗទៅតាមប្រធានបទផ្សេងៗ (Theme Party) ដើម្បីកំដរអារម្មណ៍ភ្ញៀវទាំងឡាយដែលមកដល់សាធារណរដ្ឋមួយនេះ។
ទាំងបរិយាកាស ទាំងរសជាតិម្ហូប គឺសុទ្ធតែជាមូលហេតុដែលលោកអ្នកគួរសាកល្បង ខណៈពេលដែលបានមកដល់ទឹកដីខេត្តសៀមរាបនេះ ហើយទីនេះក៏ជាជម្រើសទីតាំងសម្រាប់ការរៀបចំកម្មវិធីសិល្បៈនានាផងដែរ៕
Article by LENG CHANREASEY