×

ទទួល​ទាន​ម្ហូប​អាហារ​ចម្រុះ​ជាតិ​សាសន៍​ជា​មួយ​នឹង​បរិយាកាស​ដែល​ពោរពេញ​ទៅ​ដោយ​សិល្បៈ​និយម

TRAVEL & LIVING 7 months ago
 
 

            នៅ​លើ​ទឹក​ដី​អង្គរ​ ខេត្តសៀមរាប​ គឺ​ជា​ខេត្ត​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែង​តែ​ទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរជាតិ​គ្រប់​ជាតិ​សាសន៍​ជុំវិញ​សកលលោក​មក​ទស្សនា​នូវ​ស្ថាបត្យកម្មអច្ឆរិយ​នៃ​យើង។​ ដើម្បី​បំពេញ​តម្រូវ​ការ​ទាំង​ភ្ញៀវ​ទេសចរ​ និង​ភ្ញៀវ​ក្នុង​ស្រុក​ ភោជនីយដ្ឋាន​បែប​ម្ហូបខ្មែរ​ ម្ហូបចិន​ ម្ហូបបារាំង​ ម្ហូបអ៊ីតាលី​ ឬ​ម្ហូបអាមេរិក​ជា​ដើម​កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ ដោយ​ឃើញ​មាន​ការ​បើក​ដំណើរការ​ជា​បន្តបន្ទាប់​ព្រោងព្រាត​ក្នុង​ខេត្តសៀមរាប។​ លោក​អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​ដ៏​ប្លែក​អារម្មណ៍​មួយ​ទៀត​ ខណៈ​ពេល​ដែល​បាន​មក​ដល់​ The Republic​ ព្រោះ​លោក​អ្នក​អាច​ស្វែង​រក​មុខម្ហូប​ទាំង​អស់​នោះ​នៅ​ក្នុង​ភោជនីយដ្ឋាន​តែ​មួយ​តែម្ដង។​

            The​ Republic​ ស្ថិត​នៅ​ក្នុង​ប្លុក​មួយ​ដែល​មាន​បរិយាកាស​ស្ងប់ស្ងាត់​ ប៉ុន្តែ​មាន​មនុស្ស​អ៊ូអរ​ ដោយ​សារ​វត្តមាន​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​ប្រណីតៗ​ជាច្រើន​ឈរ​ជើង​ព្រោងព្រាត។​ The Republic​ បើក​ដំណើរការ​តាំង​ពី​ខែឧសភា​ ឆ្នាំ២០១៧​មក​ម្ល៉េះ។ ​ភោជនីយដ្ឋាន​ថ្មី​នេះ​ស្ថិត​ក្នុង​បរិវេណ​សួនច្បារ​ដ៏​ខៀវស្រងាត់​ អម​ដោយ​ផ្ទះខ្មែរ​ដែល​បាន​កែច្នៃ​ឲ្យ​ទៅ​ជា​ភោជនីយដ្ឋាន​ និង​បារ​ដ៏ស្រស់​ត្រកាល​ពោរពេញ​ដោយ​សិល្បៈ​និយម។​ ជំនួប​ជា​មួយ​នឹង​ Dylan Wilson​ សហស្ថានិក​មួយរូប​នៃ​ភោជនីយដ្ឋាន​នេះ​ បាន​រៀបរាប់​ប្រាប់​ថា​ ទីនេះ​មិន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​ និង​បារ​ប៉ុណ្ណោះ​ទេ​ តែ​ជា​ទីប្រជុំ​នៃ​សិល្បករ​នានា។ ​ទីនេះ​ត្រូវ​បាន​ច្នៃ​ជា​ភោជនីយដ្ឋាន​នៅ​ជាន់​ក្រោម​ ឯ​ជាន់ខាង​លើ​រក្សា​ទម្រង់​ដើម​នៃ​ផ្ទះឈើ​ ព្រម​ទាំង​ទុក​ជាន់​នេះ​ឲ្យ​នៅ​ទំនេរ​ដើម្បី​ធ្វើ​ជា​វិចិត្រសាល​ ឬ​ទុក​សម្រាប់​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍​ និង​សិក្ខាសាលា​នានា។​ Josimar Ga’lang​ សហស្ថានិក​ និង​ជា​អ្នក​រចនា​នៃ​ភោជនីយដ្ឋាន​មួយ​នេះ​ ក៏​បាន​បង្ហាញ​ថា​ លោក​ពេញចិត្ត​នឹង​សាច់​ឈើផ្ទះ​មួយ​នេះ​ខ្លាំង​ណាស់​ វា​មើល​ទៅ​ល្អប្លែក​ និង​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​ ហេតុ​ដូច​នេះ​ហើយ​ទើប​លោក​សម្រេច​រក្សា​វា​ឲ្យ​នៅ​សភាព​ដើម​ដដែរ។​ ខាង​ក្រោយ​ផ្ទះធំ​នេះ​វិញ​ក៏​មាន​សល់​ទី​ធ្លាធំ​ល្មម​ អាច​រៀបចំ​ជា​កម្មវិធី​នានា​បាន​ទៀត​ តួយ៉ាង​ ទី​នោះ​ធ្លាប់​បាន​រៀបចំ​ផ្ទាំង​សំពត់ស​ ដើម្បី​បញ្ចាំង​គុន​ខ្នាត​តូច​មួយ​រួច​មក​ហើយ។​ រីឯ​ស្នាដៃ​គំនូរ​សិល្បៈ​របស់​ Josimar​ ក៏​ត្រូវ​បាន​តាំង​បង្ហាញ​ និង​ធ្វើ​ជា​គ្រឿង​លម្អ​សម្រាប់​ភោជនីយដ្ឋាន​មួយ​នេះ​ផង​ដែរ​ ដែល​ញ៉ាំង​ឲ្យ​បរិយាកាស​ទី​នេះ​ហាក់​ពោរពេញ​ទៅ​ដោយ​គំនិត​សិល្បៈ​ប្លែកៗ។​

            មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ លោក​អ្នក​នឹង​ប្លែក​អារម្មណ៍​ជា​មួយ​នឹង​មុខម្ហូប​ចម្រុះ​ជាតិសាសន៍​នៅ​ទីនេះ​ ដែល​ចម្អិន​ដោយ​ Paul​ សហស្ថានិក​ និង​ជា​មេចុងភៅ​ផ្ទាល់​ប្រចាំ​ភោជនីយដ្ឋាន​នេះ។​ ដោយ​សារ​តែ​ស្ថាបនិក​ទាំងអស់​សុទ្ធ​តែ​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ផ្សេងៗ​ពីគ្នា ​ហើយ​បាន​រួមគ្នា​បង្កើត​នូវ​សមិទ្ធិផល​ដ៏​ពិសេស​មួយ​នេះ​នៅ​លើ​ទឹកដី​កម្ពុជា​ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ទីនេះ​បម្រើ​នូវ​ជម្រើស​មុខម្ហូប​ពិសេសៗ​ពី​តំបន់​នានា​ជុំវិញ​ពិភពលោក​ មិន​ថា​ម្ហូប​បែប​អាស៊ី ​បែបអាមេរិច​ ឬ​បែបអឺរ៉ុប​នោះ​ឡើយ។​ ប្រិយមិត្ត​នឹង​អាច​ស្វែង​យល់​បាន​តាម​រយៈ​បញ្ជី​រាយ​មុខម្ហូប​ ដោយ​ឃើញ​មាន​ Taco​ (ម្ហូបមិចសិចកូ)​ ​Empanadas​ (ម្ហូបអេស្បាញ)​ Falafel​ (ម្ហូបតំបន់មជ្ឈិមបូព៌ា)​ Burger​ (បែបអាមេរិច)​ Croquette​ (ម្ហូបបារាំង)​ និង​ការី​ (ម្ហូបអាស៊ី)​ជាដើម។​ លើស​ពី​នោះ​ទៅ​ទៀត​ បន្លែ​បង្ការ​នានា​គឺ​ស្រស់ល្អ​ណាស់​ ព្រោះ​សុទ្ធ​តែ​ជា​បន្លែ​ធម្មជាតិ​ដែល​រក​បាន​ក្នុង​ស្រុក​ ឬ​ដាំ​ដោយ​ខ្លួន​ឯង​ជាដើម។​ បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ នឹង​ឃើញ​នៅ​លើ​តុ​នីមួយៗ​សុទ្ធ​តែ​មាន​ដើម​ម្នាស់​កំពុង​តែ​បណ្ដុះ​ក្នុង​កែវទឹក​ ដែល​ខាង​ភោជនីយដ្ឋាន​ប្រើ​វា​ជា​គ្រឿង​លម្អ​តុ​ផងដែរ។

            ការ​បម្រើ​មុខម្ហូប​ចម្រុះ​ជាតិ​សាសន៍​ និង​គោល​គំនិត​នៃ​ការ​រួបរួម​ជាតិ​សាសន៍​ជា​ថ្លុង​មួយ​នេះ​ហើយ​ ដែល​ជា​មូល​ហេតុ​បង្ក​ឲ្យ​ភោជនីយដ្ឋាន​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ “The Republic”​ (សាធារណរដ្ឋ)។​ ជាង​នេះ​ទៅ​ទៀត​ ទីនេះ​ក៏​ជាទី​ប្រជុំ​នៃ​ទេសចរ​ និង​ប្រជាជាតិ​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក​ សប្បាយ​រីករាយ​ជា​មួយ​គ្នា​នា​ពេល​រាត្រីផង​ដែរ​ អម​ដោយ​ជម្រើស​ស្រា​ក្រឡុក​ និង​ភេសជ្ជៈ​នានា​ដែល​មាន​ឱ​ជារស​ឆ្ងាញ់ពិសា។​ ពិត​ណាស់​ The Republic​ យប់​ឡើង​បាន​ប្រែ​រូបរាង​ជា​កន្លែង​ជប់​លៀង​ និង​បារ​ ដែល​តែងតែ​មាន​រៀបចំ​ឡើង​ជា​កម្មវិធី​សប្បាយៗ​ទៅ​តាម​ប្រធានបទ​ផ្សេងៗ​ (Theme Party)​ ដើម្បី​កំដរ​អារម្មណ៍​ភ្ញៀវ​ទាំងឡាយ​ដែល​មក​ដល់​សាធារណរដ្ឋ​មួយ​នេះ។

            ទាំង​បរិយាកាស​ ទាំង​រសជាតិ​ម្ហូប​ គឺ​សុទ្ធ​តែ​ជា​មូល​ហេតុ​ដែល​លោក​អ្នក​គួរ​សាកល្បង​ ខណៈ​ពេល​ដែល​បាន​មក​ដល់​ទឹកដី​ខេត្ត​សៀមរាប​នេះ​ ហើយ​ទីនេះ​ក៏​ជា​ជម្រើស​ទី​តាំង​សម្រាប់​ការ​រៀបចំ​កម្មវិធី​សិល្បៈ​នានា​ផងដែរ៕​

Article by LENG CHANREASEY



SUGGESTIONS