×

អ្នកគ្រូ​ វ័ន​ ​សាវ៉ៃ​ ជាង​៥០​ឆ្នាំ​ដើម្បី​សិល្បៈ​របាំ​ព្រះ​រាជទ្រព្យ​

NEWS 6 years ago
 
 

          ដូច​ពាក្យ​ចាស់​ពោល​ថា​​ “ផឹក​ទឹក នឹក​ដល់​ប្រភព ជ្រក​ម្លប់​នឹក​ដល់​អ្នក​ដាំ” សិល្បៈ​បុរាណ​ខ្មែរ​មិន​អាច​រស់​រាន ​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ​ទេ ប្រសិន​បើ​គ្មាន​ការ​ចែក​រំលែក​ចំណេះ​ដឹង​បន្ត​វេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ក្រោម​ការ​បង្ហាត់ ​បង្រៀន​ពី​សំណាក់​សិល្បករ​រៀម​ច្បង ឬ ព្រឹទ្ធា​ចារ្យ​សិល្បៈ​គ្រប់​ជំនាន់តួរយ៉ាង របាំ​អប្សរា​ដែល​បង្កើត​ ឡើង​ដោយ​ព្រះរាជ​តម្រិះ​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​ព្រះ​រាជ​កន្និដ្ឋាន​រោត្តម​រស្មី​សោភ័ណ​ កាល​ពីចុង​ទ.វទី៥០ និង​មាន​ សម្តេច​រាជ​បុត្រី​ព្រះរាម​ នរោត្តម បុប្ផាទេវី ជា​តួ​ឯក​អប្សរា​ទី​១​នោះ ក៏​ចេះ​តែ​រីក​ចម្រើន ​ ​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ដែរ ដោយមាន អ្នក​គ្រូ សេង ​ស្រីមុំ អ្នក​គ្រូ ​វ័ន សាវៃ  និង​អ្នក​គ្រូ ​យឹម ទេ​វី ជាអ្នកបណ្តុះបណ្តាល​ដើម។  ស្រប​ពេល​ដែល​កម្ពុជា​ទើប​តែ​ទទួល​បាន​ភាព​ជោគ​ជ័យ​ដ៏​ធំធេង​ក្នុង​ការ​បង្កើត​ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នោះ សូវ​រីនសូម​បង្ហាញ​នូវ​គម្រូ​វីរភាព ​អ្នក​ស្រី ​វ័ន សាវ៉ៃ អតីត​សិល្បកា​ រិនី​របាំ​ក្នុង​ព្រះ​បរម​រាជ​វាំង​តាំង​ពី​សម័យ​សង្គម​រាស្រ្ត​និយម។

            ស្ថិត​ក្នុង​វ័យ​ជិត​៧០​ឆ្នាំ​ អ្នក​គ្រូ ​វ័ន សាវ៉ៃ នៅ​តែ​មាន​ភាព​ស្រស់​ស្រាយ​ រាង​កាយ​រឹង​ប៉ឹង មិន​ទន់​ជ្រាយ​​តាម​វ័យ​ឡើយ ហើយ​អ្នក​គ្រូ​ក៏​នៅ​តែ​ចូល​រួម​យ៉ាង​សកម្ម​ឥត​រា​ថយ​ក្នុង​ចលនា​អភិរក្ស​សិល្បៈ​របាំ​ព្រះ​រាជ​ទ្រព្យ​នេះ។ អ្នក​គ្រូ​ ​បាន​ចូល​ហាត់​របាំ​ក្នុង​ព្រះ​បរម​រាជ​វាំង​តាំង​ពី​វ័យ​ទើប​តែ​៩​ឆ្នាំ​ម្ល៉េះ ​ដោយសារ​តែ​មាន​ឧបនិស្ស័យ​ចំពោះ​ជំនាញ​នេះ​ខ្លាំង​ស្ទើរ​មិន​នឹក​ស្មាន​ដល់​ “ខ្ញុំ​មក​មើល​គេ​លេង​ (របាំ) មក​តាម​ គ្រួសារ​។ ពេល​អាយុ​៩​ឆ្នាំ មាន​អារម្មណ៍​មួយ​ថា​ស្រឡាញ់​រាំ​តែ​ម្តង ក៏​សុំ​ឪពុក​ម្តាយ​មក​ហាត់​រាល់​ថ្ងៃ​ព្រហស្បត្តិ៍​ ព្រោះ​ គេ​បើក​ឲ្យ​កូន​សិស្ស​ពី​ក្រៅ​មក។ ខ្ញុំ​មាន​ជីដូន​ម្នាក់​ឈ្មោះ​ យាយ​អ៊ឺន ជា​អ្នក​បើក​បទ​ក្នុង​វាំង។”

Image Courtesy: VOAN SAVAY

          នៅ​ហាត់​របាំ​ក្នុង​វាំង​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង យុវតី វ័ន សាវ៉ៃ ក៏​ចម្រើន​វ័យ​១៤​ឆ្នាំ ហើយ​ត្រូវ​បាន​សម្តេច​រាជ​បុត្រី ​ព្រះ​រាម នរោត្តម បុប្ផាទេវី សព្វ​ព្រះ​រាជ​ហប្ញទ័យ​នឹង​សមត្ថភាព​ដ៏​ពូកែ​លេច​ធ្លោ ព្រម​ទាំង​រូប​សម្បត្តិ​កម្ពស់​កម្ព​សម​សួន​ ផង​នោះ​ ទ្រង់​ក៏​ព្រះ​រាជា​នុញ្ញាត​ឲ្យ​នាដកា​វ័យ​ក្មេង​រូប​នេះ​រាំ​របាំ​អប្សរា​ជាមួយ​តួ​ធំៗ។ ក្នុង​ឆ្នាំ​១៩៦៥ កញ្ញា សាវ៉ៃ បាន​រួម ​ដំណើរ​ជាមួយ​សម្តេច​រាជ​បុត្រី ព្រះ​រៀម នរោត្តម បុប្ផា​ទេវី ទៅ​សម្តែង​របាំ​នៅ​ក្រៅប្រទេសជា​លើក​ដំបូងនៅប្រទេស​ចិន។ អ្នកគ្រូ​បាន​បន្ថែម​ទៀត​ថា​ “ពេល​ខ្ញុំ ត្រឡប់​ពី​ប្រទេស​ចិន​មក​វិញ ខ្ញុំ​មាន​តួនាទី​មួយ​គឺ ពេល​ណា​ដែល​ទ្រង់​មិន​រាំ គឺ​ខ្ញុំ​អ្នក​រាំ! អាយុ​១៥​ឆ្នាំ​គឺ​ខ្ញុំ​ធ្វើ​តួអប្សរា ហើយ ព្រោះ​សម្តេច​សម្តែង​តែ​ពេល​ទទួល​ភ្ញៀវ​ធំៗ។” អ្វី​ដែល​គួរ​ចងចាំ​បំផុត​នោះ ​គឺ​យុវតី សា​វ៉ៃ សុខ​ចិត្ត​លះបង់​ ឱកាស​បន្ត​ការសិក្សា​ចំណេះ​ទូទៅ​ មិន​មែន​ដោយ​សារ​កត្តា​ជីវភាព​ទេ ប៉ុន្តែ​ដើម្បី​បុព្វហេតុ​សិល្បៈ​ដែល​ជា​ក្តី​ស្រមៃ​ធំ​ បំផុត​ក្នុង​ជីវិត ដោយសារ​ខកខាន​រៀន​ពេល​បំពេញ​បេសកកម្ម​ការងារ​នៅ​ប្រទេស​ចិន​នោះ​ឯង។ ក្រោម​ការ​ជួយ ​ជ្រោម​ជ្រែង​បង្ហាត់​បង្រៀន​ពី​សំណាក់​គ្រូ​របាំ​ក្នុង​វាំង​ រួម​មាន អ្នក​ម្នាង​ផាត់កាញ៉ុល​ អ្នកគ្រូ​ កែម ប៊ុនណាក និង អ្នកគ្រូ ម៉ម ប៉ុង ជាដើម សិល្បការិនី​រូប​នេះ​កាន់​តែ​មាន​សមត្ថភាព​ និង មាន​ភាព​ជោគជ័យ​ក្នុង​អាជីព​នេះ​រហូត​ដល់ ឆ្នាំ១៩៧៥។ រីឯ​របាំ​ដែល​ដែល​អ្នក​គ្រូ​ធ្លាប់​សម្តែង​ជូន​គណៈ​ប្រតិភូ​ធំៗ​ក្នុង​សម័យ​នោះ​ មាន ដូច​ជា របាំ​អប្សរា របាំ ភួងនារី និង ឈុតរបាំ​ដកស្រង់​ចេញ​ពី​រឿង​ព្រះស័ង្ខ។

          ជីវិត​របស់​នាដកា​ វ័ន សាវ៉ៃ  គឺ​ឃ្លាត​ឆ្ងាយពី​សិល្បៈ​តែ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​មួយ​ប៉ុណ្ណោះ ​ដោយសារ​អ្នក​ស្រី​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់​នៅ​ស្រុក​ភ្នំ​ស្រុក ខេត្ត​បាត់ដំបង។ ក្រោយ​មក​អ្នក​ស្រី​បាន​ត្រឡប់​មក​ បម្រើ​សិល្បៈ​វិញ ​នៅ​រដ្ឋធានី​ភ្នំពេញ​ ក្នុង​ឆ្នាំ១៩៧៩។ ពីឆ្នាំ​១៩៨១ ដល់ ឆ្នាំ១៩៩១ គឺ​រយៈពេល​១០ឆ្នាំ​គត់​ អ្នកស្រី បាន​ចំណាយ​ពេលវេលា​ក្នុង​ការ​បណ្តុះ​បណ្តាល​ពន្លក​ថ្មី​នៃ​របាំ​បុរាណ​ខ្មែរ​នៅ​ជំរំ​អំពិល និង ជំរំ​សាយធូ​ក្នុង​ទឹកដី​ថៃ ​រហូត​ជាង២០០នាក់។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ពេល​ទៅ​ដល់​ជំរំ ចិត្ត​ខ្លួន​ឯង​លែង​ចង់​ទៅ(ប្រទេសទីបី) តែ​ម្តង ដូច​ជា​មាន​អារម្មណ៍​ថា​ឈាន​​មួយ​ជំហាន​ទៀត​គឺ​ចោល​ស្រុក ​ឈាន​មួយ​ជំហាន​ទៀត​ខ្ញុំ​នឹង​លែង​បាន​វិល​ ត្រឡប់​មក​វិញ។ ពេលនោះ​ ខ្ញុំ​ឃើញ​មាន​ក្មេង​កំព្រា ក្មេង​អនាថា​ច្រើន នឹក​ថា​បើ​រើស​ក្មេង​នោះ​មក​បង្ហាត់​បែប សប្បាយ​ចិត្ត​ជាង!”

          ក្នុង​នាម​ជា​គ្រូ​របាំ​ដែល​ពោរ​ពេញ​ទៅ​ដោយ​បទពិសោធន៍​វិជ្ជាជីវៈ​រហូត​ជាង​៥០​ឆ្នាំ​មក​ហើយ អ្នក​ស្រី ​វ័ន សាវ៉ៃ បាន​សង្កេត​ឃើញ​លក្ខណៈ​ខុស​ប្លែក​គ្នា​រវាង​ការ​ហាត់​រៀន​របាំ​ព្រះរាជ​ទ្រព្យ​កាល​ពី​សម័យ​មុន និង សម័យ​បច្ចុប្បន្ន ​ត្រង់​ថា សម័យ​មុន គេ​ហាត់​រៀន​នឹង​ភ្លេង​ផ្ទាល់​មែន​ទែន ផ្ទុយ​ស្រឡះ​ពី​សព្វ​ថ្ងៃ​ដែល​សិស្ស​ហាត់​រៀន​តាម​ចង្វាក់​ទះ​ដៃ។ ត្រង់​ចំណុច​នេះ​ អ្នក​ស្រី​បាន​លើក​ឡើង​ថា “ការ​ហាត់​ជាមួយ​ភ្លេង​គឺ​ទាញ​អារម្មណ៍​ជាង។ ចំពោះ​អ្នក​ដទៃ ខ្ញុំ​មិន​ដឹង​ទេ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ ពេល​ខ្ញុំ​ហាត់ (ក្បាច់បាត) ឆាប​បញ្ចុះ ក៏ខ្ញុំ​ធ្វើ​ឫក​ដែរ (បញ្ចូល​អារម្មណ៍​តួអង្គ​តាម​ភ្លេង) ខ្ញុំ​មិន​ដែល​ រាំ​លេង​ទេ គឺ​រាំមែន​ទែន! ខ្ញុំ​ហាត់​ដូច​ជា​មាន​មនុស្ស​នៅ​ពី​មុខ​ខ្ញុំ​អ៊ីចឹង ទោះ​បី​អត់​មនុស្ស​សោះ​ក៏​ដោយ!”

Image Courtesy: VOAN SAVAY

          បន្ទាប់​ពី​ចេញ​ពី​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ទឹក​ដី​ប្រទេស​ថៃ ​អ្នក​ស្រី​បាន​បន្ត​ទៅ​រស់​នៅ​ប្រទេស​ទីបី និង​ជួយ​បង្ហាត់ ​បង្រៀន ឯកទេស​​របាំ​ដែល​អ្នក​គ្រូ​ចេះ​ដឹង​ពី​សម័យ​មុន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​រស់​នៅ​ទីនោះ​រហូត​ដល់​ទៅ​បួន​ សមាគម ក្នុង​នោះ​រួមមាន សមាគម BCK (Ballet Classique Khmer) សមាគម Cabaret des Oiseaux សមាគម សិល្បៈ​ខ្មែរ និង សមាគម​អរុណោ​ទ័យ ។ តាម​រយៈ​ការ​បង្ហាត់​បង្រៀន​ក្មេង​ជំនាន់​ក្រោយៗ ​អ្នក​ស្រី​បាន​បង្ហាញ​អំពី ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​របាំ​ក្បាច់​បុរាណ​ខ្មែរ​នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​ថា “ថា​ពួក​គេ​មិន​សូវ​មាន​ការ​អត់​ធ្មត់​ក៏​បាន​ ព្រោះ អង្កាល់​ជំនាន់​ពួក​ខ្ញុំ​រាំ ពួក​ខ្ញុំ​អត់​មាន​សិទ្ធិ​ក្នុង​ការ​ប្រកែក  អត់​មាន​សិទ្ធិ​ក្នុង​ការ​ដើរ​ចេញ​​មិន​មែន​ដោយ​សារ​គ្រូ​បង្ខំ​ទេ ប៉ុន្តែ​ខ្លាច​បាត់​កន្លែង ​(តំណែងតួ)។ ពី​ដើម​ ខ្ញុំ​អត់​ចោល​កន្លែង​ផង ​នៅ​តែ​គ្រូ​ខ្ញុំ​ពិបាក​ ចុះ​ទម្រាំ​តែ​ឥឡូវ? កូន​សិស្ស​ ជួន​កាល​យើង​បង្ហាត់​ឲ្យ​ល្អ​ទៅ​ ស្រាប់​តែ​ទៅ​ណា​បាត់!” ។​ ទោះ​ជា​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​កើត​ឡើង​យ៉ាង​នេះ​ក្តី ក៏​អ្នក​គ្រូ​នៅ​តែ​លើក​ទឹក​ចិត្ត ​និង លើក​សរសើរ​សិស្ស​ដែល​តែងតែ​ព្យាយាម​មិន​បោះបង់​ទោះ​បី​ជួប​នឹង​ឧបសគ្គ​ជីវភាព​ខ្លះៗ ក៏​ដោយ។

          ថ្វី​ត្បិត​តែ​អ្នកគ្រូ​មាន​ភាព​ហត់​នឿយ​ខ្លះ​ក៏​ពិត​មែន តែ​ក្រោម​ព្រះរាជកិច្ច​ដឹក​នាំ​ផ្តួច​ផ្តើម​របស់​ សម្តេច​រាជ​បុត្រី​ព្រះ​រាម​បុប្ផាទេវី ​អ្នក​គ្រូ វ័ន​ សាវ៉ៃ នៅ​តែ​ប្រឹង​ប្រែង​ចូលរួម​បង្ហាត់​យុវជន​ខ្មែរ​ជា​ច្រើន​ដើម្បី​សម្តែង កម្មវិធីប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ​កាល​ពី​ឆ្នាំ​២០១៦ និង ត្រៀម​បន្ត​សកម្មភាព​នេះ​ម្តង​ទៀត​ក្នុង​កម្មវិធី Memories in Motion ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២ និង ទី១៣ ខែ​មករា ឆ្នាំ២០១៨ ខាង​មុខ​នេះ​នៅ​សាល ​សន្និសីទ​ចតុមុខ។​​ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​អ្នកគ្រូ​មិន​ត្រឹម​តែ​ដឹកនាំ​សិស្ស​ឡើង​សម្តែង​ទេ ថ្មីៗ​នេះ ​អ្នកគ្រូ​ក៏​បាន​ចូល​រួម​ជា​កិត្តិយស​សម្តែង​ផ្ទាល់​ជា​តួអង្គ​នាង​មេទ្រី មហេសី​ព្រះវេស្សន្តរ ក្នុង​ល្ខោន​បុរាណ​រឿង​មហាវេស្សន្តរ ជាតក រួម​ជាមួយ​សាស្រ្តាចារ្យ​របាំ​ជើង​ចាស់​ជា​ច្រើន​រូប​ថែម​ទៀត​ផង៕

Article by SRIN SOKMEAN


SUGGESTIONS