×

ពី​ក្មេង​ម្នាក់​ដែល​រៀន​លេង​ព្យាណូ​ដោយ​ខ្លួន​ឯង​ ក្លាយ​ទៅ​ជា​តន្រ្តីករ​ល្បី​ពេញ​បណ្តាញ​សង្គម​

NEWS 6 years ago
 
 

​​          សម្លេង​ព្យាណូ​​នៃ​បទ​ចម្រៀង​និពន្ធ​ថ្មី​របស់​អ្នក​ចម្រៀង​ខ្មែរ​ កំពុង​អង្រួន​អារម្មណ៍​អ្នក​តាម​ដាន​បណ្តាញ​សង្គម​ YouTube ជា​ពិសេស​យុវវ័យ​ដែល​ចូល​ចិត្ត​ស្តាប់​តន្រ្តី។ យុវជនវ័យ​ ២០​ឆ្នាំ ឱសិរី​រម្យនា ដែល​ជា​ម្ចាស់​គណនី​ YouTube ​ឈ្មោះ​ថា​ "Romnirរម្យនា" កំពុង​តែ​ទាក់ទាញ​យុវវ័យ​ដែល​គាំ​ទ្រ​ការ​​បញ្ចេញ​ទេពកោសល្យ​ប្រគំ​ព្យាណូ​របស់​ខ្លួន​កាន់​តែ​ច្រើន​ឡើងៗ​ តាម​រយៈ​ការ​ប្រគំ​បទ​ភ្លេង​​ Original Song របស់​ខ្មែរ​​ជា​ប្រចាំ។ បទ​ចម្រៀង​ដំបូង​ដែល​ រម្យនា​ បាន​ប្រគំ​ព្យាណូ​ហើយ​ថត​ដាក់​ទៅ​ក្នុង​បណ្តាញ​សង្គម​ YouTube ទើប​តែ​ចាប់​ផ្តើម​កាល​ពី​ប្រមាណ​៣​ខែ​មុន​ប៉ុណ្ណោះ។ បើ​ទោះ​ជា​ទើប​តែ​ចាប់​ផ្តើម​​បង្ហាញ​ទេពកោសល្យ​សិល្បៈ​របស់​ខ្លួន​ក្តី ប៉ុន្តែ​រម្យនាបាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា​រហូត​ដល់​មាន​ការ​កោត​សរសើរ​ពី​ទស្សនិកជន​ និង​​កំណើន​ការ​ចូល​មើល​រហូត​ដល់​ច្រើន​​ពាន់​ដង​ រួម​ទាំង​ការ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​ទៀត។ បទចម្រៀងដែលរម្យនាលេង (Cover) ភាគច្រើនសុទ្ធសឹងតែជាបទ Original ដែលកំពុងតែល្បីល្បាញនៅក្នុងស្រទាប់យុវវ័យទៀតផង។

​​           ​ជួប​ជាមួយ​នឹង​ម្ចាស់​គណនី​ Romnirរម្យនា យុវជន​វ័យ​ក្មេង​រូប​នេះ​បាន​ថ្លែង​ថា​ ​ការ​​ប្រគំ​​ព្យាណូ​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​តាំង​ពី​មាន​វ័យ​១៣​ឆ្នាំ។ លោក​បាន​ថ្លែង​ថា​ លោក​ចាប់​ផ្តើម​ចង់​លេង​ព្យាណូ​ដោយ​សារ​តែ​លោក​បាន​ឃើញ​ក្មេង​ប្រុស​ដែល​មាន​វ័យ​ស្របាល​លោក​មាន​សមត្ថភាព​លេង​ព្យាណូ​យ៉ាង​ពូកែ។ ចាប់​ពី​ពេល​នោះ​មកលោក​ក៏​ចាប់​ផ្តើម​រៀន​លេង​ព្យាណូ​ដោយ​ខ្លួន​ឯង​ រាល់​ពេល​ទំនេរ​​ពី​ការ​សិក្សា​ជា​ប្រចាំ​រហូត​មាន​ជំនាញ​អាច​ប្រើប្រាស់​បាន​យ៉ាង​ប៉ិន​ប្រសប់។ គន្លឹះ​សំខាន់​នៃ​ការ​ហ្វឹកហាត់​ព្យាណូ​គឺ​ជា​ការ​អនុវត្ត​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន​ ដែល​លោក​ជឿ​ថា​សម្រាប់​អ្នក​ដែល​ចង់​រៀន​លេង​ដើម្បី​កំសាន្ត​ មិន​ចាំបាច់​ទៅ​ហ្វឹកហាត់​ជាមួយ​គ្រូ​​ផ្ទាល់​ក៏​បាន។ និយាយ​បណ្តើរ​ចុច​ព្យាណូ​ផ្ទាល់​ខ្លួន​បណ្តើរ​ រម្យនា​ពន្យល់​ថា​ ដំបូង​ឡើយ​​អ្នក​ចាប់​ផ្តើម​រៀន​ចុច​ព្យាណូ​ត្រូវ​ហ្វឹកហាត់​កម្លាំង​ម្រាម​ដៃ​ ដើម្បី​ធ្វើ​ឲ្យ​ដៃ​ទន់​ងាយ​ស្រួល​រលាស់​ និង​មាន​កម្លាំង​ ដោយ​សារ​ខ្ទង់​ព្យាណូ​នីមួយៗ​ត្រូវ​ប្រើ​ទម្ងន់​ដៃ​​ធ្ងន់​ដើម្បី​​​បញ្ជា​។ "ខ្ញុំ​ចាប់​ផ្តើម​ដោយ​ហ្វឹកហាត់​ចុច​ព្យាណូ​មួយ​ថ្ងៃ​៨​ម៉ោង​ រយៈ​ពេល​២​ឆ្នាំ​ រាល់​ពេល​ទំនេរ​រហូតទាល់​តែ​ស្ទាត់" លោក​រម្យនា​និយាយ។ លោក​បន្ត​ថា​ ការ​ចុច​ដើម្បី​យក​កម្លាំង​ដៃ​ មិន​ចាំ​បាច់​ឲ្យ​ត្រូវ​ភ្លេង​អ្វី​នោះ​ឡើយ​ ពោល​គឺ​ត្រូវ​ហ្វឹកហាត់​ចុច​ឲ្យ​បាន​គ្រប់​ខ្ទង់​ព្យាណូ​តែ​ម្ដង។ ក្នុង​រយៈ​ពេល​៣​ខែ​ បន្ទាប់​ពី​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​​ ​រម្យនា​អាច​ប្រគំ​បទ​ភ្លេង​បាន​មួយ​បទ​ ដោយ​ពឹង​លើ​ការ​ចង​ចាំ​តែ​ម្ដង។ ដោយ​មាន​ទេពកោសល្យ​សិល្បៈ​ផង​នោះ​ បច្ចុប្បន្ន​រម្យនា​អាច​រៀន​ប្រគំ​​​បទ​ចម្រៀង​មួយ​បទ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៣​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ព្យាយាម​ស្តាប់​​ទំនុក​ភ្លេង​នៃ​បទ​ចម្រៀង​។ លោក​បាន​បញ្ជាក់​ថា​ សម្រាប់​អ្នក​ដែល​ចង់​ចាប់​ជា​អាជីព​ គប្បី​រៀន​ជាមួយ​គ្រូ​ភ្លេង​ ដើម្បី​រៀន​ពី​អក្សរ​ភ្លេង​​ឲ្យ​បាន​ច្បាស់​លាស់ បូក​ផ្សំ​ជាមួយ​ការ​ហ្វឹកហាត់​បន្ថែម​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ម៉ោង ក៏ប៉ុន្តែរម្យនា​ គឺ​ជា​អ្នក​ប្រគំ​​ព្យាណូ​ ដោយ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​ តាម​រយៈ​ការ​ស្រាវជ្រាវ​ពី​គន្លឹះ​នៃ​ការ​លេង​តន្រ្តី​នៅ​លើ​បណ្តាញ​សង្គម​និង​នៅ​លើ​ Internet។

​​          ដោយ​ឡែករាល់​បទ​ចម្រៀង​ដែល​ ​រម្យនា​ យក​មក​ប្រគំ​និង​ថត​ដាក់​ទៅ​ក្នុង​បណ្តាញ​សង្គម YouTube នីមួយៗ​សុទ្ធ​តែ​ត្រូវ​បាន​សុំ​សិទ្ធ​ពី​ម្ចាស់​បទ​ចម្រៀង​ដោយ​ផ្ទាល់​ មុន​នឹង​​យក​មក​ដាក់​ផ្សាយ។ លោក​និយាយ​ថា​ ការ​បង្កើត​គំនិត​​ប្រគំ​ព្យាណូ​នៅ​លើ​បណ្តាញ​សង្គម​នេះ​ គឺ​ដើម្បី​​ផ្តល់​ជូន​អ្នក​គាំទ្រ​​ការ​ស្តាប់​តន្រ្តី​ដែល​ជា​បទ​ចម្រៀង​របស់​ខ្មែរ​ ឲ្យ​មាន​ជម្រើស​កាន់​តែ​ច្រើន​ជាង​មុន​ ​និង​ដើម្បី​ចែក​រំលែក​ការ​កំសាន្ត​ដល់​មនុស្ស​គ្រប់​គ្នា​ផង​ដែរ។ លោក​បាន​និយាយ​ថា​ មិន​មាន​អ្នក​នៅ​លើ​បណ្តាញ​សង្គម​ដែល​ជា​ជនជាតិ​ខ្មែរ​ច្រើន​នោះ​ទេ​ ដែល​ប្រគំ​ព្យាណូ​ហើយ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ដូច​លោក​ ដូច្នេះ​ហើយ​ទើប​​គំនិត​ផ្តួច​ផ្តើម​នេះ​បាន​ទាក់​ទាញ​អ្នក​គាំទ្រ​យ៉ាង​ច្រើន​។ លោក​បញ្ជាក់​ថា​ "ភាគ​ច្រើន​អ្នក​ដែល​ចូល​ទស្សនា​វីដេអូ​នៅ​ក្នុង​ Chanel YouTube របស់​ខ្ញុំ​គឺ​ជា​ជនជាតិ​ខ្មែរ​ ហើយ​អ្នក​មើល​ភាគ​ច្រើន​តែង​តែ​​សុំ​​សំណូមពរ​​ឲ្យ​ខ្ញុំ​ធ្វើ​បទ​ចម្រៀង​ដែល​ពួក​គាត់​ពេញ​ចិត្ត​ បន្ទាប់​ពី​មើល​វីដេអូ​រួច"។ ត្រឹមតែចេះលេងព្យាណូមិនអាចធ្វើឲ្យរម្យនាល្បីនោះទេ ​ដោយ​មាន​​ជំនាញ​ផ្នែក​ផលិត​ភាពយន្ត​ផង​នោះរាល់​វីដេអូ​ការ​ប្រគំ​តន្រ្តី​របស់​ រម្យនាសុទ្ធ​សឹង​តែ​បាន​ប្រើប្រាស់​បច្ចេកទេស​ថត​យ៉ាង​ល្អ​ និង​មាន​វិជ្ជាជីវៈ​ ញ៉ាំងឲ្យ​ការ​ទស្សនា​និង​ស្តាប់​តន្ត្រី​​ពី​រម្យនាកាន់​តែ​មាន​ភាព​សោមនស្ស និងអន្លូងអន្លូចជក់ចិត្តដិតអារម្មណ៍ជាពន់ពេក។

          បច្ចុប្បន្ន​ រម្យនាកំពុង​មមាញឹក​នឹង​ការ​សិក្សា​ផ្នែក​ Professional Design នៅ​ឯ​សាកលវិទ្យាល័យ​ លីមកុកវីង។ លោក​បន្ត​ថា​ ក្រៅ​ពី​ការ​ផលិត​វីដេអូ​​ប្រគំ​តន្រ្តី​របស់​ខ្លួន លោក​ក៏​​កំពុង​ហ្វឹកហាត់​ការ​ផលិត​ភាព​យន្ត​ខ្នាត​ខ្លី​​ផង​ដែរ។ ​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​សិល្បៈរម្យនាធ្លាប់​ទទួល​បាន​​ប័ណ្ណ​សរសើរ​និង​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ជាច្រើន​ លើ​សមត្ថភាព​ថត​រូប​​ របស់​យុវជន​រូប​នេះ។ ​​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ ត្បិត​តែ​​ការ​ប្រគំ​ព្យាណូ​គឺ​ជា​ការ​ចែក​រំលែក​ការ​កំសាន្ត​​​ ប៉ុន្តែ​លោក​នឹង​បន្ត​ចែករំលែក​បទ​ចម្រៀង​ថ្មីៗ​ទៀត​នៅ​លើ​ Chanel YouTube របស់​​លោក​ឲ្យ​បាន​ញឹក​ញាប់បន្ថែម​ទៀត​ទន្ទឹម​នឹង​ការ​គាំទ្រ​កំពុង​មាន​សន្ទុះ​កាន់​តែ​ច្រើន​ឡើងៗ៕

 

Article by VA SONYKA


SUGGESTIONS